សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​​បន្ត​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ

ដោយ វ៉ែន សុមេធ
2020-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាច់ញាតិ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​បន្ត​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០២០ ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ជា​សមាជិក​គ្រួសារ។
សាច់ញាតិ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​បន្ត​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ២០២០ ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ជា​សមាជិក​គ្រួសារ។
រូប៖ SunTV screen Shot

ប្រពន្ធ និង​កូន​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ១០នាក់ នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា បាន​​ប្រមូល​ផ្ដុំ​គ្នា​ជា​លើក​ទី៤ តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ចំនួន ១៥នាក់​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

ប្រពន្ធ​របស់​ចៅសង្កាត់​ដេប៉ូ៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ លោក ឃឹម ភាណា គឺ​លោក​ស្រី សុខ បូលីម៉ា ថ្លែង​ថា ប៉ូលិស​និង​កង​សន្តិសុខ​សាលា​រាជធានី​ប្រមាណ ៣០នាក់ បាន​រារាំង និង​ដក​យក​បដា​ពី​ដៃ​ពួកគាត់​យក​ទៅ​ហែក​ចោល ដោយ​មិន​បាន​ដោះស្រាយ​តាម​សំណើ​របស់​ពួកគាត់​ឡើយ​។​​លោក​ស្រី​នៅ​តែ​អះអាង​ថា ​អាជ្ញាធរ​ចាប់​ប្ដី​របស់​លោក​ស្រី​និង​សកម្មជន​ដទៃ​ទៀត ទាំង​ដែល​ពួក​គេ​​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ៖ «សមត្ថកិច្ច​រំលោភ​សិទ្ធិ​ពួក​ខ្ញុំ​ អត់​ឱ្យ​ខ្ញុំ​លើក​បដា​ គ្រាន់​តែ​ស្លាក​ឈ្មោះ​ជន​រង​គ្រោះ ក៏​គាត់​ខ្លាច​ដែរ គ្រាន់​តែ​លើក​សុំ​ឱ្យ​ដោះ​លែង​ប្ដី​ខ្ញុំ និង​អ្នក​ទោស​នយោបាយ​ក៏​ខ្លាច​ដែរ។ ខ្ញុំ​ទាញ​បដា​ទាញ​អត់​ឈ្នះ​គេ ដល់​អីចឹង​ខ្ញុំ​អស់​កម្លាំង​ក៏​ដួល​នៅ​លើ​កន្លែង​តវ៉ា​​តែ​ម្ដង។ សមត្ថកិច្ច​រំលោភ​សិទ្ធិ​ខ្ញុំ​ពេញ​ទំហឹង​ហើយ ដល់​អីចឹង​ខ្ញុំ​ត្រូវ​ពន្លឿន​ទៅ​អង្គការ​សហប្រជាជាតិ​មុខ​គេ ព្រោះ យូអិន (UN) អាច​អន្តរាគមន៍​ដល់​ពួក​ខ្ញុំ​បាន»

ក្រុម​អ្នក​តវ៉ា​បាន​បន្ត​ទៅ​ដាក់​ញត្តិ​នៅ​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​​ជា​លើក​ទី២ និង​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន​ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់ ហើយ​មន្ត្រី​ស្ថាប័ន​ទាំង ២ សន្យា​ថា​នឹង​តាមដាន​ឃ្លាំមើល​រឿង​នេះ​ដោយ​ចិត្ត​ទុក​ដាក់។

ក្រុម​អ្នក​តវ៉ា​គ្រោង​លើក​គ្នា​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទៀត នៅ​សប្ដាហ៍​ក្រោយ ហើយ​នឹង​ធ្វើ​សកម្មភាព​ជា​បន្ត​បន្ទាប់​រហូត​មាន​ដំណោះ​ស្រាយ។

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង ១៥នាក់ ដែល​សាច់ញាតិ​កំពុង​តវ៉ា​សុំឱ្យ​ដោះលែង​នេះ ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន ​ចោទ​ប្រកាន់​ដូចៗ គ្នា​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​កុំ​​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​ និង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល