វិធានការ​ទណ្ឌកម្ម​អន្តរជាតិ លើ​របប​លោក ហ៊ុន សែន ក្នុង​ឆ្នាំ ២០១៩

ដោយ មួង ណារ៉េត
2019-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​២០១៩ នេះ នៅតែ​មិន​បន្ធូរដៃ ក្នុង​ការ​ដាក់​សម្ពាធ​លើ​របប​ក្រុងភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​។ សម្ពាធ​ទាំងនេះ ខ្លះ​បាន​ចេញ​រូបរាង​ជា​ទណ្ឌកម្ម​លើ​មន្ត្រី​របប​នេះ និង​ខ្លះ​ទៀត កំពុងតែ​វិវឌ្ឍ​ទៅ​រក​ទម្រង់​នៃ​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​ផង។

របប​លោក ហ៊ុន សែន រង​ទណ្ឌកម្ម​ជាក់ស្ដែង​បន្ថែម​ទៀត ពី​សហគមន៍​អន្តរជាតិ ក្រោយ​របប​នេះ នៅតែ​មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ទៅ​តាម​ការ​ព្រមាន​ពី​សហគមន៍​អន្តរជាតិ ជាច្រើនលើក​ច្រើនគ្រា​មក​ហើយ​នោះ គឺ​ទណ្ឌកម្ម​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈ​ក្រសួង​រតនាគារ​របស់​ខ្លួន បាន​ដាក់​ទណ្ឌកម្ម​ទាំងនេះ។

ទណ្ឌកម្ម​បន្ថែម​ថ្មី​មួយទៀត និង​ចុងក្រោយ​គេ​បំផុត​នោះ គឺ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​ក្រសួង​រតនាគារ​របស់​ខ្លួន ដែល​បង្កក​ទ្រព្យសម្បត្តិ​មនុស្ស​ជំនិត​លោក ហ៊ុន សែន​ពីររូប គឺ​លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ជាង ១០ និង​ឧត្ដមសេនីយ៍​យោធា​ជាន់ខ្ពស់​នៃ​របប​លោក ហ៊ុន សែន គឺ​លោក គន់ គីម។

ទណ្ឌកម្ម​ដែល​ដាក់​ដោយ​មិន​ចាំបាច់​ឆ្លង​ឆ្នាំ ២០១៩ ផុត​ទាន់​នេះ គឺ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី៩ ខែ​ធ្នូ ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក អនុវត្ត​ច្បាប់​ដាក់ទណ្ឌកម្ម​ជា​សាកល ដឹ គ្លោប៊ល ម៉ែកនីតស្គី (the Global Magnitsky Act)

ផ្អែក​តាម​ក្រសួង​រតនាគារ​ជាតិ​អាមេរិក លោក ទ្រី ភាព និង​លោក គន់ គីម គឺជា​បុគ្គល​ទទួលខុសត្រូវ និង​ប្រព្រឹត្តិ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ក្នុង​អំពើពុករលួយ រួមមាន​អំពើ​កិបកេង​ទ្រព្យសម្បត្តិ​ជាតិ ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ឯកជន​មក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ការប្រព្រឹត្តិ​អំពើពុករលួយ ទាក់ទង​នឹង​ការអនុវត្ត​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល អំពើ​កេងប្រវ័ញ្ច​លើ​ធនធានធម្មជាតិ ឬ​អំពើ​សូកប៉ាន់​ជាដើម។

ក្រសួង​រតនាគារជាតិ​អាមេរិក ថា​លោក ទ្រី ភាព បាន​ប្រើប្រាស់​ខ្សែ​បណ្ដាញ​ដ៏​ប្រទាក់​ក្រឡា របស់​លោក​នៅ​កម្ពុជា ដើម្បី​បង្កើត​អាជីវកម្ម​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​បាន​ពឹងផ្អែក​ទៅលើ​អំពើ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ទទួល​បាន​កិច្ច​គាំពារ​ពី​រដ្ឋាភិបាល និង​មន្ត្រី​យោធា ដើម្បី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​របស់​លោក​។ លោក ទ្រី ភាព ក៏បាន​ប្រើប្រាស់​ខ្សែ​យោធា ដើម្បី​ឱ្យ​លោក​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ហ៊ុប យក​ទៅ​លក់​ឱ្យ​ប្រទេស​វៀតណាម ចិន អឺរ៉ុប និង​រុស្ស៊ី ជាដើម។

វិធានការ​ទណ្ឌកម្ម​ធំ​មួយទៀត ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ​ទាំងមូល គឺ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​ទំនិញ​ទូទៅ លើកលែងតែ​សព្វាវុធ (Everything But Arms EBA) របស់​សហភាព​អឺរ៉ុប ដែល​គណៈកម្មការ​អឺរ៉ុប ចាប់ផ្ដើម​នីតិវិធី​ត្រួតពិនិត្យ និង​វាយតម្លៃ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាល​ពី​ដើម​ឆ្នាំ ២០១៩​។ នីតិវិធី​នេះ បាន​ឈាន​ចូល​ដំណាក់កាល​ចុងក្រោយ ដែល​នៅសល់​ជាង​មួយ​ខែ​ទៀត​ទេ គណៈកម្មការ​អឺរ៉ុប នឹង​ចេញ​សេចក្ដី​សម្រេច​ចុងក្រោយ​មួយ អំពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ ២០២០។

បើ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA នេះ កម្ពុជា​ប្រឈម​នឹង​ការ​បង់​ការ​អនុគ្រោះ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៧០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ និង​ប៉ះពាល់​ដល់​ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប ដែល​មាន​ទឹកប្រាក់​ជិត ៧ ពាន់​លាន​ដុល្លារ (,៩៤ ពាន់​លាន​ដុល្លារ ឬ ៥,៣ ពាន់​លាន​អឺរ៉ូ​) ក្នុង​មួយ​ឆ្នាំ​។ ជាងនេះទៅទៀត ការ​បាត់​ការ​អនុគ្រោះ​នេះ នឹង​អាច​ប៉ះពាល់​ដល់​កម្មករ​រោងចក្រ​រាប់សែន​នាក់ ដោយ​មិនទាន់​រាប់បញ្ចូល​ទាំង​ពលរដ្ឋ​ជាច្រើន​លាន​នាក់​ទៀត ដែល​រង​ផល​ប៉ះពាល់​ដោយ​ប្រយោល និង​ដោយ​ផ្ទាល់​ពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ។

នីតិវិធី​នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ ធ្វើឡើង​ក្រោយ​សហភាព​អឺរ៉ុប បាន​ថ្កោលទោស​របប​ក្រុងភ្នំពេញ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ និង​ព្រមាន​ឱ្យ​របប​នេះ ស្តារ​ស្ថានភាព​អាក្រក់​នេះ​ឡើងវិញ​។ ប៉ុន្តែ របប​ក្រុងភ្នំពេញ នៅតែ​មិន​ព្រម​ធ្វើតាម​សហភាព​អឺរ៉ុប ដោយសារ​សម្អាង​ថា ការ​ធ្វើ​ដូច្នេះ នាំ​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ និង​ឯករាជ្យ។

ប៉ុន្តែ អ្នកវិភាគ និង​អ្នកឃ្លាំមើល​សង្គម យល់​ថា ការ​គ្រាន់តែ​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA នេះ មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ និង​ឯករាជ្យ​របស់​ខ្លួន​ឡើយ ព្រោះ​កម្ពុជា​បាន​យល់ព្រម​គោរព​តាម​ការ​លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ តាំងពី​ដំបូង​មក​ម្ល៉េះ។

ជាង​នេះ​ទៅ​ទៀត តាំងពី​កម្ពុជា​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​មិន​ដែល​ចាំបាច់ ត្រូវ​យក​អធិបតេយ្យ និង​ឯករាជ្យ​ទៅ​ដោះដូរ​ជាមួយ​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នេះ​នោះ​ទេ ព្រោះ​សហភាព​អឺរ៉ុប មិនដែល​បង្គាប់​ឱ្យ​កម្ពុជា​ធ្វើ​ដូច្នេះ​នោះ​ទេ​។ ពួកគាត់ លើកឡើង​ថា ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​នៅ​ពេល​នេះ គឺ​គ្រាន់តែ​តម្រូវ​ឱ្យ​កម្ពុជា ងាក​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​វិញ ដោយសារតែ​កម្ពុជា ដើរ​ប្រាសចាក​ឆ្ងាយ​ពី​គន្លង​នេះ ក្រោយ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​បន្ត​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ និង​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​ជាដើម​។ បើ​កម្ពុជា​អាច​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ក៏​កម្ពុជា​គ្មាន​រង​ទណ្ឌកម្ម​បែបនេះ​នោះ​ដែរ។

ចំណែក​ឯ​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ឯណោះ កាល​ពី​ដើម​ឆ្នាំ ២០១៩ ក៏​ផ្ដួចផ្ដើម​ស្នើ​ច្បាប់​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ the Generalized System of Preferences GSP របស់​សហរដ្ឋអាមេរិក​។ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP នេះ កម្ពុជា​នាំ​ចេញ​ទំនិញ​ចេញ​សហរដ្ឋអាមេរិក ដោយ​ឥត​បង់ពន្ធ គិត​ជា​ទឹកប្រាក់​ជាង ១៨០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។សមាជិកសភា​មកពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក អាឡាន់ ឡូវែនថល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត្រ (Steve Chabot) ពី​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ស្នើ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩ (​the Cambodia Democracy Act of 2019) ដោយសារតែ​របប​លោក លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នេះ។

សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក ថិ​ត គ្រូ​ស (TED Cruz) និង លោក គ្រីស ឃូស៍ (Chris Coons) ឯណោះ កាល​ពី​ដើម​ឆ្នាំ ២០១៩​ដែរ ក៏បាន​ដាក់​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩ នេះ​ដែរ​។ សេចក្តី​ស្នើ​ច្បាប់​នេះ កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​គណៈកម្មាធិការ​រដ្ឋសភា និង​ព្រឹទ្ធសភា។

បន្ថែម​លើ​វិធានការ​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​នេះ សភា​អាមេរិក កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​រួចហើយ លើ​សេចក្ដី​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នេះ​ដែរ​។ ច្បាប់​នោះ​មាន​ឈ្មោះថា ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ the Cambodia Democracy Act of 2019 H.R.526

ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្ដី​ស្នើ​ច្បាប់​នេះ ជំរុញ​ឱ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ លើកស្ទួយ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ និង​ស្ដារ​ការ​គោរព​សិទ្ធិមនុស្ស នៅ​កម្ពុជា​។ ច្បាប់​នេះ ស្នើ​ឡើង​ដើម្បី​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​លោក និង​ជន​ឯទៀត ដោយ​ទីមួយ​បិទ​ទិដ្ឋាការ ដោយ​មិន​ឱ្យ​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​ពីរ បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ ហើយ​ហាមឃាត់​ជនជាតិ​អាមេរិក និង​ក្រុមហ៊ុន​អាមេរិក​ទាំងអស់ មិន​ឱ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ជន​ទាំងនោះ។

ច្បាប់​នេះ​បាន​ដល់ដៃ​គណៈកម្មការ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ មុននឹង​ដាក់​ឱ្យ​ព្រឹទ្ធសភា​អនុម័ត មុន​បញ្ជូន​ទៅ​ប្រធានាធិបតេយ្យ​អាមេរិក ចុះហត្ថលេខា ប្រកាស​ឱ្យ​ចូល​ជា​ធរមាន​។

សមាជិកសភា​អាមេរិក លោក ថិត យ៉ូហូ (Ted Yoho) ដែល​ជា​អ្នក​ផ្តិតផ្តូង​ស្នើ​ច្បាប់​នេះ ធ្លាប់​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ថា ច្បាប់​នេះ​នឹងត្រូវ​ព្រឹទ្ធសភា​អនុម័ត ដោយ​គ្មាន​ជំទាស់ ឬ​អល់អែក​អ្វី​នោះ​ឡើយ​។ លោក​រំពឹង​ថា​នៅ ០៦​ខែ មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន។

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក ធ្វើ​ឡើង​នៅ​ខែ វិច្ឆិកា ឆ្នាំ​២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល