តំណាង​រាស្ត្រ​សេរីនិយមអន្តរជាតិ ១២​​គណបក្ស ថ្លែងការណ៍​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី

លោក មួង ណារ៉េត
2019-10-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង មន្រ្តីគណបក្សសង្គ្រោះជាតិ ជាមួយតំណាងរាស្រ្ត នៃគណបក្សសេរីនិយម ទីក្រុងបែលក្រាដ (Belgrade) ប្រទេសស៊ែប៊ី (Serbia) ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩។
លោក សម រង្ស៊ី និង មន្រ្តីគណបក្សសង្គ្រោះជាតិ ជាមួយតំណាងរាស្រ្ត នៃគណបក្សសេរីនិយម ទីក្រុងបែលក្រាដ (Belgrade) ប្រទេសស៊ែប៊ី (Serbia) ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩។
Screenshot ពីគេហទំព័រ Liberal International

គណៈនយោបាយសេរីនិយមអន្តជាតិចំនួន ១២ នៃ ចលនាសេរីនិយម​​អន្តរជាតិ ឬ Liberal International ថ្លែងការណ៍គាំទ្រ​ដំណើរមាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី។

នៅក្នុង​សេចក្តី​ថ្លែងការណ៍ ក្នុង​ទម្រង់​ជាលិខិត​ចំហ កាលពីថ្ងៃទី១៦ ខែ​តុលា បណ្តាញពិភពលោក​នៃ​គណបក្ស​សេរី​និយម​ទាំង​នេះ បញ្ជាក់​ថា ក្នុង​នាម​ជា​អ្នក​សេរី​និយម និង​ជា​អ្នក​គាំទ្រ​​ប្រជាធិបតេយ្យ ពួក​គាត់​​អំពាវនាវ​​ឲ្យ​​លោក ហ៊ុន សែន ដែល​ពួក​គាត់​​ហៅ​ថា​ ជា​មេដឹកនាំ​ផ្តាច់ការ ចុះ​ចេញ​ពី​តំណែង និង​ធ្វើ​យ៉ាង​ណា​​សម្រួល​ឲ្យ​​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​គណបក្ស​​សង្គ្រោះ​​ជាតិ​​ដទៃ​ទៀត អាច​ធ្វើ​ដំណើរ​វិល​​ត្រឡប់​​ទៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព។

ជាងនេះ​ទៀត បណ្តុំគណបក្សនយោបាយអន្តរជាតិ​ទាំង​​១២ នេះ ស្នើ​​របបលោក ហ៊ុន សែន ឱ្យ​គោរព​​ឆន្ទៈ​របស់​​​ពលរដ្ឋ​ខ្មែរ ដែល​ចង់​បាន​​ប្រជាធិបតេយ្យ។

ជាមួយគ្នានេះដែរ ចលនាសេរីនិយម​​អន្តរជាតិនេះ បាន​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​​ជួយ​​រក​​មេធាវី​អន្តរជាតិ ដើម្បី​​ប្តឹង​​ករណី​លោក ហ៊ុន សែន និង​មន្រ្តី​របប​នេះ គំរាម​កំហែង​​អាយុ​ជីវិត​​លោក​ សម រង្ស៊ី ទៅ​​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ (ICC)។

លោក ហ៊ុន សែន ធ្លាប់​គំរាម​​ថា ​នឹង​​កម្ទេច​លោក សម រង្ស៊ី នៅ​ព្រំដែន ដោយ​ប្រើ​កាំភ្លើង​ទំនើប ដើម្បី​បង្ក្រាប កុំ​ឲ្យ​​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ មន្រ្តី​ជាន់​​ខ្ពស់​​ផ្នែក​​ការពារ​​ជាតិ លោក ទៀ បាញ់ ក៏​បាន​​គំរាម​កម្ទេច​ក្រុម​​ប្រឆាំង និង​ពលរដ្ឋ​​ស៊ីវិល​​ឯ​ទៀត ដែល​អម​​ដំណើរ​​លោក សម រង្ស៊ី នោះ​ដែរ។

ស្ថាប័នគណបក្សនយោបាយ​អន្តរជាតិ​ដដែលនេះ ចាត់ទុក​ការ​ប្រមាថ​អាយុជីវិត​​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ថា ជា​រឿង​​មិន​​អាច​​ទទួល​​យក​បាន​ជា​ដាច់ខាត។

គណបក្ស​នយោបាយ​ទាំងនេះ​ប្តេជ្ញាថា នឹង​កៀរគតំណាងរាស្រ្ត និង​រដ្ឋាភិបាល​ប្រទេស​សេរី​នៅ​ជុំវិញ​ពិភព​លោក ដើម្បី​ដាក់​សម្ពាធ​នយោបាយ​លើ​​របប​លោក ហ៊ុន សែន ឲ្យ​​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ឡើង​វិញ។

បន្ថែមលើនេះ ក្រុមគណបក្សនយោបាយ​អន្តរជាតិ​ទាំងនេះ ជួយ​​តស៊ូ​មតិ និង​កៀរគ​រ​រក​​ការ​គាំទ្រ​ពី​​មហាជន ដើម្បី​គាំទ្រ​ដំណើរ​វិល​ត្រឡប់​​ទៅ​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ដោយ​​បង្កើត​​ជា​យុទ្ធនាការមួយតាមបណ្តាញ​អ៊ិនធើណិត ដាក់​ឈ្មោះ​ថា ខ្ញុំ​គាំទ្រ​​លោក សម រង្ស៊ី ឬ I Stand With Sam Rainsy។​

អាស៊ីសេរី​មិន​​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​​បញ្ហា​នេះ ពី​​មន្រ្តី​នាំ​ពាក្យ​​របប​ក្រុង​​ភ្នំពេញ​ លោក ផៃ ស៊ីផាន បាន​​នៅ​ឡើយ​ទេ នៅ​ពេល​នេះ។

គណបក្ស​នយោបាយ​សេរី​និយម​​ទាំង ១២​នោះ ​មាន​​មក​ពី​ប្រទេស​អង់គ្លេស អាល្លឺម៉ង់​ ស្វ៊ីស និង ហុល្លង់​ជា​ដើម។

​ចលនាសេរីនិយម​​អន្តរជាតិ ឬ Liberal International ជា​សហព័ន្ធ​​ពិភព​លោក​នៃ​​គណបក្ស​នយោបាយ​​សេរី​និយម និង ប្រជាធិបតេយ្យ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស និង​មាន​​សមាជិក​ ១០៦​ប្រទេស​ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល