តុលាការ​ខេត្ត​កណ្ដាល​ បញ្ចប់​​នីតិវិធី​ស៊ើបសួរ​​​​សកម្មជន​បក្ស​ប្រឆាំង​​ កំពុង​នៅ​ក្រៅ​ឃុំ​ទាំង​​ ៤​នាក់

ដោយ ហេង រស្មី
2020-02-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(រាប់​ពី​ខាង​ឆ្វេង) ទី១ លោក ឈុន ថៃ ហៅ​ ឈុន​ ថៃ​យុទ្ធ ជំទប់​ទី១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ (ទី២) លោក លី ម៉េងឃៀង ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ស្អាង (ទី៣) លោក ផុន សុភា សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើ​ខ្មៅ ស្រុក​កោះ​ធំ (ទី៤) លោក លី លីន មេឃុំ​​​​​​ជាប់​ឆ្នោត ឃុំ​សំរោង ស្រុក​កៀន​ស្វាយ  ខេត្ត​កណ្ដាល។
(រាប់​ពី​ខាង​ឆ្វេង) ទី១ លោក ឈុន ថៃ ហៅ​ ឈុន​ ថៃ​យុទ្ធ ជំទប់​ទី១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ (ទី២) លោក លី ម៉េងឃៀង ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ស្អាង (ទី៣) លោក ផុន សុភា សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើ​ខ្មៅ ស្រុក​កោះ​ធំ (ទី៤) លោក លី លីន មេឃុំ​​​​​​ជាប់​ឆ្នោត ឃុំ​សំរោង ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។
រូប៖ ហ្វេសប៊ុក

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខេត្ត​កណ្ដាល ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​​ចោល​បទ​ចោទ​​​ប្រឆាំង​ពួកគេ​ទាំង​ ៤​នាក់​ ក្រោយ​ពេល​​​ចៅក្រម​ស៊ើបសួរ​ បាន​បញ្ចប់​​នីតិវិធី​ស៊ើបសួរ​​ច្រើន​ខែ​មក​ហើយ តែ​មិន​​ទាន់​បន្ត​នីតិវិធី​ថា តើ​ត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំ​ជម្រះ ឬ​ទម្លាក់​ចោល​បទ​ចោទ។

សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ ឲ្យ​ដឹង​ថា ពួកគេ​​កំពុង​រង់ចាំ​នីតិវិធី​បន្ត​របស់​សាលា​ដំបូង​ខេត្ត​​កណ្ដាល ប៉ុន្តែ​សង្ឃឹម​ថា ចៅក្រម​ស៊ើបសួរ​ នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ រួម​គំនិត​ក្បត់​ ឬ​ញុះញង់​ ដែល​បាន​ចោទ​ប្រកាន់​កន្លង​មក។

សកម្មជន​ម្នាក់ ក្នុង​ចំណោម​ ៤នាក់ គឺ​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ស្អាង លោក លី ម៉េងឃៀង​ និយាយ​ថា លោក​ទទូច​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ​នេះ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ។ លោក​ថា លោក​ជា​ជន​រង​គ្រោះ នៃ​បទ​ចោទ​នេះ ដោយសារ​នគរបាល​ស្រុក​ស្អាង បញ្ឆោត​ហៅ​លោក​ទៅ​សួរ​សុខ​ទុក្ខ រួច​ចាប់​ខ្លួន ចោទ​ប្រកាន់​យក​តែ​ម្ដង។ លោក​ ទាមទារ​ឲ្យ​តុលាការ​ សង​ភាព​ស្អាត​ស្អំ​មក​វិញ ដោយ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់៖ «លោក​ចៅក្រម​គាត់​​បញ្ចប់​ការ​ស៊ើបសួរ ខ្ញុំ​នៅ​តែ​ស្នើ​សុំ​ ថា លើកលែង​ការ​ចោទ​ប្រកាន់ ឲ្យ​ខ្ញុំ​មាន​សេរីភាព​ពេញ​លេញ​ គ្រប់គ្រាន់​ ព្រោះ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ វា​អត់​ពិត ហើយ​ការ​គេ​​ចាប់​ខ្លួន​​​ខ្ញុំ​ហ្នឹង គឺ​គេ​ទៅ​ចាប់​ទាំង​បំពាន​ អត់​មាន​ដីកា បាទ​! អត់​មាន​ដីកា​ចាប់​ខ្លួន​ទេ ហើយ​អ្វី​ដែល​ចម្លែក​ចំពោះ​ខ្លួន​ខ្ញុំ​មួយ គឺ​គេ​មិន​បាន​ចាប់​ខ្លួន​ខ្ញុំ​ទេ គឺ​គេ​បោក​ខ្ញុំ ដើម្បី​យក​ទៅ​ឃុំ​ខ្លួន​។ បាទ! ខ្ញុំ​នៅ​តែ​ប្រើ​ពាក្យ​ថា គេ​ទៅ​បោក​ខ្ញុំ ដើម្បី​យក​ទៅ​ឃុំ​ខ្លួន»។

ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលា​ដំបូង​​ខេត្ត​កណ្ដាល លោក ហុក វ៉ាន់ធីណា បាន​ចោទ​ លោក លី ម៉េងឃៀង ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ ហើយ​បាន​​ចេញ​លិខិត​ជូន​ដំណឹង​ពី​ការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ កាល​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា​ ឆ្នាំ​២០១៩។ ជាង​ ៣​ខែ​​មក​ហើយ ចៅក្រម​ស៊ើបសួរ មិន​ទាន់​ជូន​ដំណឹង​អំពី​នីតិវិធី​បន្ត​នៅ​ឡើយ​ទេ។

ចំណែក​សកម្មជន​​បក្ស​ប្រឆាំង នៅ​ខេត្ត​កណ្ដាល​​ ចំនួន​ ៣​នាក់​ទៀត ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ឃុំ​ដែរ​នោះ មាន​​មេឃុំ​​​​​​ជាប់​ឆ្នោត ឃុំ​សំរោង ស្រុក​កៀន​ស្វាយ លោក លី លីន ជំទប់​ទី១ ជាប់​ឆ្នោត​នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ លោក ឈុន ថៃ ហៅ​ ឈុន​ ថៃ​យុទ្ធ និង​សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើខ្មៅ ស្រុក​កោះ​ធំ លោក​ ផុន សុភា។

លោក លី លីន​ ដែល​រង​បទ​ចោទ ​​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដូច លោក លី ម៉េងឃៀង ​ក៏​ត្រូវ​បាន​ប្រធាន​តុលាការ ​លោក ហុក វ៉ាន់ធីណា បញ្ចប់​ការ​ស៊ើបសួរ កាល​ពី​ថ្ងៃ​​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៩ ​ដែរ។ ចំណែក​លោក ឈុន ថៃ​យុទ្ធ ត្រូវ​ចៅក្រម​ស៊ើបសួរ​ លោក​ ហុក វ៉ាន់​ធីណា ដដែល​ បញ្ចប់​ការ​ស៊ើប​សួរ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ២០១៩ ក្នុង​បទ​ចោទ រួម​គំនិត​ក្បត់ និង​សកម្មជន​​បក្ស​ប្រឆាំង ឃុំ​ឈើខ្មៅ ស្រុក​កោះ​ធំ លោក​ ផុន សុភា ​គឺ​ត្រូវ​ចៅក្រម​ស៊ើបសួរ លោក​ ជួន វណ្ណៈ ​​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៩ ក្នុង​បទ​ចោទ​ដូច​គ្នា។

មន្ត្រី​​មូលដ្ឋាន​នៃ​បក្ស​ប្រឆាំង ៣នាក់ គឺ​លោក លី ម៉េងឃៀង ឈុន​ ថៃ​ និង​ លី លីន បាន​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​សុំ​ទម្លាក់​បទ​ចោទ​ តែ​​​ចៅក្រម​សាលា​ឧទ្ធរណ៍​បដិសេធ ដោយ​តម្កល់​សេចក្ដី​សម្រេច​​របស់​សាលា​ដំបូង​ខេត្ត​កណ្ដាល​ឱ្យ​នៅ​ដដែល។

លោក​​មេធាវី សំ សុគង់ ពន្យល់​ថា ករណី​ជន​ជាប់​ចោទ​នៅ​ក្រៅ​ឃុំ ចៅក្រម​ស៊ើបសួរ មាន​សិទ្ធិ ​មិន​កំណត់​រយៈ​ពេល ក្នុង​ការ​បន្ត​នីតិវិធី​បន្ត​។ ​ថ្វី​បើ​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មិន​បាន​កំណត់​ពេល​វេលា​យូរ ឬ​ឆាប់ បែប​នេះ​ក៏​ដោយ​ចុះ ក៏​លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍​ថា កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ ដែល​កម្ពុជា​ទទួល​យក​ជា​ច្បាប់​កម្ពុជា​ហើយ​នោះ តម្រូវ​ឲ្យ​ចៅក្រម​ស៊ើបសួរ បន្ត​នីតិវិធី​ឲ្យ​លឿន មិន​ត្រូវ​អូស​បន្លាយ​ពេល​វេលា​តាម​អំពើ​ចិត្ត​នោះ​ទេ៖ «បើ​យើង​និយាយ​អំពី​គោលការណ៍​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​កតិកាសញ្ញា​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ គឺ​តុលាការ​នៅ​ពេល​ដែល​បិទ​ការ​ស៊ើបសួរ ហើយ​ពន្យារ​ពេល​ការ​បើក​សវនាការ ដល់​បុគ្គល​ពួកគាត់​ហ្នឹង គឺ​ការ​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ​ហ្នឹង យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​នៅ​កំឡុង​ពេល​នេះ គឺ​គោលការណ៍​ច្បាប់​នេះ គឺ​គាត់​ត្រូវ​តែ​ទទួល​បាន​សវនាការ​មួយ ឲ្យ​បាន​លឿន ហើយ​ទាន់​ពេល​វេលា​ ហើយ​និង​ចៅក្រម​មួយ យុត្តិធម៌ និង​អត់​លំអៀង​»។

ប្រធាន​លេខាធិការដ្ឋាន និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក​ សូ សារិន ឲ្យ​ដឹង​ថា ករណី​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ តែ​លោក​មិន​ដឹង​ថា ចៅក្រម​ស៊ើបសួរ នឹង​បន្ត​នីតិវិធី​​ដល់​ណា​ហើយ ឬ​នឹង​សម្រេច​បែប​ណា​ទេ៖ «ដោយសារ​ករណី​នេះ នៅ​ជា​សមត្ថកិច្ច​របស់​ចៅក្រម​ជំនុំ​ជម្រះ​ នៅ​ពេល​ដែល​បិទ​ការ​ស៊ើបសួរ​ណា​បង។ អ៊ីចឹង​ ទាល់​តែ​ខ្ញុំ​ពិនិត្យ​មើល​​ទៅ​ ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​ តើ​គាត់​ចាត់​ការ​ដល់​ណា ពីព្រោះ​អ្វី​ សួរ​ខ្ញុំ ក៏​ខ្ញុំ​អត់​អាច​ឆ្លើយ​បាន​ទេ ដោយសារ​យើង​ត្រូវ​ពិនិត្យ​មើល​ជាក់​ស្ដែង​ណា​បង»។

របប​ក្រុង​ភ្នំពេញ បាន​បើក​យុទ្ធនាការ​​ចាប់​ខ្លួន​​សកម្មជន​បក្ស​ប្រឆាំង ជិត​១០០​នាក់​ កាល​ពី​​ឆ្នាំ​២០១៩ ដើម្បី​រារាំង​​សកម្មជន​ទាំង​នោះ មិន​ឲ្យ​មាន​លទ្ធភាព​ប្រមូល​ពលរដ្ឋ ទៅ​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី។ ប៉ូលិស និង​តុលាការ បាន​ចោទ សកម្មជន​ទាំង​នោះ​​ថា បាន​រួម​គំនិត​ជាមួយ​លោក សម រង្ស៊ី មាន​បំណង​បំផុស​ពលរដ្ឋ​ឲ្យ​ប្រឆាំង​របប​ក្រុង​ភ្នំពេញ។

ប៉ុន្តែ​ក្រោយ​អាជ្ញាធរ​​ក្រុង​ភ្នំពេញ​ប្រកាស​ថា ផែនការ​របស់​លោក សម រង្ស៊ី បរាជ័យ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បង្គាប់​ឲ្យ​សម្របសម្រួល​ដោះលែង​សកម្មជន​ជាង ​៧០​នាក់​ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ហើយ​ថា ស្រេច​លើ​តុលាការ​ក្នុង​ការ​អនុវត្ត​នីតិវិធី​បន្ត។

អ្នក​នាំ​ពាក្យ​សមាគម​​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែន​ករុណា ជំរុញ​ឲ្យ​​មន្ត្រី​តុលាការ ​ទម្លាក់​​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់ ដើម្បី​ឱ្យ​ពួក​គេ​សេរីភាព​ពេញលេញ៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល