កម្ពុជា​នៅ​តែ​បើក​ចំហ​ព្រំដែន​តែ​មិន​ស្វាគមន៍​មន្ត្រី ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ ជាតិ​៩​នាក់​

ដោយ ហេង រស្មី
2019-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
ទិដ្ឋភាព​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
RFA

មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​អះអាង​ថា​ ទោះបី​ជា​ថ្ងៃ​កំណត់​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​កាន់តែ​ខិត​ជិត​មក​ដល់​ក៏​ដោយ ​​រដ្ឋាភិបាល​នៅតែ​បើក​ចំហ​​ព្រំដែន​ រវាង​កម្ពុជា​និង​ ប្រទេស​ថៃ​។​ លោក​ សម រង្ស៊ី​ បាន​​ឲ្យ​ដឹងថា​លោក​ នឹង​ដឹកនាំ​កម្លាំង​មហាជន​​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំដែន​កម្ពុជា​ និង​ប្រទេស​ថៃ។​

អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ប្រាប់​អាស៊ីសេរី​ថា ច្រកទ្វារ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស ថៃ នៅតែ​បើក​ចំហរ​សម្រាប់​ប្រជាពលរដ្ឋ​ឆ្លងដែន និង​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ។ ប៉ុន្តែ​ដាក់​បម្រាម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ៩​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ស្វែងរក​ចាប់ខ្លួន​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​ពី​បទ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​និង​គម្រោង​ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ៩​នាក់ ដែល​របប​ក្រុងភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​រួមមាន​៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី អនុប្រធាន​គណបក្ស​លោក ស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោកស្រី ជូ ឡុងសូមូរ៉ា និង លោក នុត រំដួល។

តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២៦ កញ្ញា បាន​ចោទប្រកាន់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ទាំង​៩​នាក់ ពី​បទ​« ឧបឃាត​» តាម​មាត្រា ៤៥១ នៃ​ក្រមព្រហ្មទណ្ឌ​។ ប៉ុន្តែ​តុលាការ​បាន​ភ្ជាប់​លក្ខខណ្ឌ​ដល់​មន្ត្រី​ជាន់ខ្ពស់​ទាំងនោះ​បើ​ចូល​សារភាព​ទាន់​ពេល​វេលា តុលាការ​នឹង​អាច​លើកលែងទោស​តាម​បទបញ្ញត្តិ​ច្បាប់​ពិសេស​នៃ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

លោក នេត សាវឿន មានប្រសាសន៍ថា កម្ពុជា​គ្មាន​គោល​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​ទេ បើ​ទោះ​បី​ជា​ថ្ងៃ​កំណត់​នៃ​ការ​វិល​ចូល​មាតុប្រទេស​វិញ​របស់​លោក សម រង្ស៊ី កាន់តែ​ខិត​ជិត​ចូល​មកដល់​ក៏ដោយ។លោក​បាន​អះអាង​ថា ចំពោះ​អ្នក​ដែល​តុលាការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​សមត្ថកិច្ច​នឹង​អនុវត្ត​តួនាទី​របស់​ខ្លួន នៅ​ពេល​មន្ត្រី​ជាន់​បក្ស​ប្រឆាំង​ទាំងនោះ​វិល​ចូល​កម្ពុជា​តាម​ច្រក​ព្រំដែន​ថៃ៖ «មិន​បាច់​ចង់​ដឹង​ទេ​គ្រាន់​តែ​មាន​សមត្ថភាព​អនុវត្ត​តាម​ផ្លូវ​តុលាការ។ មិន​បាច់​ម៉េច​ទេ មក​បើ​មាន​ដីកា​ត្រូវ​ចាប់ខ្លួន​។​ប៉ុណ្ណឹង​ចុះ​ខ្ញុំ​មានការ»

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី បាន​បង្ហើប​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី១៨ តុលា ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​គណបក្ស​ជាច្រើន​នាក់​នឹង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា ថៃ​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ វិច្ឆិកា​ខាងមុខនេះ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ៖ «សូមទោស​ខ្ញុំ​ជាប់រវល់»

តែ​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន បញ្ជាក់​ថា កម្ពុជា​មិន​មាន​គោលការណ៍​បិទ​ច្រក​ព្រំដែន​ទេ ដោយសារ​ខ្លាចក្រែង​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ៖ «យើង​អត់​មាន​គោលការណ៍​ធំ​បំផុត​ច្រក​ហ្នឹង​គឺ​ច្រក​សេដ្ឋកិច្ច​តើ។ វា​ជាពិសេស​យើង​អត់​មាន​គោលការណ៍ ទៅ​បិទ​ពីព្រោះ​ច្រក​ហ្នឹង​ជា​ច្រក​សេដ្ឋកិច្ច ហើយ​យើង​អត់​មាន​ព្រឹត្តិការណ៍​ណាមួយ​ធ្ងន់​រហូតដល់​យើង​បិទ​ច្រក​នោះ​ទេ»

ប្រទេស​កម្ពុជា​មាន​ព្រំដែន​គោក​ជាប់​ប្រទេសជិតខាង​តែ​បី​ប៉ុណ្ណោះ គឺ​ប្រទេស​វៀតណាម ឡាវ និង ថៃ​។ កន្លងមក​រដ្ឋាភិបាល​ឡាវ បាន​ប្រកាស​ជា​សាធារណៈ​រួច​ទៅ​ហើយ​ថា រដ្ឋាភិបាល​ប្រទេស​នេះ នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ដើរ​ឆ្លង​ព្រំដែន​ប្រទេស​នេះ ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា​នោះ​ទេ។ ប្រទេស​វៀតណាម​ឯណោះ បើ​ទោះ​បី​ជា​មិនទាន់​បាន​បង្ហាញ​ជំហរ​ផ្លូវការ ជុំវិញ​បញ្ហា​នេះ​ក៏ដោយ ក៏​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ធ្លាប់​បញ្ជាក់​ហើយ​ថា នឹង​មិន​ជ្រើសរើស​ច្រក​ចូល​កម្ពុជា​តាម​ប្រទេស​វៀតណាម​នោះ​ទេ​។ ដូច្នេះ ប្រទេស​ចុងក្រោយ​តែមួយគត់ ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា គឺ​ប្រទេស​ថៃ។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​បាងកក លោក ម៉ោញ សារ៉ាត់ បញ្ជាក់​ថា គណបក្ស​បាន​កំណត់​ជា​គោលការណ៍​រួចហើយ​ដើម្បី​វិលត្រឡប់​ចូល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​ខាង​តែ​បាន៖ «ផែនការ​មាតុភូមិនិវត្តន៍​គឺជា​គន្លឹះ មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ ហ​លយ​យើង​ក៏​មើល​ឃើញ​ថា អ្វី​ដែល​លោក ហ៊ុន សែន ខំ​ឆ្លេឆ្លា​រត់​ខ្ទប់​គ្រប់​ផ្លូវ​ដើម្បី​រារាំង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​ប្រធាន​នេះ។ គឺជា​លទ្ធភាព​ចុងក្រោយ​ដែល​លោក ហ៊ុន សែន ខំ​ប្រវេប្រវា​ដង្ហក់​ខ្យល់​។ ដូច្នេះ​យើង​មើល​ឃើញ​ថា នេះ ជា​ចំណុច​ងាប់​រស់​របស់​លោក ហ៊ុន សែន ហើយ។ ប្រសិនបើ​គាត់​អស់​លទ្ធភាព​ក្នុង​ការ​ទប់ទល់​ដំណើរ​វិលត្រឡប់​របស់​លោក ប្រធាន សម រង្ស៊ី នៅ​ពេល​នេះ​គឺ​របប​ផ្ដាច់ការ ត្រូវ​ចប់​ជា​ស្ថាពរ។ ដូច្នេះ​សូម​ឱ្យ​បងប្អូន​ពលរដ្ឋ​ទាំងអស់​គ្នា​ក្រោកឈរ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ហ្នឹង​ទាំងអស់​គ្នា ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​ហ្នឹង​ឱ្យ​ទាល់តែ​បាន»

គិត​មកដល់​ថ្ងៃ​ទី​២៣ តុលា នេះ​នៅ​សល់​តែ ១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដល់​ថ្ងៃ​កំណត់​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​។​ក្រុម​តំណាងរាស្ត្រ​អាមេរិកាំង​ព្រមាន​ទៅ​របប​លោក ហ៊ុន សែន ថា​របប​នេះ​នឹង​ជួប​នូវ​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​បើ​ហ៊ាន​ជ្រើស​រើស​យក​ការ​បង្ហូរ​ឈាម​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ក្នុង​ដំណើរ​មាតុភូមិ​និវត្ត​របស់​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ទៅ​កម្ពុជា​វិញ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល