លោក ប៉ាទ្រីក ម័រហ្វី ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ពេញ​សិទ្ធិ​នៅ​កម្ពុជា

ដោយ ជី វិតា
2019-10-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) (រូប​ឆ្វេង) ថ្វាយ​សារតាំង ដល់​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច ព្រះនរោត្តម សីហមុនី ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា​ ឆ្នាំ​២០១៩។
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) (រូប​ឆ្វេង) ថ្វាយ​សារតាំង ដល់​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច ព្រះនរោត្តម សីហមុនី ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​តុលា​ ឆ្នាំ​២០១៩។
Photo courtesy of Patrick Murphy's Twitter

មន្ត្រី​ការបរទេស​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បាន​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​ពេញ​សិទ្ធិ​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ហើយ បន្ទាប់ពី​លោក​បាន​ចូល​គាល់ និង​ថ្វាយ​សារតាំង​ដល់​ព្រះមហាក្សត្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ តុលា។ របប​លោក ហ៊ុន សែន ស្វាគមន៍​ការ​ចូល​កាន់​តំណែង​ផ្លូវការ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី មានប្រសាសន៍​ក្នុង​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) ក្រោយ​ថា្វយ​សារតាំង​ជូន​ព្រះមហាក្សត្រ​ថា លោក​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ពិភាក្សា​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។

លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បាន​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា កន្លង​ទៅ ដើម្បី​កាន់​ការ​ជា​អ្នកតំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ រយៈពេល ១​ខែ​កន្លង​ទៅ​នេះ លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កន្លែង​ជាច្រើន ដូចជា ប្រាសាទ​អង្គរវត្ត សាលារៀន មន្ទីរពេទ្យ និង​ទីតាំង​វប្បធម៌​សិល្បៈ​ខ្មែរ ជាដើម​។ លោក​បាន​ជួប​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សិស្ស និស្សិត ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ផង​ដែរ ហើយ​សកម្មភាព​ទាំងអស់​នេះ លោក​បាន​បង្ហោះ​នៅ​លើ​គណនេយ្យ​ធ្វីតធ័រ​ផ្ទាល់ខ្លួន​របស់​លោក​។

ក្រុង​ភ្នំពេញ បាន​ស្វាគមន៍​ការ​ចូល​កាន់​តំណែង​ផ្លូវការ​របស់ លោក ប៉ាទ្រីក ម័រហ្វី និង​រំពឹង​ថា ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​រូប​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន សរសេរ​លើ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី​២០ តុលា​ថា ពលរដ្ឋ​ខ្មែរ​ស្វាគមន៍​លោក ប៉ាទ្រីក ម័រហ្វី យ៉ាង​កក់ក្ដៅ និង​ស្មោះស្ម័គ្រ​។ លោក​ទទួល​ស្គាល់​ថា អ្វី​ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃ ក៏​ជា​ការ​ចូលរួម​ចំណែក​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​។ លោក​ថ្លែង​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ ទំនាក់ទំនង​ល្អ​ប្រសើរ និង​ការ​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក គឺជា​អាទិភាព​សម្រាប់​កម្ពុជា និង​សហរដ្ឋអាមេរិក ហើយ​លោក​រំពឹង​ថា លោក ប៉ាទ្រីក ម័រហ្វី នឹង​បន្ត​ពង្រឹង​ស្ថានភាព​នេះ​ត​ទៅមុខ​ទៀត។

ទោះជា​យ៉ាងណា នៅមុន​ការ​មក​ដល់​របស់​ឯក​អគ្គរដ្ឋទូត​ថ្មី​រូប​នេះ លោក ផៃ ស៊ីផាន ធ្លាប់​បាន​ប្រមាថ​មន្ត្រី​ទូត​អាមេរិក​ផ្សេង​ទៀត​ថា ជា​មនុស្ស​ព្រៃ គ្មាន​តម្លៃ​នឹង​ធ្វើការ​ជាមួយ ក្រោយពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​រិះគន់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ថា មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​មិន​តំណាង​ឱ្យ​ឆន្ទៈ​ខ្មែរ។ លោក ផៃ ស៊ីផាន ថែម​ទាំង​បាន​ជំរុញ​ឱ្យ​មន្ត្រី​ទូត​អាមេរិក​ទាំងនោះ វេច​បង្វេច​ចាក​ចេញពី​កម្ពុជា​ទៀត​ផង បើ​មិន​ពេញ​ចិត្តនឹង​ស្ថានការណ៍​នៅ​កម្ពុជា៖ «យើង​ពិបាក​នឹង​ធ្វើការ​ជាមួយ​នឹង​មន្ត្រី​រម៉ិករម៉ក់​! មាក់ងាយ​ប៉ុណ្ណឹង​ចុះ​! ពីព្រោះ​ពួកគេ​ជា​មនុស្ស​ព្រៃ​សម្រាប់​ការ​ញុះញង់​។ ទុក​ឱ្យ​ពួក​ព្រៃ​គេ​ប្រើប្រាស់​វេទិកា​សាធារណៈ​។ ដូច្នេះ​អាច​បង្ហាញ​ថា ពួក​ព្រៃ និង​ពួក​យើង​នីតិរដ្ឋ​ស៊ីវិល័យ​ដូច​យើង​ត្រូវ​និយាយ​យ៉ាងម៉េច»

លោក ប៉ាទ្រីក ម័រហ្វី គឺជា​មន្ត្រី​ការទូត​អាមេរិក​ម្នាក់​ដែល​មាន​ជំហរ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ក្រុម​មេដឹកនាំ​ក្រុងភ្នំពេញ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ពួកគេ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ​។ លោក​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ថា លោក​នឹង​ប្រឹងប្រែង​លើកកម្ពស់​លទិ្ធ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​នៅ​កម្ពុជា​។ លោក​ក៏បាន​ប្ដេជ្ញា​ថា នឹង​តស៊ូ​មតិ​ឱ្យ​មាន​ការ​ផ្សះផ្សា​រវាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ផង​ដែរ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា លោក​មិនទាន់​ជឿជាក់​ទាំងស្រុង​ទេ​ថា វត្តមាន​របស់​លោក ប៉ាទ្រីក ម័រហ្វី អាច​ជួយ​ស្តារ​ភាព​ល្អក់​កករ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​នោះ​ទេ​។ លោក​ពន្យល់​ថា មួល​ហេតុ​គឺ​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ផែនការ​បដិវត្តន៍​ពណ៌​របស់​លោក កឹម សុខា ហើយ​ម្យ៉ាងវិញទៀត រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​លក្ខខណ្ឌ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដែល​ស្នើ​ឡើង​ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នៅ​ឡើយ​ទេ​។ ក្រៅ​ពី​នេះ លោក​យល់​ឃើញ​ថា ឥរិយាបថ​នយោបាយ​បែប​លម្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន ក៏​ជា​កត្តា​ធ្វើ​ឱ្យ​អាមេរិក​មិន​សប្បាយចិត្ត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដែរ៖ «បើ​រដ្ឋាភិបាល​អាមេរិក​ផ្ដោត​លើ​បញ្ហា​ណា​មួយ ព្រឹទ្ធសភា​អាមេរិក​ជំរុញ​បញ្ហា​ណាមួយ​ខ្លាំង​ហើយ លោក​ឯកអគ្គរដ្ឋ​ទូត​ត្រូវ​តែ​សម្រប​ខ្លួន​តាម។ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ឆ្លើយ​តប​តាម​អ្វី​ដែល​សហរដ្ឋ​អាមេរិក​លើក​ឡើង​ទេ ខ្ញុំ​គិត​ថា ស្ថានភាព​ស្ដារ​ទំនាក់​ទំនង​កម្ពុជា​អាមេរិក​ហ្នឹង​ មិន​អាច​ពឹង​ផ្អែក​លើ​វត្ត​មាន​ឯកអគ្គរដ្ឋទូត​​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ លោក ប៉ាទ្រីក ម័រហ្វី ​ហ្នឹង​បាន​ទេ»

សហរដ្ឋអាមេរិក គឺជា​ប្រទេស​ឈានមុខ​គេ​នៅ​ក្នុង​ការ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ គោរព​សិទ្ធិមនុស្ស លើកស្ទួយ​យុត្តិធម៌​សង្គម និង​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា​។ បច្ចុប្បន្ន​នេះ សមាជិកសភា​សហរដ្ឋ​អាមេរិក​កំពុងតែ​សស្រាក់សស្រាំ​បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម​ថ្នាក់ដឹកនាំ​កម្ពុជា ហើយ​ប្រសិនបើ​ស្ថានការណ៍​កម្ពុជា​នៅតែ​យ៉ាប់យ៉ឺន​ទៀត​នោះ ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ទំនងជា​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ការ​បដិសេធ​ទិដ្ឋាការ​មិន​ឱ្យ​ជាន់​ទឹកដី​អាមេរិក​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល