អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ៖ រដ្ឋាភិបាល​គួរ​ស្នើ​សាលាឧទ្ធរណ៍​ទាត់​ចោល​បទ​ចោទ​ប្រឆាំង​លោក គង់ ម៉ាស់

ដោយ សេក បណ្ឌិត
2020-03-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គង់ ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន បញ្ជូន​ទៅ​សួរ​នាំ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ កាលពី ​ថ្ងៃ​ទី១៦ ខែ​មករា។
លោក គង់ ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន បញ្ជូន​ទៅ​សួរ​នាំ​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​ក្រសួង​មហាផ្ទៃ កាលពី ​ថ្ងៃ​ទី១៦ ខែ​មករា។
Provided photo

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Right Watch) លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ស្នើសុំ សាលាឧទ្ធរណ៍​ឱ្យ​ទាត់ចោល​បទ​ចោទ​ចំពោះ​សមាជិក​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ ហើយ​បញ្ជា ឱ្យ​ដោះលែង​លោក​ជាបន្ទាន់។

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​នេះ ធ្វើឡើង​មួយថ្ងៃ​មុន​សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា​នៃ​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក គង់ ម៉ាស់ ពី​បទ​ជេរប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ គឺ​នៅ​ថ្ងៃទី​២៣ ខែ​មីនា។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទទួលបន្ទុក​តំបន់​អាស៊ី និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា អាជ្ញាធរ​កម្ពុជា គួរតែ​ដឹង​ថា ករណី​ប្រឌិត​រឿង ចោទប្រកាន់​ក្លែងក្លាយ​ប្រឆាំង​លោក គង់ ម៉ាស់ គ្មាន​បាន​ប្រយោជន៍​អ្វី​នោះ​ទេ ក្រៅ​តែ​ពី​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ផែនការ​គាប់​សង្កត់ និង​បង្ក្រាប​លើ​អ្នក​បញ្ចេញមតិ​ផ្នែក​នយោបាយ​ដោយ​សន្តិវិធី​នោះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

រីឯ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតប​ថា ការ​ទម្លាក់​ចោល​ឬ​មិន​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក គង់ ម៉ាស់ គឺជា​សិទ្ធិ​សម្រេច​របស់​តុលាការ ហើយ​គ្មាន​ស្ថាប័ន​ណាមួយ​លូកលាន់​បានទេ៖ «ការ​ទាមទារ​របស់ យូមែន រ៉ៃវ៉ច្ឆ​នេះ គេ​ដឹង​គ្រប់​គ្នា​ហើយ​តាំង​ពី​ដើម​មក​ហើយ​មិនដែល​ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់ ហើយ​ធ្វើឡើង ក្រោម​រូបភាព និង​របៀបវារៈ​នយោបាយ​ក្នុង​ការ​ការពារ​ក្រុម​ប្រឆាំង​។ អ៊ីចឹង​ទេ ការ​ទម្លាក់​ចោទ​បទ​ឬ​មិន​ទម្លាក់ ហើយ​ការ​សម្រេច​សេចក្ដី​យ៉ាងណា​នោះ​គឺ​អាស្រ័យ​លើ​តុលាការ​ដោយ​ផ្អែក​ទៅ​លើ អង្គហេតុ​និង​អង្គច្បាប់​ដែល​មាន​ជា​ធរមាន ពុំ​មាន​ស្ថាប័ន​ណា​ទៅ​បង្គាប់​បញ្ជា​បាន​ឡើយ»

នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ ម៉ាស់ ដែល​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ដោយ​គិត​មក​ទល់​ពេល​នេះ លោក​កំពុង​ជាប់​ក្នុង​ពន្ធនាការ​ព្រៃស ជាង​១​ឆ្នាំ​ហើយ​។ លោក​ជាប់ទោស ២​ករណី គឺ​ទី​១ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៩ បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ ១៨​ខែ ពី​បទ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បណ្ដឹង​របស់​អគ្គស្នងការ​នគរបាលជាតិ លោក នេ​ត សាវឿន បន្ទាប់​ពី​លោក​បាន​សរសេរ​សារ​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុ​ក ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​កាលពីមុន​ការ​បោះឆ្នោត ឆ្នាំ​២០១៨ និង​សារ​រិះគន់​អំពី​ភាព​អសកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន រួម​ទាំង​សារ​ចុងក្រោយ​ដែល​ថា តម្លៃ​កសិផល​ចុះថោក​ក្រោយពី​សហភាព​អឺរ៉ុប​យកពន្ធ​អង្ក​កម្ពុជា​ជាដើម​។ ចំណែក​ករណី​ទី​២ គឺ​សាលាដំបូង​ខេត្ត​ស្វាយ រៀង ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ១៥​ថ្ងៃ​។ ទោស​ទណ្ឌ ក្នុង​សំណុំរឿង​ទី​២ នេះ ដោយសារតែ​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ បង្ហោះ​សារ​លើ​ហ្វេសប៊ុក សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ករណី​ចោទ លោក ពេញ ជា ថា បាន​ប្រើ​អំណាច និង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មួយ​ចំនួន​ទៀត​បណ្ដេញ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​រំលោភ​យក​ដីធ្លី។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ថ្វីដ្បិត​តែ​រដ្ឋធម្មនុញ្ញ និង​មន្ត្រី​រដ្ឋាភិបាល អះអាង​ថា ស្ថាប័ន​តុលាការ ជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ស្ថាប័ន​ណា​អាច​បង្គាប់បញ្ជា​បាន​ក្តី ក៏​ការអនុវត្ត​ជាក់ស្ដែង មិនបាន​ដូច​ការ​អះអាង​នោះ​ទេ ដូច្នេះ​ហើយ​ទើប​មានការ​រិះគន់​ថា ស្ថាប័ន​តុលាការ ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ និង​បក្ស​កាន់អំណាច​។ លោក​រំពឹង​ថា សាលាឧទ្ធរណ៍ នឹង​សម្រេច​ដោះលែង លោក គង់ ម៉ាស់ ឱ្យ​មាន​សេរីភាព​ឡើងវិញ​៖ «ករណី​លោក គង់ ម៉ាស់​នេះ កាលពី​ចាប់ខ្លួន និង​ឃុំខ្លួន​គាត់​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ស្ថានភាព​នយោបាយ​តានតឹង​ហើយ​មានការ​រិះគន់​ថា ការ​ចាប់​និង​ការ​ឃុំ ខ្លួន​នោះ គឺជា​រឿង​នយោបាយ​ច្រើនជាង​ទិដ្ឋភាព​អនុវត្ត​ច្បាប់​។ យើង​សង្ឃឹមថា សាលាឧទ្ធរណ៍ នឹង​ទម្លាក់​ចោល​បទចោទប្រកាន់​នេះ ដើម្បី​ឱ្យ​គាត់​បាន​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ»

កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ កន្លង​ទៅ គណៈកម្មការ​អឺរ៉ុប​បាន​សម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ ២០% ពី​កម្ពុជា ហើយ​បើ​គិត​លើ​មុខទំនិញ ដែល​ត្រូវ​ជាប់​ពន្ធ គឺ​មាន​ចំនួន ៤០​មុខ ដោយសារតែ​រដ្ឋាភិបាល កម្ពុជា បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​។ សេចក្ដី​សម្រេច​របស់ គណៈកម្មការ​អឺរ៉ុប​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២ សីហា ខាងមុខ ពេលនោះ​ផលិតផល​សំលៀកបំពាក់​ស្បែកជើង និង​កាបូប​នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​ពន្ធ​ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន ថ្លែង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើ​សកម្មជន​ប្រឆាំង គឺ​កំពុង​ប្រថុយ​នឹង​ការ​ព្យួរ​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​រឹតតែ​ធំ​នៅ​ក្រោម​កម្មវិធី "​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​" ឬ​ហៅ កាត់​ថា EBA​។​លោក ហ្វីល រ៉ូប៊ឺតសុន បន្ថែម​ថា ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ព្រមទាំង​សមាជិក​សភា​សហភាព​អឺរ៉ុប គួរតែ​ប្រើ​ពេលវេលា​មុន​សេចក្ដី​សម្រេច​ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA ចូល​ជា​ធរមាន​នោះ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់ និង​បញ្ឈប់​ការ​យាយី​ចំពោះ​អ្នក​រិះគន់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល