ក្រុមពលករគាំទ្រគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើការនៅប្រទេសថៃ ប្រាប់ថា ពួកគេបាននាំគ្នាចូលធ្វើការនៅតាមកន្លែងដើមរៀងៗ ខ្លួនវិញអស់ហើយ ប៉ុន្តែយ៉ាងណា ពួកគេនៅតែធ្វើសកម្មភាពប្រមូលគ្នីគ្នា រង់ចាំផែនការវិលចូលប្រទេសកម្ពុជាជាថ្មីដដែល។
ពលករធ្វើការនៅប្រទេសថៃប្រាប់ថា ពួកគេមិនអស់សង្ឃឹម ក្នុងការចូលរួមសកម្មភាពស្ដារលទ្ធិប្រជាធិបតេយ្យឡើយ បើទោះជាផែនការវិលចូលប្រទេសកម្ពុជា ថ្ងៃទី៩ វិច្ឆិកា រងការរារាំង និងធ្វើបាបយ៉ាងណាក៏ដោយ។ ពួកគេប្ដេជ្ញាថា នឹងនៅតែរង់ចាំធ្វើសកម្មភាពអមដំណើរលោក សម រង្ស៊ី ប្រធានស្ដីទីបក្សប្រឆាំងដដែល និងជឿថា នៅថ្ងៃមួយ លោក សម រង្ស៊ី ពិតជាត្រលប់ទៅដឹកនាំពួកគេធ្វើមាតុភូមិនិវត្តន៍ម្ដងទៀត។
ពលករផ្នែកលាយកំបោរម្នាក់ ធ្វើការនៅតំបន់ប៉ាធុមឋានី (Pattum Thani) ប្រទេសថៃ លោក ឆន សុខឿន ប្រាប់ថា ទឹកចិត្តរបស់លោក នៅតែរឹងមាំ និងគាំទ្រ លោក សម រង្ស៊ី ដដែល ត្បិតអ្វីលោក យល់ថា ការខកខានមិនបានចូលប្រទេសកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា ដោយសារតែ របបលោក ហ៊ុន សែន ខ្លាច លោក សម រង្ស៊ី ទើបបានជាប្រើគ្រប់មធ្យោបាយរារាំង និងគាបសង្កត់ លោក សម រង្ស៊ី មិនអាចឱ្យចូលកម្ពុជាបាន។ លោកថា ក្រុមពលករធ្វើសំណង់នៅតំបន់ប៉ាធុមឋានី នៅតែពុះកញ្ជ្រោល ចង់ធ្វើមាតុភូមិនិវត្តន៍ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជានិច្ច៖ «ក្រោយពីថ្ងៃទី៩ វិច្ឆិកា ដែលលោកប្រធានមិនបានចូលប្រទេសហ្នឹង គឺទឹកចិត្តពួកខ្ញុំនៅតែរឹងមាំ ហើយនៅតែគាំទ្រ ព្រោះអ្វីយើងឃើញស្ថានការណ៍របស់ព្រឹត្តិការណ៍នយោបាយរបស់ ហ៊ុន សែន គាត់គាបសង្កត់គ្រប់កាលៈទេសៈទាំងអស់។ ដូច្នេះយើងមិនអាចបន្ទោសលោកប្រធានបានទេ។ ជាពិសេសសព្វថ្ងៃ នៅក្នុងពលករកន្លែងការងាររបស់ខ្ញុំហ្នឹង គ្រប់គ្នាទាំងអស់ គាត់នៅតែគាំទ្រ នៅតែស្រលាញ់ នៅតែពុះកញ្ជ្រោលគាំទ្រជានិច្ច ចាំតែភ្លើងខៀវពីលោកប្រធានទេ។ នៅតែទៅអ៊ីចឹងបង ព្រោះអ្វីគាត់ថា គ្រប់តែគ្នាហ្នឹង រឿងហ្នឹងមិនមែនរឿងលោក សម រង្ស៊ី ទេ គឺរឿងលោក ហ៊ុន សែន គាត់អ្នកខ្លាចខ្លួនឯងទេ»។
ពលករម្នាក់ទៀត ធ្វើការផ្នែកកសាង នៅខណ្ឌមីនប៊ុរី (Minburi) នៃក្រុងបាកក លោក លន់ ពិសិដ្ឋ យល់ថា ការមិនអាចវិលចូលប្រទេសកម្ពុជាតាមផែនការបាន មិនមែនជាកំហុសរបស់ លោក សម រង្ស៊ី ឡើយ ដូច្នេះ លោកនឹងនៅតែគាំទ្រ លោក សម រង្ស៊ី បន្តទៀត។ លោកគិតថា រដ្ឋាភិបាលខ្លាច គឺបានជារារាំង។ ម្យ៉ាងពលកររូបនេះ សប្បាយចិត្ត ដែលគ្មានភាពប្រឈមគ្នា រវាងពលរដ្ឋ និងកងកម្លាំងនៅថ្ងៃទី៩ វិច្ឆិកា៖ «កាលដែលគាត់ចូលស្រុកមិនបាន មិនមែនគាត់ថា តាំងចិត្តមិនចូលទេ។ ប៉ុន្តែគេរារាំងគាត់មិនឲ្យគាត់ចូល។ ម្យ៉ាងទៀត គាត់មិនបានចូលទៅវាមានភាពជោគជ័យម្យ៉ាង ព្រោះអត់បានដឹកនាំកម្លាំងប្រជាពលរដ្ឋទៅតតាំងជាមួយពួកគេ ដែលមានអាវុធគ្រប់ដៃអ៊ីចឹង។ ជួនកាលទៅ យើងទៅអ៊ីចឹង វាអាចមានគ្រោះថ្នាក់មើលអត់ឃើញណាបង។ ដល់ពេលគាត់មិនបានទៅអ៊ីចេះ ក៏ខ្ញុំមិនបន្ទោសគាត់។ ខ្ញុំគិតថា វាល្អម្យ៉ាងដែរ។ គ្រាន់តែគាត់ទិញសំបុត្រយន្តហោះ រួចគាត់បង្ហោះជាសាធារណៈ នៅពេលនោះ មានន័យថា គាត់ចង់បង្ហាញថា អ្នកនៅខាងគណបក្សរាជរដ្ឋាភិបាលគេគិតយ៉ាងម្ដេច ចំពោះគាត់? ដល់ពេលដែលគាត់បង្ហាញទៅ មានន័យថា គេខ្លាចគាត់ ដល់ពេលដល់រួចទៅ គេក៏រៀបចំកម្លាំងប្រតិកម្ម ដើម្បីទប់ស្កាត់គាត់។ ដល់ពេលគាត់អត់ទៅអ៊ីចឹងទៅ ពួកខ្ញុំក៏មិនមានថា បន្ទោសគាត់ថា អស់សង្ឃឹមដោយសារគាត់មិនទៅ គឺអត់មានទេ។ ពួកខ្ញុំនៅតែចាំទទួលគាត់ជានិច្ច»។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំបក្សប្រឆាំងផ្សេងទៀត កាលពីថ្ងៃទី០៩ វិច្ឆិកា មិនអាចធ្វើដំណើរចូលប្រទេសកម្ពុជា ដូចផែនការបានទេ ដោយសារមានការរារាំងគ្រប់ផ្លូវ ពីរបបក្រុងភ្នំពេញ។ ទោះយ៉ាងណា លោកបានធ្វើដំណើរចូលដល់ប្រទេសមួយចំនួននៃប្រទេសអាស៊ាន ដូចជា ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី ហើយធ្វើសន្និសីទសារព័ត៌មានពីចេញពីប្រទេសទាំង២។
លោក សម រង្ស៊ី បានប្រកាសប្រាប់អ្នកគាំទ្រថា ថ្ងៃទី០៩ វិច្ឆិកា ជាថ្ងៃចាប់ផ្ដើមនៃគម្រោងវិលត្រលប់ចូលស្រុករបស់លោក។ លោកស្នើសុំឱ្យពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសអត់ធ្មត់បន្តិចទៀត ព្រោះលោកមិនអាចលើកទ័ពទៅតទល់ជាមួយ លោក ហ៊ុន សែន បានទេ ហើយក៏មិនអាចឆ្លងកាត់ដែនដីប្រទេសថៃបានដែរ។ ទោះយ៉ាងណា លោកថា កំពុងតែប្រើមធ្យោបាយការទូត ដើម្បីបើកផ្លូវឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានទៅដល់ទឹកដីប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដោយអហិង្សា និងសន្តិវិធី។
ពលការិនីម្នាក់ ធ្វើការនៅរោងចក្រមួយ នៃខេត្តសាមុតប្រាកាន (Samut Prakan) ប្រទេសថៃ កញ្ញា ដាំ ស្រីធាន ប្រាប់ថា កញ្ញានៅតែមានទំនុកចិត្តលើលោក សម រង្ស៊ី ក្នុងការប្ដេជ្ញាវិលចូលប្រទេសកម្ពុជា។ កញ្ញាជឿជាក់ថា នៅថ្ងៃណាមួយ លោក សម រង្ស៊ី ពិតជាអាចដឹកនាំពលរដ្ឋចូលប្រទេសកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យបានមិនខាន។ កញ្ញា ថា បច្ចុប្បន្ននេះ កញ្ញា និងពលករមួយចំនួនទៀត កំពុងដើរប្រមូលពលករក្នុងប្រទេសថៃ បន្ថែមទៀត និងត្រៀមលក្ខណៈវិលចូលកម្ពុជាគ្រប់ពេល៖ «មួយចំនួនគាត់ គឺពួកគាត់ចូលធ្វើការវិញហើយ។ ក៏ប៉ុន្តែបើសិនមានការវិលត្រលប់របស់លោកប្រធាន គឺពួកគាត់នាំគ្នាទៅតែម្ដង គឺមិនចាំបាច់សុំច្បាប់ សុំអ្វីទេ ព្រោះអ្វីការងារហ្នឹង គឺវាអត់ច្បាស់លាស់ អ៊ីចឹងណា ព្រោះអ្វីលោកប្រធានធ្វើការរហ័ស។ យើងមើលឃើញតែថ្ងៃមុន គឺលោកប្រធានគាត់សម្រេចមកថ្ងៃទី០៩ ក៏ប៉ុន្តែគាត់អាក់ខាន ដោយសារតែប្រទេសថៃ ថ្នាក់ដឹកនាំគេមិនអនុញ្ញាតឲ្យលោកចូល។ អ៊ីចឹង មានការខកខាន ឥឡូវយើងប្ដូរយុទ្ធសាស្ត្រថ្មីវិញ។ យុទ្ធសាស្ត្រថ្មីហ្នឹង គឺយើងប្ដូរថា ពីមុនយើងសុំច្បាប់ការអនុញ្ញាត ប៉ុន្តែយើងខកខានអត់បានទៅ អ៊ីចឹងណា។ អ៊ីចឹងយើងថា ប្ដូរមិនបាច់ថា សុំម្ដង គឺពេលណា ពេលហ្នឹងតែម្ដង ហើយកម្លាំងពួកយើង គឺរឹងមាំជានិច្ច ជាពិសេសគឺពលករ»។
ពាក់ព័ន្ធនឹងប្ដេជ្ញាចិត្តរបស់ក្រុមពលករនៅប្រទេសថៃ គាំទ្រលោក សម រង្ស៊ី នេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ជារឿងធម្មតា ប៉ុន្តែលោកព្រមានហាមបញ្ចេញសកម្មភាព ព្រោះការធ្វើសកម្មភាព នឹងត្រូវមានទោស។ អ្នកនាំពាក្យរូបនេះ ប្រាប់ថាការធ្វើសកម្មភាពបញ្ចុះបញ្ចូលពលករនៅប្រទេសថៃ ឱ្យគាំទ្រ លោក សម រង្ស៊ី នឹងត្រូវមានទោស ហើយរដ្ឋាភិបាលថៃ នឹងចាប់បញ្ជូនពួកគេ ទៅទទួលទោសនៅប្រទេសកម្ពុជា៖ «គេមានអារម្មណ៍របៀបម្ដេច មានការប្ដេជ្ញាស្លាប់រស់ជាមួយគ្នាយ៉ាងម្ដេច ខ្ញុំអត់មានការវាយតម្លៃទេ អាហ្នឹងជាសិទ្ធិ ជាជម្រើសរបស់គាត់។ ក៏ប៉ុន្តែបើមានសកម្មភាពគាត់ត្រូវទទួលទោស។ ប្រទេសថៃ នឹងចាប់ពួកគាត់មកប្រទេសខ្មែរ ជាប់គុក»។
មន្ត្រីបក្សប្រឆាំងនៅប្រទេសថៃ លោក លី រតនៈរស្មី អះអាងថា ពួកគេប្រមូលបានពលករកើនឡើងបន្ថែមទៀតហើយ ចំណែកក្រុមពលរដ្ឋជាង ២៤ម៉ឺននាក់ ដែលស្ម័គ្រចិត្តអមដំណើរលោក សម រង្ស៊ី នោះ មិនមានការបាក់ទឹកចិត្តឡើយ។ លោកថា ក្រុមការងារគណបក្សប្រឆាំង កំពុងបង្កើនសកម្មភាពចុះជួបពលករ ដើម្បីបង្ហាញគម្រោងរបស់គណបក្សសង្គ្រោះជាតិ តទៅទៀត។
លោក លី រតនៈរស្មី បន្តថា ដោយសារពលករ មិនអាចអមដំណើរ លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកាបាន ក្រុមពលករបានចាត់ទុកព្រឹត្តិការណ៍នោះ ជាការឈឺចាប់ ដូច្នេះ ក្រុមពលករបានបង្កើនការតាំងចិត្ត គាំទ្រ លោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យឱ្យបាន។
រីឯ ស្ថានភាពពលករវិញ លោក លី រតនៈរស្មី ឱ្យដឹងថា មានពលករខ្លះ បានត្រឡប់ចូលប្រទេសថៃវិញ ដើម្បីរកការងារថ្មី ចំពោះអ្នកដែលទៅប្រទេសកម្ពុជា មុនថ្ងៃទី៩ វិច្ឆិកា រង់ចាំលោក សម រង្ស៊ី។ លោកបន្តថា ពលករខ្លះទៀត កំពុងរកការងារថ្មីធ្វើ ព្រោះរោងចក្រចំនួន២៤ នៅប្រទេសថៃ បានបិទទ្វារជាបន្តបន្ទាប់ នៅពេលដែលសហរដ្ឋអាមេរិកថ្មីៗ នេះ បានផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP។ លោកអះអាងថា យ៉ាងហោចណាស់ ពលករខ្មែរ និងពលករភូមា ជាង ២ពាន់ (២ ០០០) នាក់ នៅខេត្តឈុនប៊ុរី (Chonburi) កំពុងគ្មានការងារធ្វើ ដោយសាររោងចក្រមួយ បានបិទទ្វារក្ស័យធន កាលពីប៉ុន្មានថ្ងៃមុននេះ៖ «អ៊ីចឹងហើយ បងប្អូនទាំងអស់គ្នា គាត់យល់ពីអ្វីដែលជនផ្ដាច់ការកំពុងធ្វើទង្វើអាក្រក់ ដល់អ៊ីចឹង គាត់មានការឈឺចាប់។ អ៊ីចឹង ឲ្យតែយើងមានឱកាសណាមួយ ដែលមានថ្នាក់ដឹកនាំ ឬក៏មានមេណាមួយនាំចូលប្រទេសកម្ពុជា ដើម្បីងើបឈរទាមទារ យើងអត់មានទៅប្រើហិង្សា ឬក៏យើងទៅធ្វើការផ្ដួលរំលំ ដូចជាការចោទប្រកាន់របស់របប លោក ហ៊ុន សែន ទេ។ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងត្រូវការប្រើសិទ្ធិ»។
បើទោះជាយ៉ាងណា សម្រាប់របបក្រុងភ្នំពេញ បានប្រកាសថា ផែនការវិលត្រលប់របស់ លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា បានបរាជ័យហើយ។ លោក ហ៊ុន សែន បានប្រកាសឱ្យមានការដោះលែងបណ្ដោះអាសន្ន និងដកហូតដីកាចាប់ខ្លួន ត្រលប់ទៅវិញទាំងអស់ ដើម្បីបន្ធូរបន្ថយកម្ដៅនយោបាយ។ តែសម្រាប់គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងមេដឹកនាំមួយចំនួនទៀត បានប្រកាសថា ផែនការវិលចូលស្រុករបស់ លោក សម រង្ស៊ី បានទទួលជោគជ័យជាជំហានដំបូង ហើយគណបក្សមិនទាន់បញ្ឈប់ទេ ដោយគ្រាន់តែយកថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃចាប់ផ្ដើមផែនការប៉ុណ្ណោះ៕