អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ថា កម្ពុជា​មាន​គុណ​លើ​វៀតណាម​ច្រើន​ជាង​វៀតណាម​មានគុណ​លើ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2020-01-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក ង្វៀន ហ៊្វុជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម ជួប​សន្ទនា​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន (ស្ដាំ)។
(ឆ្វេង) លោក ង្វៀន ហ៊្វុជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម ជួប​សន្ទនា​ជាមួយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន (ស្ដាំ)។
Photo courtesy of Hun Sen Facebook

ក្រុម​អ្នក​សិក្សា​ពី​ប្រវត្តិសាស្ត្រ​លើកឡើង​ថា របប​លោក​ក្រុងភ្នំពេញ​ប្រារព្ធ​ខួប​ថ្ងៃ​ទី​៧ មករា ជា​រៀងរាល់​ឆ្នាំ និង​ការ​សង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម នៅ​ស្ទើរ​គ្រប​ខែត្រ​ក្រុង ជា​ការ​​ដឹង​គុណ​ហួសហេតុ នៅ​គ្រា​ដែល​ជាតិខ្មែរ​កំពុងតែ​បែកបាក់​នេះ គឺ​ការ​ធ្វើឡើង​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម មិនមែន​តំណាង​ឱ្យ​ជាតិខ្មែរ​ទេ។

អ្នកវិភាគ​ឱ្យ​ដឹង​ថា តាម​ពិត​ទៅ​វៀតណាម​ទៅវិញ​ទេ ដែល​គួរ​ដឹងគុណ​កម្ពុជា​នោះ ពី​ព្រោះ​ថា កម្ពុជា​ធ្លាប់​មាន​គុណ​ធំធេង​ចំពោះ​វៀតណាម ក្នុង​ការ​បញ្ចប់​សង្គ្រាម​ហែកហួរ​គ្នា​រវាង​វៀតណាម​ខាងត្បូង និង​វៀតណាម​ខាងជើង។

ក្រុម​អ្នក​សិក្សា​ពី​ប្រវត្តិសាស្ត្រ​លើកឡើង​ថា មូលហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​ដឹងគុណ​វៀតណាម ហើយ​ចាត់​ទុក​ថ្ងៃ​៧ មករា ជា​ថ្ងៃ​រំដោះ​ជាតិ​ចេញពី​របប​ខ្មែរក្រហម ឬ​ជា​ថ្ងៃ​ផ្ដល់​កំណើត​ទី​ពីរ​ដល់​កម្ពុជា​នោះ ដោយសារ​ថ្ងៃ​៧​មករា​នេះ គឺជា​ថ្ងៃ​ផ្ដល់​កំណើត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈ្មោះ​ដើម​ជា​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​នោះ រស់រាន​ឡើងវិញ​នៅ​ឆ្នាំ​១៩៧៩។

ប៉ុន្តែ ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​ក្រុម​អ្នក​ឯករាជ្យ​វិញ ចាត់​ទុក​ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា និង​ជា​ថ្ងៃ​ដែល​សម្លាប់​ពលរដ្ឋ​ខ្មែរ បន្ទាប់ពី​ខ្មែរក្រហម​ដួល​រលំ តាមរយៈ​ការ​បង្កើត​ផែនការ “ ក​៥” ជាដើម​។ ទោះជា​យ៉ាងណា កម្ពុជា​ក៏​ជា​អ្នកមានគុណ​លើសលប់​លើ​វៀតណាម​នៅ​ក្នុង​សង្គ្រាម​វៀតណាម ដែល​ទាមទារ​ឱ្យ​វៀតណាម​ក៏​ត្រូវ​ដឹងគុណ​កម្ពុជា​វិញ​ដែរ បើ​មិន​ពុំ​នោះ​ទេ កម្ពុជា​នឹង​ធ្លាក់​ចូល​ទៅ​ក្រោម​ឥទ្ធិពល​វៀតណាម​កាន់តែ​ខ្លាំង​នៅ​ពេល​អនាគត​។

ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​ធ្វើ​ឱ្យ​គ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​រស់​ឡើងវិញ ក្រោយពី​ខ្មែរក្រហម​យក​គណបក្ស​នេះ​ទៅ​ប្ដូរ​ឈ្មោះ​ថ្មី គឺ បក្ស​កុម្មុយនិស្ត​កម្ពុជា​របស់​ក្រុម​ខ្មែរ​ក្រហម ដែល​កាន់អំណាច​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃ​ដួល​រលំ នៅ​ឆ្នាំ​១៩៧៩ គឺ​នៅ​ក្រោយ​ពេល លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម បាន​រួម​គ្នា​បង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការ​គាំទ្រ​របស់​វៀតណាម រហូត​ដល់​ទទួល​បាន​ជ័យជំនះ នៅ​ថ្ងៃ​ទី​៧ មករា ដែល​មាន​ទាំង​កងទ័ព​វៀតណាម​ប្រមាណ​ជាង ១២​ម៉ឺន​នាក់ ជួយ​វាយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩។ លោក ហ៊ុន សែន និង​បក្ខពួក​ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឱ្យ​ដឹកនាំ​កម្ពុជា​តាំងពី​ពេល​នោះ​មក។

តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្ត​សៀមរាប នៃ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន អះអាង​ថា ថ្ងៃ​៧ មករា ដែល​បក្ស​កាន់អំណាច តែង​ប្រារព្ធ​រាល់​ឆ្នាំ​នោះ ជា​ថ្ងៃ​វៀតណាម​ឈ្លានពាន​ប្រទេស​​កម្ពុជា បង្កើត​សន្ធិសញ្ញា​ខុសច្បាប់ កាត់​យក​ទឹកដី​ខ្មែរ បញ្ជូន​ជនជាតិ​វៀតណាម​អន្តោ​ប្រវេ​សន្ត​ចូល​កម្ពុជា និង​បង្កើត​ផែនការ «​ក​៥» ជាដើម​។ លោក អ៊ុំ សំអាន ថា គណបក្ស​កាន់​អំណាច​​ចង់​ពង្វក់​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​ដឹងគុណ​វៀតណាម តាម​ពួក​ខ្លួន​ដែរ ទើប​បាន​ជា​ខំ​បន្លប់​បំភ័ន្ត ប្រែក្លាយ​ថ្ងៃ៧ មករា ជា​ថ្ងៃ​ដឹងគុណ​វៀតណាម ហើយ​ខំប្រឹង​កសាង​ស្តូប​ដឹងគុណ​វៀតណាម​គ្រប់​ខេត្ត​ក្រុង​៖ «យួន​ជា​អ្នក​ដុត​ផ្ទះ​ជាតិខ្មែរ​យើង សម័យ​ខ្មែរក្រហម ហើយ​ក្រោយមក​យួន​មក​ពន្លត់ភ្លើង​ហ្នឹង​វិញ ឱ្យ​ខ្មែរ​យើង​អរគុណ​ថ្ងៃ​៧​មករា​។ ដូច្នេះ ជំនាន់​ក្រោយ​គេ​ដឹង​ថា អ៊ីចឹង ថា យួន​ជា​អ្នក​ដុត​ផ្ទះ​ហើយ យួន​ធ្វើ​ពន្លត់ភ្លើង​ហ្នឹង ឱ្យ​ខ្មែរ​យើង​ដឹងគុណ​។ អាហ្នឹង យើង​ឃើញ​ថា ដុត​ផ្ទះ​ហ្នឹង​គឺ សម័យ ប៉ុល ពត ដល់​ពន្លត់ភ្លើង​ថ្ងៃ ៧ មករា​។ ជំនាន់​ឥឡូវ​គេ​ដឹង​អ៊ីចឹង​ណា​។ ដូច្នេះ គេ​មិន​ជឿ​ការ​សាប​ព្រួស ឬក៏​ការ​បន្សាប​មនោគមវិជ្ជា ៧ មករា ឬ​មនោ​គម​ការ​ដឹង​គុណ​មិន​ចេះចប់​របស់​គណបក្ស​ប្រជាជន​នោះ​ទេ»

នៅ​ចុង​ឆ្នាំ​១៩៨៤ ដល់​ឆ្នាំ ១៩៨៩ នោះ គឺ “ ក​៥” ដែល​ជំនួស​ឱ្យ​ពាក្យ កេណ្ឌ​កម្លាំង​កាប់​ព្រៃ ការពារ កម្ពុជា។ ប្រជាជន​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់​ត្រូវ​បាន​បញ្ជូន​ដោយ​បង្ខំ ឱ្យ​ទៅ​កាប់​ព្រៃ​នៅ​ព្រំដែន​ថៃ ដើម្បី​រារាំង​មិន​ឱ្យ​អ្នកតស៊ូ​នៅ​តាម​ព្រំដែន​ជ្រៀត​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ តាម​ប្រភព​ជាច្រើន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ បាន​ស្លាប់​ដោយសារ​ជាន់​មីន កើត​គ្រុនចាញ់ និង​អត់​អាហារ​។​

គិត​ចាប់​តាំង​ពី​របប​ខ្មែរក្រហម​ដួល​រលំ​មក លោក ហ៊ុន សែន បាន​រឹតចំណង​មិត្តភាព​កម្ពុជា វៀតណាម​កាន់តែ​រឹងមាំ​ឡើង ទោះបីជា​ដៃ​ម្ខាង​ទៀត លោក ហ៊ុន សែន ចាប់​យក​ចិន​ជា​ខ្នងបង្អែក​សេដ្ឋកិច្ច​ដ៏​ចម្បង​របស់​កម្ពុជា​ក្ដី​។ លើស​ពី​នេះ​ទៀត របប​ឯក​បក្ស​នេះ បាន​សង់ស្ដូប​ដឹងគុណ​វៀតណាម​ដាក់​នៅ​តាម​បណ្ដា​ខែត្រ ក្រុង​ជា​និមិត្តរូប​ដឹងគុណ​វៀតណាម ដែល​ចំណាយ​ថវិកាជាតិ​ជាច្រើន ទោះបីជា​រង​ការរិះគន់​ពី​ពលរដ្ឋ​មួយ​ចំនួន​យ៉ាងណាក្ដី។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការ​សាងសង់​ស្ដូប​រំលឹក​គុណ​វៀតណាម​នេះ មិនមែន​ជា​និមិត្ត​រូប​ជាតិ​ទាំងមូល​ទេ គឺ​ជា​និមិត្ត​រូប​ចង​មិត្តភាព រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​តែប៉ុណ្ណោះ នៅ​ស្រប​ពេល​ខ្មែរ​មិន​ទាន់​មាន​ឯកភាព​ជាតិ​នៅ​​ឡើយ​នេះ​៖ «ខ្ញុំ​មើល​ទៅ​ស្ដូប​នោះ វា​ជា​និមិត្តរូប​នៃ​ការ​ដឹង​គុណ ជា​និមិត្ត​រួប​នៃ​ការ​យក​ចិត្ត​គេ ជា​ជាង​និមិត្ត​រួប​នៃ​មិត្តភាព​ស្មើភាព​គ្នា​ពិតប្រាកដ»

ឆ្លើយតប​ទៅ​នឹង​ការរិះគន់​ទាំងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត អះអាង​ថា ថ្ងៃ​៧ មករា នេះ ជា​ថ្ងៃ​ដែល​វៀតណាម​ជួយ​រំដោះ​កម្ពុជា ចេញពី​របប​ខ្មែរ​ក្រហម ដែល​រដ្ឋបាល​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែ​រំលឹក​ខួប​ដឹងគុណ​វៀតណាម​នៅ​រៀងរាល់ថ្ងៃ ៧ មករា នេះ៖ «សម្រាប់​អ្នក​ដែល​មាន​មតិ​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា មួយ​ចំនួន​នោះ មិនបាន​ឆ្លងកាត់​ប្រល័យពូជសាសន៍ មួយ​ចំនួន​ទៀត វា​មាន​និន្នាការ​នយោបាយ តែប៉ុណ្ណោះ​ទេ​។ ជាពិសេស ប្រទេស​ដែល​ធ្លាប់​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច នយោបាយ​មក​លើ​ប្រទេស​វៀតណាម មក​លើ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ពេល​នេះ គឺ​អស់​បណ្ដា​ប្រទេស​ទាំងនោះ គឺ​ក៏បាន​ឯកភាព​មក​លើ​សច្ចធម៌​ប្រវត្តិសាស្ត្រ ៧ មករា នេះ​ដែរ»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ក្នុង​ឱកាស​ខួប​លើក​ទី​៤១ ថ្ងៃ​៧​មករា​ឆ្នាំ​២០២០​នេះ សារសំខាន់​មួយ​ក្នុងចំណោម​សារ​ដទៃ​ទៀត ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន នឹង​ថ្លែង​នោះ គឺ​សារ "​អរគុណ​សន្តិភាព​" ក្រោយ​ពី​មាន​ថ្ងៃ៧ មករា ឆ្នាំ​១៩៧៩​មក។

សារ​សន្តិភាព​នេះ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ធ្វើ​បដា​ចង នៅ​តាម​សាលារៀន មន្ទីរ​ក្រសួង​រដ្ឋ​នានា វត្ត​អារាម នៅ​លើ​ខ្លោងទ្វារ​ពន្ធនាគារ​ជាដើម នៅ​ទូទាំង​ប្រទេស ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មាន​សន្តិភាព​។

ទោះបីជា​បែបនេះ​ក្ដី អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ធ្លាប់​បាន​បញ្ចេញ​របាយការណ៍​បង្ហាញ​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​អ្នកដឹកនាំ​កាន់​ដំណែង​យូរ​ជាងគេ​ក្នុង​ពិភពលោក និង​ជា​មេដឹកនាំ​ហិង្សា ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​ភាព​ភិតភ័យ​។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក ហ៊ុន សែន ថា ជា​មេដឹកនាំ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​ប្រើ​អំពើ​ហិង្សា ការគាបសង្កត់ និង​អំពើពុករលួយ​។ របាយការណ៍​ដដែល​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់បញ្ចូល​ក្នុងចំណោម​អ្នកដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា នយោបាយ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​គៃ​បន្លំ​ការបោះឆ្នោត ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើសរើស​លោក​ឱ្យ​កាន់​តំណែង និង​អាច​បន្ត​តំណែង​រហូតដល់​បច្ចុប្បន្ន។

អ្នកវិភាគ​លើកឡើង​ថា ការ​ដឹងគុណ​វៀតណាម​នេះ មិន​តំណាង​ឱ្យ​ជាតិ​ទាំងមូល​ត្រូវ​ដឹងគុណ​វៀតណាម ហើយ​ត្រូវ​លើក​តម្កើង​ថ្ងៃ​៧ មករា ឡើយ ផ្ទុយទៅវិញ​កម្ពុជា​មាន​គុណ​លើ​វៀតណាម​នៅ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម ។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ កងទ័ព​វៀតណាម​ខាងជើង និង​កងទ័ព​កុម្មុយនិស្ត​ខាងត្បូង​បាន​ចូល និង​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​វាយប្រហារ​វៀតណាម​សេរី​ខាងត្បូង និង​វាយ​បណ្ដេញ​កងទ័ព​អាមេរិក ដែល​ដាក់​ទ័ព​នៅ​ទីនោះ ក្នុង​ជម្លោះ​បងប្អូន​ឯង គឺ​រវាង​វៀតណាម​ខាងត្បូង​និង វៀតណាម​ជើង​។ បន្ទាប់មក​កម្ពុជា​បាន​ផ្ដល់​ទឹកដី​ឱ្យ​វៀតណាម​ខាងជើង ដើម្បី​ជា​ជម្រក រហូតដល់​វាយ​ដណ្ដើម​បាន​វៀតណាម ខាងត្បូង​នៅ​ចុងខែ​មេសា ឆ្នាំ​១៩៧៥ ធ្វើ​ឱ្យ​វៀតណាម​ក្លាយ​ជា​ប្រទេស​តែមួយ​រហូតមកដល់​សព្វ​ថ្ងៃ។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​យៀកកុង​ឈរជើង​លើ​ទឹកដី​កម្ពុជា​ប្រយុទ្ធ​តតាំង និង​វៀតណាម​ខាងត្បូង ដូច្នេះ កម្ពុជា​មាន​គុណ​ធំធេង​លើ​វៀតណាម ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ វៀតណាម​គ្មាន​ដឹងគុណ​កម្ពុជា ឬ​សង់​ស្តូប​រំលឹក​គុណ​ណាមួយ​នៅ​លើ​ទឹកដី​វៀតណាម​ឡើយ៖ «វៀតណាម​មិនបាន​បង្ហាញ​ការ​ដឹង​គុណ​កម្ពុជា ដែល​បាន​ជួយ​បញ្ចប់​ជម្លោះ​វៀតណាម​ខាងត្បូង និង​វៀតណាម​ខាងជើង​នោះ​ទេ​។ រដ្ឋាភិបាល​និង​ពលរដ្ឋ​ខ្មែរ​គួរតែ​គិត​ពី​បញ្ហា​នេះ ហើយ​ត្រូវ​ពង្រឹង​ជំហរ​ខ្លួនឯង ដើម្បី​ឱ្យ​មិត្តភាព​នោះ​ស្មើភាព​គ្នា កុំ​យើង​ដឹងគុណ​តែ​គេ គេ​មិនដែល​ខ្វល់​ពី​យើង»

សង្គ្រាម​រវាង​វៀតណាម​ខាងត្បូង និង​វៀតណាម​ខាងជើង​នេះ ដែល​គេ​ហៅថា “​សង្គ្រាម​វៀតណាម​” ដែល​ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ១៩៥៥ ដល់​ឆ្នាំ​១៩៧៥។ សង្គ្រាម​នេះ​បាន​បន្ត​ពី​សង្គ្រាម​ឥណ្ឌូចិន​លើកទី១ ហើយ​វៀតណាម​ខាងត្បូង​គាំទ្រ ដោយ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ប្រឆាំង​កុម្មុយនិស្ត។ រីឯ​វៀតណាម​ខាងជើង​វិញ គាំទ្រ​ដោយ​សម្ព័ន្ធមិត្ត​កុម្មុយនិស្ត​របស់​ខ្លួន ដែល​ប្រើប្រាស់​ទឹកដី​កម្ពុជា និង​ឡាវ​ដោយ​សេរី ដើម្បី​ប្រយុទ្ធ​គ្នា និង​វៀតណាម​ខាងត្បូង រហូត​ដល់​មាន​ការ​បង្រួបបង្រួម​គ្នា​ឡើ​វិញ។

ដោយ​ផ្អែកលើ​មូលដ្ឋាន​កម្ពុជា​ធ្លាប់​មានគុណ​លើ​វៀតណាម​ក្នុង​ការ​រំដោះ​វៀតណាម​ខាងត្បូង និង ឈាន​ទៅ​ដល់ មានការ​បង្រួបបង្រួម​ឱ្យ​ទៅជា​វៀតណាម​តែមួយ​ឡើងវិញ​នេះ លោក បណ្ឌិត មាស នី មាន​ប្រសាសន៍ថា កម្ពុជា​មិន​ត្រូវ​ដឹងគុណ​វៀតណាម​ហួសហេតុ ដោយសារតែ​កងទ័ព​វៀតណាម​ធ្លាប់​ជួយ​វាយកម្ទេច​ក្រុម​ខ្មែរ​ក្រហម​នោះ​ទេ ផ្ទុយទៅវិញ លោក បណ្ឌិត មាស នី បាន​ហៅ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ដែល​កងទ័ព​វៀតណាម​ចូល​ទឹកដី​កម្ពុជា តាម​ទ្រឹស្ដី​វិទ្យាសាស្ត្រ​នយោបាយ​វិញ ថា ជា​ការ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​ទៅវិញ​ទេ។

ក្រុម​អ្នកវិភាគ​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា វៀតណាម​មិនបាន​ដឹងគុណ​ដល់​កម្ពុ​ជា ហើយ​មេដឹកនាំ​កម្ពុជា​ដឹងគុណ​វៀតណាម​ជ្រុល​ពេក​នេះ អាច​នឹង​ទាញ​ឱ្យ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​វៀតណាម​កាន់តែ​ជ្រៅ​ថែមទៀត គួបផ្សំ​លំហូរ​ជនជាតិ​វៀតណាម​អន្តោប្រវេសន៍​នៅតែ​បន្ត​ចូល​កម្ពុជា ការ​ផ្ដល់​ដី ៤០​ហិកតារ​ឱ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ ការ​ខិតខំ​សាងសង់​ស្តូប​រំលឹក​គុណ និង​ជា​និមិត្ត​រូប​វៀតណាម នៅ​ពាសពេញ​ប្រទេស នៅ​ខណៈ​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ​នៅឡើយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល