ក្រសួង​ការបរទេស​អាមេរិក​ស្នើ​ឱ្យ​​អ្នក​នយោបាយ​​ខ្មែរ​​ផ្ដើម​​ចរចា​​គ្នា​​ជា​បន្ទាន់​​ដើម្បី​​ផ្សះផ្សា​ជាតិ

ដោយ មួង ណារ៉េត
2019-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
RFA/Tin Zakariya

ក្រសួង​ការបរទេស​អាមេរិក ស្នើ​​អ្នកនយោបាយ​ខ្មែរ​គ្រប់​ភាគី ឱ្យ​ចាប់​ផ្ដើម​ដំណើរ​ការ​ចរចា​​គ្នា​ជា​​បន្ទាន់ និង​​ដោយ​​សន្តិវិធី ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន និង​ឈាន​ទៅ​រក​ការ​ផ្សះផ្សា​​ជាតិ​ឱ្យ​បាន​ឆាប់។

ក្រសួង​ការបរទេស​អាមេរិក កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា បញ្ជាក់​ប្រាប់​អាស៊ីសេរី តាមរយៈ​សារ​អេឡិចត្រូនិក​ថា ជំហរ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ការ​ចាប់ខ្លួន ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​បំភិតបំភ័យ​ឥត​ស្រាកស្រាន្ត ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ទៅលើ​សមាជិក និង​សកម្មជន​គណបក្ស​ប្រឆាំង។

ក្រសួងការបរទេស​អា​មេរិក ចាត់​ទុក​ចំណាត់​ការ​បែបនេះ គឺជា​សញ្ញាណ​នៃ​ការ​រីក​រាលដាល ក្នុង​ការ​បង្ក្រាប​សំឡេង​ប្រឆាំង និង​ការរំលោភ​សេរីភាព ក្នុង​ការ​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិវិធី និង​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ដែល​មាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

សហរដ្ឋអាមេរិក អំពាវនាវ​ឱ្យ​អាជ្ញាធរ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង និង​ត្រូវ​ការ​ពារ​រដ្ឋធម្មនុញ្ញ និង​សិទ្ធិ​ពលរដ្ឋ​ខ្មែរ និង​ត្រូវ​ចាត់វិធានការ​សមស្រប ដើម្បី​បើក​ឱ្យ​មាន​លំហ​សេរីភាព​ប្រជាធិបតេយ្យ​ឡើងវិញ។

សារ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នេះ ធ្វើឡើង​ក្នុង​ថ្ងៃ​ដែល​របប​ក្រុងភ្នំពេញ បាន​ចាប់ និង​ឃុំខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន កើន​ឡើង​ដល់ ៧៩នាក់ និង​បន្ត​ធ្វើទុក្ខបុកម្នេញ​ដល់​មន្ត្រី សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គ្រប់​ទីកន្លែង ដោយ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ក្នុង​ការ​បញ្ចេញមតិ ឬ​ប្រមូល​ផ្តុំ ជាពិសេស​ការ​ជួបជុំ ឬ​បញ្ចេញមតិ​ទាំងឡាយ​ណា ដែល​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ឯទៀត​។ របប​លោក ហ៊ុន សែន ក៏​បាន​បញ្ជូន​ដីកា​តាម​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង ៨​រូប ទៅ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន ឱ្យ​ជួយ​សហការ​ចាប់ខ្លួន​មន្ត្រី​ទាំងនោះ ពេល​ធ្វើ​ដំណើរ​មកដល់​ប្រទេស​នោះ។

ជាង​នេះ​ទៅ​ទៀត របប​លោក ហ៊ុន សែន បាន​ព្រមាន​ក្រុមហ៊ុន​យន្តហោះ​ចំនួន ៤៧ មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្សប្រឆាំង ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ខាងមុខ​នេះ​ឡើយ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​នឹង​ប្រឈមមុខ​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ។

ទន្ទឹម​នឹង​នេះ របប​ក្រុងភ្នំពេញ​បាន​ចល័ត​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន ឱ្យ​ទៅ​បោះ​ទីតាំង​ឈរជើង​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​ថៃ ជាពិសេស​នៅ​ច្រក​ប៉ោយប៉ែត នៃ​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ទីតាំង​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើស​រើស​យក​ជា​កន្លែង​ឆ្លង​ចូល​មក​កម្ពុជា។

ទោះជា​យ៉ាង​នេះ​ក្តី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បញ្ជាក់​ថា លោក នឹង​មន្ត្រី​បក្ស​ប្រឆាំង​ឯទៀត រួម​ទាំង​ពលករ​ខ្មែរ​នៅ​ថៃ​ផង និង​ធ្វើដំណើរ​ចូល​ទឹកដី​ខ្មែរ​នៅ​ព្រឹក ថ្ងៃ​សោរ៍ ទី៩ ខែ​វិច្ឆិកា។

តាមរយៈ​សំបុត្រ​យន្តហោះ​មួយ​សន្លឹក ដែល​អាស៊ីសេរី​ទទួល​បាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ វិច្ឆិកា បង្ហាញ​ថា លោក សម រង្ស៊ី នឹង​ចេញដំណើរ​ពី​ព្រលាន​យន្តហោះ ហ្សាល ដឺ ហ្គោល (Charles De Gaulle) ទីក្រុង​ប៉ារីស ឆ្ពោះ​ទៅ​វាល​យន្តហោះ​សុវណ្ណភូមិ ទីក្រុង​បាងកក ប្រទេស​ថៃ តាម​ជើង​យន្តហោះ​ថៃ TG931​។ សំបុត្រ​នោះ​បញ្ជាក់​ពេលវេលា​ចាកចេញ​ពី​ទីក្រុង​ប៉ារីស គឺ​នៅ​វេលា​ម៉ោង ១២ និង ៣០​នាទី ថ្ងៃទី៧ ខែ វិច្ឆិកា ហើយ​នឹង​ចុះចត​នៅ​វេលា​ម៉ោង ៦ ថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ឯ​ទីក្រុង​បាងកក​ប្រទេស​ថៃ។

លោក សម រង្ស៊ី បាន​ប្រកាស​ជា​ផ្លូវការ នូវ​តម្រាយ​ផ្លូវ​នេះ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ដោយ​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ឆ្លង​ចូល​ប្រទេស​កម្ពុជា កាត់​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត៖ «យើង​ចង់​ទៅ​ប្រមូល​ផ្ដុំ​នៅ​ច្រក​ប៉ោយប៉ែត​។ យើង​ត្រូវ​ទៅដល់​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី៩ ខែ វិច្ឆិកា ដែល​យើង​នឹង​ដើរ​ទាំងអស់​គ្នា»

ទោះជា​មាន​ការ​អះអាង និង​បញ្ជាក់​ដោយ​ផ្ទាល់​ពី​លោក សម រង្ស៊ី អំពី​តម្រាយ​ផ្លូវ និង​ពេលវេលា​ជាក់លាក់​នេះ​យ៉ាង​ណា​ក្តី ប្រព័ន្ធ​ឃោសនា​របស់​របប​លោក ហ៊ុន សែន ឯណោះ​បាន​ផ្សាយ​ថា លោក សម រង្ស៊ី ប្តូរ​ជើង​ហោះហើរ ដោយ​មិន​ធ្វើដំណើរ​ទៅដល់​ប្រទេស​ថៃ នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​ទេ គឺ​ទៅ​ដល់​ថ្ងៃ ១០ ខែ​វិច្ឆិកា​វិញ​។ ទោះជា​យ៉ាង​នេះ​ក្តី ប្រព័ន្ធ​ឃោសនា​នេះ មិន​ច្រានចោល​ព័ត៌មាន ដែល​ថា លោក សម រង្ស៊ី នឹង​ធ្វើ​ដំណើរ​ទៅ​ចុះចត​នៅ​ព្រលាន​យន្តហោះ​សុវណ្ណ​ភូមិ នាទី​ក្រុង​បាងកក ប្រទេស​ថៃ​នោះ​ឡើយ។

ជុំវិញ​ការ​យក​ប្រទេស​ថៃ ជា​កន្លែង​ឈប់​សំចត ដើម្បី​ឆ្លងកាត់​ចូល​ប្រទេស​នេះ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-Cha) ថ្លែង​​នៅ​ថ្ងៃទី៦ ខែ​វិច្ឆិកា​ដដែល​ថា ​ប្រទេស​​ថៃ នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​គណបក្សប្រឆាំង ប្រើប្រាស់​ទឹកដី​ថៃ ធ្វើជា​មូលដ្ឋាន​ទេ។ លោក​ថា លោក​បាន​ចេញ​បញ្ជា​រួចហើយ​ជុំវិញ​រឿង​នេះ​។ លោក​ថា លោក សម រង្ស៊ី មិន​អាច​ធ្វើ​ដំណើរ​​ចូល​ប្រទេស​​ថៃ​បានទេ​។ លោកនាយក​រដ្ឋមន្ត្រី​ថៃ បន្ថែម​ថា តាម​គោលការណ៍​អាស៊ាន ប្រទេស​ថៃ​នឹង​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​នោះ​ឡើយ។

តប​ទៅ​នឹង​ជំហរ​បែបនេះ សមាជិក​ក្រុមប្រឹក្សា​សមាជិកសភា​អាស៊ាន​ថា ​សេចក្តី​សម្រេច​របស់​នាយករដ្ឋ​ថៃ ដែល​មិន​ឱ្យ​លោក សម រង្ស៊ី ឆ្លងកាត់​ប្រទេស​ថៃ ថា​ជា​រឿង​អាម៉ាស់​មួយ និង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ​។ អតីត​សមាជិក​សភា​ហ្វីលីពីន លោក ថិតឌី បាហ្គីឡាត (Teddy Baguilat) ថា សេចក្ដី​សម្រេច​បែបនេះ មាន​ចេតនា​នយោបាយ ដែល​រារាំង​លោក សម រង្ស៊ី មិន​ឱ្យ​គាត់​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​បាន។ ធ្វើ​ដូច្នេះ គឺ​ចេតនា​បំបិទ​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។

លោក ថិតឌី បាហ្គីឡាត បន្ថែម​ថា បើ​ពិត​ដូច​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា ដែល​ថា ប្រទេស​ថៃ​គោរព​តាម​ធម្មនុញ្ញ​អាស៊ាន គឺ​មេដឹកនាំ​ប្រទេស​ថៃ​រូប​នេះ គប្បី​លើក​ស្ទួយ​អ្នក​ប្រជាធិបតេយ្យ ជាជាង​គាំទ្រ​របប​ផ្ដាច់ការ​ដូច្នេះ។

ជា​ហូរហែ​កន្លងមក និង​នៅ​ក្នុង​លិខិត​របស់​លោក​ជូន​លោក ប្រាយុទ្ធ ចាន់អូចា លោក សម រង្ស៊ី តែង​បញ្ជាក់​ថា ការសម្រេច​វិលត្រឡប់​ចូល​ស្រុកកំណើត​វិញ គឺជា​ជម្រើស​ចុងក្រោយ​របស់​លោក ដើម្បី​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ផ្ដាច់ការ​សព្វថ្ងៃ ហើយ​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ជូន​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​មាតុភូមិនិវត្តន៍​របស់​លោក​ឆ្លងកាត់​ប្រទេស​ថៃ​នោះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ដើម្បី​ជា​ឱកាស​សម្រាប់​អ្នកនយោបាយ​ខ្មែរ​ទាំងអស់​ផ្សះផ្សា​គ្នា។

លោក សម រង្ស៊ី បញ្ជាក់​ថា លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ​មេដឹកនាំ​ប្រទេស​ថៃ នឹង​សម្រួល​ឱ្យ​លោក និង​មន្ត្រី​បក្ស​ប្រឆាំង​ឯទៀត​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ថៃ ដើម្បី​ទៅ​ជួបជុំគ្នា​នៅ​ច្រក​ទ្វារ​​ព្រំដែន​ប៉ោយប៉ែត​នោះ៖ «ទាំង​ប្រជារាស្ត្រ​ខ្មែរ និង​ថៃ​ស្រលាញ់​ប្រជាធិបតេយ្យ​។ ដូច្នេះ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​នឹង​ចាប់ដៃ​គ្នា​ជួយ​គ្នា»

ចំណែក​ឯ អ្នកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​សង្គ្រោះ​ជាតិ អះអាង​ប្រាប់​អាស៊ីសេរី​ពី​ប្រទេស​ឥណ្ឌូណេស៊ី ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជំហរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ចុង​សប្ដាហ៍​នេះ​។ អ្នកស្រី​បញ្ជាក់​ថា មាតុភូមិនិវត្តន៍​នេះ មិនមែន​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម ឬ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ដោះស្រាយ​វិបត្តិ​ការ​អនុគ្រោះ​ពន្ធ EBA ដែល​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការ​បាត់បង់។

អ្នកស្រី​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​តាមដាន​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះតែ​របប​ក្រុងភ្នំពេញ​កំពុង​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​កំពូល​របស់​ជាតិ ដោយ​បិទ​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​មិន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត និង​ប្រើ​កម្លាំង​ទ័ព​ត្រៀម​បង្ក្រាប​ពលរដ្ឋ​របស់​ខ្លួន។

អ្នកស្រី មូរ សុខហួរ អះអាង​ទៀត​ថា អ្នកកាសែត​បរទេស​ដែល​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ ចាប់អារម្មណ៍ និង​មាន​សំណួរ​ជាច្រើន​អំពី​ដំណើរ​មាតុភូមិនិវត្តន៍​នេះ ក៏ប៉ុន្តែ​ពួកគេ រួម​ទាំង​អ្នក​រៀបចំ​កម្មវិធី​ផង បាន​ស្រឡាំងកាំង​នៅ​ពេល​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី លោក ហោ ណាំបូរ៉ា ដែល​ត្រូវជា​កូនប្រុស​អតីត​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ចេញ​មក​រំខាន​ដល់​ដំណើរការ​កម្មវិធី និង​ហាម​មិន​ឱ្យ​អ្នកស្រី​ថ្លែង​ទៅកាន់​ក្រុម​អ្នក​កាសែត។

ក្នុង​វីដេអូ​ខ្លី​ដែល​បណ្តាញ​សារព័ត៌មាន​បរទេស​បាន​បង្ហោះ បង្ហាញ​ឱ្យ​ឃើញ​ពី​សកម្មភាព លោក ហោ ណាំបូរ៉ា ចេញ​មក​ម​រារាំង​អ្នកស្រី មូរ សុខហួរ មិន​ឱ្យ​មាន​មតិ និង​ថា សន្និសីទកាសែត​នេះ​ជា​រឿង​ខុសច្បាប់​។ មន្ត្រី​ទូត​ខ្មែរ​រូប​នេះ​បាន​ប្រាប់​ឱ្យ​អ្នកកាសែត​បិទមាត់ នៅ​ពេល​ពួកគេ​ព្យាយាម​សួរ​លោក​អំពី​ថា តើ​សន្និសីទកាសែត​នេះ​ខុសច្បាប់​យ៉ាង​ដូចម្តេច​។ អ្នក​រៀបចំ​កម្មវិធី​បាន​ប្រគល់​សិទ្ធិ​ឱ្យ​លោក លោក ហោ ណាំបូរ៉ា បកស្រាយ​ចំពោះ​សំណួរ​របស់​អ្នកកាសែត​វិញ ក៏ប៉ុន្តែ​មន្ត្រី​ការទូត​រូប​នេះ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្វី​ទាំងអស់។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺត​សុន បញ្ចេញ​ប្រតិកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) ថា នេះ​ជា​ទង្វើ​ប្រមាថ​ធ្ងន់ធ្ងរ និង​គ្មាន​លក្ខណៈ​ការទូត​អ្វី​បន្តិច​សោះឡើយ នៃ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​។ លោក​បន្ត​ថា ករណី​នេះ​បង្ហាញ​ពី​ការប្រើប្រាស់​សិទ្ធិ​អំណាច​ដោយ​រំលោភ​បំពាន និង​ការ​ព្យាយាម​រំខាន​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ជួបប្រជុំ​នៅ​ឯ​ក្រៅ​ប្រទេស ពី​សំណាក់​មន្ត្រី​របប​លោក ហ៊ុន សែន។

ជុំវិញ​ការណ៍​ដែល​ឯកអគ្គរាជទូត​ខ្មែរ​លោក ហោ ណាំបូរ៉ា ទៅ​ឆាឆៅ​អុកឡុក រំខាន​សន្និសីទ​សារព័ត៌មាន​របស់​អ្នកស្រី មូរ សុខហួរ នោះ សមាជិក​ក្រុមប្រឹក្សា​សមាជិកសភា​អាស៊ាន និង​ជា​អតីត​សមាជិក​សភា​ហ្វីលីពីន​លោក ថិតឌី បាហ្គីឡាត ថា ចរិត​បែបនេះ បង្ហាញ​ថា អាជ្ញាធរ​កម្ពុជា មាន​ចេតនា​រារាំង​កិច្ចពិភាក្សា​អំពី​ស្ថានការណ៍​នយោបាយ​។ ឥរិយាបថ​បែបនេះ គឺ​ផ្ទុយគ្នា​ស្រឡះ ទៅ​នឹង​ការ​អះអាង​របស់​តំណាង​អង្គទូត​ខ្មែរ​រូប​នេះ ដែល​ថា​គោរព​ស្មារតី​ពិត​របស់​អាស៊ាន ព្រោះ​ស្មារតី​ពិត​របស់​អាស៊ាន​នោះ គឺ​សំដៅ​លើ​ការ​លើកស្ទួយ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដោយ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រជាជាតិ​អាស៊ាន មាន​សិទ្ធិ​សេរីភាព ក្នុង​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន ដោយ​គ្មាន​ការភ័យខ្លាច ពី​ការ​តាម​ធ្វើបាប ឬ សងសឹក​ណាមួយ​។ ស្មារតី​ពិត​របស់​អាស៊ាន មិនមែន​មេដឹកនាំ​ផ្ដាច់ការ ធ្វើ​អាក្រក់​បាន​ស្រេច​តែ​ចិត្ត ដើម្បី​បំភិតបំភ័យ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​ស្របច្បាប់​ដូច្នេះ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល