ពលរដ្ឋ៖ ប៉ូលិស​ព្រំដែន​ថៃ​ឃាត់​មិន​ឲ្យ​​ពលរដ្ឋ​ខ្មែរ​អភិវឌ្ឍ​ក្បែរ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ

ដោយ ហ៊ុំ ចំរើន
2015-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​របស់​តម្រួត​ការពារ​ព្រំដែន​ថៃ​ប្រមាណ ពេល​ចុះ​ឃាត់​សកម្មភាព​ការ​អភិវឌ្ឍ​នានា​របស់​ពលរដ្ឋ​ខ្មែរ នៅ​តំបន់​ព្រំដែន​ត្រង់​បង្គោល​ឡាក់​លេខ​៤៣ នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥។
សកម្មភាព​របស់​តម្រួត​ការពារ​ព្រំដែន​ថៃ​ប្រមាណ ពេល​ចុះ​ឃាត់​សកម្មភាព​ការ​អភិវឌ្ឍ​នានា​របស់​ពលរដ្ឋ​ខ្មែរ នៅ​តំបន់​ព្រំដែន​ត្រង់​បង្គោល​ឡាក់​លេខ​៤៣ នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥។
Photo provided

ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ រិះ​គន់​សមត្ថកិច្ច​ខ្មែរ​តំបន់​ព្រំដែន​ស្រុក​នេះ​ ថា​បណ្ដោយ​ឲ្យ​តម្រួត​ថៃ ជាង ១០​នាក់ ចូល​ក្នុងទឹក​ដី​ខ្មែរ​រារាំង​សកម្មភាព​ពលរដ្ឋ​មិន​ឲ្យ​ដាំដុះ និង​អភិវឌ្ឍ​នៅ​ជុំវិញ​តំបន់​បង្គោល​ឡាក់​​លេខ​៤៣ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា។

​​​​​​​​​​ប្រជាពលរដ្ឋ​និង​មន្ត្រី​ក្រុមហ៊ុន សំ ផាន់ណារិទ្ធ នៅ​ស្រុក​អូរជ្រៅ​ ​ អំពាវនាវ​​សុំ​ឲ្យ​អាជ្ញាធរ​ខែត្រ​បន្ទាយមានជ័យ​ និង​មន្ត្រី​ពាក់ព័ន្ធ មាន​វិធានការ​ទប់ស្កាត់​បញ្ឈប់​សកម្មភាព​របស់​សមត្ថកិច្ច​ថៃ ចូល​ក្នុង​ទឹកដី​ខ្មែរ​ រារាំង​​ការ​អភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​បន្ត​ទៀត។

មន្ត្រី​ក្រុមហ៊ុន សំ ផាន់ណារិទ្ធ ម្នាក់ គឺ​លោក​ ប៊ន សុផល ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា​ តម្រួត​​ការពារ​ព្រំដែន​ថៃ ប្រមាណ ១៣​នាក់​ ស្លៀកពាក់​ឯកសណ្ឋាន​​ ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​បង្គោល​ឡាក់​ព្រំដែន​លេខ​៤៣​ ​នៅ​ចំណុច​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​​កាប់ឆ្ការ​ព្រៃ​ដាំដុះ​ និង​ធ្វើ​ការ​អភិវឌ្ឍ​​ជុំវិញ​តំបន់​បង្គោល​ឡាក់​នោះ​ឡើយ។ លោក​អះអាង​ថា​ ​សមត្ថកិច្ច​ខ្មែរ​ដែល​ឈរ​ជើង​ការពារ​នៅ​ជុំវិញ​​តំបន់​នោះ​ ពុំ​មាន​សកម្មភាព​អ្វី​ឆ្លើយ​តប​នឹង​សមត្ថកិច្ច​ថៃ នោះ​​ទេ៖ «យើង​ត្រូវ​ការ​វាស់វែង​ដី​ចាក់​កៅស៊ូ តែ​សមត្ថកិច្ច​ថៃ គេ​មិន​ឲ្យ​យើង​ធ្វើ​ទេ ដោយ​ថា​ដី​នោះ​ជា​ផ្ទៃដី​ដែល​ពលរដ្ឋ​ថៃ តែង​ដាំ​ដុះ​កន្លង​មក ហើយ​មាន​សិទ្ធិ​ធ្វើ​នៅ​លើ​ដី​នោះ​បន្ត​ទៀត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ មេបញ្ជាការ​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​លេខ ៩១១​ លោក​ ស៊ូ ចាន់ណារី ពុំ​មាន​ប្រតិកម្ម​អ្វី​ជុំវិញ​បញ្ហា​តម្រួត​ថៃ ចូល​ក្នុង​ទឹក​ដី​ខ្មែរ​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​ទៅ​ខាង​​អភិបាល​ស្រុក​អូរជ្រៅ ជំនួស​វិញ៖ «យើង​បាន​ជូន​ដំណឹង​ទៅ​ខាង​ភាគី​ថៃ ហើយ​មាន​ការ​ប្រជុំ​មួយ​នៅ​ព្រឹក​មិញ​នេះ មាន​លោក​អភិបាល​ស្រុក​អូរជ្រៅ ចូលរួម​ដែរ សុំ​បង​ទាក់ទង​គាត់​ទៅ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់​ទង​​អភិបាល​ស្រុក​អូរជ្រៅ ​ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា។ ដោយ​ទូរស័ព្ទ​រោទ៍ តែ​ពុំ​មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​​នៅ​ខេត្ត​ស្រះកែវ ប្រទេស​​ថៃ ប្រចាំ​ការ​នៅ​តំបន់​ជាយ​ដែន​ទល់​មុខ​ស្រុក​អូរបីជាន់​នោះ គឺ​លោក​ ឆាយ​ មឿងឆាង មាន​ប្រសាសន៍​ថា ​សមត្ថកិច្ច​ចូល​ក្នុង​ទឹក​ដី​​ដែល​ពលរដ្ឋ​ខ្មែរ​អះអាង​ថា ជា​របស់​កម្ពុជា នោះ​ ដើម្បី​ពិនិត្យ​មើល​តម្រុយ​បង្គោល​ដែល​អាជ្ញាធរ​ខ្មែរ​ និង​ថៃ​ បាន​ឯកភាព​គ្នា​បោះ​​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា កន្លង​ទៅ​​ ដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​២​ ក្នុង​ការ​រុករាន​​នៅ​តំបន់​នោះ ហើយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដក​តម្រុយ​នោះ​​ចេញ​នៅ​យប់​ថ្ងៃ​ដដែល៖ «គេ​សង្ស័យ​ហើយ​ក៏​ចូល​មក​សាកសួរ​សមត្ថកិច្ច​ខ្មែរ​ ថា​បាន​ឯកភាព​គ្នា​ហើយ​ហេតុ​អ្វី​បាន​ដក​តម្រុយ​នោះ​ចេញ​​យ៉ាង​នេះ? គោល ​បំណង​របស់​យើង​ឲ្យ​ផ្អាក​ទាំង​សង្ខាង គឺ​ខាង​សមត្ថកិច្ច​ថៃ មិន​ឲ្យ​ប្រជាពលរដ្ឋ​ថៃ ចូល​មក ក្រែង​មាន​ការ​ទាស់ទែង​គ្នា​កើត ឡើង ពីព្រោះ​ថា​ បើ​មាន​ទំនាស់​កើត​ឡើង​វា​មិន​ល្អ​ទេ​បាទ»

ពលរដ្ឋ​អះអាង​ថា អាជ្ញាធរ​ថៃ ចូល​ក្នុង​ទឹក​ដី​ខ្មែរ​តំបន់​បង្គោល​ឡាក់​លេខ​៤៣ នោះ ចាប់​តាំង​ពី​ដើម​ខែ​មិថុនា ជា​បន្តបន្ទាប់​រហូត​មក។ អាជ្ញាធរ​ថៃ ចូល​ក្នុង​ដី​ខ្មែរ​ដី​នេះ ដោយសារ​នៅ​តំបន់​ជាយ​ដែន​នោះ​ កន្លង​ទៅ​ប្រជាពលរដ្ឋ​ថៃ ​តែង​តែ​​ចូល​មក​​​ភ្ជួរ​ដី​ធ្វើ​ស្រែ​​ជា​បន្តបន្ទាប់ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​បុគ្គលិក​ក្រុមហ៊ុន សំ ផាន់ណារិទ្ធ​ ក៏​តែង​នាំ​គ្នា​​រារាំង​ប្រជាពលរដ្ឋ​ថៃ ជា​ប្រចាំ។ រហូត​មក​ទល់​ពេល​នេះ​ ​ផ្ទៃ​ដី​ដែល​ពលរដ្ឋ​ថៃ ចូល​មក​ធ្វើ​ស្រែ​នោះ​អស់​​ប្រមាណ ៣០​ហិកតារ​ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

អស់លិចអស់កើត រ៎តា៎ចុងឈើនៅក៏គ្មាន

Jul 02, 2015 07:55 AM

គេហទំព័រ​ទាំងមូល