ពលរដ្ឋ​ថា ការ​ឈឺ​ចាប់​និង​ភាព​អយុត្តិធម៌​សង្គម ធ្វើ​ឱ្យ​ពួកគាត់​គាំទ្រ​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2019-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
Photo: RFA

ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត ថា​ការ​ឈឺ​ចាប់ និង​ភាព​អយុត្តិធម៌​សង្គម ធ្វើ​ឱ្យ​ពួកគាត់​គាំទ្រ​បក្ស​ប្រឆាំង និង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី មក​កម្ពុជា​វិញ ព្រោះ​សង្ឃឹមថា បក្ស​ប្រឆាំង​នឹង​នាំមក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។

ការ​ឈឺ​ចាប់ និង​​អយុត្តិធម៌​សង្គម ដែល​កើតមានឡើង​នៅ​ក្នុង​សង្គម​ខ្មែរ​នោះ គឺ​ប្រជាពល​រដ្ឋ​ទាំងនោះ សំដៅ​ទៅលើ​ការដឹកនាំ​ប្រទេស​បច្ចុប្បន្ន ដែល​អ្នកដឹកនាំ​ខ្វះ​សមត្ថភាព ក្នុង​ការ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ រស់នៅ​ប្រកបដោយ​ភាព​សុខដុមរមនា​ជាមួយគ្នា​។

លោក សុរិយា បុត្រ ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប លើក​យក​បញ្ហា​ចំណាកស្រុក ដែល​លោក​ថា ជា​ជ្រុង​មួយ​នៃ​បញ្ហា ក្នុងចំណោម​បញ្ហា​ជាច្រើន ដែល​បង្ហាញ​ថា ប្រទេស​កម្ពុជា​មិនបាន​រីកចម្រើន ដូច​តាម​ការ​អួតអាង​របស់​មន្ត្រី​បក្ស​កាន់អំណាច​នោះ​ឡើយ៖ «បើ​សិន​ជាតិ​វា​រុងរឿង វា​ល្អ​មែន​នោះ តើ​ហេតុអ្វី​ក៏​មាន​ពលករ​ខ្មែរ​ចំណាកស្រុក ទៅកាន់​ប្រទេស​កូរ៉េ ម៉ាឡេស៊ី និង ថៃ? តើ​ការ​ធ្វើ​ចំណាកស្រុក​នោះ​ល្អ​ឬ​អត់​? បើ​ទៅ​ចំ​ប្រទេស​ម៉ាឡេស៊ី យើង​ឃើញ​ថា អ្នកខ្លះ​វេទនា​រហូត​ស្លាប់​ខ្លួន។ ប្រទេស​ថៃ អ្នកខ្លះ​ចំ​ទូក កាណូត ឬ​កប៉ាល់​ដែល​នេសាទ​ត្រី ឬ​បង្កង​មួយ​ឆ្នាំ មិន​បាន​វិល​មក​គោក​ម្ដង​ផង រហូតដល់​មាន​ស្លាប់​ចោល​ឪពុកម្ដាយ»

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោក ពិសិដ្ឋ នៅ​ខេត្ត​បន្ទាយមានជ័យ ថា លោក​ឈឺចាប់​ឆ្អែត​ណាស់​ហើយ ក្នុង​ការ​រស់នៅ​ក្រោម​របប​សព្វថ្ងៃ។ លោក​ក៏​ធ្លាប់​ធ្វើជា​ពលករ​នៅ​ប្រទេស​ថៃ​។ លោក​រៀបរាប់​បន្ថែម​ថា គ្មាន​ពលរដ្ឋ​ខ្មែរ​ឯណា​ចង់​ទៅ​លក់​កម្លាំង​ពលកម្ម​នៅ​ស្រុក​គេ​នោះ​ទេ ប៉ុន្តែ​គ្មាន​ជម្រើស ដោយ​ត្រូវ​បង្ខំចិត្ត​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ ដើម្បី​ក្រពះ ដូចជា​រូបលោក​នេះ៖ «ខ្ញុំ​មិន​ចង់​ប្រាសចាក​ពី​គ្រួសារ​ទេ។ ខ្ញុំ​ទៅ​ស្រុក​គេ រហូត​ពិកា​ដៃ​ដោយសារ​ដែក​ធ្លាក់​លើ​។ ខ្ញុំ​ពិបាក​ណាស់​! ខ្ញុំ​ជា​មនុស្ស​នឹង​គេ​ដែរ ហេតុអ្វី​ខ្ញុំ​លំបាក​ម្ល៉េះ ឯ​ប្រជាពលរដ្ឋ​ថៃ​គេ​រស់​ស្រួល គេ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​ដើរហើរ និង​មាន​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​។ ខ្ញុំ​មើល​ទៅ​ដូចជា​បាតដៃ និង​ខ្នងដៃ»

លោក​ពិសិដ្ឋ​បន្ថែម​ថា ការ​ធ្វើទុក្ខបុកម្នេញ រហូត​ចាប់ចង​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ដោយសារតែ​និន្នាការ​នយោបាយ មិន​ស្រប​នឹង​គណបក្ស​កាន់អំណាច​បែប​នេះ គឺ​បង្កើន​ការ​ឈឺចាប់​ទ្វេដង ទាំង​ឈឺចាប់​ដោយសារ​ការបាត់បង់​សិទ្ធិ​សេរីភាព​ផ្នែក​ជីវភាព​នយោបាយ និង​ឈឺចាប់​ដល់​សមាជិក​ក្រុម​គ្រួសារ ដែល​ត្រូវ​បាត់​បង្គោល​ហិរញ្ញវត្ថុ ពេល​អាជ្ញាធរ​ចាប់​មេ​គ្រួសារ​ដាក់គុក៖ «រាល់ថ្ងៃ​ខ្ញុំ​បើក​ហ្វេសប៊ុក​មើល ឃើញ​តែ​ចាប់​បុគ្គល​នេះ បុគ្គល​នោះ​។ អ្នកខ្លះ​ជំពាក់​លុយ​ធនាគារ​អេស៊ីលីដា ឬ ធនាគារ​មីក្រូហិរញ្ញវត្ថុ ចាប់​ប្តី​គាត់​ទៅ តើ​គាត់​មាន​សមត្ថភាព​ឯណា​រកលុយ​បង់​ធនាគារ?»

ជុំវិញ​សេរីភាព​នេះ​ដែរ លោកស្រី បុប្ផា ដែល​ជា​ពលរដ្ឋ​រស់នៅ​ខេត្ត​កណ្តាល​ឯណោះ ថ្លែង​ថា​ប្រជាពលរដ្ឋ​ខ្មែរ រង​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង ដែល​មិន​អាច​ឱ្យ​ពលរដ្ឋ​នៅ​ស៊ូទ្រាំ ក្រោម​ការ​កៀប​សង្កត់​បែបនេះ​បាន​តទៅទៀត​នោះ​ឡើយ៖ «មួយ​ថ្ងៃៗ​បើកភ្នែក​ឡើង ឮ​សូរ​តែ​ចាប់ ឮសូរ​តែ​ចូល​គុក ឮ​សូរ​តែ​យំ​ស្រែក​គ្រប់ទិសទី​។ តើ​យើង​នៅ​ឈរ​សម្ងំ​ស្ងៀម​បៀម​ទុក្ខ​ដល់​ណា​ទៀត បើ​យើង​មិន​ជួយ​គ្នា​នៅ​ពេល​នេះ តើ​ពេលណា ដែល​យើង​បាន​រួចផុត​ទុក្ខទោស នូវ​អំពើ​ដែល​សាហាវយង់ឃ្នង សាហាវ​ឃោរឃៅ ក្នុង​ពេល​បច្ចុប្បន្ន​នេះ?»

ការ​ក្រោក​ឡើង​នេះ គឺ​លោកស្រី​សំដៅ​លើ​ការ​ក្រោក​នាំគ្នា​បង្ហាញ​ជំហរ​គាំទ្រ ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ដែល​លោកស្រី បុប្ផា យល់​ឃើញ​ថា មក​ដើម្បី​រក​ដំណោះស្រាយ មិនមែន​មក​នាំ​សង្គ្រាម ដូច​ការ​ចោទប្រកាន់​របស់​មន្ត្រី​បក្ស​កាន់អំណាច​នោះ​ទេ។

ជាង​នេះ​ទៅ​ទៀត លោកស្រី បុប្ផា ថា​បើ​គ្មាន​ដំណោះស្រាយ​ឆាប់ៗ​ទេ កម្ពុជា​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ ជាពិសេស​ពី​សហភាព​អឺរ៉ុប រឿង​ព្យួរ​ការ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​គ្រឿង​សព្វាវុធ​» EBA ជាដើម​នោះ​។ លោកស្រី ថា នៅ​ពេល​គេ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នេះ វា​នឹង​រឹត​តែ​ធ្វើ​ឱ្យ​បញ្ហា​កាន់តែ​ធំ ដែល​ប៉ះពាល់​ដល់​ជី​វិភាព​គ្រួសារ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន៖ «គឺ​គាត់​មាន​កូន​ដែល​កាត់ដេរ។ គាត់​សង្ឃឹមលើ​ពួក​កូនចៅ​ហ្នឹងហើយ​។ ដល់​តែ​គេ​ផ្ដាច់​ប្រព័ន្ធ EBA មិន​ដឹង​ថា គាត់​ត្រូវ​សង្ឃឹមលើ​អ្នកណា​ទេ។ ដូច្នេះ ពួកគាត់​បាក់​ទឹកចិត្ត​ខ្លាំង​។ ម្ល៉ោះហើយ​រដ្ឋាភិបាល ត្រូវតែ​ទទួលខុសត្រូវ»

ការ​ទទួលខុសត្រូវ​នេះ ខាង​រដ្ឋាភិបាល​ឯណោះ បាន​អះអាង​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ទៅ​ហើយ ដើម្បី​ទប់ទល់​ពេល​សហភាព​អឺរ៉ុប ព្យួរ​ការ​អនុគ្រោះ EBA ដោយ​លោក ហ៊ុន សែន បាន​អះអាង​អំពី​កំណែ​ទម្រង់​សេដ្ឋកិច្ច កាលពី​ចុងខែ​មីនា និង ការ​ត្រៀម​មាស​ជិត ៣០តោន និង​ប្រាក់​បម្រុង​ខ្លះ ដែល​លោក​អះអាង​ថា អាច​ទប់ទល់​បើកប្រាក់​ខែ​ឱ្យ​មន្ត្រីរាជការ​បាន​រាប់​ខែ​ដែរ ពេល​រង​ទណ្ឌកម្ម​អន្តរជាតិ។

ទោះជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មូលដ្ឋាន​ទាំងនេះ បញ្ជាក់​ជំហរ​គាំទ្រ ដំណើរ​មាតុភូមិនិវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នោះ និង​សំណូមពរ​ឱ្យ​លោក ហ៊ុន សែន ជួយ​សម្រួល​ឱ្យ​អ្នក​ទាំងនោះ អាច​ធ្វើ​ដំណើរ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព ជៀសវាង​ចាត់វិធានការ​បង្ក្រាប ព្រោះ​ការ​បង្ក្រាប​ទៅលើ​ពលរដ្ឋ​ស៊ីវិល ដែល​ចូលរួម​ក្នុង​សកម្មភាព​គាំទ្រ​មេ​ដឹក​នយោបាយ ដែល​ខ្លួន​ស្រលាញ់ ដោយ​សន្តិវិធី​បែបនេះ នឹង​គ្មាន​ចំណេញ​អ្វី​ដល់​មុខមាត់​រដ្ឋាភិបាល​នោះ​ទេ​។ មិនតែប៉ុណ្ណោះ បើ​ការ​បង្ក្រាប​នេះ​ឈាន​ដល់​ការ​បង្ហូរ​ឈាម សហគមន៍​អន្តរជាតិ រឹតតែ​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល