អ្នក​វិភាគ​ថា​ ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន​ ជា​ការ​យល់​ច្រឡំ​នឹង​ស្ថាន​ភាព​នយោបាយ​របស់​ប្រទេស​លោក​ខាង​លិច

ដោយ ហេង រស្មី
2020-09-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន  ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នក​វិភាគ​លើក​ឡើង​ថា​ លោក​​ ហ៊ុន សែន​ កំពុង​បង្វែរ​ស្ថាន​ភាព​នយោបាយ​ពិត​នៅ​ក្នុង​​ប្រទេស​កម្ពុជា ដែល​កំពុង​មាន​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច។ ​ការ​លើក​ឡើង​នេះ​កើត​ឡើង​ក្រោយ​ពី​លោក​ ហ៊ុន សែន​ អះអាង​ថា​ ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន ​អនុវត្ត​ស្តង់​ដារ​ពីរ​ចំពោះ​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។​

អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក​ ហ៊ុន សែន​ បាន​សម្លាប់​ប្រជាធិបតេយ្យ​ ថែម​ទាំង​ប្រកាស​មិន​ខ្វល់​ពី​សំណូម​ពរ​របស់​សហគមន៍​អន្តរជាតិ​ និង​ប្រទេស​លោក​សេរី​ដែល​ជា​ម្ចាស់​ជំនួយ​សម្រាប់​កម្ពុជា ក្នុង​ការ​ស្តា​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ទេ៖ «ការ​បាត់​បង់ជីវិត​នៃ​អ្នក​តស៊ូ​មតិ​ខ្មែរ​ជា​បន្ត​បន្ទាប់​ រក​ឃាតក​ អោយ​ទៅ​ទទួល​ខុស​ត្រូវ​មិន​ឃើញ​​ព្រម​ទាំង​ការ​ចាប់ ពល​រដ្ឋ​កម្ម​ចុង​ក្រោយ​ថ្មីៗ​នេះ​​គឺ​ជា​ភស្តុតាង​ជាក់​ស្ដែង​ មួយ​ទៀត​នៅ​ស្រប​ពេល​ដែល​លោក​ ហ៊ុន សែន​ ខ្វល់​តែ​រឿង​ល្បិច​លាង​លុយ​កខ្វក់​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​ប្រមូល​ទប់​អំណាច​ ហើយ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​ ក្រី​ក្រ​ដែល​នេះ​ជា​ភស្តុតាង​ដ៏ធំ​មួយ​ទៀត»

ការ​លលើក​ឡើង​របស់​អ្នក​វិភាគ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ អះអាង​ថា ក្នុង ទិវា​សន្តិភាព​អន្តរជាតិ​លោក​ទី៥៥ ថា មហាអំណាច និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន មិន​ញញើត​ក្នុង​ការ​អនុវត្ត​នូវ​ស្តង់ដារ​ពីរ ​ចំពោះ​ការ​វាយ​តម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​ប្រើប្រាស់​បញ្ហា​សិទ្ធិ​មនុស្ស​នេះ ​ជា​ឧបករណ៍​នយោបាយ​ ឬ​ជា​លេស​សម្រាប់​ការ​លូក​ដៃ​ចូល​ ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ រំលោភ​លើ​អធិបតេយ្យភាព​ និង​ឯករាជ្យ ភាព​របស់​កម្ពុជា​ និង​បណ្ដា​ប្រទេស​ទន់ខ្សោយ​ផ្សេង​ទៀត។

លោក​ ហ៊ុន សែន​ បន្ថែម​ថា​ ប្រទេស​មហាអំណាច​ និង​ប្រទេស​លោក​ខាង​លិច​ខ្លះ​ បាន​នឹង​កំពុង​ប្រទាក់​ក្រឡា​គ្នា​ ជា​ប្រព័ន្ធ​ក្នុង​ការ​ដាក់​សម្ពាធ​ កៀប​សង្កត់​ឲ្យ​កម្ពុជា​ដើរ​តាម​គន្លង​នយោបាយ​របស់​ខ្លួន​ ដូច​ដែល​ធ្លាប់​បាន​ធ្វើ​ មក​លើ​កម្ពុជា​កាល​ពី​ទសវត្សរ៍​​ឆ្នាំ​១៩៧០​ ដល់​ ឆ្នាំ​១៩៨០ ដោយ​រំលោភ​គោល​ការណ៍​ អធិបតេយ្យ​រវាង​បណ្ដា​រដ្ឋ​ និង​​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​ ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​ដទែ។​

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​លោក​ គឹម សុខ​ បញ្ជាក់​ទៀតថា​ លោក​ ហ៊ុន សែន​ ​អួត​រឿង​សិទ្ធិមនុស្ស​ ប៉ុន្តែ​តាម​ពិតកំពុង​ចាប់​មនុស្ស​ស្លូត​ត្រង់​ដាក់​ពន្ធនាគារ៖ «ក្រោម​ការ​ដឹក​នាំ​ដ៏​ក្តៅ​របស់​គាត់​ មាន​អ្នក​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ច្រើន​ណាស់​ បាន​បាត់​បង់​ជីវិត​ ហើយ​រក​ឃាតក​ ពិត​មិន​ឃើញ។​គាត់​ប្រើ​ឈ្មោះ​ប្រជាធិបតេយ្យ​ ប៉ុន្តែ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ជាតិ​។​គាត់​ប្រើ​ឈ្មោះ​សន្តិ​ភាព​ ប៉ុន្តែ​គំរាម​ធ្វើ​សង្គ្រាម​ បង្ក​អន្តរាយ​ជាតិ គាត់​ប្រើ​ឈ្មោះ​អភិវឌ្ឍន៍ ប៉ុន្តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហូរ​ទឹក​ភ្នែក​រហូត​ទៅ​ដល់​ហូរ​ឈាម​ជា​ដើម​ គាត់​ប្រើ​ឈ្មោះ​ការពារ​ធន​ធាន​ធម្មជាតិ​ ប៉ុន្តែ​ហិន​ព្រៃ​ឈើ​ ក្លាយ​ជា​វាល​រហោស្ថាន​ និង​កន្លែង​ខ្លះ​អស់​ទាំង​រ៉ែ ជីក​ទាំង​ភ្នំ»។​​​​

អង្គការ​ជាតិ​ និង​អន្តរជាតិ​ធ្លាប់​បាន​រិះ​គន់​ថា​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ហ៊ុន សែន​ ក្នុង​រយៈ​ពេល​ជាង ​៤០​ឆ្នាំ​កន្លង​មក​នេះ​ បាន​ដឹក​នាំ​ប្រទេស​ឱ្យ​​រអិល​ចាក​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ​ រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​របប​នេះ​​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​តាម​ទំនើង​ចិត្ត​នូវ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះ​គន់​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល