លោក វ៉ា គឹមហុង ថា មិនទាន់​ទទួល​បាន​ឯកសារ​ស្ដីពី​វៀតណាម​បោះតង់​ពី​ក្រសួង​មហាផ្ទៃ

ដោយ ជីវិតា
2020-07-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។
នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។
រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថា មកដល់ពេលនេះ​លោក​មិនទាន់​ទទួល​បាន​ឯកសារ​ពី​ក្រសួង​មហាផ្ទៃ​ ស្ដីពី​ករណី​វៀតណាម​បោះតង់​នៅ​ឡើយ​។ អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​យល់​ថា បញ្ហា​នេះ​ជា​រឿង​របស់​ជាតិ ដូច្នេះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​គួរ​អូស​បន្លាយ​ទុក​យូរ​ពេក​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី៥ ខែ​កក្កដា​ថា លោក​មិនទាន់​អាច​ចុះ​ទៅ​ទីតាំង​ដែល​វៀតណាម​បោះតង់​បាន​ទេ បើ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ប្រគល់​ឯកសារ ឬ​ផែនទី​នៃ​ទីតាំង​ដែល​វៀតណាម​បោះតង់។ លោក​ថា លោក​ក៏​មិន​ដឹង​ពី​មូលហេតុ​ដែល​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ប្រគល់​ឯកសារ​ទាំង​នោះ​ដែរ៖ «ក្រសួង​មហាផ្ទៃ​បាន​ឆ្លើយ​នឹង​សំណួរ​ប្អូន​បាន ខាង​មហាផ្ទៃ​គ្រប់គ្រង​ចៅហ្វាយ​ខេត្ត ចៅហ្វាយ​ខេត្ត​មិន​ធ្វើ​ឱ្យ​លឿន ខ្ញុំ​ម៉េច​ដឹង​ទៅ​ជ្រៀតជ្រែក​ការងារ​លោក​ម៉េច​បាន»

ទាក់ទង​ការ​លើកឡើង​បែប​នេះ​របស់​លោក វ៉ា គឹមហុង អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប៉ុន្តែ​មិន​ទទួល​បាន​ការ​​ឆ្លើយតប​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នកទទួល។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន យល់​ថា អាជ្ញាធរ​ដែនដី ឬ ក្រសួងមហាផ្ទៃ​ហាក់ដូច​ជា​មិនបាន​ពន្យឿន​របាយការណ៍​ស្ដីពី​ករណី​វៀតណាម​បោះតង់​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ។ លោក​បន្ត​ថា ក្នុងនាម​លោក​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នឹង​ចុះទៅ​អង្កេត​នៅ​កន្លែង​វៀតណាម​បោះតង់​ទាំងនោះ បញ្ជាក់​ថា នឹង​ចុះ​អង្កេត​ករណី​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ៖ «គួរតែ​ធ្វើ​ម៉េច​ឱ្យ​បាន​ឆាប់រហ័ស​ប្រសើរ​ជាង​ទុក​ពេលវេលា​អូស​បន្លាយ​កាន់តែ​យូរៗ នេះ​ជា​ការ​គំរាមកំហែង​មក​លើ​អធិបតេយ្យភាព​នៃ​កម្ពុជា​យើង»

រីឯ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា SMD ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ដាក់​ញត្តិ កាល​ពី​ខែ​មិថុនា ទៅ​ស្ថានទូត​វៀតណាម​នៅ​ក្រៅ​ប្រទេស និង​ដាក់​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជំរុញ​ឱ្យ​វៀតណាម​ដក​តង់​ចេញពី​ទឹកដី​កម្ពុជា ទោះ​យ៉ាងណា​មិន​ទាន់​មាន​ឆ្លើយតប​ណាមួយ​ចំពោះ​ញត្តិ​នេះ​នៅ​ឡើយ​ទេ។

ក្នុង​ពេល​មាន​ផ្ទុះឡើង​នៃ​ករណី​ជំងឺ​កូវីដ-១៩ (Covid-19) កាលពី​ខែ​មីនា មក អាជ្ញាធរ​វៀតណាម​បាន​បោះតង់​ដោយ​ឯកតោភាគី​ចំនួន ២៥៦​កន្លែង នៅ​តាម​ព្រំប្រទល់​វៀតណាម​។ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះផ្សាយ​ក្រោយ​មានការ​តវ៉ា​ពី​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា អាជ្ញាធរ​វៀតណាម​បាន​រើ​តង់​ចេញ​ខ្លះ។

កាល​ពី​ដើម​ខែ​មិថុនា លោក វ៉ា គឹមហុង អះអាង​ថា លោក​នឹង​ចុះទៅ​ពិនិត្យមើល​ទីតាំង​ដែល​វៀតណាម​បាន​បោះតង់​ទាំងនោះ ប៉ុន្តែ​ត្រូវការ​ផ្ដល់​ឯកសារ​បន្ថែម​ពី​ក្រសួង​មហាផ្ទៃ​ជាមុន​សិន។អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់​ថា បញ្ហា​វៀតណាម​បោះតង់​នេះ មិនមែន​ត្រឹម​កម្រិត​លោក វ៉ា គឹមហុង អាច​ដោះស្រាយ​បាន​នោះ​ទេ​។ លោក​យល់ថា បញ្ហា​នេះ​អាច​ទាក់ទង​នឹង​ជម្លោះ​រឿង​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​វៀតណាម​។ លោក​ថា វៀតណាម​នៅតែ​យល់ថា​ខ្លួន​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទើប​ហ៊ាន​ដាក់​ពង្រាយ​ទ័ព និង​បោះតង់​នៅ​លើ​ទឹកដី​កម្ពុជា​ដូច្នេះ៖ «ស្រប​ពេល​យួន​បោះតង់​យើង​ឃើញ​ហើយ​ចិន​ក៏​ដឹក​ឡាន​ទាហាន​ចូល​ប្រមាណ ៥២០​គ្រឿង​ឯណោះ ដូច្នេះ​ជា​ការ​ជា​ការ​សាក​ឥទ្ធិពល​គ្នា​រវាង​យួន​និង​ចិន​ក្នុង​ការ​ចង់​កាន់កាប់​ភូមិសាស្ត្រ​ទឹកដី​កម្ពុជា នៅ​ពេល​ជម្លោះ​យួន​ចិន​នៅ​សមុទ្រ​ខាងត្បូង​ឡើង​ជិត​ដល់​៧០​អង្សា»

ក្រសួង​ការបរទេស​កម្ពុជា កាលពី​ខែ​មីនា​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះ​តង់​នៅ​តំបន់​មិនទាន់​ឯកភាព​ព្រំដែន​ដែល​រួមមាន៖ នៅ​ស្រុក​លើកដែក និង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ទៅ​វៀតណាម​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​យោធា​ទាំងអស់​ចេញ និង​បញ្ឈប់​សកម្មភាព​នានា​ដើម្បី​រក្សា​ស្ថានភាព​ដើម​នៅ​ក្នុង​តំបន់​នោះ​។ ប៉ុន្តែ​ក្រសួង​ការបរទេស​វៀតណាម​បាន​ឆ្លើយតប​កាល​ពី​ចុងខែ​ឧសភា​ថា ការ​បោះ​តង់​ទាំងនោះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា ហាក់​នៅ​ទ្រឹង​ស្ងៀមស្ងាត់​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល