លោក ហ៊ុន សែន ប្រកាស​ថា គ្មាន​ការ​ចរចា​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ឡើយ

ដោយ យន់ សាមៀន
2020-10-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០។
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០។
​រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន សែន

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ជាថ្មី​ទៀត​ថា លោក​មិន​ចរចា​ជាមួយ​គណបក្សប្រឆាំង​ឡើយ ព្រោះ​លោក​ចាត់​ទុក​គណបក្សប្រឆាំង​ថា ជា​គណបក្ស​ខុសច្បាប់​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជឿ​ថា លោក ហ៊ុន សែន មិន​ចង់​ចរចា ព្រោះ​ខ្លាច​បាត់​អំណាច​ត​វង្ស​ត្រកូល​។ ចំណែក អ្នកឃ្លាំមើល​សង្គម​បន្ត​ជំរុញ​ឱ្យ​អ្នក​នយោបាយ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ត្រូវ​ចរចា​នយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ជាតិ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​ទី​២៤ តុលា ថា ការចរចា​នយោបាយ​ណាមួយ​នឹង​មិន​អាច​ធ្វើ​ទៅ​បានទេ ដោយសារតែ​លោក​ថា អ្នកនយោបាយ​ណា​ដែល​ត្រូវ​តុលាការ​កាត់ទោស​រួចហើយ ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជា​មុន​សិន មុន​នឹង​អាច​និយាយ​គ្នា​បាន៖ «ខ្ញុំ​មិន​ត្រូវ​ការ​ចរចា​ជាមួយ​អ្នកណា​ទាំងអស់​។ អ្នក​ដែល​ធ្វើ​ខុសច្បាប់ គឺ​មានតែ​តុលាការ​មួយ​គត់ ហើយ​អ្នក​ដែល​បាន​តុលាការ​កាត់ទោស​ហើយ ត្រូវ​មក​ជាប់គុក​សិន​។ បន្ទាប់ពី​ជាប់គុក​ហើយ អាហ្នឹង​ចាំ​និយាយ​គ្នា​។ អ្នកឯង​រួចផុត​ពី​គុក បង្កើត​បក្ស​នយោបាយ អាហ្នឹង​ជា​សិទ្ធិ​របស់​អ្នកឯង​។ អ៊ីចឹង​មនុស្ស​មួយ​ចំនួន​ថា រង់ចាំ​ដំណោះស្រាយ​នយោបាយ ខ្ញុំ​ប្រកាស​ថា អត់​មាន​។ ស៊ីសង​លើ​អា​សែន មិន​និយាយ​រក​ចុះ»

លោក ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុង​ពេល​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា​។ លោក​អះអាង​ទៀត​ថា លោក​អាច​រក​សន្តិភាព​ជូន​ពលរដ្ឋ​បាន តែ​មិន​អាច​រក​សន្តិភាព​ជូន​ក្រុម​អ្នកប្រឆាំង​បាន​ឡើយ ហើយ​ពួកគេ​ត្រូវតែ​ជាប់ពន្ធនាគារ ដោយសារតែ​របប​លោក​មិន​អាច​អត់ធ្មត់​បាន​ចំពោះ​ការរិះគន់ ឬ​ការប្រមាថ​របស់​ពួកគេ។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ជឿ​ថា លោក ហ៊ុន សែន មិន​ចង់​ចរចា​ទេ ព្រោះ​គាត់​ខ្លាច​វត្តមាន​គណបក្ស​ប្រឆាំង ដែល​ធ្វើ​ឱ្យ​គាត់​ចាញ់​ឆ្នោត បាត់បង់​អំណាច និង​មិន​អាច​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​បាន។ លោក​បញ្ជាក់​ថា សេចក្ដី​សម្រេច​របស់​តុលាការ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​ធ្វើតាម​បញ្ជា​របស់​លោក ហ៊ុន សែន៖ «វិបត្តិ​សេដ្ឋកិច្ច​ផង ជំងឺ​កូវីដ​១៩​ផង ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប ពី​សហគមន៍​អន្តរជាតិ​ហ្នឹង ហើយ​បញ្ហា​ទឹកជំនន់​ទៀត ដូច្នេះ​ឥលូវ​នេះ​រដ្ឋាភិបាល​គាត់​កំពុងតែ​ត្រដរ​ខ្យល់​។ ប្រសិនបើ​គាត់​នៅតែ​មិន​ព្រម​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ទេ ខ្ញុំ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​រង​គ្រោះ​ដោយសារ​ថ្ម​បាក់​ពី​លោក ហ៊ុន សែន​។ យើង​សោកស្ដាយ​ដែល​លោក ហ៊ុន សែន គាត់​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ​របស់​គាត់​ជាធំ មិន​គិត​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ»

ចៅក្រម​តុលាការ​កំពូល​ដែល​ជា​មន្ត្រី​ក្រោមបង្គាប់​របស់​លោក ហ៊ុន សែន ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុង​​ឆ្នាំ​២០១៧ ហើយ​បិទ​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​ប​ក្ស​ប្រឆាំង​ចំនួន​១១៨ រូប មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ​។ អវត្តមាន​បក្ស​ប្រឆាំង​ធំ​ជាងគេ​នេះ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប្រមូល​យក​អាសនៈ​សភា​ទាំងអស់​ចំនួន ១២៥​អាសនៈ មកកាន់​កាប់​តែម្នាក់​ឯង។ ទង្វើ​បែបនេះ បាន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ថ្កោលទោស​របប​ក្រុងភ្នំពេញ​យ៉ាង​ខ្លាំង រហូតដល់​ប្រទេស​ខ្លះ​សម្រេច​កាត់​ផ្តាច់​ជំនួយ និង​ដក​ការ​អនុគ្រោះ​ពន្ធ ពាណិជ្ជកម្ម​មួយ​ផ្នែក​ពី​កម្ពុជា។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ថ្វី​ដ្បិត​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ និង​សហគមន៍​អន្តរជាតិ​នៅតែ​ឱ្យ​តម្លៃ​ដល់​គណបក្ស​នេះ​ដដែល​។ លោក​ថា ការ​ចេញ​ចូល​ជួប​លោក កឹម សុខា ជា​ញឹកញាប់​ពី​សំណាក់​អង្គទូត​បរទេស ជា​ឧទាហរណ៍​យ៉ាង​ច្បាស់​ថា ពួកគេ​គាំទ្រ​ភាព​ត្រឹមត្រូវ​របស់​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​តាមដាន​ស្ថានការណ៍​រូប​នេះ​ជឿ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឱ្យ​ថ្នាក់ដឹកនាំ​នយោបាយ​ទាំងសងខាង​ត្រូវរ៉ូវ​គ្នា​វិញ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ ដូច្នេះ​អ្នកនយោបាយ​គួរ​គោរព​ឆន្ទៈ​ពលរដ្ឋ ជាង​គិតតែ​ពី​អំណាច និង​ប្រជាប្រិយភាព​របស់​ខ្លួន៖ «ប្រជាជន​កំពុងតែ​មានទុក្ខ​ផ្ទួនៗ​។ ទុក្ខ​ទី​មួយ គឺ​កូវីដ​១៩ ទី​ពីរ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ដែល​ធ្វើ​ឱ្យ​រោងចក្រ​មួយ​ចំនួន​ធំ​ត្រូវ​ផ្អាក​ការងារ​កម្មករ ហើយ​ទុក្ខ​ទី​បី គឺ​គ្រោះធម្មជាតិ​។ អ៊ីចឹង​ហើយ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឃើញ​អ្នកនយោបាយ​ខ្មែរ​វិល​រក​តុ​ចរចា ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ ដែល​កំពុង​កើតឡើង​ហ្នឹងឯង»

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នៅតែ​ចង់​ឱ្យ​របប​លោក ហ៊ុន សែន វិលត្រឡប់​មក​គោរព​សិទ្ធិមនុស្ស និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​ពាណិជ្ជកម្ម។ ជា​ឧទាហរណ៍ សហភាព​អឺរ៉ុប​បន្ត​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះស្រាយ​រឿង​សិទ្ធិមនុស្ស​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ ដើម្បី​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ដល់​កម្ពុជា​វិញ​។ ចំណែក សហរដ្ឋអាមេរិក​វិញ​បាន​ដាស់តឿន​របប​ក្រុងភ្នំពេញ​ជាច្រើនលើក​ឱ្យ​ងាក​មក​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​វិញ ព្រោះ​នេះ​ជា​គន្លឹះ​សំខាន់​នៃ​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃ​អនាគត។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​ជឿ​ថា ភាព​អត​ធ្មត់​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ មាន​ដែន​កំណត់ ដូច្នេះ​បើ​របប​លោក ហ៊ុន សែន មិន​ព្រម​កែ​លម្អ​ស្ថានភាព​យ៉ាប់យ៉ឺន​ទាំងនេះ​ទេ របប​នេះ​នឹង​រង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ទាំង​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ជា​លក្ខណៈ​បុគ្គល។

គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០២០ នេះ មាន​មន្ត្រី​ជាន់ខ្ពស់ និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ចំនួន​បី​រូប​ហើយ ដែល​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។ អ្នក​ទាំងនោះ រួមមាន​មេកង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀ​ង អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម និង​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​នៅ​ស្រុក​ខ្មែរ លោក ទ្រី ភាព។ សហរដ្ឋ​អាមេរិក​រក​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់ និង​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ទាំង​បី​នាក់​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ អំពើពុករលួយ ការ​កិបកេង​ទ្រព្យសម្បត្តិ​រដ្ឋ និង​ការរំលោភ​អំណាច ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល