អ្នកវិភាគ​ថា ដំណើរការ​ក្តី និង​យុត្តិធម៌​សម្រាប់​លោក កឹម សុខា អាស្រ័យ​លើ​លោក ហ៊ុន សែន

ដោយ វ៉ែន សុមេធ
2020-07-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Chantha Muth

អ្នកវិភាគ​នយោបាយ​យល់ឃើញ​ស្របគ្នា​ថា ដំណើរការ​ក្តី និង​យុត្តិធម៌​សម្រាប់​លោក កឹម សុខា អាស្រ័យ​លើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​នៅ​កម្ពុជា​លែង​មាន​តុល្យភាព​អំណាច​រវាង​សភា រដ្ឋាភិបាល និង​តុលាការ​តទៅ​ទៀត​ហើយ​។ អ្នកវិភាគ​មើល​ឃើញ​ទៀត​ថា លោក ហ៊ុន សែន កំពុង​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​បំបែក​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ផ្អឹប​សំណុំរឿង​លោក កឹម សុខា ទុក ហើយ​បញ្ចេញ​ខ្សែអាត់​សំឡេង​ចាស់ៗ​មួយ​ចំនួន ដើម្បី​បង្កើត​ការ​មិន​ទុកចិត្ត​គ្នា​ក្នុង​ចំណោម​អ្នកគាំទ្រ​បក្ស​ប្រឆាំង។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ដំណើរការ​ក្តី​លោក កឹម សុខា មាន​ការ​ផុសផុល​ខ្លាំង​កាលពី​ប៉ុន្មាន​ខែ​មុន ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​ចង់​បង្ហាញ​ឱ្យ​សហភាព​អឺរ៉ុប​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ទាំងស្រុង​ដល់​កម្ពុជា​បន្ត​ទៀត​។ ម្យ៉ាងវិញទៀត ការ​ពន្លឿន​រឿង​ក្តី​នៅ​ពេល​នោះ គឺ​ដើម្បី​ងាយស្រួល​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ចិត្ត​ថា តើ​ត្រូវ​លើកលែងទោស​ឱ្យ​លោក កឹម សុខា ឬមួយ​មាន​សេណារីយ៉ូ​ផ្សេង​ទៀត។

ទោះជា​យ៉ាងណា អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ មើល​ឃើញ​ថា នៅ​ពេល​ជំងឺ​កូវីដ​-១៩ ផ្ទុះឡើង ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បាន​ជាប់រវល់​នឹង​ការ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​រៀងៗ​ខ្លួន ធ្វើ​ឱ្យ​ដំណើរ​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពន្យារ​ពេល ដូច្នេះ​ការ​ជម្រះ​ក្តី​លោក កឹម សុខា ក៏​ត្រូវ​អូស​បន្លាយ​តាម​នោះ​ដែរ​។ ជាពិសេស លោក​ជឿ​ថា រដ្ឋាភិបាល​ទំនងជា​យល់ថា ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មិន​ប៉ះពាល់​ខ្លាំង ទើប​បាន​ជា​រដ្ឋាភិបាល​មិន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​សហភាព​អឺរ៉ុប៖ «នាយករដ្ឋមន្ត្រី​គាត់​តែងតែ​លើកឡើង អ្វី​ដែល​គាត់​លើកឡើង​គឺជា​កិច្ចការ​មួយ​ដែល​តុលាការ​មិន​អាច​មាន​អ្វី​ប្រឆាំង​ទេ ហើយ​យន្តការ​នៃ​អង្គ​នីតិប្រតិបត្តិ តុលាការ និង​នីតិប្បញ្ញត្តិ​ហ្នឹង គឺ​វា​អត់​មាន​តុល្យភាព​អំណាច (Check and Balance) គ្នា​កើត​ទេ ខ្ញុំ​មើល​ទៅ​។ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​នៅតែ​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​ដទៃ​ទៀត​ដដែល​ទេ»

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​ជំនុំជម្រះ​ក្តី​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល កាលពី​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ​២០២០​។ សវនាការ​ធ្វើ​ឡើង​ជាប្រចាំ​រៀងរាល់​សប្ដាហ៍ តែ​មក​ដល់​ចុង​ខែ​មីនា ចៅក្រម​ក៏បាន​ប្រកាស​ផ្អាក​ការ​ជម្រះ​ក្តី​នេះ​វិញ តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​បន្ទប់​សវនាការ។

ទោះជា​យ៉ាងណា នៅ​ពេល​ស្ថានភាព​កូវីដ​-១៩ ហាក់​បាន​ធូរស្បើយ​ហើយក៏​ដោយ ក៏​តុលាការ​មិន​បាន​ប្រញាប់ប្រញាល់​លើក​រឿង​នេះ​មក​ជម្រះ​ឡើងវិញ​នោះ​ដែរ។

អាស៊ីសេរី​បាន​ទាក់ទង​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ មិន​បាន​ទេ នៅ​ថ្ងៃ​ទី​០៥ កក្កដា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល។

ស្រប​ពេល​ដំណើរការ​ក្តី​លោក កឹម សុខា ហាក់​ស្ងប់ស្ងាត់ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន បាន​ចាប់ផ្ដើម​យក​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន កាលពីមុន យក​មក​ផ្សព្វផ្សាយ​ឡើងវិញ។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា នេះ​ជា​យុទ្ធសាស្ត្រ​បំបែក​សំឡេង​គណបក្ស​សង្គ្រោះជាតិ​ជា​ពីរ រវាង​ក្រុម​និយម​លោក សម រង្ស៊ី និង​ក្រុម​និយម​លោក កឹម សុខា។ លោក​ជឿ​ថា សំណុំរឿង​លោក កឹម សុខា នេះ មិន​អាច​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​បានទេ ព្រោះ​ជា​ករណី​នយោបាយ ដែល​កូន​សោរ​ស្ថិត​នៅ​ក្នុង​ដៃ​លោក ហ៊ុន សែន៖ «អ្នក​នយោបាយ​ដែល​បង្កើត​សេណារីយ៉ូ​ហ្នឹង គាត់​ចង់​ឱ្យ​បំភ្លេច​ចោល​នូវ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បំពាន​ហ្នឹង និង​ការ​ដក​យក​កៅអី​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​របស់​សង្គ្រោះ​ជាតិ​ហ្នឹង​។ អ៊ីចឹង យើង​ឃើញ​ថា ដោយសារតែ​អត់​មាន​អ្វី​ចោទ​ដាក់​បន្ទុក​បន្ថែម​លើ​លោក កឹម សុខា ហើយ​វិធីសាស្ត្រ​ក៏​នៅតែ​ញុះញង់​ឱ្យ​អ្នក​ទាំង​អស់ហ្នឹង​មានការ​ឈ្លោះ​ទាស់ទែង​គ្នា ប៉ុន្តែ​គោលបំណង​គឺ​ចង់​ឱ្យ​បំភ្លេច​ចោល​នូវ​ទង្វើ​ដែល​ខ្លួនឯង​ធ្វើ​ទាំង​បំពាន​ហ្នឹង​។ អ៊ីចឹង​ជា​រួម​មក រឿង​ហ្នឹង​វា​ត្រូវការ​ការ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ»

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បដិសេធ​ការ​លើកឡើង​នេះ ដោយ​លោក​អះអាង​យ៉ាង​ខ្លី​ថា ដំណើរការ​ក្តី​លោក កឹម សុខា ធ្វើ​ឡើយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់។

ទោះជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ព្យាយាម​បកស្រាយ​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​ក៏ដោយ ក៏​សហគមន៍​ជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា នេះ​ជា​ករណី​នយោបាយ​សុទ្ធសាធ​។ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ព្រមទាំង​អង្គការ​ជាតិ​-​អន្តរជាតិ​ជាច្រើន នៅតែ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល