សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សម្រេច​គោលដៅ​បន្ត​ដំណើរ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង

ដោយ យន់ សាមៀន
2019-09-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំកិច្ចប្រជុំ ប្រចាំឆ្នាំ កាលពីដើមខែកញ្ញា ឆ្នាំ ២០១៩។
មេដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមដឹកនាំកិច្ចប្រជុំ ប្រចាំឆ្នាំ កាលពីដើមខែកញ្ញា ឆ្នាំ ២០១៩។
Photo: RFA

សមាជិក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានសម្រេច​លើកកម្ពស់​ការ​យល់​ដឹង និង​តស៊ូ​មតិ​ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​របស់​ជនជាតិ​ខ្មែរ​ក្រោម ដែល​កំពុង​រស់នៅ​ក្រោម​អាណានិគម​របស់​វៀតណាម​។ តើ​សហព័ន្ធ​ខ្មែរ​ក្រោម​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ដើម្បី​សម្រេច​យុទ្ធនាការ​នេះ ទៅ​ថ្ងៃ​អនាគត?

មន្ត្រី​ជាន់ខ្ពស់​សហព័ន្ធ​ខ្មែរ​ក្រោម ឱ្យ​ដឹង​ថា សហព័ន្ធ​សម្រេច​ជ្រើស​រើស​យក​វិធានការ​ដាក់​សំពាធ​អន្តរជាតិ​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម និង​ដក​បទពិសោធន៍​ពី​ប្រទេស​មួយ​ចំនួន​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​ដើម្បី តស៊ូ​ដោយ​អហិង្សា ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត។ សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​កាលពីដើម​ខែ​កញ្ញា ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង​ឡាសវើហ្វាស រដ្ឋ​ណេវាដា (Nevada) ដែល​មាន​តំណាង​ពលរដ្ឋ​ខ្មែរ​ក្រោម មកពី​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ចូលរួម។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៧ កញ្ញា​ថា សហព័ន្ធ​កំពុង​បញ្ជូន​បេសកកម្ម​ជន​ពិសេស​ទៅ​សិក្សា​បទ​ពិសោធន៍​សំខាន់ៗ​ ពី​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស (East Timor) ដែល​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ២០០២​។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩០​មក មាន​ប្រទេស​ជាង ៣០​ហើយ ​ដែល​ទទួល​បាន​ឯករាជ្យ​ និង​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង។ ដូច្នោះ​លោក ប្រាក់ សេរីវុឌ្ឍ ថា លោក​នៅ​តែ​មាន​សង្ឃឹម​ចំពោះ​វាសនា​ខ្មែរ​ក្រោម៖ «ចំណុច​សំខាន់​ទី​មួយ​គឺ​យើង​សិក្សា​ស្រាវជ្រាវ​ពី​សិទ្ធិ​ក្នុង​ការ​សម្រេច​វាសនា​ដោយ​ខ្លួនឯង​អំពី​ជនជាតិ​ដទៃ​ក្នុង​ពិភពលោក​ដែល​គេ​ទាមទារ​បាន​សេរីភាព អ្នកខ្លះ​បាន​ស្វ័យភាព អ្នក​ខ្លះ​ទៀត​ឯករាជ្យ​។ យើង​នឹង​ខំ​ទាក់ទង​គេ​ដើម្បី​ស្រាវជ្រាវ​ផ្ទាល់​នៅ​លើ​ទឹកដី​របស់​គេ​ហ្នឹង»

លោក ប្រាក់ សេរីវុឌ្ឍ បន្ត​ទៀត​ថា វៀតណាម​ត្រូវតែ​គោរព​ច្បាប់​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ផ្ដល់​សេចក្ដី​សម្រេចចិត្ត​ដល់​ជនជាតិ​ដើម សម្រេច​វាសនា​ដោយ​ខ្លួនឯង​។ លោក​ថា សហព័ន្ធ​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​តស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ដើម្បី ដាក់​គំរាម​ឱ្យ​វៀតណាម​ទទួល​ស្គាល់​ថា ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម៖ «ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ច្រើន​ពីព្រោះ​ស្ថាន​ការ​អន្តរជាតិ វិបត្តិ​ផ្ទៃក្នុង​គណបក្ស​កុម្មុយនិស្ត​វៀតណាម​និង​ឥទ្ធិពល នៃ​មហាអំណាច​ហ្នឹង​ដាក់​សំពាធ​ទៅលើ​ប្រទេស​វៀតណាម ដោយសារតែ​វៀតណាម​ធ្វើ​ខុស​ច្រើន​ទៅ​នឹង​លក្ខខណ្ឌ​នៃ​អំណោយ​អន្តរជាតិ និង​សហរដ្ឋអាមេរិក»

ខ្មែរ​កម្ពុជា​ក្រោម​នៅ​លើ​ពិភពលោក បាន​ប្រារព្ធ​ខួប ៧០​ឆ្នាំ នៃ​ការបាត់បង់​នៃ​ទឹកដី​ខ្មែរ​ក្រោម​កាលពីដើម​ខែ​មិថុនា​កន្លង​ទៅ។ អាណានិគម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​ខួប ៧០​ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹកដី​នេះ ដើម្បី​ធ្វើជា​យុទ្ធនាការ​មួយ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ស្រែក​ឃ្លាន សិទ្ធិ សេរីភាព ផ្នែក​សាសនា អក្សរសាស្ត្រ ជំនឿ និង​ប្រពៃណី។ ចាប់តាំង​ពី​បាន​សិទ្ធិ​គ្រប់គ្រង​ពី​បារាំង​មក វៀតណាម​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​បំបាត់​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ទំនៀមទម្លាប់​ខ្មែរ។ វៀតណាម​ក៏បាន​ធ្វើទុក្ខបុកម្នេញ​ចាប់ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ដាក់​ពន្ធនាគារ ដើម្បី​កុំ​ឱ្យ​ងើប​ប្រឆាំង​ការ​តវ៉ា​សិទ្ធិ​ជា​ជនជាតិ​ដើមកំណើត។ មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​រយ​នាក់​កំពុង​ពួន​លាក់ខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ នៅ​ប្រទេស​ទី​បី ក្រោយ​ពួកគេ​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

ជុំវិញ​យុទ្ធនាការ​ទាមទារ​ឱ្យ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួនឯង​នេះ គណបក្ស​​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះជាតិ ក៏​បាន​គាំទ្រ​យុទ្ធនាការ​នេះ​ដែរ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា បើ​គណបក្ស សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​កាន់កាប់​រដ្ឋាភិបាល នៅតែ​ទាមទារ​ឱ្យ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ទាមទារ​ឱ្យ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ប្រគល់​ទឹកដី​ខ្មែរ​ក្រោម​មក​ឱ្យ​កម្ពុជា​ត្រួតត្រា​វិញ។

ទោះ​បី​យ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា បាន​អំណាច​ពី​រដ្ឋាភិបាល​វៀតណាម​នោះ ហើយ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ឯកបក្ស បង្កើត​ឡើង​ដោយ​ព្រឹត្តិការណ៍​​បោះឆ្នោត​ក្លែងក្លាយ កាលពី​ខែ​កក្កដា ឆ្នាំ២០១៨ នោះ មិន​គាំទ្រ​យុទ្ធនាការ ខ្មែរ​ក្រោម​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​នោះ​ទេ។ មន្ត្រី​នាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ចំអក​ថា ការ​ចង់​បាន​ទឹកដី​ខ្មែរ​ក្រោម​ពី​វៀតណាម​វិញ ជា​ការ​យល់សប្ដិ​តែប៉ុណ្ណោះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ចំអក​ថា លោក​នឹង​ផ្ដល់​ក្ដារមឈូស ដោយ​ឥត​គិត​ប្រាក់​ទៅ​ឱ្យ​ជន​ណា​ដែល​ចង់​ទាមទារ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​មកវិញ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ បន្ថែម​ទៀត​ថា សហព័ន្ធ​ក៏​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម រស់​នៅ​លើ​ទឹកដី​កំណើត​ត្រូវ​ចេះ​តស៊ូ​មតិ​ដោយ​អហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម ប្រសិនបើ​វៀតណាម​ធ្វើទុក្ខបុកម្នេញ​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ពួកគេ។ លោក​ឱ្យ​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ឱកាស​ទៅលេង​ស្រុកកំណើត ហើយ​ដឹង​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ​ក្រោម ពី​សំណាក់​អាជ្ញាធរ​វៀតណាម ត្រូវតែ​និយាយ​ប្រាប់​រដ្ឋាភិបាល​ប្រទេស​សេរី​ដែល​ពួកគេ​រស់នៅ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ទាំងនោះ​ដឹង​ទង្វើ​អាក្រក់​របស់​វៀតណាម។

ក្រៅពី​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ទាមទារ​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង​របស់​ជនជាតិ​ខ្មែរ​ក្រោម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​សម្រេច ពង្រីក និង​ពង្រឹង​សមត្ថភាព​សាខា​សហព័ន្ធ​បន្ថែម​ទៀត ហើយ​គ្រោង​នឹង​រៀបចំ​មហាសន្និបាត​ពិភពលោក​ឆ្នាំ​២០២០ នៅ​រដ្ឋ​វ៉ាស៊ីនតោន ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល