តំណាង​កម្ពុជា​នៅ​អ.ស.ប​ទាត់ចោល​របាយការណ៍​សហគមន៍​អន្តរជាតិ​រឿង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ

ដោយ មួង ណារ៉េត
2020-03-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​នៃ​របប​ក្រុង​ភ្នំពេញ លោក កែវ រ៉េមី (ឆ្វេង ជួរ​មុខ) និង​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​នៃ​របប​ក្រុងភ្នំពេញ ប្រចាំ​នៅ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា លោក ណី សំអុល (ស្ដាំ​ ជួរ​មុខ) ក្នុង​កិច្ចប្រជុំ នៅ​អង្គការ​សហប្រជាជាតិ កាល​ពីថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៩។
ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​នៃ​របប​ក្រុង​ភ្នំពេញ លោក កែវ រ៉េមី (ឆ្វេង ជួរ​មុខ) និង​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​នៃ​របប​ក្រុងភ្នំពេញ ប្រចាំ​នៅ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា លោក ណី សំអុល (ស្ដាំ​ ជួរ​មុខ) ក្នុង​កិច្ចប្រជុំ នៅ​អង្គការ​សហប្រជាជាតិ កាល​ពីថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៩។
Screenshot

តំណាង​របប​ក្រុង​ភ្នំពេញ នៅ​អង្គការ​សហប្រជាជាតិ ជាថ្មី​ម្តង​ទៀត ទាត់ចោល​របាយការណ៍​សហគមន៍​អន្តរជាតិ រឿង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ និង​បាន​ចោទ​អ្នក​ហ៊ាន​រិះគន់​ចំណាត់​ការ​របប​នេះ​ថា លម្អៀង និង​មិន​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា។

តំណាង​កម្ពុជា នៅតែ​ការពារ​ចំណាត់​ការ​របស់​របប​ក្រុងភ្នំពេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​សហគមន៍​អន្តរជាតិ ថ្កោលទោស​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នោះ​។

តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស លោក អាន សុខខឿន បាន​ថ្លែង​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី ៤៣ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី២៧ ខែ កុម្ភៈ ថា​របាយការណ៍​របស់​តំណាង​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​សេចក្ដីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប ជុំវិញ​ការ​រក​ឃើញ​នូវ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នោះ ធ្វើ​ឡើង​ដោយ​លម្អៀង និង​មើល​តែមួយ​ជ្រុង ដែល​នាំ​ឱ្យ​មើល​រម្លង​សមិទ្ធផល​សំខាន់ៗ​នៅ​កម្ពុជា។

ប្រតិកម្ម​របស់​របប​ក្រុងភ្នំពេញ​នេះ ធ្វើឡើង​ក្រោយ​តំណាង​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ខាង​តំណាង​សហភាព​អឺរ៉ុប បង្ហាញ​របាយការណ៍ និង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន នៅ​ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ​នោះ ថា​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅតែ​អាក្រក់ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្តារ​ឡើងវិញ​ជា​បន្ទាន់។

សហភាព​អឺរ៉ុប បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​សាជាថ្មី ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នេះ​។ អ្វី​ដែល​សហភាព​អឺរ៉ុប​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ ស្តារ​ឡើងវិញ​ជាបន្ទាន់​នោះ រួមមាន​ទី​១ គឺ​ផ្ដល់​សិទ្ធិ​សេរីភាព​ខាង​ជីវភាព​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ ទី​២ ធ្វើ​យ៉ាងណា​បង្ក​ភាព​ងាយស្រួល ដើម្បី​ឱ្យ​គណបក្ស​ប្រឆាំង​ពិតប្រាកដ អាច​បើក​ដំណើរការ​ឡើងវិញ​បាន ទី​៣ ដក​បម្រាម និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទី​៤ សហភាព​អឺរ៉ុប​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា ផ្ដល់​នីតិសម្បទា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំងអស់ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ហាមឃាត់​សិទ្ធិ​នយោបាយ និង​ទី​៥ ដោះលែង​សមាជិក និង​សកម្មជន​គណបក្សប្រឆាំង​ទាំងអស់ ដែល​រដ្ឋាភិបាល​កម្ពុជា ឃុំខ្លួន​ដោយសារ​ហេតុផល​នយោបាយ​នោះ។

តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​នេះ តំណាង​កម្ពុជា​ថា សហភាព​អឺរ៉ុប​អនុវត្ត​ស្តង់ដារ​ពីរ រឿង​វាយតម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​។ លោក អាន សុខ​ខឿន អះអាង​ថា សិទ្ធិ​សេរីភាព​ខាង​ជីវភាព​នយោបាយ ត្រូវ​បាន​ពង្រឹង និង​លើកកម្ពស់​យ៉ាង​ត្រដែត​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា បាន​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង រួច​ផុត​ពី​បម្រាម​នយោបាយ​រួចហើយ ដែល​កន្លងមក​មាន មន្ត្រី​បក្ស​ប្រឆាំង ៩ នាក់ ក្នុងចំណោម ១១៨ នាក់​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​បាន​នាំ​គ្នា​ទៅ​បើក​គណបក្ស​ថ្មី​ទៀត​ផង​។ លោក អាន សុខខឿន បន្ទោស​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ឯណោះ​ទៅវិញ​ទេ ដែល​បិទ​សិទ្ធិ​សេរីភាព​មន្ត្រី​របស់​ខ្លួន មិន​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ចោទ​អ្នក​ដែល​ហ៊ាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នោះ ថា​ជា​ជន​ក្បត់។

លោក អាន សុខខឿន បន្ត​អះអាង​ថា កម្ពុជា​ជា​ប្រទេស​មាន​ពហុបក្ស ដោយ​គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៨ មាន​គណបក្ស​នយោបាយ​ថ្មី​ចំនួន ១៥ បាន​ចុះឈ្មោះ ទោះ​មិន​ជាប់ឆ្នោត​យ៉ាង​ណា​ក្តី​។ សរុប​មក​ដល់​ពេល​នេះ មាន​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​រួច​មាន​រហូតដល់ ៤៤ គណបក្ស​ទៅ​ហើយ​។ ជុំវិញ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ លោក អាន សុខ​ខឿន អះអាង​ថា កម្ពុជា​មាន​កាសែត ទស្សនាវដ្ដី ទូរទស្សន៍ និង​ស្ថានីយ​វិទ្យុ​ជាង ១,០០០ ស្ថាប័ន​ឯណោះ ដែល​លោក​អះអាង ថា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ ក្នុង​ការ​ចែក​រំលែក​មតិ​ពលរដ្ឋ។

ទោះជា​យ៉ាង​នេះ​ក្តី សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​របប​ក្រុងភ្នំពេញ​ជុំ​ទិស ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ក្រោយ​របប​នេះ បាន​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ផ្ដើម​ពី​ការ​កែ​ច្បាប់ ដើម្បី​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ចោទប្រកាន់​ប្រធាន​គណបក្សប្រឆាំង​នេះ​ពី​បទ​ក្បត់ជាតិ ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ ១១៨​រូប បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើ​ទុក្ខបុកម្នេញ​មេដឹកនាំ​សហជីព​កម្ពុជា សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី ដក​តំណែង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ទាំង ៥០០៧ នាក់ ដែល​តំណាង​ឱ្យ​ឃុំ​សង្កាត់​ជិត ៥០០ នៅ​ទូទាំង​ប្រទេស ឬ​តំណាង​ឱ្យ​អ្នក​បោះឆ្នោត​ជាង​បី​លាន​នាក់ និង រៀបចំ​ការបោះឆ្នោត​ដោយ​ផាត់​ចោល​គណបក្សប្រឆាំង​ជាដើម។

ថ្មីៗ​នេះ​ទៀតសោត ដោយសារតែ​របប​ក្រុងភ្នំពេញ នៅតែ​ចចេស​មិន​ស្ដារ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ទាំងនេះ ទើប​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ឬ​គិត​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ និង​សហរដ្ឋអាមេរិក កាត់​ផ្ដាច់​រាល់​ជំនួយ​ទាំងអស់ លើកលែងតែ​ជំនួយ​មនុស្សធម៌ និង​បាន​បិទ​ទិដ្ឋាការ​មិន​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​ជា​ច្រើន​រូប ជាន់​ទឹកដី​អាមេរិក និង​បាន​អនុវត្ត​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់ និង​ឧកញ៉ា​ដែល​ស្និទិ្ធ​នឹង​របប​នេះ ចំនួន​បី​នាក់ និង​សាច់សាលោហិត​ជាច្រើន​របស់​មន្ត្រី​ទាំងនេះ​ថែម​ទៀត​ផង​។ ទណ្ឌកម្ម​នេះ រួម​មានការ​បង្កក​​​ទាំងអស់​របស់​អ្នក​ទាំងនោះ ដែល​មាននៅ​សហរដ្ឋអាមេរិក និង​ហាម​ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ព្រមាន​ថា របប​ក្រុងភ្នំពេញ នឹង​ទទួល​ទណ្ឌកម្ម​ច្រើនជាង​នេះ បើ​នៅតែ​ចចេស មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ឱ្យ​បាន​ឆាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល