លោក ហ៊ុន សែន ប្ដេជ្ញា​ការពារ​ត្រកូល​ហ៊ុន ទោះ​បី​ជា​រលាយ​ផែនដី​ក៏ដោយ

ដោយ សេក បណ្ឌិត
2020-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន នៅ​ក្នុង​ពិធីថ្លែង​ការណ៍​ពិសេស​ដល់​សារ​ព័ត៌មាន និង​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
លោក ហ៊ុន សែន នៅ​ក្នុង​ពិធីថ្លែង​ការណ៍​ពិសេស​ដល់​សារ​ព័ត៌មាន និង​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាង​ចំៗ​ថា លោក​នឹង​ការពារ​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​មិន​ឲ្យ​មាន​អ្នកណាម្នាក់​កម្ចាត់​បាន​នោះ​ទេ ទោះបីជា​រលាយ​ផែនដី​នេះ​ក៏ដោយ​។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា លោក ហ៊ុន សែន មិន​គួរ​ការពារ​តែ​អំណាច​គ្រួសារ​របស់​លោក​នោះ​ទេ តែ​គួរ​ការពារ​ប្រជាពលរដ្ឋ​ទាំងអស់​ដូចគ្នា។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​វាយប្រហារ​អ្នក​ដែល​ហ៊ាន​រិះគន់ ឬ​ចង់​កម្ចាត់​អំណាច​ក្រុម​គ្រួសារ​«​ត្រកូល​ហ៊ុន​» របស់​លោក មិន​ឲ្យ​មានឱកាស​ងើប​រួច​នោះ​ទេ​។ លោក​អះអាង​ជាថ្មី​ទៀត​ថា លោក​នឹង​មិន​ចរចា​នយោបាយ​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង​ឡើយ ទាល់តែ​ពួកគេ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជាមុន​សិន​។ ក្រៅ​ពី​នេះ លោក​សង្កត់​ធ្ងន់​ថា នឹង​គ្មាន​ការ​លើកលែងទោស​ម្តង​ទៀត​ចំពោះ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​តុលាការ​បាន​កាត់ទោស​រួច​ហើយ​នោះ​ទេ ដែល​ទំនងជា​លោក​ចង់​សំដៅ​លើ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ៖ «បើ​ដាក់​គោលដៅ​បង្រួបបង្រួម​ខ្មែរ អូ​ខេ។ បើ​ដាក់​គោលដៅ​កម្ចាត់​ត្រកូល​ហ៊ុន សូម​ផ្តាំ​ទៅ ទោះបី​រលាយ​ផែនដី ក៏​ហ៊ុន សែន នៅតែ​តស៊ូ ផ្ដាំ​ឲ្យ​ហើយ ឥឡូវ​មិនមែន​វ៉ៃ​ត្រឹម​ហ៊ុន សែន ទេ វ៉ៃ​ត្រកូល​ហ៊ុន ទាំងមូល អ៊ីចឹង​តម្រូវ​ឲ្យ​ខ្ញុំ មានរឿង​អី​ដែល​ត្រូវ​គិត​។ អ៊ីចឹង​បើ​អ្នកឯង​ប្រុងប្រៀប​ថា ហ្នឹង​ប្រហារ​ខ្ញុំ រឿង​អី​ដែល​ខ្ញុំ​ត្រូវ​ទុក​ឲ្យ​អ្នកឯង​មាន​ពេល​ប្រហារ ខ្ញុំ​ត្រូវតែ​ប្រហារ​អ្នកឯង»

លោក ហ៊ុន សែន លើកឡើង​បែប​នេះ នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ពោល​គឺ​មួយ​សប្ដាហ៍​បន្ទាប់ពី​លោក​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤ ថ្ងៃ ក្រោយ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុងគ្រី ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ដោយ​មិន​ពាក់​ម៉ាស់។

ប្រតិកម្ម​ខ្លាំងៗ​របស់​លោក ហ៊ុន សែន បែបនេះ គឺ​បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ និង​អ្នកឃ្លាំមើល​សង្គម​មួយ​ចំនួន​បាន​រិះគន់​លោក​ជា​ញឹកញាប់​ថា កំពុង​ប្រើប្រាស់​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​លើក​ដំឡើង លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នង​តំណែង​ពី​លោក។

លោក ហ៊ុន សែន ព្រមាន​បែប​នេះ នៅមុន​ពេល​តុលាការ​គ្រោង​បើកសវនាការ​សំណុំរឿង​របស់​មន្ត្រី​ជាន់ខ្ពស់ និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជាង​១០០ នាក់ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់ និង​រួមគំនិត​ក្បត់ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា។

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ឲ្យ​ដឹង​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន ដោយ​ចង់​ការពារ​អំណាច​របស់​ខ្លួន ហើយ​មិន​បើក​ការចរចា​ជាមួយ​បក្ស​ប្រឆាំង គឺ​ដោយសារ​លោក ហ៊ុន សែន គិតតែ​គំនុំ​ផ្ទាល់ខ្លួន​ដោយ​មិន​គិតគូរ​ពី​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​ជាធំ​នោះ​ទេ​។ លោក​បន្ត​ថា លោក ហ៊ុន សែន ប្រឹង​ក្ដោប​អំណាច​របស់​ក្រុម​គ្រួសារ​លោក ជាជាង​ការ​ដោះស្រាយ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ បន្ទាប់ពី​កម្ពុជា​ទទួល​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ដោយ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA២០% និង​វិបត្តិ​មួយ​ចំនួន​ទៀត​។ លោក​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន មិន​សាក​សម​ធ្វើជា​មេដឹកនាំ​នៅ​កម្ពុជា​នោះ​ទេ ហើយ​លោក គួរតែ​ចុះ​ចេញពី​តំណែង ដោយ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​សមត្ថភាព​ជាង​លោក​ឡើង​កាន់​តំណែង​ជំនួស​វិញ​។ លោក​អះអាង​ថា ការព្រមាន​របស់​លោក ហ៊ុន សែន បែបនេះ មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លាច​ញញើត​នោះ​ឡើយ ហើយ​ពួកគេ​មិន​ខ្វល់​នឹង​ពាក្យ​សម្តី​បែបនេះ​ទេ ដោយ​នៅតែ​បន្ត​សកម្មភាព​ធ្វើ​មាតុភូមិនិវត្តន៍​លើក​ទី​២ ជាមួយ​លោក សម រង្ស៊ី ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ៖ «​លោក ហ៊ុន សែន កន្លងមក​គាត់​ធ្វើ​កំហុស​ជាច្រើន​ណាស់​។ គាត់​បាតដៃ​ប្រឡាក់​ឈាម​ហើយ​អាហ្នឹង ហើយ​គាត់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាច្រើន អ៊ីចឹង​គាត់​មានខ្លួន​។ គាត់​ខ្លាច​គណបក្ស​ផ្សេង​ឡើង​ទៅ​ជំនួស​គណបក្ស​ប្រជាជន អាច​កាត់ទោស​គាត់​ពី​បទ​ឧក្រិដ្ឋ​ផ្សេងៗ ដែល​គាត់​ប្រព្រឹត្ត​កន្លង​មក ដូចជា​រដ្ឋប្រហារ​ឆ្នាំ​៩៧ ការ​បោក​គ្រាប់​បែក​ឆ្នាំ​៩៧ ទៅលើ​បាតុកម្ម​ដែល​អហិង្សា ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ហើយ​នឹង​ឃាតកម្ម​ទៅ​លើ​លោក ជា វិជ្ជា​។ ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត កែម ឡី អី​ជាដើម​អ៊ីចឹង ហើយ​ដូច្នេះ​គាត់​មានខ្លួន អ៊ីចឹង​បានជា​គាត់​នៅ​ក្រាញ​អំណាច​។ គាត់​យល់ថា មានតែ​កូន​គាត់​ទេ​ដែល​អាច​ស្នង​ពី​គាត់ ដូចជា​លោក ហ៊ុន ម៉ា​ណែ​ត ជាដើម​ហ្នឹង ដើម្បី​កុំ​ឲ្យ​គាត់​ប្រឈម​ជាមួយ​ផ្លូវច្បាប់​នៅ​ពេល​អនាគត»

ចំណែក ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍ថា លោក ហ៊ុន សែន មិន​គួរ​ថ្លែង​សារ​នយោបាយ​បែបនេះ មុន​តុលាការ​បើក​សវនាការ​សំណុំរឿង​មន្ត្រី​បក្ស​ប្រឆាំង​នោះ​ទេ ព្រោះ​សារ​បែបនេះ​អាច​ជះឥទ្ធិពល ឬ​ជា​ការ​ដាក់​សម្ពាធ​ដល់​ការសម្រេច​របស់​តុលាការ៖ «​ខ្ញុំ​គិត​ថា បើសិនជា​យើង​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល គួរតែ​យើង​កុំ​ថ្លែង​សារ​ណា​ដែល​ជា​ការ​អះអាង​នៅមុន​ពេល​សេចក្ដី​សម្រេច​តុលាការ​ដែល​បាន​សម្រេច​។ អានេះ វា​នាំ​ឲ្យ​អ្វី​ដែល​ជា​សារ​ហ្នឹង គឺ​វា​ជា​សារ​មួយ​ដែល​ធ្វើ​ឲ្យ​អាច​ឈាន​ទៅដល់​ការ​ដាក់​សម្ពាធ​ទៅ​ដល់​តុលាការ ឬក៏​អាច​ធ្វើ​ឲ្យ​តុលាការ​ហ្នឹង​ធ្វើ​សេចក្ដី​សម្រេច ដោយ​មិន​ឈរ​ទៅលើ​ឯករាជ្យភាព»

តុលាការ​កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ថា ស្ថិត​នៅ​ក្រោម​ឥទ្ធិ​គណបក្ស​កាន់អំណាច និង​បាន​បម្រើ​នយោបាយ​គណបក្ស​នេះ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀត​។ គណបក្ស​ប្រឆាំង តែងតែ​ហៅ​តុលាការ​នៅ​កម្ពុជា​ថា ជា​តុលាការ​តេឡេ ដែល​ចាំតែ​ស្ដាប់​បញ្ជា​ពី​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល