មន្ត្រី​បក្ស​ប្រឆាំង​ស្វែងរក​អន្តរាគមន៍​ពី​អ.ស.ប​ករណី​ធ្វើ​ទុក្ខបុកម្នេញ​និង​ចាប់ខ្លួន​សកម្មជន​ខ្លួន

ដោយ មួង ណារ៉េត
2019-09-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។
RFA/Jeevita

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​កំពុង​ស្វែង​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ឱ្យ​​យក​​ចិត្ត​​ទុក​​ដាក់ និង​​មាន​​វិធានការ​​ករណី​ការ​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​ក្នុង​ពេល​ថ្មីៗ​នេះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​អ្នកស្រី មូរ សុខហួរ បាន​សរសេរ​លិខិត មួយ​ច្បាប់ កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ទៅ​នាយក​ប្រតិបត្តិ​ផ្នែក​កិច្ចការ​នារី​របស់​អង្គការសហប្រជាជាតិ​អ្នកស្រី ភូមិហ្ស៊ីឡេ ម៉ូឡាំបូ-គឺកា (Phumzile Mlambo-Ngcuka) ដើម្បី​សុំ​អន្តរាគមន៍ ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន លើ​ស្ត្រី​ក្នុង​ជីវភាព​នយោបាយ ក្នុង​ករណី​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​កញ្ញា យូ ចាន់ធានី។

កញ្ញា យូ ចាន់ធានី ត្រូវ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​នៅ​កន្លែង​ធ្វើ​ការ នៅ​ក្នុង​ធនាគារ​​អេប៊ីអេ (ABA) កាល​ពី​​ថ្ងៃ​​ទី១៣ ខែ​កញ្ញា។ តុលាការ​បាន​ចោទ​ប្រកាន់​​កញ្ញា​​ពី​បទ ទៅ​ទទួលយក​ផែនការ​ពី​លោក សម រង្ស៊ី នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ។

អ្នកស្រី មូរ សុខហួរ បន្ថែម​ថា បរិយាកាស​ភ័យខ្លាច កំពុង​រីកសាយ​ភាយ​យ៉ាង​គំហុក នៅ​ពាសពេញ​ប្រទេស ស្រប​ពេល​ដែល​ប្រព័ន្ធ​តុលាការ​ប្រឡាក់ប្រឡូស​ដោយ​​អំពើ​ពុករលួយ និង​ត្រូវ​គេ​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ប្រឆាំង​អ្នក​ហ៊ាន​រិះគន់​​របប​​នេះ និង​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​សំឡេង​ប្រឆាំង​ឥត​ស្រាកស្រាន្ត។

អ្នកស្រី​ថា ការ​ចាប់ និង​ឃុំខ្លួន​ជា​លក្ខណៈ​ប្រព័ន្ធ ទៅលើ​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​​កា​រ​អនុវត្ត​​សិទ្ធិ​​សេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន​បែប​នេះ គឺ​ជា​​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​មិន​អាច​អត់​ឱ​បាន​នោះ​ឡើយ។

អ្នកស្រី​បន្ថែម​ថា កញ្ញា យូ ចានធានី គឺជា​ជនរងគ្រោះ​ម្នាក់ទៀត ក្នុងចំណោម​ជន​រង​គ្រោះ​​ជា​​ស្ត្រី​​នៃ​​គណបក្ស​​ប្រឆាំង ដែល​ស្ថិត​ក្នុង​សេណារីយ៉ូ​របស់​បក្ស​កាន់​អំណាច ក្នុង​​ការ​កម្ចាត់​សមាជិក​គណបក្ស​ប្រឆាំង​ឱ្យ​អស់។

អ្នកស្រី​ស្នើ​ឱ្យ​ស្ថាប័ន​ស្ត្រី​អន្តរជាតិ​មួយ​នេះ លើក​បញ្ហា​នេះ នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧៤ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ប្រព្រឹត្ត​​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៧-៣០ ខែ​កញ្ញា និង​ទាមទារ​ឱ្យ​ចាត់ការ ដើម្បី​ដោះលែង​​សកម្មជន​​បក្ស​​ប្រឆាំង​ជា​ប​ន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ចាត់​ទុក​លិខិត​របស់​មន្ត្រី​​ជាន់​ខ្ពស់​​បក្ស​​ប្រឆាំង​​នេះ​ថា​ ធ្វើ​​មិន​​ត្រូវ​​តាម​​តថភាព​​ជាក់​ស្ដែង នៃ​​រឿងរ៉ាវ​ដែល​កើតមានឡើង​ពិត ជុំវិញ​ការ​ចាប់ខ្លួន​កញ្ញា យូ ចាន់ធានី និង សកម្មជន​បក្ស​ប្រឆាំង​ឯទៀត​នោះ​ឡើយ​។ លោក​បន្ទរ​តាម​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ដែល​ហៅ​​សកម្មភាព​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី នោះ​​ថា​ ដើរ​​ហួស​​បន្ទាត់​​ក្រហម៖ «ការ​លើក​​ឡើង​ហ្នឹង វា​មិន​ចំ​អ្វី​ដែល​ជា​ហេតុផល ឬក៏​ជា​អង្គហេតុ​នៃ​ការ​ចាប់ខ្លួន​។ គាត់​មិនបាន​និយាយ​រឿង​ហ្នឹង​ទេ។ អង្គហេតុ​ដែល​គេ​ចាប់​ហ្នឹង គឺ​មាន​ហេតុផល​ត្រឹមត្រូវ​ផង​ដែរ គឺ​នគរបាល និង​សមត្ថកិច្ច ចាប់​គាត់​ពី​សកម្មភាព​បំផុល​បំផុល ការចូលរួម​ក្នុង​ចលនា​ធ្វើ​រដ្ឋប្រហារ»

លិខិត​របស់​អ្នកស្រី មូរ សុខហួរ ទៅកាន់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​នេះ ធ្វើ​ឡើង ៥​ថ្ងៃ ក្រោយ​​ប្រធាន​​ស្ដីទី​​គណបក្ស​​ប្រឆាំង​​លោក សម រង្ស៊ី សរសេរ​លិខិត​មួយ​​ដែរ ទៅ​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក ខូ​លី សេក (Coly Seck) ដើម្បី​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ ជួយ​ធានា​យ៉ាង​​ណា ឱ្យ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង ចេញ​ផ្លែផ្កា​ជា​ការ​ចរចា ដើម្បី​ផ្សះផ្សា​ជាតិ។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កំពុង​ជួប​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន លើក​ទី​៤២ នៅ​​ទីក្រុង​​ហ្សឺណែវ ប្រទេស​​ស្វីស ចាប់​​ពី​​ថ្ងៃ​​ទី៩ ដល់​​ថ្ងៃ​​ទី២៧ ខែ​កញ្ញា។

សារ​អំពាវនាវ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ និង​បង្ក្រាប​សំឡេង​ប្រឆាំង​ដើម្បី​រារាំង​អ្នក​ទាំងនោះ មិន​ឱ្យ​ចូលរួម​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល