មតិ​ទូទៅ ថា​លោក ហ៊ុន​ សែន​ ផ្តល់​គំនិត​បែប​គីង្គក់​លក់ថ្នាំ​ស្រែង​

ដោយ មួង ណារ៉េត
2020-09-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​ សែន​ ថ្លែង​សុន្ទរកថា​ នៅ​វិមាន​សន្តិភាព​ ក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​២០២០​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ រសៀល​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២០
លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​ សែន​ ថ្លែង​សុន្ទរកថា​ នៅ​វិមាន​សន្តិភាព​ ក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​២០២០​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ រសៀល​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២០
ហ្វេសប៊ុកលោក ហ៊ុន សែន

តំណាង​សហជីព​ សង្គម​ស៊ីវិល​ និង​អ្នកវិភាគ​ រិះគន់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នៃ​របប​ឯកបក្ស​ ដែល​បាន​ផ្តល់គំនិត​ដល់​ប្រទេស​ក្រីក្រ​ដទៃ​ ដែល​លោក​អះអាង​ថា ដើម្បី​បន្ត​កសាង​អនាគត​ប្រកប​ដោយ​ចីរភាព​ ស្របពេល​ដែល​កម្ពុជា​ក្រោមការដឹកនាំ​របស់​លោក​ អនុវត្ត​មិន​បាន​ភាគ​ច្រើន​នៃ​ចំណុច​ទាំង​នោះ​នោះ​ឡើយ​។​ ប្រតិកម្ម​នេះ​ ធ្វើ​ឡើង​ជាការ​ឆ្លើយ​តប​ទៅ​នឹង​សុន្ទរក​ថា​របស់​លោក​ ហ៊ុន​ សែន​ ក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ២០២០​ នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ថាការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ជាប​ញ្ហា​ប្រឈម​ផង​ ជា​ឱកាស​ផង​។​

គំនិត​ដែល​លោក​ ហ៊ុន​ សែន​ ថ្លែង​នៅ​ក្នុង​​សុន្ទរក​ថា​កម្រាស់​បី​ទំព័រ​ សម្រាប់​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ២០២០​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ ដែល​ធ្វើ​ឡើង​តាម​បណ្តាញ​អ៊ីនអើណិត កាល​ពីរ​សៀល​ថ្ងៃ​ទី​ ២២​ ខែ​ កញ្ញា​នោះ​ លោក​ថា ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​ ទប់ទល់​នឹង​វិបត្តិ​ដោយសារ​ជំងឺកូវីដ-១៩​ គឺ​ត្រូវ​ធានា​លំនឹង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ប្រែក្លាយ​ការគំរាម​កំហែង​ពី​ជំងឺ​កូវីដ​-១៩​ ទៅ​ជា​ឱកាស​ សម្រាប់​ការ​កែទម្រង់​នៅក្នុង​ប្រទេស​ និង​រក្សានូវ​ភាព​ជា​ដៃ​គូ​ជាសកល​ សំដៅ​ធានា​បាន​នូវ​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​ជាដើម​។​

ជុំវិញ​ការអះអាង​អំពី​រក្សាលំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ មជ្ឈដ្ឋាន​ទូទៅ​ ជាពិសេស​តំណាង​កសិករ​ កម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ដូចជា​អ្នកធ្វើការ​តាមផ្ទះ​ និងក្លិប​កំសាន្ត​ កម្មករ​រោងចក្រ​ និង​កម្មករ​វិស័យ​ផ្សេង​ទៀត​ ថា​របប​ក្រុង​ភ្នំពេញ​ មិនបាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ របស់​ពលរដ្ឋ ​ដែលកំពុង​រងផល​ប៉ះពាល់​ ដោយ​សារវិបត្តិ​ជំងឺកូវីដ​-១៩​ នៅឡើយទេ​។​ ពួកគាត់​ត្រូវរស់នៅ​យ៉ាងវេទនា​ និង​ជំពាក់បំណុល​ធនាគារ​វណ្ឌក​។

អគ្គ​លេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក​ ថេង សាវឿន​ ដែលតំណាង​កសិករ​ក្រីក្រ​ជាច្រើន​សហគមន៍​ ថាបញ្ហា​ដីធ្លី​ដែលមិនទាន់​ដោះស្រាយ​ រួមទាំង​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩​ បន្ថែម​មួយ​ជាន់​ទៀត​ ធ្វើ​ឲ្យ​កសិករ​រងផលប៉ះពាល់​យ៉ាងខ្លាំង​។ ជាងនេះ​ទៅទៀត​ កសិករ​ក្រីក្រ​ជាច្រើន​ ត្រូវបាន​គេមើលរម្លង​ ដោយ​មិនបានទទួល​ជំនួយឧបត្ថម្ភ​ ពីគម្រោង​ចែកប្រាក់​របស់រដ្ឋ​ទេ​ ដែល​ទាំង​នេះ​ ធ្វើឲ្យ​ប៉ះពាល់​ដល់លំនឹង​ជីវភាព​របស់ពួកគាត់​យ៉ាងខ្លាំង​ <<ជាក់​ស្ដែង​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​បញ្ហា​ដី​ធ្លី ជាង​ប្រាំ​ពីរ​ពាន់​គ្រួសារ​ ដែល​មាន​បញ្ហា​ទៅលើ​ជីវភាព​និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បំពេញ​បន្ថែម​ទៅលើ​បញ្ហា​របស់​ពួកគាត់​ និង​តម្រូវការ​ជាមូលដ្ឋាន​ផ្នែក​ជីវភាព​ ធ្វើ​យ៉ាង​ម៉េច​រៀបចំ​ឲ្យ​មាន​សុវត្ថិភាព​ដីធ្លី​ និង​ដោះស្រាយ​បញ្ហា​ជីវភាព ឬ​តម្រូវការ​ផ្សេងៗ​ទៀត>>

តំណាង​កម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ឯណោះ​ ត្អូញត្អែរ​ថា រដ្ឋ​មិនបាន​យកចិត្ត​ទុកដាក់​ពួកគាត់​ឲ្យ​បាន​ត្រឹមត្រូវ​ ជុំវិញ​បញ្ហាជីវភាព​នេះ​។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វន់ ពៅ ថាកម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ទាំងអស់​ គ្មានលំនឹង​ផ្នែកជីវភាព​ទាល់តែសោះ​ ក្នុង​ស្ថានភាព​អាក្រក់​បែប​នេះ។ លោក​សោក​ស្តាយ​ដែលរដ្ឋ​ មិនបាន​ជួយដើម្បី​សម្រាល​បន្ទុក​ពួកគាត់​ទេ​ ថែមទាំង​បន្ថែមបន្ទុក​ទៅទៀត​ <<ក្រឡេក​មកមើល​វិស័យ​ក្រៅ​ប្រព័ន្ធ ប្រាក់ចំណូល​ធ្លាក់​ចុះស្ទើរ​តែ​ដល់កម្រិត​សូន្យ ហើយ​មិន​មាន​ប្រាក់​ឧបត្ថម្ភពី​រដ្ឋាភិបាល​ទៀត។ សេដ្ឋកិច្ច​អត់​មានលំនឹង​ទេ​ ប្រាក់ចំណូល​ពួកគាត់​ធ្លាក់ចុះ​យ៉ាងខ្លាំង។ រដ្ឋមិន​ត្រឹម​តែ មិន​ជួយទេ ថែមទាំង​បញ្ឈប់​នូវការ​ធ្វើប័ណ្ណ​មូលនិធិ​សមធម៌ ដែល​ជាបណ្ណ​មួយ​ធានា​នូវ​ការពិនិត្យ និង​ព្យាបាល​សុខភាព ពីសំណាក់​ពេទ្យ​រដ្ឋ របស់​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ>>

ក្រុម​កម្មករ​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត​ឯណោះ ក៏រង​ផលប៉ះពាល់​ជីវភាព​យ៉ាងដំណំ​ និង​គ្មាន​អន្តរាគមន៍​ដោះស្រាយ​ណាមួយ​ពីខាងរដ្ឋាភិបាល​នោះដែរ​។ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា​ អ្នកស្រី​ អ៊ូ ទេពផល្លីន​ ថាក្រុម​កម្មករ​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត​ បាន​ដាក់​ញត្តិ ដាក់​លិខិត​ទៅ​ក្រសួង​ការងារ ដាក់ញត្តិ​ទៅរដ្ឋាភិបាល​ និង​រហូត​មានដាក់​លិខិត​ថ្វាយទៅ​ព្រះមហាក្សត្រ​ គ្រាន់តែ​​ស្នើសុំ​ប្រាក់ឧបត្ថម្ភ​ ៤០ ​ដុល្លារ និង​ស្នើ​ឱ្យ​ជួយ​សម្រួល​ទៅ​ម្ចាស់​ផ្ទះ​ជួល ​បន្ថយ​ថ្លៃ​ផ្ទះ ក្នុង​អំឡុង​ពេល​ពួកគេ​បាត់បង់​ការងារ​ដោយ​បញ្ហា​ពី​ជំងឺ​កូវីដ-១៩​ ប៉ុន្តែ​ គ្មាន​ដំណោះស្រាយ​អ្វីទាំង​អស់​ <<មិនមាន​ដំណោះ​ស្រាយ​អ្វីទេ​ ក្រៅពី​ក្រោយមក​ រដ្ឋាភិបាល​ហ្នឹង​ គ្រាន់តែ​ប្រកាស​អនុញ្ញាត​ បើ​កឲ្យមាន​ឡើងវិញ​ ប៉ុន្តែ​មិនមែន​បើក​ជាខារ៉ា​អូខេទេ មាន​ន័យថា​ប្តូរ​ពី​ខារ៉ា​អូខេ ទៅជា​ភោជនីយ​ដ្ឋាន​។ ​រហូតមក​ដល់​ឥឡូវ​នេះ ថៅកែខ្លះ​ក៏អត់​ទាន់​ប្រថុយ​ប្រថាន​ក្នុងការ​បើកដែរ​>>​

កម្មករ​ផ្នែក​កាស៊ីណូ​ ក៏ខ្វះខាត​ជីវភាព និង​គ្មានជំនួយ​គ្រប់គ្រាន់​ ពីរដ្ឋាភិបាល​នោះ​ដែរ​។ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​ វើលដ៍​ កញ្ញា​ ឈឹម​ ស៊ីថរ​ ថាប្រាក់​ឧបត្ថម្ភ​មានតិច​តួច​បំផុត​ និង​បែងចែក​មិនយុត្តិធម៌​ទៀត <<បងប្អូន​នៅក្នុង​វិស័យ​ទេសចរណ៍​ដូចគ្នា ខាងសណ្ឋាគារ​ហ្នឹង​ គាត់​បាន​ខ្លះដែរ តែ​ការបែងចែកហ្នឹង​ធ្វើ​ឲ្យខាតទៀត។ ឧទាហរណ៍​ជាក់ស្ដែង​ ដូចជា​ករណី ណាហ្គា​ វើលដ៍ហ្នឹង​ គឺក្រុម​ហ៊ុន​បិទ​តាំង​ពី​ថ្ងៃទី ០១ ខែ​ មេសា ប៉ុន្តែ​ប្រាក់​ដែលពួក​គាត់​បាន គឺចាប់ផ្តើម​ពីពាក់កណ្តាល​ខែ ឧសភា។ អ៊‍ីចឹង​ គ្រាន់តែ​ជាការចាប់​ផ្តើម​មួយ​ គឺកម្មករ​គាត់​ខាត​បាត់​ទៅហើយ។ ម្យ៉ាងទៀត បើ​យើង​និយាយពីចំនួន​ទឹកប្រាក់​ ៤០​ ដុល្លារ​ នៅក្នុង​មួយខែ​នេះ គឺ​វាតិច​មែនទែន ដែល​អាចនិយាយ​បាន​ថា គាត់​សឹង​តែ​ពិបាក​ក្នុងការ​ចំណាយ​លើ​អាហារ​រូបត្ថម្ភចាំបាច់​ផង>>

កញ្ញា​ ឈម​ ស៊ីថរ​ បន្ថែមថា​ ឥឡូវនេះ​កាស៊ីណូ​ និង​សណ្ឋាគារ​ ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​វិញ​ហើយ​ ប៉ុន្តែ​ គ្មាន​ភ្ញៀវ​ ឯការងារ​ក៏គ្មាន​ អ្នកខ្លះ​ត្រូវ​ព្យួរស្ទើរ​តែទាំងស្រុង​ ដែល​ធ្វើឲ្យ​ពិបាក​ជាង​ពេល​បិទ​ទៅទៀត​ ព្រោះ​មិនអាច​សុំប្រាក់​ឧបត្ថម្ភ​អ្វីបាន​ ដោយសារ​គេចាត់ទុកថា​ពួកគាត់ ចាប់ផ្តើម​ចូល​ធ្វើការ​វិញ​ហើយ​។

នៅ​ឯផ្នែក​រោងចក្រ​ និង​វិស័យទេសចរណ៍​មួយចំនួន​ កម្មករ​ដែល​បាត់ការងារ​ បានទទួល​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ដែរ​ ប៉ុន្តែប្រាក់នេះ​តិចតួច​ខ្លាំង។  ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់​ ធន់​ ប្រាក់​ខែ​កម្មករ​គឺ ​១៩០​ ដុល្លារ​ ប៉ុន្តែ​ប្រាក់ព្យួរ​ការងារ​ បានតែ​ ៤០​ ដុល្លារ​ ឬប្រហែល​ ២០%​ នៃប្រាក់​ពេញ​ប៉ុណ្ណោះ​។ ជាង​នេះ​ទៅទៀត  ប្រាក់ឧបត្ថម្ភ​ ៤០​ ដុល្លារ​មួយ​ខែ​នេះ​ បានតែកម្មករ​ប្រមាណ​ពាក់ក​ណ្តាល​ប៉ុណ្ណោះ​ ក្នុងចំណោម​កម្មករ​រោងចក្រ​ សហគ្រាស​ដែល​បាន​ព្យួរ​នៅទូទាំង​ប្រទេស <<ទន្ទឹម​នឹង​នេះ​ កម្មករ​យើង​ក៏រងនូវការបាត់​បង់ប្រយោជន៍​ជាច្រើន​ ដូចជា​ការកាត់​ថ្ងៃធ្វើការ និង​ការ​មិន​ផ្តល់សិទ្ធិ​ឲ្យ​មាន​ការតវ៉ា​ជាដើម ដូចជា​មានបញ្ហា​ច្រើនដែរ​>>​

ចំណែក​ឯអ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​លោក គឹម សុខ​វិញ លោក​យល់​ថា លោក​ហ៊ុន សែន​ កំពុង​បង្កើត​ទ្រឹស្ដី​មេរៀន​នយោបាយ​បញ្ច្រាស​ទិស​ បោកប្រាស់​ប្រជាពលរដ្ឋ​។ លោកថា​ តាមពិត​លោក​ ហ៊ុន​ សែន​ កំពុង​និយាយ​អំពី​ការប្រឹង​រកល្បិចកល​ រក្សាលំនឹង​អំណាច​ផ្ទាល់​ខ្លួនសោះ​ តែប្រឹង​ផ្សាយថា​ រក្សាលំនឹង​ជីវភាព​ប្រជាពលរដ្ឋ​ឯណាឯណី​ឯណោះ​ទៅវិញ​។ ការបោក​ប្រាស់​នេះ លោក​សំដៅ​លើ​ការក្បត់​សន្យា​ ដែល​ថា​បញ្ចេញ​កញ្ចប់​ថវិកា​ ២ ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​សម្រាល​បន្ទុករាស្រ្ត​ ការមិនបញ្ចុះ​ការប្រាក់​ធនាគារ​ ការមិនផ្តល់​ទុន​បង្កើន​ផលិតភាព​តាមសហគម៍​ និង​ការ​មិនព្រម​ស្តារ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ ដើម្បី​ឲ្យស្ថានការណ៍​នយោបាយ​ធូរស្រាល​ជាដើម​។

ចំណែក​ឯបញ្ហា​ប្រឈមនេះ​ ក៏មិនមែន​ជាឱកាស​ក្នុងការ​កែទម្រង់​ ដូចអ្វី​ដែល​លោក​ ហ៊ុន សែន​ អះអាងនោះ​ដែរ​ ព្រោះ​អំពើពុករលួយ​ វប្បធម៌​និទណ្ឌភាព​ និងភាពអយុត្តិធម៌​សង្គម​ ជាដើម​ នៅតែ​មិនអាច​កែបាន​។

ជាងនេះ​ទៅទៀត លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​បាត់ឱកាសធំមួយ​ក្នុងការបន្ត​និរន្តភាព​សេដ្ឋកិច្ច​កម្ពុជា​ ដោយធ្វើ​ឲ្យបាត់បង់​ការអនុគ្រោះពន្ធ​ EBA ២០%​ មកពី​ការ​មានះ​មិន​ព្រម​ស្តារការ​រំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរនោះ​។

រីឯភាពជា​ដៃគូ​ជាមួយ​ពិភពលោក​ ក៏ជួបបញ្ហា​ដែរ ដោយសារ​តែកម្ពុជាងាក​ខ្លាំង​ទៅ​រកចិន​កុម្មុនិស្ត រហូត​សហរដ្ឋអាមេរិក​ និង​ពិភពលោក សង្ស័យ​អំពីការណ៍​ដែលកម្ពុជា​អនុញ្ញាត​ឲ្យមានមូលដ្ឋាន​ទ័ព​ចិន​ ដែល​ប្រការនេះ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​។ ដោយសារ​តែបញ្ហានេះ​ សហរដ្ឋអាមេរិក​ ថ្មីៗ​នេះ​ ទើបតែ​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ធំមួយ​របស់ចិន​ ដែលរកស៊ី​នៅកម្ពុជា​ ឈ្មោះ UDG។​

មិនតែ​ប៉ុណ្ណោះ ស្ថានភាព​រំលោភសិទ្ធិមនុស្ស កាន់​​​តែ​ធ្លាក់ចុះដុន​ដាប​ជាលំដាប់​ ក្រោយ​របប​ក្រុង​ភ្នំពេញ​ បើកយុទ្ធនា​ការចាប់​ក្រុមយុវជន​ និង​ព្រះសង្ឃ ដែលជា​សកម្មជន​សង្គម​។

លោក​ គឹម សុខ​ ថាទាំងនេះ​ ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ និង​​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ <<កាល​ណា​មាន​បញ្ហា​កាន់តែធំ​ជាមួយ​សហភាពអឺរ៉ុប​ និង​សហរដ្ឋ​អាមេរិកហើយ​ ពុំមាន​អ្នកវិនិយោគ​ល្អៗ​ណា​ គេទៅ​ដាក់​ទុន​រកស៊ីទេ ពីព្រោះ​ទីមួយ​ប្រព័ន្ធ​ធនាគារ​ធំៗ នៅទូទាំង​ពិភពលោក​ នៅក្រោម​ឥទ្ធិពល​របស់​អាមេរិកាំង​ អឺរ៉ុប​ និង​សម្ពន្ធមិត្ត​។ ម្យ៉ាង​វិញទៀត ការ​មាន​ទំនាស់​ជាមួយសហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ គឺស្មើនឹង​ការ​មាន​ទំនាស់​ជាមួយ​ទីផ្សារ​ដ៏ធំ​និង​បាន​ផល​ចំណេញ​ច្រើន​ នៅលើ​ពិភពលោក​>>​

មតិ​ទូទៅ ​ស្នើឲ្យកម្ពុជា​ ស្តារស្ថានភាព​ប្រទេសខ្លួន​ ឲ្យបាន​ល្អសិន មុននឹង​ឈាន​ទៅផ្តល់​អនុសាសន៍​ទៅ​ប្រទេសដទៃ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

មតិ​ទូទៅ ថា​លោកហ៊ុន​សែន​ ផ្តល់​គំនិត​បែប​គីង្គក់​លក់ថ្នាំ​ស្រែង !!!​

Sep 23, 2020 12:55 AM

គេហទំព័រ​ទាំងមូល