មន្ត្រី​បក្ស​ប្រឆាំង​ថា កម្ពុជា​មិនគួរ​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​អ្នកជំនាញ​វេជ្ជសាស្ត្រ​យោធា​ចិន ៤​រូប

ដោយ ហេង រស្មី
2020-05-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា
រូប៖ ហ្វេសប៊ុក General Tea Banh

មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​ចំពោះ​ក្រសួងការពារជាតិ​កម្ពុ​ជា​ដែល​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​អ្នកជំនាញ​វេជ្ជសាស្ត្រ​យោធា​ចិន​៤​រូប ដែល​ក្រសួង​អះអាង​ជួយ​កម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​covid-19។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លើកឡើង​ថា របប​លោក ហ៊ុន សែន សព្វថ្ងៃ​គឺ​យក​ប្រទេស​ចិន​ជា​បងធំ ទោះបីជា​ពិភពលោក​មើលឃើញ​ពី​ទុច្ចរិត​ភាព​របស់​ចិន​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​នៅតែ​ចាត់ទុកថា​ជា​រឿង​ត្រឹមត្រូវ។ លោក អេង ឆៃអ៊ាង ថា កម្ពុជា​កំពុង​តែ​អនុវត្ត​ទ្រឹស្ដី​អ្នកឯង​ជួយ​អញ អញ​ជួយ​ឯង​វិញ។

ការ​រិះគន់​ពី​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ​បាន​កើតមានឡើង​ក្រោយ​ពី​ក្រសួងការពារជាតិ​កម្ពុជា កាល​ពី​ថ្ងៃទី​២២ ឧសភា បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​អ្នកជំនាញ​វេជ្ជសាស្ត្រ​យោធា​ចិន ៤​រូប ដែល​ក្រសួង​ចាត់​ទុក​ជា​ក្រុម​បាន​ជួយ​ទប់ស្កាត់​ជំងឺ​កូវី ១៩ ដល់​យោធា​កម្ពុជា។

ឧបនាយករដ្ឋមន្ត្រី​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក វ៉ាង វីនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​លោក លី ជីងហ្វេង (Li Jingfeng) អនុព័ន្ធ​យោធា​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ចូលរួម​ក្នុង​ពិធី​នោះ។

អាស៊ីសេរី​មិនអាច​ទាក់ទង​លោក ទៀ បាញ់ បាន​ទេ កាល​ពី​ថ្ងៃទី​២៣ ឧសភា។ ដោយសារតែ​លោក​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ​គេហទំព័រ​ស្ថានទូត​ចិន​បាន​ដកស្រង់​សំដី​លោក ទៀ បាញ់ ថា ភាគី​កម្ពុជា​អំណរគុណ​ដល់​ភាគី​ចិន​ដែល​បាន​ចាត់​បញ្ជូន​ក្រុម​ជំនាញ​យោធា​វេជ្ជសាស្ត្រ​ទប់ស្កាត់​នឹង​ជំងឺ​កូវី-១៩ និង​ព្រមទាំង​បានផ្តល់​ជំនួយ​ជា​សម្ភារៈ​ពេទ្យ​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​ផងដែរ។

គេហទំព័រ​ស្ថានទូត​ចិន​ដកស្រង់​សំដី​លោក វ៉ាង វីនធៀន (Wang Wentian) ថា ចិន និង​កម្ពុជា​ជួយ​យក​អាសាគ្នា​ទៅវិញទៅមក ពួតដៃគ្នា​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​កូវី-១៩ ដោយ​ជោគវាសនា​រួម បង្កើត​គំរូ​សម្រាប់​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​កូវីដ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​សហគមន៍​អន្តរជាតិ។ រដ្ឋាភិបាល​កម្ពុជា​រង​ការរិះគន់​កន្លង​ដោយសារ​តែ មិន​បាន​ហាមឃាត់​ជនជាតិ​ចិន និង​យន្តហោះ​ចិន ធ្វើដំណើរ​ម​កម្ពុជា បើ​ទោះបី​ចិន​ជា​ប្រទេស​ដំបូង​កើត​មាន​ជំងឺ covid-19 ហើយ​បង្ករ​រីក​រាលដាល​ជុំវិញ​ពិភពលោក ដែល​បាន​សម្លាប់​មនុស្ស​ជាង​បី​សែន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល