តើ​សារ​លោក ​ហ៊ុន សែន​ ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ មាន​ការ​ពិត​កម្រិត​ណា​ខ្លះ​?

ដោយ​ មាន ឬទ្ធិ
2020-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន មេដឹកនាំ​របបក្រុងភ្នំពេញ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅកូរ៉េខាងត្បូង​នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ហ៊ុន សែន មេដឹកនាំ​របបក្រុងភ្នំពេញ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅកូរ៉េខាងត្បូង​នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។
រូបភាព​ពីបណ្ដាញសង្គម​ហ្វេសប៊ុក

លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​ជា​ច្រើន​អួតអាង​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ទី​០៣ ​កុម្ភៈ​នេះ​។ តើ​លោក​បាន​ថ្លែង​សារ​ជា​វោហារ​សព្ទ​នយោបាយ​អ្វីខ្លះ ស្រប​ពេល​ដែល​លោក​ កំពុង​ដឹកនាំ​មន្ត្រី​របស់​លោក​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិភពលោក​ ឆ្នាំ២០២០ ពី​ថ្ងៃ​ទី​០៣ ​ដល់​ថ្ងៃ​ទី​០៥​ កុម្ភៈ​នោះ​​?  តើ​សារ​របស់​លោក​ ទាំងនោះ​មាន​ការ​ពិត​កម្រិត​ណា​ខ្លះ​?​

មាន​ចំណុច​​ដែល​លោក​ ហ៊ុន សែន បាន​លើក​យក​មក​និយាយ​ជាមួយ​ពលរដ្ឋខ្មែរ​នៅ​កូរ៉េខាងត្បូង​ក្នុង​ពេល​ដែល​លោក​ជួប​សំណេះសំណាល​ជាមួយ​ពួកគេ​។​

  • លោក​និយាយ​អួតអាង​ថា​លោក​ជា​ស្ថាបនិក​នៃ​ទំនាក់​ទំនាក់ទំនង​កូរ៉េខាងត្បូង​ និង​រក្សា​តុល្យភាព​ល្អ​រវាង​កូរ៉េ​ខាងត្បូង​ និងកូរ៉េខាងជើង។

  • លោក​និយាយ​ថា​ លោក​នឹង​ទៅ​សួរ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​កំពុង​ជាប់​នៅ​ក្រុង​វូហាន​ ប្រទេស​ចិន​ដោយសារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

  • លោក​និយាយ​ពី​រឿង​ដែល​ថា ​ប្រសិន​បើ​បិទ​ជើង​ហោះហើរ ​គឺ​ត្រូវ​បិទ​គ្រប់​ប្រទេស​ទាំងអស់​។

  • លោក​និយាយ​ថា​ ការ​ជួប​សំណេះសំណាល​នេះ​ មិន​តម្រូវ​ឲ្យ​មាន​ការ​ចោទ​សួរ​សំណួរ​ទៅ​លោក​នោះ​ទេ​ ព្រោះ​នេះ​ មិនមែន​ជា​សន្និសីទ​កាសែត​

-ទំនាក់ទំនងកូរ៉េខាងត្បូង

ចំពោះ ​បញ្ហា​ទំនាក់​ទំនង​កូរ៉េ​ខាងត្បូង​ លោក ហ៊ុន សែន និយាយ​អួតអាង​ថា លោក​ទទួល​បាន​ជោគជ័យ​ក្នុង​ទំនាក់​ទំនង​នេះ ​និង​ថា​ប្រសិន​បើ​លោក​មិន​ផ្ដួចផ្ដើម​ឲ្យ​មាន​ទំនាក់ទំនង​នេះ​ទេ​ នោះ​ពលរដ្ឋ​ខ្មែរ​នឹង​មិន​អាច​មាន​ឱកាស​បាន​ធ្វើការ​នៅ​កូរ៉េ​ ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ​។​

« ខ្ញុំ​អាច​និយាយ​បាន​ថា​ ក្នុង​ឋានៈ ​ជា​ស្ថាបនិក​ នៃ​ទំនាក់ទំនង​ជា​មួយ​សាធារណៈ​រដ្ឋ​កូរ៉េ ​ហើយ​ដែល​មាន​ការ​គាំទ្រ​ពី​ព្រះ​មហាក្សត្រ ​ចាត់​ទុក​ថា​យើង​មាន​ជោគជ័យ​ធំ​ណាស់ ​ក្នុង​ការ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​មួយ​នេះ​​ក្មួយ​ៗ​អាច​ចោទ​ជា​សំណួរ​មួយ​ថា​ ប្រសិន​បើ​ពេលនោះ​ពូ​មិន​សម្រេច​ចិត្ត​ឲ្យ​ចុះ​ហត្ថលេខា​ និង​មក​ទស្សនកិច្ច​នៅ​កូរ៉េ ​ដើម្បី​បង្កើត​ឲ្យ​ចាប់​ផ្តើម​នៅ​ដំណើរការ​ការទូត​ ហើយ​យើង​មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងជើង​តែមួយ​ សួរ​ថា​ ក្មួយៗ​អាច​មាន​វត្តមាន​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ទេ ​បើ​យើង​អត់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គេ​ផង​ហ្នុង​ រឿង​អី​ដែល​គេ​មក​ជាមួយ​យើង​? វា​មិន​អាច​ទេ​។​»​

ការពិត

ជា​ការ​ពិត​លោក​បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​នេះ​ឡើង​ ក៏​ប៉ុន្តែ លោក ហ៊ុន សែន តែ​ម្នាក់​ឯង​មិន​អាច​ធ្វើ​ឲ្យ​កម្ពុជា​រក្សា​តុល្យភាព​ល្អ​ក្នុង​ទំនាក់ទំនង​កម្ពុជា-កូរ៉េ ​នេះ​ឡើយ​ បើ​ទោះជា​គ្មាន​លោក​ ហ៊ុន សែន ​ហើយ​កម្ពុជា​មាន​មេដឹកនាំ​ដទៃ​ គួប​ផ្សំ​នឹង​កត្តា​ពេល​វេលា​ នៃ​ការ​បិទ​បញ្ចប់​សង្គ្រាម​ត្រជាក់​កាល​ពី​ដើម​ទសវត្ស​ទី​៩០ ​កត្តា​ការវិវឌ្ឍន៍​នៃ​សាកល​ភាវូបនីយកម្ម​ កត្តា​ភូមិសាស្ត្រ​នយោបាយ​ និង​កត្តា​ប្រវត្តិសាស្ត្រ​ក្រោម​ការ​ផ្ដួចផ្ដើម​របស់​សម្ដេច ​ព្រះ​បរម​រតន​កោដ្ឋ​ នរោត្តម​សីហនុ​ សុទ្ធ​តែ​ជា​ការ​ពិត​ដែល​តម្រូវ​ឲ្យ​កម្ពុជា​រក្សា​តុល្យភាព​បាន​ល្អ ​រវាង​កូរ៉េខាងជើង​ និង​កូរ៉េខាងត្បូង​នា​ពេល​បច្ចុប្បន្ន​នេះ​

 

-ទៅសួរសុខទុក្ខ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុងវូហាន ប្រទេសចិន

លោក ហ៊ុន សែន ​និយាយ​ថា​លោក​នឹង​ទៅ​សួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​វូហាន​(Wuhan) ប្រទេស​ចិន​ ប្រសិន​បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត​ឲ្យ​លោក​ទៅ​ទី​នោះ​

«មាន​អ្នក​ចូល​មក​ឌឺ​ថា​ សូម​ឲ្យ​លោក ហ៊ុន សែន ដែល​យក​ចិត្ត​ទុក​ដាក់​ប្រជាជន​គ្រប់​ទីក​ន្លែង​ទៅ​សួរ​សុខទុក្ខ ​ប្រជាជន​ខ្មែរ​នៅ​ក្រុង​វូហាន ​ប្រទេស​ចិន​​សុំ​ឆ្លើយ​ទៅវិ​ញ ហ៊ុន សែន ​នឹង​ទៅ​ប្រសិន​បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត។​ ឯង​មិន​បាច់​ចាំ​ឌឺ​ជា​មួយ​ ហ៊ុន សែន ទេ។ ហ៊ុន សែន​ ហ៊ាន​ចូល​ប្រយុទ្ធ​ក្នុង​ភ្លើង​សង្គ្រាម ​ហ៊ាន​យក​ក្បាល​ធ្វើ​ដើមទុន​ដើម្បី​សង្គ្រោះ​ជាតិ ​ហ៊ាន​យក​ជីវិត​ធ្វើ​ដើមទុន​ ដើម្បី​ការ​ឯកភាព​ជាតិ​បញ្ចប់​សង្គ្រាម​ រឿង​អី ហ៊ុន សែន ​មិន​ហ៊ាន​ទៅ​ក្រុង​វូហាន ​ដែល​កំពុង​រៀន​នៅ​ក្រុង​ វូហានកុំ​ចង់​សាក​ជាមួយ ហ៊ុន សែន ​ឲ្យ​សោះ ​បើ​ស្គាល់ ហ៊ុន សែន ​មិន​ច្បាស់​កុំ​និយាយ​។​»​

ការពិត

លោក ហ៊ុន​សែន ​បាន​ដាក់​លក្ខខណ្ឌ​ស្រេច​ទៅ​ហើយ​ថា ទាល់​តែ​ចិន​អនុញ្ញាត​ ​លោក​អួតអាង​យ៉ាង​ដូច្នេះ​ ទាំង​ដែល​លោក​ ដឹង​ច្បាស់​នូវ​ចម្លើយ​រួច​ទៅ​ហើយ​ថា​ ចិន​នឹង​មិន​អនុញ្ញាត​ ព្រោះ​តំបន់​នោះ​ត្រូវ​អាជ្ញាធរ​ចិន​កាត់ផ្ដាច់​ និង​បិទ​មិន​ឲ្យ​មាន​ទំនាក់ទំនង​នឹង​ប្រភព​ពី​ខាង​ក្រៅ​នោះ​ឡើយ​ ហើយ​សូម្បី​តែ​ការ​ប្រារព្ធ​ពិធី​បុណ្យ​សព ​ចំពោះ​អ្នក​ដែល​ស្លាប់​ដោយ​សារ​មេរោគ​នោះ​ ក៏​អាជ្ញាធរ​ចិន​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ធំ​ដុំ​ដោយ​មាន​ការ​ជួប​ប្រជុំ​មហាជន​ច្រើន​នោះ​ឡើយ​

 

-បិទ​ជើង​ហោះហើរ​ពី​ចិន​

លោក ហ៊ុន សែន ​បាន​លើក​ពី​រឿង​បិទ​ជើង​ហោះហើរ​ទៅ​ចិន ​ដែល​លោកថា​ គឺ​បិទ​គ្រប់​ប្រទេស​ទាំងអស់ ​ដោយសារ​តែ​ប្រទេស​ទាំងនោះ​បាន​ឆ្លង​មេរោគ​នេះ​រួច​ហើយ​ ដែល​បច្ចុប្បន្ន​លើកលែង​តែ​ប្រទេស​ឡាវ​មួយ​នោះ​ទេ​

«ឥឡូវ​ថា​ឲ្យ​បិទ​ផ្លូវ​ហោះ​ហើរ​។ ​យើង​ដាក់​ជា​សំណួរ​ថា​ បើ​សិន​ជា​បិទ​ផ្លូវ​ហោះហើរ​ យើង​នៅ​សល់​តែ​ឡាវ​មួយ​ទេ ​ដែល​អាច​ហោះហើរ​មក​កម្ពុជា​បាន​ ព្រោះ​ប្រទេស​ទាំងអស់​បាន​ឆ្លង​មេរោគ​ហ្នុង​រួចស្រេច​ទៅ​ហើយ​អ៊ីចឹង ​ត្រូវ​តែ​បិទ​ទាំងអស់​​កូរ៉េ​មាន​១៥​ករណី ​ចឹង​ត្រូវ​បិទ​កូរ៉េ​ដែរ​។ ​បិទ​កូរ៉េ ​មិន​ប៉ះពាល់​ពី​ណា? ប៉ះពាល់​ក្មួយៗ​? ក្មួយៗ​ជួនកាល​ត្រូវ​ការ​ទៅ​ស្រុក​ អត់​មាន​យន្តហោះ​ជិះ?​ប៉ះ​ភ្លាម ​ទេសចរណ៍​កូរ៉េ​ទៅ​ខ្មែរ ​វិនិយោគទុន​កូរ៉េ ​ប៉ះ​ភ្លាម​​យើង​ត្រូវ​បិទ​ទាំងអស់​បើ​គ្រប់​ប្រទេស​វា​ឆ្លង​ទៅ​ហើយ ប្រទេសចិន ​តំបន់​វូហាន​ គេ​បាន​ម្ចាស់​ការ​បិទ​ខ្លួន​គេ ​ដោយ​ការ​ទទួល​ខុសត្រូវ​ទៅ​ហើយ​ មិនមែន​បិទ​តែ​ផ្លូវ​អាកាស​ទៅ​ក្រៅ​ប្រទេស​ទេ ​បិទ​ផ្លូវ​អាកាស​ទៅ​ក្នុង​ប្រទេស​ខ្លួន ​បិទ​ផ្លូវដែក​ បិទ​ផ្លូវគោក.​..។​»​

ការពិត

​​​​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន នេះ គឺ​ជា​ការ​និយាយ​ខុស​ពី​ការ​ពិត​ទាំងស្រុង​​បើ​គេ​ក្រឡេក​ទៅ​មើល​ប្រទេស​ផ្សេងៗ​ ដែល​បាន​បើក​យុទ្ធនាការ​ជម្លៀស ​និង​បិទ​ជើង​ហោះហើរ​ តើ​ក្រុម​ប្រទេស​ទាំងនោះ​ ដែល​មាន​ដូចជា​អាមេរិក បារាំង អង់គ្លេសកាណាដា កូរ៉េខាងជើង ឥណ្ឌូនេស៊ី ជាដើម​នោះ​ មាន​បិទ​ជើង​ហោះ​ហើរ​ទាំងអស់​ដូច​ លោក ហ៊ុន សែន លើក​ឡើង​ដែរ​ឬ​ទេ​? ​ជា​ការ​ពិត​ប្រទេស​ទាំងនោះ ​បិទ​ជើង​ហោះហើរ​ទាំងឡាយ​ណា​ ដែល​មាន​ប្រភព​មក​ពី​ ឬ​ទៅ​កាន់​ចិន​ដី​គោក​តែ​ប៉ុណ្ណោះ​។​

 

-សំណេះសំណាល

ចំណុច​ចុង​ក្រោយ​ដែល​គេ​អាច​ចាប់​អារម្មណ៍​ គឺ​លោក​ ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សួរ​ឆ្លើយ​រវាង​ពលរដ្ឋ​ខ្មែរ​ដែល​លោក​ជួប​ទាំងនោះ​លោក​ថា ​នេះ​ដោយសារ​ជា​ជំនួប​សំណេះសំណាល​ មិនមែន​ជា​សន្និសីទ​កាសែត​

«តាំង​ទៀត​ហើយ​ គេ​ថា ហ៊ុន សែន មក​និយាយ​តែ​ឯង ​មិន​ឲ្យ​គេ​និយាយ​ផង​។ ឥឡូវ ប្រសិន​បើ​មិន​ឲ្យ​ខ្ញុំ​និយាយ ​ហើយ​ទុក​ឲ្យ​អ្នក​ទាំងអស់​គ្នា​និយាយ ​អ៊ីចឹង​ស្រួល​តែ​ម្តង​ ខ្ញុំ​មក​ដល់​អង្គុយ​ស្តាប់​តែ​ម្តង ណេះ​មួយម៉ាត់ ​ណោះ​មួយ​ម៉ាត់​​ព្រោះ​នេះ​មិនមែន​ជា​សន្និសីទ​សារព័ត៌មាន​ទេ​ដូច​កន្លង​ទៅ ​ខ្ញុំ​ទៅ​ជួប​ជាមួយ​នឹង​អ្នក​សារព័ត៌មាន ​អាមួយ​សន្និសីទ​សារព័ត៌មាន​ អាមួយ​ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​ គឺវា​ខុសគ្នា​អា​ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន ​និយាយ​តែ​ខ្ញុំ​តើស​? រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​រាយការណ៍​ទៅ​សភាពការណ៍​វា​យ៉ាងម៉េច ​អី​យ៉ាងម៉េច? មាន​សំណូមពរ​អី​ រួច​ហើយ​នាយករដ្ឋមន្ត្រី​ឡើង​ថ្លែងការណ៍​ទៅ ​និយាយ​ទៅ ​ដោះស្រាយ​អី ​គឺ​លើក​តាមរយៈ​ហ្នុង​ប៉ុន្តែ ​បើ​សន្និសីទ​កាសែត​ សន្និសីទ​សារ​ព័ត៌មាន​ អាហ្នុង​ទើប​គេ​បើក​ឲ្យ​សួរ​។ ប៉ុន្តែ​ថ្ងៃ​នេះ ​យើង​សំណេះសំណាល​សួរ​សុខទុក្ខ​គ្នា​ទេ​តើ​?​»

ការពិត

តាម​ការ​ពិត​ លោក ហ៊ុន សែន ​ប្រហែល​ជា​មិន​ហ៊ាន​តតាំង ​ឆ្លើយ​នឹង​សំណួរ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ ដោយ​យក​លេស​ថា​នេះ​គ្រាន់​តែ​ជា​ការ​សំណេះសំណាល ​មិនមែន​ជា​សន្និសីទ​កាសែត​។ ​បើ​គេ​ពិនិត្យ​មើល​ការ​ជួប​សំណេះសំណាលរវាង​មេ​ដឹកនាំ​នៅ​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ដរាប​ណា​មេដឹកនាំ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្លួន​ នោះ​ ក្នុង​ពិធី​ណា​ក៏​ដោយ ​ក៏​គេ​សង្កេត​ឃើញ​មេដឹកនាំ​ទាំងនោះ​ អនុញ្ញាត ​និង​បើក​ឲ្យ​ពលរដ្ឋ​ខ្លួន​ សួរ​ឆ្លើយ​នោះ​ដែរ​

ជា​រួម​ទៅ​គេ​អាច​និយាយ​បាន​ថា លោក ហ៊ុន សែន ​ថ្លែង​សារ​នៅ​ថ្ងៃនេះ​ ទំនង​គ្រាន់​តែ​ជា​វោហារ​សព្ទ​នយោបាយ​តែ​ប៉ុណ្ណោះ​៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល