អ្នកវិភាគ​ថា របប​ភ្នំពេញ​កំពុង​ស្វែងរក​ភាព​កក់ក្ដៅ​ពី​ចិន​ដើម្បី​ទប់​សម្ពាធ​ពី​លោក​ខាងលិច

ដោយ ថន ថារ៉ូ
2019-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា របប​ក្រុង​ភ្នំពេញ​កំពុង​ស្វែងរក​ភាព​កក់ក្តៅ​ពី​ប្រទេស​ចិន ដើម្បី​ទប់ទល់​នឹង​សម្ពាធ​នានា​ពី​សហគមន៍​អន្តរជាតិ និង​ជាពិសេស​ចំ​ពេល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ប្រកាស​រួម​កម្លាំង​គ្នា​វិល​ចូល​ស្រុក​វិញ។ ការ​លើក​ឡើង​នេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​ចិន​បាន​ប្រាប់​ក្រុម​ប្រតិភូ​កម្ពុជា​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប៉េកាំង​ថា ចិន​គាំទ្រ​ពេញទំហឹង​ចំពោះ​អ្វី​ដែល​របប​ក្រុងភ្នំពេញ​កំពុង​ធ្វើ។

អ្នកវិភាគ​នយោបាយ​ដែល​របប​ក្រុងភ្នំពេញ​តាម​ចាប់​ដាក់​ពន្ធនាគារ លោក គឹម សុខ បញ្ចេញ​ទស្សនៈ​ថា របប​ក្រុងភ្នំពេញ កំពុង​ស្វះ​ស្វែងរក​ភាព​កក់ក្តៅ​ពី​ប្រទេស​ចិន​ក្នុង​ពេល​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​តានតឹង ហើយ​ប្រទេស​មហាអំណាច​ចិន​វិញ កំពុង​ឆក់​ឱកាស​សម្ដែង​ការ​គាំទ្រ​របប​ក្រុងភ្នំពេញ​គ្រប់​យ៉ាង ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពង្រឹង និង​ពង្រីក​យុទ្ធសាស្ត្រ​ក្នុង​តំបន់។

លោក គឹម សុខ បន្ត​ថា របប​ក្រុងភ្នំពេញ មិនសូវ​ទុកចិត្ត​លើ​កងកម្លាំង​ប្រដាប់​របស់​ជាតិ​នោះ​ទេ នៅ​ពេល​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​កង កម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ផ្តាច់​ខ្លួន​ពី​របប​លោក ហ៊ុន សែន ហើយ​ចូលរួម​ជា​ធ្លុង​មួយ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ទាមទារ​សេរីភាព​យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ៖ «សហរដ្ឋអាមេរិក បាន​ដាក់​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ថ្មី​នៅ​ទីក្រុង​ភ្នំពេញ ដែល​វា​ជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​សហរដ្ឋអាមេរិក​ក្នុង​ស្ថានភាព កម្ពុជា​កំពុង​ជាប់​គាំង​នយោបាយ​ដូច្នេះ​ហើយ​តាម​ចរន្ត​នៃ​សហគមន៍​អន្តរជាតិ​លោក​សេរី គឺ​កម្ពុជា​នឹង​មាន​ការប្រែប្រួល​ខ្លះ​រឿង​ស្ថានការណ៍​នយោបាយ​ចាប់ពី​នេះ​ទៅ​រយៈពេល ៥​ខែ​ទៀត។ ក្នុង​ស្ថានភាព​ប្រែប្រួល​នេះ​អ្វី​ដែល​ចិន​ចង់​បង្ហាញ​ប្រាប់​ក្រុម​លោក ហ៊ុន សែន ថា បើ​ទោះ​បី​ជា​ក្រុម​លោក ហ៊ុន សែន សម្រេច​រក​ច្រកចេញ​ក្នុង​ផ្នែក​នយោបាយ​ក្នុង​កម្រិត​ណា​ក៏​ដោយ ចិន​នៅតែ​ធ្វើជា មិត្ត​គ្រប់​យុទ្ធសាស្ត្រ​ហើយ​ចង់​ចិត្ត​ក្រុម​លោក ហ៊ុន សែន ឲ្យ​សហការ​ជាមួយ​ចិន​គ្រប់​ទម្រង់​ទាំងអស់ ​ដើម្បី​ដំណើរ​ផលប្រយោជន៍​របស់​ចិន​ផង និង​ផលប្រយោជន៍​ការពារ​អំណាច​របស់​លោក ហ៊ុន សែន​ផង»

ប្រព័ន្ធ​ឃោសនា​របប​ក្រុងភ្នំពេញ​ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន លោក វ៉ៃ ហ្វេងហ៊ី (Wei Feng He) ប្រកាស​ថា ភាគី​ចិន នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​រាល់​អ្វី​ដែល​របប​លោក ហ៊ុន សែន កំពុងតែ​អនុវត្ត ពិសេស​ពាក់ព័ន្ធ​ជាមួយ​ការ​ការពារ​អ្វី​ដែល​ជា​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្ពុជា​ខ្លួនឯង​។ ប្រមុខ​ការពារ​ជាតិ​ចិន​បញ្ជាក់​បែបនេះ​ទៅកាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន នយោបាយ និង​កិច្ចការ​បរទេស​ក្រសួងការពារជាតិ នាយ​ឧត្ដមសេនីយ៍ ណឹម សុវត្ថិ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី២៧ ខែ​កញ្ញា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​-​ចិន ពិសេស​លើ​ផ្នែក​យោធា​។ ក្នុង​ឱកាស​នោះ ភាគី​កម្ពុជា​-​ចិន បាន​ឯកភាព​គ្នា ផ្លាស់ប្ដូរ​គណៈប្រតិភូ យោធា​ជាន់ខ្ពស់ រួម​ទាំង​ការ​បណ្ដុះបណ្ដាល​ធនធាន មនុស្ស និង​ការ​ធ្វើ​សមយុទ្ធ ឬ​លំហាត់​យោធា រួមគ្នា​ជាដើម។

អ្នកវិភាគ​នយោបាយ​ចាស់​វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​និយាយ​យ៉ាង​ខ្លី​ថា ថ្នាក់ដឹកនាំ​ចិន​តែងតែ​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​ខ្មែរ​ជានិច្ច ហើយ​ការប្រកាស​ជាថ្មី​ទៀត​នេះ គឺ​កាន់តែ​ធ្វើ​ឲ្យ រដ្ឋាភិបាល​ខ្មែរ​មានការ​កក់ក្ដៅ ក្នុង​ពេល​កំពុង​រង​សម្ពាធ​នានា​ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ។

កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ លោក ហ៊ុន សែន បាន​ទម្លាយ​ថា លោក​បាន​ចំណាយ​ថវិកា​ទិញ​សព្វាវុធ​ថ្មី​ជិត ៤០​លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ចិន ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព និង​ការពារ​ជាតិ។

ទោះយ៉ាងណា លោក សម រង្ស៊ី ធ្លាប់​លើកឡើង​ថា ការ​ចំណាយ​ប្រាក់​ដល់​ទៅ​ជិត ៤០​លាន​ដុល្លារ​ដើម្បី​ទិញ​អាវុធ​ពី​ចិន នឹង​នាំមក​នូវ​គ្រោះថ្នាក់​ពីរ​យ៉ាង​សម្រាប់​កម្ពុជា​។ គ្រោះថ្នាក់​ទី​១ លោក សម រង្ស៊ី ថា គឺជា​ការ​ប្រើ​កម្លាំងយោធា និង​គ្រឿងសាស្ត្រាវុធ​ពី​ចិន ដើម្បី​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ប្រឆាំង​របប​លោក ហ៊ុន សែន​។ រីឯ គ្រោះថ្នាក់​ទី​ពីរ លោក សម រង្ស៊ី ផ្ដល់​អំណះអំណាង​ថា ជា​ការ​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ និង​យោធា​កាន់តែ​តានតឹង​ឡើង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារតែ​លោក ហ៊ុន សែន គាំទ្រ​នយោបាយ​វាតទី​និយម​របស់​ចិន។

អ្នកវិភាគ​លើកឡើង​ថា របប​ក្រុងភ្នំពេញ គួរតែ​រក្សា​ឯករាជ្យភាព​របស់​ខ្លួន និង​មាន​ទំនាក់ទំនង​យោធា​ដោយ​ស្មើភាព​ជាមួយ​ប្រទេស​ដទៃ​ទៀត ព្រមទាំង​ខិតខំ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុង ប្រទេស ដើម្បី​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ចូល​ដៃ​បម្រើ​នយោបាយ​ឈ្លានពាន​របស់​ចិន និង​បញ្ចៀស​កុំ​ឲ្យ​មាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​រវាង​ជាតិ​សាសន៍​ខ្មែរ​គ្នា​ឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល