អតីត​មេទ័ព​រាជានិយម​ហ៊្វុនស៊ិនប៉ិច ចង់​បាន​យុត្តិធម៌​ជូន​ជន​រងគ្រោះ ដែល​ត្រូវ​សម្លាប់​ក្នុង​រដ្ឋប្រហារ កាល​ពី ២៣ឆ្នាំ​មុន

ដោយ ជីវិតា
2020-07-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។
AFP File Photo

អតីត​មេ​ទ័ព​រាជានិយម​នៃ​គណបក្ស​ហ៊្វុនស៊ិប៉ិច បើ​ទោះ​ជា​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ប្រើ​ពាក្យ​ថា «រដ្ឋ​ប្រហារ» ក៏​ដោយ​ចុះ ក៏​នៅ​តែ​ចង់​បាន​យុត្តិធម៌ ជូន​ពល​ទាហាន និង​មន្ត្រី​របស់​លោក​រាប់​សិប​នាក់ ដែល​ត្រូវ​បាន​ទាហាន​លោក ហ៊ុន សែន សម្លាប់​ក្រៅ​ច្បាប់ នៅ​ពី​ថ្ងៃ​ទី៥-៦ កក្កដា កាល​ពី ២៣​ឆ្នាំមុន ក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស្មោះត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​កងទ័ព​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន។ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​តែងតែ​ច្រាន​ចោល​សំណើសុំ​ស៊ើប​អង្កេត ដោយ​អះអាង​ថា ការ​សម្លាប់​នៅ​ពេល​នោះ គឺ​ជា​ការ​បង្ក្រាប​កម្លាំង​ទ័ព​អនាធិបតេយ្យ។

តើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​ពី​សំណាក់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ទី២ ទម្លាក់​នាយក​រដ្ឋមន្ត្រី​ទី១ ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ នៅ ពេល​នោះ​មាន​សភាព​យ៉ាង​ណា​ខ្លះ?

អតីត​អគ្គ​មេបញ្ជាការ​រង​ទី១ នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ពី​គណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុន ឆៃ ចង់​បាន​យុត្តិធម៌​ជូន​ដល់​កងទ័ព​រាជា​និយម​របស់​លោក ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ឆ្នាំ១៩៩៧។

ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុន ឆៃ គឺ​ស្រប​ពេល​មក​ដល់​នៃ​ខូប ២៣ឆ្នាំ​នៃ​រដ្ឋប្រហារ ទម្លាក់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី១ ពី​អំណាច៖ «...

លោក ញឹក ប៊ុន ឆៃ បច្ចុប្បន្ន ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មានប្រសាសន៍ថា លោក​មិន​ដែល​ភ្លេច​យុទ្ធមិត្ត​តស៊ូ​រួម​អាវុធ​ជាមួយ​លោក ដែល​បាន​ពលី​ជីវិត​ម្ដង​ណា​ឡើយ។ លោក​ថា កន្លង​ទៅ​បើ​ទោះ​ជា​លោក​មិន​បាន​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ពួក​គេ​នៅ​ចំ​ថ្ងៃ​ទី៥ ថ្ងៃ​ទី៦ កក្កដា ឱ្យ​អធិកអធម​ក៏​ដោយ​ចុះ ក៏​លោក​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ដែរ នៅ​ឯ «បូជនីយដ្ឋាន​អ្នក​ប្រជាធិបតេយ្យ» ដែល​លោក​បាន​កសាង​នៅ​វត្ត​ចំបក់​មាស ចម្ងាយ​ប្រមាណ​ជាង ១០គីឡូ​ម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ៖ «...

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​សាច់​ញាតិ​នៃ​ជន​រង​គ្រោះ​ផង តែងតែ​ស្នើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត ដើម្បី​ស្វែងរក​យុត្តិធម៌ និង​បញ្ចប់​អំពើ​និទណ្ឌភាព។ ទោះ​ជា​យ៉ាង​ណា គេ​គ្មាន​រំពឹង​ថា រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្ដួចផ្ដើម​ស៊ើប​អង្កេត​លើ​រឿង​នេះ​ទេ។

អគ្គ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ដែល​ចូលរួម​យ៉ាង​សកម្ម​ក្នុង​រដ្ឋប្រហារ​នា​ពេល​នោះ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា គ្មាន​ទេ ការ​ស៊ើប​អង្កេត៖ «...

តំណាង​​ពិសេស​​របស់​​​អគ្គលេខាធិការ​​​អង្គការ​​​សហប្រជាជាតិ ផ្នែក​​​សិទ្ធិមនុស្ស​​​ប្រចាំ​​​នៅ​​​កម្ពុជា លោក ថូម៉ាស់ ហេមម៉ាប៊ើក (Thomas Hammarberg) ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី៥-៦ កក្កដា ឆ្នាំ១៩៩៧ នោះ​ថា ជា​រដ្ឋប្រហារ​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៧ កក្កដា​ ទម្លាក់​​នាយក​រដ្ឋមន្ត្រី​ទី១ គឺ​​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ និង​ជា​ប្រធាន​គណបក្ស ហ៊្វុនស៊ិនប៉ិច ពី​អំណាច។ មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់​ក្នុង​ពេល​ប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ទាំង​ពីរ​ក្រុម ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា ​ពល​ទាហាន និង​មន្ត្រី​ជាន់​ខ្ពស់​ស្មោះត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ ប្រមាណ ៦០រូប ត្រូវ​​បាន​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់។

ក្នុង​សំលៀក​បំពាក់​ឯកសណ្ឋាន​យោធា លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី២ នៅ​ថ្ងៃ​រដ្ឋប្រហារ​នោះ បាន​បង្ហាញ​មុខ​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍ បញ្ជា​ឱ្យ​តាម​ចាប់​ខ្លួន​មេ​ទាហាន ដែល​ស្មោះ​ត្រង់​នឹង​នាយក​រដ្ឋមន្ត្រី​ទី១ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​កំពុង​រត់​ភៀស​ខ្លួន​ឱ្យ​ខាង​តែ​បាន៖ «...

បាន​ដូច​ចិត្ត កងទ័ព​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន បាន​ដេញ​តាម​កងទ័ព​រាជា​និយម ហ្វ៊ុនស៊ិនប៉ិច ដែល​មួយ​ផ្នែក​ដឹក​នាំ​ដោយ​លោក ញឹក ប៊ុន ឆៃ មាន​គ្នា​ជាង ២០០ (ពីរ​រយ) នាក់។  លោក ញឹក ប៊ុន ឆៃ ដែល​ពេល​នោះ​មាន​មុខ​តំណែង​ជា​អគ្គ​មេ​បញ្ជាការ​រង​ទី១ នៃ​កង​យោធពល​ខេមរភូមិន្ទ ផង​នោះ អះអាង​ថា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​ប្រជាជន​ក្នុង​ក្រុង កងទ័ព​របស់​លោក​បាន​ដក​ថយ​ចេញ​ពី​រាជធានី។ លោក​ថា ក្នុង​ដំណើរ​វាយ​ដក​ខ្លួន​ចេញ​ពី​ទីក្រុង កម្លាំង​របស់​លោក​ពើប​ប្រយុទ្ធ​គ្នា​តាម​ផ្លូវ​ប្រមាណ ១០លើក រហូត​អស់​គ្រាប់ ហើយ​ត្រូវ​កងទ័ព​លោក ហ៊ុន សែន ព័ទ្ធ​ជាប់ និង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ជិត​រ៉ា​បាត់ដឹង។ លោក ញឹក ប៊ុន ឆៃ បញ្ជាក់​ថា មាន​តែ​រូប​លោក និង​កូន​ទាហាន​ម្នាក់​ទៀត​ប៉ុណ្ណោះ ដែល​រួច​ពី​ការ​ចាប់​ខ្លួន៖...

ពី​ទី​លាក់​ខ្លួន​លោក ញឹក ប៊ុន ឆៃ បាន​ឃើញ​ពល​ទាហាន និង​មន្ត្រី​យោធា​របស់​លោក​ត្រូវ​ចាប់​ខ្លួន និង​ចង​ស្លាប​សេក។ លោក​មិន​ប្រាកដ​ថា គេ​យក​ទៅ​សម្លាប់​ទេ ប៉ុន្តែ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ ជាពិសេស​មេ​ធំៗ បាន​បាត់​ខ្លួន​ជា​រៀង​រហូត៖...

លោក ញឹក ប៊ុនឆៃ បន្ត​ថា ក្រោយ​មក​ទើប​លោក​ដឹង​ថា អ្នក​ភូមិ និង​អង្គការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ប្រទះ​ឃើញ​រក​រណ្ដៅ​សាកសព និង​ការ​ដុត​សាកសព​មន្ត្រី​យោធា​នៃ​គណបក្ស ហ៊្វុនស៊ិនប៉ិច នៅ​មិន​សូវ​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​កន្លែង ដែល​ទាហាន​របស់​លោក​ត្រូវ​បាន​ព័ទ្ធ​ចាប់​ខ្លួន។

លោក ញឹក ប៊ុន ឆៃ បញ្ជាក់​ថា មន្ត្រី​យោធា និង​ប៉ូលិស​ជាន់​ខ្ពស់​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​សម្លាប់ និង​បាត់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី៥-៦ ខែ​កក្កដា ឆ្នាំ១៩៩៧ មាន​ជិត ២០០នាក់ ។

បើ​តាម​លោក ប៊្រេដ អាដាមស៍ (Brad Adams) ដែល​ជា​ប្រធាន​អង្គភាព​ច្បាប់​នៃ​ការិយាល័យ​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ១៩៩៨ និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) ប្រចាំ​តំបន់​អាស៊ី រដ្ឋប្រហារ​ឆ្នាំ១៩៩៧ មិនមែន​ជា​រដ្ឋប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពីព្រោះ​ប្រធាន​គណបក្ស​នេះ​មិន​បាន​យល់​ព្រម​ចូលរួម​ឡើយ។

មន្ត្រី​យោធា និង​ប៉ូលិស​ជាន់​ខ្ពស់ ដែល​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន ហើយ​ជួយ​គាត់​ឱ្យ​សម្រេច​ជោគជ័យ​ក្នុង​រដ្ឋប្រហារ​បង្ហូរ​ឈាម ដែល​មាន​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ផង​នោះ មាន​លោក ប៉ុល សារឿន លោក ហុក ឡង់ឌី លោក គន់ គីម លោក សៅ សុខា លោក នេត សា វឿន លោក កែវ ពង្ស ជាដើម។

មណ្ឌល​បញ្ជា​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី៥ និង​ទី៦ ខែ​កក្កដា នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ដឹក​នាំ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡុងឌី រីឯ​អគ្គ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ គឺ​លោក គៀង សាវុធ និង​លោក សៅ សុខា ជា​មេបញ្ជាការ​រង។

លោក ប៊្រេដ អាដាមស៍ (Brad Adams) ឱ្យ​ដឹង​ថា ក្នុង​បទ​សម្ភាសន៍​របស់​លោក​ជាមួយ​លោក សៅ សុខា ក្រោយ​រដ្ឋប្រហារ​បាន ៣ឆ្នាំ លោក សៅ សុខា សម្ដែង​មោទនភាព​យ៉ាង​ខ្លាំង​ដែល​លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​វាយ​កម្ទេច​គណបក្ស ហ៊ុនស៊ិនប៉ិច នា​ពេល​នោះ៖ «ខ្ញុំ​បាន​សម្ភាសន៍​លោក សៅ សុខា ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​កង​រាជ​អាវុធហត្ថ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ២០០០។ គាត់​បាន​ពន្យល់​ខ្ញុំ​យ៉ាង​លម្អិត​អំពី​តួនាទី​របស់​គាត់​ថា កម្លាំង​របស់​គាត់ គឺ​ចាំ​វាយ​ស្ទាក់​លើ​កងទ័ព​ហ៊ុនស៊ិនប៉ិច ដឹក​នាំ​ដោយ​លោក ញឹក ប៊ុន ឆៃ ដែល​កំពុង​ដក​ថយ​ចេញ​ពី​មូលដ្ឋាន​ទ័ព​របស់​ខ្លួន នៅ​ជិត​ព្រះលាន​យន្តហោះ ព្រោះ​ពេល​នោះ​ត្រូវ​បាន​ឡោម​ព័ទ្ធ​ពី​ក្រោយ​ដោយ​អតីត​កងទ័ព​ខ្មែរ​ក្រហម​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន។ នៅ​ពេល​ទាហាន​ហ៊្វុនស៊ិនប៉ិច កំពុង​ដក​ថយ​តម្រង់​មក​ក្រុង​ភ្នំពេញ ទាហាន​របស់​លោក សៅ សុខា ដែល​រង់ចាំ​នៅ​ពី​មុខ វាយ​សង្គ្រុប​ហ៊ុមព័ទ្ធ​តែ​ម្ដង។ លោក សៅ សុខា និយាយ​ប្រាប់​ខ្ញុំ​ដោយ​អំនួត​ថា គាត់​ជា​ទាហាន​ដែល​ត្រូវ​ធ្វើ​តាម​បញ្ជា​ពី​មេ គឺ​លោក ហ៊ុន សែន។ តាម​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ ប្រសិន​បើ​កម្លាំង​របស់​លោក សៅ សុខា មិន​ចូលរួម​វាយ​ប្រហារ​លើ​កងទ័ព ហ៊្វុនស៊ិនប៉ិច ទេ កម្លាំង​របស់​លោក ហ៊ុន សែន អាច​ចាញ់ ពីព្រោះ​មន្ត្រី​ជាន់​ខ្ពស់​សំខាន់ៗ មួយ​ចំនួន របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​មិន​ចូលរួម​ក្នុង​រដ្ឋប្រហារ​នោះ​ទេ ក្នុង​នោះ​រួម​មាន លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ លោក កែ គឹមយ៉ាន អគ្គ​មេ​បញ្ជាការ​យោធា​កង​យោធពល​ខេមរភូមិន្ទ លោក សខេង លោក ជា ស៊ីម ជា​ដើម។

ក្នុង​តំណែង​អគ្គ​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​វាយ​ប្រហារ​លើ​កងទ័ព​គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​លោក​ហៅ​ថា “កម្លាំង​អនាធិបតេយ្យ” នោះ ឱ្យ​ទាល់​ច្រក បង្ខំ​ឱ្យ​ពួក​គេ​រត់​គេច​ភៀស​ខ្លួន​ក្នុង​ភាព​ច្របូកច្របល់​ចេញ​ពី​រាជធានី​ភ្នំពេញ។ លោក ប្រ៊េដ អាដាមស៍ ថា លោក សៅ សុខា បាន​បញ្ជា​ឱ្យ​កម្លាំង​ធ្វើ​រដ្ឋប្រហារ "បោស​សម្អាត​ចេញ​ឲ្យ​ស្អាត និង​កម្ចាត់​ចោល​ឱ្យ​អស់" ជា​ពាក្យ​និយម​ប្រើ​របស់​ពួក​ខ្មែរ​ក្រហម ដែល​មាន​ន័យ​ថា ប្រហារជីវិត។

លោក សៅ សុខា បច្ចុប្បន្ន​ជា​អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បដិសេធ​ការ​ចោទ​ប្រកាន់​របស់ លោក ប៊្រេដ អាដាមស៍ ហើយ​ជំរុញ​ឱ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​ជន​ជាតិ​អាមេរិកាំង​រូប​នេះ ទៅ​ស៊ើប​អង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស ប្រព្រឹត្ត​ដោយ​ប៉ូលិស​អាមេរិក នៅ​សហរដ្ឋ​អាមេរិក​វិញ​ទៅ​ប្រសើរ​ជាង។ លោក សៅ សុខា ក៏​ហាក់​ខឹង​សម្បារ នឹង​លោក ប្រ៊េដ អាដាមស៍ ដែល​លោក​ថា ធ្លាប់​បាន​ចោទ​លោក​ថា ជា​អតីត​ទាហាន​ខ្មែរ​ក្រហម៖ «...

ឆ្លើយ​តប​ទៅ​នឹង​លោក សៅ សុខា វិញ លោក ប្រ៊េដ អាដាមស៍ និយាយ​ថា ប្រហែល​ជា​លោក សៅ សុខា យល់​ច្រឡំ ពីព្រោះ​លោក​មិន​ដែល​បាន​ចោទ​លោក សៅ សុខា ថា​ ជា​ទាហាន​ខ្មែរ​ក្រហម​នោះ​ទេ៖ «ខ្ញុំ​មិន​បាន​ចោទ​គាត់​ថា ជា​ទាហាន​ខ្មែរ​ក្រហម​ទេ។ ដើម្បី​យុត្តិធម៌ ខ្ញុំ​ចោទ​គាត់​ពី​អ្វី​ដែល​ខ្ញុំ​ដឹង​ប៉ុណ្ណោះ គឺ​ខ្ញុំ​មិន​ចោទ​គាត់​នូវ​អ្វី​ដែល​ខ្ញុំ​មិន​ដឹង​នោះ​ទេ។

ការិយាល័យ​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​រក​ឃើញ​រណ្ដៅ​សាកសព និង​ទីកន្លែង​ដុត​សព​ជា​ច្រើន​កន្លែង ហើយ​កំណត់​អត្តសញ្ញាណ​ថា ជន​រង​គ្រោះ​គឺ​ជា​ទាហាន និង​មន្ត្រី​ស្មោះត្រង់​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។ សាកសព​ខ្លះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​រណ្ដៅ​រាក់ៗ ដោយ​ដៃ​ជាប់​ចំណង និង​លលាដ៍​ក្បាល​ត្រូវ​បាន​បាញ់​បំបែក ដែល​បញ្ជាក់​ថា ពួក​គេ​ស្ថិត​ក្រោម​ការ​ចាប់​ខ្លួន និង​ទំនង​ជា​រង​ទារុណកម្ម​ផង មុន​ត្រូវ​ប្រហារជីវិត។ ទីកន្លែង​ដែល​រក​ឃើញ​នោះ​មាន​នៅ​ក្រៅ​ក្រុង​ភ្នំពេញ ម្តុំ​ពេជ្រនិល និង​កន្លែង​ផ្សេង​ទៀត​ក្នុង​ខេត្ត​កំពង់ស្ពឺ។ អ្នក​តំណាង​ពិសេស​នៃ​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ នៅ​កម្ពុជា លោក ថូម៉ាស ហាំម៉ាប៊ឺក (Thomas Hammarberg) នៅ​ពេល​នោះ បាន​រាយការណ៍​ថា ទីស្នាក់ការ​កណ្ដាល​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ទួល​គោក ក៏​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​ឃុំឃាំង ធ្វើទារុណកម្ម និង​សម្លាប់​មនុស្ស​ផង​ដែរ។

លោក សៅ សុខា បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​បញ្ជាក់​ថា ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្នា​នៅ​គ្រា​នោះ លោក​ទទួល​ត្រូវ​នៅ​តំបន់​យុទ្ធសាស្ត្រ​ត្រឡោក​បែក ក្នុង​រាជធានី​ភ្នំពេញ។ លោក​ថា ពេល​នោះ​គឺ​ជា​ពេល​ត្រូវ​បាញ់​ការពារ​ជីវិត​រៀងៗ ខ្លួន៖ «...

ក្រោយ​រដ្ឋប្រហារ​ជោគជ័យ និង​​គ្រប់គ្រង​រាជរដ្ឋាភិបាល​ផ្ដាច់​មុខ​ហើយ​នោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី២ បាន​ចេញ​សៀវភៅ«» មួយ​ក្បាល​បក​ស្រាយ​​ប្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ​ពី​មូលហេតុ​ចាំបាច់​ក្នុង​ការ​ប្រើ​កម្លាំង​យោធា​បង្ក្រាប​កម្លាំង​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី១។ សៀវភៅ «» សរសេរ​ថា ព្រឹត្តិការណ៍​យោធា​ថ្ងៃ​ទី ៥-៦ គឺ​ជា​ការ​សកម្មភាព​យោធា​ប្រឆាំង​សម្ដេច​ក្រុម​ព្រះ និង​កម្លាំង​យោធា​របស់​ព្រះអង្គ ក្នុង​គោល​ដៅ​ទប់​ស្កាត់​ការ​វិល​មក​វិញ​នៃ​កងទ័ព​ខ្មែរក្រហម។ សៀវភៅ «» បន្ត​ចោទ​ប្រកាន់​សម្ដេច​ក្រុម​ព្រះ​ថា បាន​សហការ​ជា​មួយ​ខ្មែរ​ក្រហម​ប្រឆាំង​លោក ហ៊ុន សែន ហើយ​ថា ព្រះអង្គ​បាន​ប៉ុនប៉ង​នាំ​អាវុធ​ខុស​ច្បាប់​ចូល​ក្រុង​ភ្នំពេញ​ទៀត​ផង។

ក្រៅ​ពី​បដិសេធ​ថា គណបក្ស ហ៊្វុនស៊ិនប៉ិច មិន​បាន​នាំ​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ​ហើយ​នោះ លោក ញឹក ប៊ុន ឆៃ អតីត​មេទ័ព​រាជា​និយម ដែល​ស្មោះត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី១ នៅ​ពេល​នោះ នៅ​តែ​ចង់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ការពិត និង​យុត្តិធម៌​ជូន​ដល់​ពល​ទាហាន និង​មន្ត្រី​របស់​លោក ដែល​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់ នៅ​អំឡុង​ពេល​រដ្ឋប្រហារ​នា​ដើម​ខែ​កក្កដា ឆ្នាំ១៩៩៧ នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

គេហទំព័រ​ទាំងមូល