អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា សន្តិភាព​ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃជា​សន្តិភាព​ផ្នូរ​ខ្មោច

ដោយ ទីន ហ្សាការីយ៉ា
2020-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ RFA និង​ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន សែន ថា ការ​និយាយ​ពី​ការ​ថែរក្សា​សន្តិភាព ដូច​លោក​កំពុង​លើកឡើង​សព្វថ្ងៃ​នេះ​គឺ ជា​សន្តិភាព​ក្លែងក្លាយ ឬ​ជា​សន្តិភាព​ផ្នូរ​ខ្មោច ។ ប្រតិកម្ម​បែប​នេះ​ធ្វើឡើង​ក្រោយ ពេល​លោក ហ៊ុន សែន ថ្លែង​ក្នុង​មហាសន្និបាត​នៃ​ក្តី​សង្ឃឹម ថ្ងៃ​ទី​០៩ ខែសីហា​នេះ អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​នានា​រួមគ្នា​ថែរក្សា និង​ការ​កសាង សន្តិភាព និង​សន្តិសុខ ដែល​លោក​ថា គឺជា​អាទិភាព​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​នីមួយៗ

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា ការ​ថែរក្សា​សន្តិភាព​ដោយ​ការ​រំលាយ​គណបក្សប្រឆាំង និង​ចាប់​មនុស្ស ដាក់គុក​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ ដូចដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ មិនមែន​ដើម្បី​ថែរក្សា​សន្តិភាព​នោះ​ទេ ផ្ទុយទៅវិញ​គឺ​ដើម្បី​រក្សា​អំណាច​លោក ហ៊ុន សែន និង​បក្ស​របស់​លោក​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ លើកឡើង​ថា សង្គម​មួយ​ដែល​មាន​សន្តិភាព​ពិតប្រាកដ​ត្រូវ​មាន​យុត្តិធម៌​សង្គម សេរីភាព និង​ប្រជាធិបតេយ្យ ប៉ុន្តែ​លោក​ថា សង្គម​កម្ពុជា​សព្វថ្ងៃ​ពោរពេញ​ដោយ​អយុត្តិធម៌​សង្គម សិទ្ធិ​ពលរដ្ឋ​កំពុង​រង​ការ​រំលោភបំពាន​ពី​ក្រុម​អាជ្ញាធរ ហើយ​ព្រំដែន​ក៏​ត្រូវ​ប្រទេសជិតខាង​រំលោភបំពាន ដូច្នេះ​កម្ពុជា​សព្វថ្ងៃ​គ្មាន​សន្តិភាព​ពិត​ប្រា​ដក​នោះ​ទេ​។ លោក​ថា មេដឹកនាំ​ផ្ដាច់ការ​តែង​យក​ពាក្យ​សន្តិភាព និង​អធិបតេយ្យ​មក​បន្លំ​ពលរដ្ឋ។ «»

លោក គឹម សុខ រិះគន់​បែបនេះ ក្រោយពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​មហាសន្និបាត​នៃ​ក្តី​សង្ឃឹម​ដោយ​ប្រាប់​ទៅ​មេដឹកនាំ​ក្នុង​ពិភពលោក​ថា ការ​កសាង និង​ការ​ថែរក្សា​សន្តិភាព និង​សន្តិសុខ​នៅ​លើ​សកលលោក​ទាំងមូល​គឺជា​មូលដ្ឋានគ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​។ មេដឹកនាំ​ដែល​រង​ការ​រិះគន់​ថា រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​រូប​នេះ​លើកឡើង​ទៀត​ថា ការ​កសាង និង​ថែរក្សា​ឱ្យ​ខាង​តែ​សន្តិភាព គឺជា​ទិ​ភាព​ខ្ពស់​បំផុត​សម្រាប់​ប្រទេស​នីមួយៗ។

រីឯ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស លោក អ៊ុំ សំអាន យល់​ថា សន្តិភាព​ដែល​លោក ហ៊ុន សែន ទាមទារ​ឱ្យ​ថែរក្សា​នោះ​គឺជា​សន្តិភាព​ផ្នូរ​ខ្មោច​ប៉ុណ្ណោះ ដោយសារ​ពលរដ្ឋ​គ្មាន​សិទ្ធិ​បញ្ចេញមតិ បាត់បង់​ដីធ្លី និង​ត្រូវ​បង្ខំចិត្ត​ចំណាកស្រុក​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ជាដើម​។ លោក​បន្ត​ថា សន្តិភាព​សព្វថ្ងៃ​នេះ​គឺ​មាន​សម្រាប់​តែ​គ្រួសារ និង​បក្ស​ពួក​លោក ហ៊ុន សែន មួយ​ក្រុម​តូច​ប៉ុណ្ណោះ ប៉ុន្តែ​ពលរដ្ឋ​ស្ទើរ​មួយ​ប្រទេស​កំពុង​ជួប​គ្រោះថ្នាក់​។ តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូប​នេះ​ស្នើ​ទៅ​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​បើ​ចង់​រក្សា​សន្តិភាព​មែន​នោះ។

អ្នកវិភាគ​លើក​ឡើង​ថា សន្តិភាព របស់​កម្ពុជា ធ្វើ​ឲ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​សភាព​ភ័យខ្លាច និង​ទុក្ខ​ព្រួយ។ សន្តិភាព​ពិតប្រាកដ​នោះ គឺ មិនមែន​និយាយ​ផ្ចង់​ឆ្ពោះ​ទៅ​ត្រឹមតែ​ការ​ទម្លាក់​អាវុធ​តែ​ម្យ៉ាង​ទេ វា​មានន័យ “ ជ្រាលជ្រៅ​ដល់ ការ​រក្សា​ក្ដី​ស្ងប់ សតិអារម្មណ៍ មិន​ក្ដៅ​ក្រហល់ក្រហាយ​របស់​ប្រជារាស្ត្រ​នៃ​សង្គមជាតិ “ ថែម​ទៀត​ផង​។ ភាព​ស្ងប់​សុខ​ក្នុង​សង្គម​មួយ ដែល​អាច​កើតមានឡើង​បាន លុះត្រាតែ “ មេដឹកនាំ ឈប់​លោភលន់ ឈប់​ល្មោភ​អំណាច ឈប់​ដើរតួ​កាច​សាហាវ ហើយ​ងាក​មក​ប្រកាន់​នូវ​ទសពិធរាជធម៌ “ ដែល​ជា​ធម៌​ទាំង​១០ ក្នុង​គម្ពីរ​ភាពជា​អ្នកដឹកនាំ​។​ល​។ ម្យ៉ាងវិញទៀត ន័យ​សន្តិភាព តាម​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត វិញ គឺ​មានន័យថា សេចក្ដី​ស្ងប់ សេចក្ដី​សាន្តត្រាណ ដំណើរ​សះ​ជា​នឹង​គ្នា។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នកគាំទ្រ​ជិត​ពាក់កណ្ដាល​ប្រទេស វាយ​បង្ក្រាប​ចាប់​ដាក់គុក​សកម្មជន​ប្រឆាំង ឬ​អ្នក​រិះគន់​ឥត​ស្រាកស្រាន្ត។ កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ សហគមន៍​អឺរ៉ុប​បានសម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ បើ​គ្មាន​ការប្រែប្រួល​ទេ ថ្ងៃ​ទី​១២ ខែ​សីហា​ខាងមុខនេះ កម្ពុជា​នឹង​បាត់ EBA ២០%

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល