អាជ្ញាធរ​ម៉ាឡេស៊ី​មិន​ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ពីរ​រូប​ទៅ​កម្ពុជា​វិញ​នោះ​ទេ

ដោយ មួង ណារ៉េត
2019-11-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​សិទ្ធិមនុស្ស​ថា អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី មិន​ចាប់​បញ្ជូន​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ពីរ​រូប ដែល​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ព្រលាន​យន្តហោះ​នៃ​ប្រទេស​នេះ កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា។សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ម្សិលមិញ​នេះ បាន​ដកស្រង់​ប្រសាសន៍​មន្ត្រី​គណៈកម្មការ​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោក ចេរ៉ាល ចូសេហ្វ (Jerald Joseph) ថា​សកម្មជន​ទាំងពីរ​រូប​នេះ កាលពី​ដំបូង​ឡើយ ត្រូវ​អាជ្ញាធរ​ប្រទេស​នេះ​គ្រោង​ចាប់​បញ្ជូន​ទៅ​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​ទី៥ ខែ វិច្ឆិកា​នោះ ប៉ុន្តែ ក្រោយមក​សម្រេច​មិន​បញ្ជូន​ទៅវិញ ដោយសារ​រង​ការជំទាស់ ទៅ​នឹង​ការ​ចាប់​បញ្ជូនេះ។

មន្ត្រី​ដដែល​សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​ក្រសួង​អន្តោប្រវេសន៍​ម៉ាឡេស៊ី ដែល​ជ្រើសរើស មិន​ចាប់​បញ្ជូន​អ្នក​ទាំងពីរ​នោះ ទៅ​កម្ពុជា​វិញ​។ លោក​ចាត់​ទុក​ការសម្រេច​បែបនេះ ថា ជា​សញ្ញាណ​ល្អ​មួយ​។ ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​សិទ្ធិមនុស្ស​ដដែល មិន​ដឹង​អំពី​មូលហេតុ​នៃ​ការប៉ុនប៉ង​ចាប់​បញ្ជូន​ខ្លួន​អ្នក​ទាំងពីរ ទៅ​កម្ពុជា​វិញ​នោះ​ទេ។

លោក ហ៊ុន សែន ធ្លាប់​លើកឡើង​ថា រដ្ឋាភិបាល​របស់​លោក បាន​បញ្ជូន​ដីកា​តាម​រក​ចាប់ខ្លួន​មន្ត្រី​ជាន់ខ្ពស់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨ នាក់ ទៅ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំងអស់​រួចហើយ ដើម្បី​ឱ្យ​ប្រទេស​ទាំងនោះ​សហការ ក្នុង​ការ​ចាប់ខ្លួន​មន្ត្រី​ទាំងនោះ ប្រសិនបើ​ពួកគាត់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាស៊ាន​។

ទោះជា​យ៉ាង​នេះ​ក្តី អាជ្ញាធរ​ម៉ាឡេស៊ី មិនបាន​អនុវត្ត​តាម​សំណើ​នេះ​ទេ ព្រោះ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ នៅតែ​អាច​មាន​វត្ត​មាននៅ​លើទឹក​ដី​នៃ​ប្រទេស​នេះ​បាន​។ ចំណែក​ឯ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​របស់​តុលាការ​ខ្មែរ​ដែរ ក៏​នៅតែ​អាជ្ញាធរ​ប្រទេស​សមាជិក​អាស៊ាន​មួយទៀត គឺ​ប្រទេស​ឥណ្ឌូណេស៊ី អនុញ្ញាត​ឱ្យ​មាន​វត្តមាន​ក្នុង​ប្រទេស​នេះ​ដែរ​។ មន្ត្រី​សន្តិសុខ​ថៃ​ឯណោះ ក៏​ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី​ថា ប្រទេស​នេះ មិន​ចាប់ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង ទៅតាម​ការ​ចង់​បាន​របស់​របប​លោក ហ៊ុន សែន នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល