លោក ហ៊ុន ម៉ាណែត កំពុង​តែ​បង្កើត​បណ្ដាញ​ចាក់​ស្រេះ​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ពង្រីក​ឥទ្ធិពល​អំណាច​ក្រុម​បក្ខ​ពួក​របស់​ខ្លួន

ដោយ សេក បណ្ឌិត
2020-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
ពលរដ្ឋ​ខ្មែរ​រស់​នៅ​អូស្ត្រាលី​តវ៉ា​ប្រឆាំង​​វត្តមាន​លោក ហ៊ុន ម៉ាណែត នា​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
RFA/Chun Chanboth

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី រួមមាន តំណាងរាស្ត្រ មេធាវី ប្រធាន​សមាគម និង​បុគ្គល​សំខាន់ៗ មួយ​ចំនួន​ទៀត បាន​ស្រាវជ្រាវ​រក​ឃើញ​ថា កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ដឹក​នាំ​ក្រុម​មនុស្ស​មាន​លុយ និង​មាន​អំណាច​ទៅ​ពង្រឹង​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​នេះ និង​បាន​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​រវាង​ខ្មែរ និង​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ថែម​ទៀត​ផង។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា លោក ហ៊ុន ម៉ាណែត ពិត​ជា​បាន​ទៅ​ប្រទេស​អូស្ត្រាលី​មែន ប៉ុន្តែ​មិន​មែន​ទៅ​បំបែកបំបាក់​ខ្មែរ​នៅ​ទី​នោះ​ទេ គឺ​ទៅ​ដើម្បី​ផ្សះផ្សា​ជាតិ​ប៉ុណ្ណោះ។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី លើកឡើង ថា សកម្មភាព​លោក ហ៊ុន ម៉ាណែត​ ជា​ការ​បំពាន​ច្បាប់​នៅ​ប្រទេស​នេះ។ សហគមន៍​ខ្មែរ​អូស្ត្រាលី​អះអាង​ថា ការ​ស្រាវជ្រាវ​លើ​ករណី​ លោក ហ៊ុន ម៉ាណែត ពង្រឹង​ឥទ្ធិពល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ប្រទេស​នេះ គឺ​មាន​ឯកសារ​ភស្តុតាង​មួយ​ចំនួន ហើយ​ពួក​គេ​បាន​ក៏​បាន​បញ្ជូន​នូវ​អ្វី ដែល​រក​ឃើញ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​រួច​ហើយ​ដែរ។

អតីត​តំណាងរាស្ត្រ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ដើមកំណើត​ខ្មែរ លោក ហុង លីម ឲ្យ​អាស៊ី​សេរី​ដឹង​ថា ចាប់​តាំង​ពី​ក្រុម​លោក ហ៊ុន ម៉ាណែត មក​ពង្រឹង​ឥទ្ធិពល​មក​ធ្វើ​ឲ្យ​ក្រុម​និស្សិត​អាហារូបករណ៍​ខ្មែរ ដែល​មក​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​លែង​ហ៊ាន​ចូល​ធ្វើ​សកម្មភាព​សង្គម​ជា​មួយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី។ លោក​បន្ត​ថា ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​លាង​លុយ​កខ្វក់ ដែល​វេច​ខ្ចប់​ពី​កម្ពុជា​ដោយ​ផ្ដល់​ឲ្យ​បក្ស​ពួក​របស់​ខ្លួន​ទិញ​ដី ទិញ​វីឡា និង​ដី​ចម្ការ​រាប់​សិប​ហិកតារ​ថែម​ទៀត​ផង៖ «»

លោក ហ៊ុង លីម បន្ត​ថា បណ្ដាញ​របស់​លោក ហ៊ុន ម៉ាណែត នេះ​ចាយ​លុយ​រាប់​លាន​ដុល្លារ និង​បាន​ពង្រីក​ខ្លួន​ចំនួន ១០មណ្ឌល ដោយ​មណ្ឌល​នីមួយៗ គ្រប់ គ្រង​ដោយ​ក្រុម​ឧត្តមសេនីយ៍ និង​ក្រុម​ឧកញ៉ា​សម្បូរ​ទ្រព្យ។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ អូស្ត្រាលី លោក អ៊ិន ហេមរា យល់​ថា នេះ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​ក្រុម​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ឲ្យ​ប្រទេស​អូស្ត្រាលី​ក្លាយ​ជា​កន្លែង​លាង​លុយ​កខ្វក់។ លោក​បន្ត​ថា ឥទ្ធិពល​លុយ​ខ្មៅ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ទៅ​ចូលរួម​ជាមួយ​ក្រុម​លោក ហ៊ុន ម៉ាណែត និង​បង្កើត​បាន​ទៅ​ជា​រូបភាព​បែក​បាក់​សង្គម​ខ្មែរ​នៅ​ក្នុង​ប្រទេស​មួយ​នេះ៖ «»

ជុំវិញ​ការ​រក​ឃើញ​នេះ​អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល។ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រុម​អ្នក​ហែហម​លោក ហ៊ុន ម៉ាណែត ទៅ​ក្រៅ​ប្រទេស​រួម​មាន រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក កុយ គួង ដែល​ជា​អតីត​ឯក​អគ្គ​រាជ​ទូត​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​អំឡុង​ពេល​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​បាន​លើក​ទូរស័ព្ទ​នោះ​ទេ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា។

ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ថ្លែង​ការពារ​សកម្មភាព​លោក ហ៊ុន ម៉ាណែត ថា លោក ហ៊ុន ម៉ាណែត​ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ផ្សះផ្សា​ជាតិ និង​ទៅ​បង្ហាញ​ពី​ស្ថានការណ៍​ពិត​របស់​កម្ពុជា​នៅ​ប្រទេស​អូស្ត្រាលី។ លោក​ថែម​ទាំង​ចោទ​ប្រកាន់​អ្នក​ដែល​ថា ក្រុម​លោក ហ៊ុន ម៉ាណែត ទៅ​អូស្ត្រាលី ដើម្បី​បំបែក​បំបាក់​ខ្មែរ គឺ​ក្រុម​អ្នក​ទាំង​នោះ​ឯង​ដែល​ចង់​ឲ្យ​ប្រទេស​កម្ពុជា​មាន​សង្គ្រាម៖ «»

ចំណែក​រឿង​ចោទ​ប្រកាន់​ថា ក្រុម​លោក ហ៊ុន ម៉ាណែត យក​លុយ​កខ្វក់​ទៅ​លាង​ទៅ​ប្រទេស​អូស្ត្រាលី លោក ផៃ ស៊ីផាន ថា លោក​មិន​ដឹង​នោះ​ទេ ព្រោះ​ហួស​ពី​សមត្ថភាព​របស់​លោក ប៉ុន្តែ​លោក​ថា បើ​លុយ​នោះ​ឆ្លង​កាត់​ធនាគារ និង​មាន​ការ​ដឹង​ឮ​ពី​ស្ថានទូត​ហើយ ដូច្នេះ​លុយ​នោះ​មិនមែន​ជា​លុយ​កខ្វក់​នោះ​ទេ។

ទោះ​បែប​នេះ​ក្តី ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC បាន​ផ្សាយ​កាល​ពី​ឆ្នាំ២០១៨ ថា កូនប្រសា​រលោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា ដែល​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​មាន​ផ្ទះ​តម្លៃ​ប្រហែល ១.៥ លាន​ដុល្លារ ហើយ​ក្រុមហ៊ុន​របស់​លោក ឌី វិជ្ជា មួយ​ត្រូវ​បាន​លក់​លាង​ឃ្លាំង​ក្នុង​តម្លៃ​ជាង ៥លាន​ដុល្លារ កាលពី​ខែ​ឧសភា​ក្នុង​ឆ្នាំ២០១៨ នោះ។

សារព័ត៌មាន​ដដែល​បាន​រក​ឃើញ​ថា ក្មួយ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ បានទិញ​ផ្ទះ​តម្លៃ​ប្រហែល ១,៣ លាន​ដុល្លារ​នៅ​អូស្ត្រាលី​ដែរ។ ប្រពន្ធ​របស់​លោក ហ៊ុន តូ មានទ្រព្យ​មួយ​កន្លែង​ទៀត​ដែល​មាន​តម្លៃ​ជាង ៦សែន​ដុល្លារ (៦៥០.០០០) ហើយ​ដែល​ទើប​តែ​ផ្ទេរ​កម្មសិទ្ធិ​ឱ្យ​បងប្អូន​បង្កើត​របស់​គាត់​គ្រប់គ្រង​វិញ​។ ចំណែក​ឯ​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ គឺ​លោក គង់ វិបុល មាន​ភាគ​ហ៊ុន​ក្នុង​ដី​មួយ​កន្លែង ហើយ​លោក​បាន​លក់​កាលពី​ខែ​មីនា ឆ្នាំ​២០០៧ ក្នុង​ទឹក​ប្រាក់​ជាង ២១លាន​ដុល្លារ (២១,៤ លាន​ដុល្លារ)។ សារព័ត៌មាន​អូស្ត្រាលី ABC រក​ឃើញ​ទៀត​ថា លោក គង់ វិបុល មានទ្រព្យ​ជាច្រើន​កន្លែង​ទៀត នៅ​អូស្ត្រាលី​រួម​ទាំង​ផ្ទះ​តម្លៃ ៦សែន​ដុល្លារ​ផង។ លោក គង់ វិបុល ធ្លាប់​បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នោះ​ទេ។

នេះ​មិន​មែន​ជា​លើក​ទី១ ទេ ដែល​មាន​ការ​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត ទៅ​ក្រៅ​ប្រទេស ដើម្បី​បំបែក​បំបាក់​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់​តាំង​យុវជន​ក្រៅ​ប្រទេស និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក​រូប​នេះ​រង​ការ​រិះគន់​ថា បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​ក្រុម​លោក​ចុះ​ឡើង​ញឹកញាប់​នោះ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា។ កាល​ពី​ឆ្នាំ២០១៦ សហគមន៍​ខ្មែរ​នៅ​ក្រុង​ឡុងប៊ិច ធ្លាប់​ប្រកាស​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ទី​នោះ​ផង​ដែរ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល