ខ្មែរ​នៅ​អូស្ត្រាលី​ប្រកាស​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​អន្តរជាតិ​ជួយ​ដោះស្រាយ​ជម្លោះ​នយោបាយ​កម្ពុជា

ដោយ ថន ថារ៉ូ
2019-10-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។
ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។
RFA/Chun Chanboth

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ប្រកាស​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ចំ​ថ្ងៃ​រំលឹក​ខួប​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ជំរុញ​ទៅ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ ឱ្យ​រក​ដំណោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។ អ្នកវិភាគ​ថា សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា នៅតែ​មាន​សុពលភាព ដែល​អាច​ធ្វើ​កម្ពុជា​បញ្ចប់​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នេះ​បាន។

អ្នក​ផ្ដួចផ្ដើម​ការ​ទាមទារ​នេះ​ម្នាក់ គឺ​អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហន ដែល​សព្វថ្ងៃ​លោក​មេឃុំ​ប្រចាំ​នៅ​តំបន់ ស្ព្រីងវែល និង​ជា​ប្រធាន​

សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​ផង​នោះ មានប្រសាសន៍​ឱ្យដឹង​ថា ការ​ទាមទារ​នេះ​នឹង​ធ្វើ​នៅ​ទីក្រុង Canberra។ លោក​ថា របប​ក្រុងភ្នំពេញ​សព្វថ្ងៃ​មិន​គោរព​សន្ធិសញ្ញា​​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ

ដូច្នេះ លោក​ថា ខ្មែរ​នៅ​អូស្ត្រាលី​នឹង​ធ្វើ​ការ​ទាមទារ​នេះ ដើម្បី​ប្រាប់​សភា​សហព័ន្ធ និង​រដ្ឋាភិបាល​របស់​អូស្ត្រាលី​ឱ្យ​បាន​ដឹង​រឿង​នេះ ដើម្បី​ខិតខំ​រក​ដំណោះ​ស្រាយ​​ឡើងវិញ ដូច​ដែល​អូស្ត្រាលី បាន​ធ្វើ​ដូច​កាលពី ២៨​ឆ្នាំមុន​៖ «យើង​នឹង​ប្រាប់​ទៅ​សភា និង​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​បាន​យល់​ប្រហែលជា​ដល់ពេល​ដែល​អូស្ត្រាលី​ត្រូវ​ចាប់​ធ្វើ​ការ​ឡើងវិញ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ការ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឡើងវិញ បើ​មិន​អ៊ីចឹង​ទេ គឺ​អត់​បានការ​ទាំងអស់»

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ក៏​អំពាវនាវ​ដល់​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ផ្សេងទៀត មាន​ដូចជា​នៅ​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង កាណាដា បារាំង និង​អាមេរិក​ជាដើម រួមគ្នា​ធ្វើបាតុកម្ម​តាម​ប្រទេស​ពួកគេ​រៀងៗ ខ្លួន ដើម្បី​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ​ជំរុញ​របប​ក្រុងភ្នំពេញ គោរព​កិច្ចព្រមព្រៀង​សន្តិភាព​នេះ ឱ្យ​បាន​ពេញ​លេញ។

តំណាង​ចលនា​ស្ត្រី​សង្គ្រោះ​ជាតិ​បណ្ដាញ​សកល​នៃ​ទីក្រុង​ម៉ែលប៊ន អ្នកស្រី សៀម អេង អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ទាំងអស់​ចូលរួម​បាន​ច្រើន​កុះករ៖ «សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នៅ​ទីក្រុង Canberraហើយ​បើ​បងប្អូន​ចង់​ចូលរួម​ជាមួយ​ទាក់ទង​យើងខ្ញុំ​ទាំងអស់​គ្នា»

ទាក់ទង​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​

គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បានទេ នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

មេដឹកនាំ និង​មន្ត្រី​នៃ​របប​ក្រុងភ្នំពេញ​ធ្លាប់​លើកឡើង​ជា​ញឹកញាប់​ថា សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​ពេល​នេះ​គ្រាន់តែ​ជា​និមិត្តរូប​ចំពោះ​កម្ពុជា​ប៉ុណ្ណោះ ដែល​មិន​អាច​យក​មក​ប្រើ​ប្រាស់​បាន​ទៀត​ទេ ព្រោះ​កម្ពុជា មាន​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ហើយ។

អ្នកវិភាគ​នយោបាយ​ជើងចាស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តែ​មាន​សុពល​ដដែល ព្រោះ​លោក​សង្កេត​ឃើញ​​ថា មកដល់ពេលនេះ​មិន​ទាន់​មាន​រដ្ឋសភា ឬ​ព្រះមហាក្សត្រ ប្រកាស​ឈប់​ទទួលស្គាល់​សន្ធិសញ្ញា​នេះ​នៅឡើយ​ទេ​។ អ្នកវិភាគ​រូប​នេះ​បន្ត​ទៀត​ថា ដើម្បី​អាច​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ចេញ​មក​អន្តរាគមន៍​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​គួរ​នាំគ្នា​ដាក់​ញត្តិ​ទៅ​បណ្ដា​ប្រទេស​ជា​ហត្ថលេខី​ទាំងនោះ ឬ​ដាក់​ទៅ​​ញ្ញត្តិ​ទៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​កោះ​ប្រជុំ​ក្រុម​ប្រទេស​ទាំងនោះ​ឡើងវិញ ដើម្បី​ជំរុញ​ទៅ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ឱ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​ឱ្យ​បាន​​ពេញលេញ៖ «គឺ​ទៅ​ទាក់ទង​ប្រទេស​ហត្ថលេខី​សុំ​ឱ្យ​គេ​បំពេញ​កាតព្វកិច្ច​របស់​គេ​នៅ​ក្នុង​កិច្ចព្រមព្រៀង មាន​ចំណុច​មួយ​ដែល​ទាក់ទាញ​ឱ្យ​គេ​ចាប់​អារម្មណ៍​​ហើយ​បំពេញ​កាតព្វកិច្ច​របស់​គេ គឺ​ត្រង់​ចំណុច​យន្តការ​ដោះស្រាយ​ការ​រំលោភបំពាន​កិច្ចព្រមព្រៀង​នោះ»

កាលពី​ឆ្នាំ​១៩៩១ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ផ្ដល់​កំណើត​ថ្មី​ដល់​ប្រទេស​កម្ពុជា ដោយ​គ្រប់​ភាគី​សន្យា​ថា នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ​ក្រោយពី​គ្រាំគ្រា​ដោយ​សង្គ្រាម​ជាច្រើន​ទសវត្ស។ ប្រទេស​ហត្ថលេខី​ទាំង​១៩ រួម​ទាំង​កម្ពុជា ផង​នោះ ប្ដេជ្ញា​ពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា ឱ្យ​បាន​ពេញលេញ។

ក្នុង​អំឡុង​ទសវត្ស​ទី​៩០ ប្រទេស​អូស្ត្រាលី​ធ្លាប់​ដើរតួ​សំខាន់ ក្នុង​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​។ អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នា​សម័យ​នោះ គឺ​លោក ហ្គារ៉េត អេវាន គឺជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ ខ្មែរ​នៅ​អូស្ត្រាលី​រំពឹង​ថា អូស្ត្រាលី​នៅតែ​មាន​តួនាទី​សំខាន់ ដើម្បី​ជំរុញ​ឱ្យ​មានការ​អនុវត្ត​សន្ធិសញ្ញា​បាន​ពេញលេញ​ជាថ្មី ខណៈ​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​ដូច​សព្វថ្ងៃ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល