លោក សម រង្ស៊ី ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​លោក​ជំនួស​លោក កឹម សុខា

ដោយ សុ ជីវី និង​ ជុន ច័ន្ទបុត្រ
2020-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ ជំរុញ​ឱ្យ​តុលាការ​របប​ក្រុងភ្នំពេញ ងាក​មក​ចោទ​ប្រកាន់​រូបលោក វិញ​ជំនួស​ឱ្យ​ការ​ចោទ​ប្រកាន់ លោក កឹម សុខា ពី​បទ​សន្ទិដ្ឋភាព ឬ​ត្រូវ​រ៉ូវគ្នា​ជាមួយ​រដ្ឋ​បរទេស ដែល​ហៅ​ថា​ក្បត់​ជាតិ​នោះ​វិញ។

លោក សម រង្ស៊ី លើក​ឡើង​បែប​នេះ​ដោយ​សំអាង​ថា វីដេអូ​ឃ្លីប​លោក កឹម សុខា ថ្លែង​នៅ​ប្រទេស​អូស្រ្តាលី ដែល​រដ្ឋាភិបាល​យក​មក​ធ្វើ​ជា​ភស្តុតាង​ចោទ​ប្រកាន់​លោក​នោះ​ជា​ហេតុការណ៍​កើតឡើង​កាល​ពី​ឆ្នាំ​២០១៣ គឺ​នៅ​ពេល​ដែល លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ពោល​គឺ​លោក​ជា​អ្នក​ទទួលខុសត្រូវ ដែល​មិន​គួរ​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​កាលនោះ​ជា​អនុប្រធាន​គណបក្ស​ឡើយ។ លោក​ថា លោក​ក៏​មាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់​ថា លោក​បាន​ទាក់ទង​ជាមួយ​បរទេស​ជាច្រើន​ក្នុង​កិច្ចការ​នយោបាយ​របស់​លោក ដោយ​រាប់​ចាប់តាំង​ពី​លោក​បាន​បង្កើត​គណបក្ស​នយោបាយ​ជា​លើក​ដំបូង៖ «ខ្ញុំ​សូម​ឱ្យ​លោក ហ៊ុន សែន ឯង​ដែល​កំពុង​តែ​ស្ដាប់​ខ្ញុំ​យក​ខ្ញុំ​ទៅ​កាត់ទោស​វិញ​ទៅ! ទម្លាក់​ចោល​ទៅ​ការ​ចោទ​ប្រកាន់ ឬ​ក៏​កាត់ទោស​លោក កឹម សុខា មួយ​អន្លើ​សិន​ទៅ ហើយ​ខ្ញុំ និង​ទៅ​ទីក្រុង​ភ្នំពេញ បើ​លោក ហ៊ុន សែន ឯង​ឈប់​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឱ្យ​ដឹក​ខ្ញុំ បើ​លោក ហ៊ុន សែន ឯង​ឈប់​ទៅ​អំពាវ​នាវ ទៅ​អង្វរ​រដ្ឋាភិបាល​ថៃ​កុំឱ្យ​ខ្ញុំ​ឆ្លងកាត់​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​តាម​ផ្លូវគោក​ ខ្ញុំ​នឹង​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ ហើយ​ខ្ញុំ​សន្យា​ថា​ខ្ញុំ​អត់​មាន​អំពាវនាវ អត់​មាន​បំផុស​បំផុល​ឱ្យ​ប្រជារាស្រ្ត​អី​បះបោរ​អី​ទេ។ ខ្ញុំ​ទៅ​ហ្នឹង​ទៅ​ត្រឹមតែ​តុលាការ​ទេ។ ខ្ញុំ​សុំ​ឱ្យ​លោក ហ៊ុន សែន ឯង​ទទួល​យក​ភស្តុតាង ដែល​ខ្ញុំ​ចោទ​ខ្លួន​ខ្ញុំ​ថា ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​បរទេស​ច្រើន​ណាស់។»

លោក សម រង្ស៊ី បាន​កំណត់​ពេល​ម្ដង​រួច​ហើយ​ថា វិល​ទៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩​ខែ វិច្ឆិកា ឆ្នាំ​២០១៩ ជាមួយ​ក្រុម​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ ប៉ុន្តែ​គម្រោង​នេះ​នៅ​មិន​ទាន់​បាន​ជោគជ័យ​នៅ​ឡើយ ដោយ​លោក​សំអាង​ថា មាន​ការរារាំង​ពី​គ្រប់​ច្រក និង​គ្រប់​មធ្យោបាយ​ទាំងអស់​ពី​របប​ក្រុងភ្នំពេញ​មិន​ឱ្យ​លោក​អាច​វិល​ទៅវិញ​បាន។ បើ​ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី នៅ​តែ​អះអាង​ថា នៅតែ​ប្រកាន់​ជំហរ​វិល​ទៅ​កម្ពុជា​វិញ​ឱ្យ​បាន​តាម​គ្រប់​មធ្យោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល