លោក សម រង្ស៊ី អំពាវនាវ​ដល់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​សាមគ្គី​គ្នា​ឆ្ពោះ​ទៅ​ផ្លាស់ប្ដូរ​នា​ពេល​ខាង​មុខ​ដ៏​ខ្លី

ដោយ អូន ភាព
2020-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​រក្សា​គោលជំហរ​រឹងមាំ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ជំរុញ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ។ អ្នក​គាំទ្រ​គណបក្ស​នេះ​យល់ថា បើ​គណបក្ស​នេះ​នៅតែ​ស្ថិត​ក្នុង​ជំហរ សម រង្ស៊ី-កឹម សុខា ជា​មនុស្ស​តែមួយ​ដដែល​គឺ​គណបក្ស​នៅតែ​រឹងមាំ។

លោក សម រង្ស៊ី លើកឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ជា​ក្តី​សង្ឃឹម​តែមួយគត់​របស់​ពលរដ្ឋ ដូច្នេះ​ទាំង​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​ត្រូវ​ប្រកាន់​ស្មារតី​បង្រួបបង្រួម​កម្លាំង​ស្នេហា​ជាតិ និង​ប្រជាធិបតេយ្យ​ដែល​មាន​ឧត្ដម​គតិ​ដូចគ្នា។ លិខិត​ចុះ​ថ្ងៃ​ទី​២៧ ខែ​មករា ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក​ថា លោក​នៅតែ​រក្សា​ទំនាក់ទំនង ជាមួយ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប គ្រប់​ក្រុម គ្រប់​តំបន់ និង​គ្រប់​ប្រទេស​ដែល​ជា​អ្នកស្នេហាជាតិ និង​ប្រជាធិបតេយ្យ​ដូចគ្នា ហើយ​ដែល​គាំទ្រ​ពាក្យ​ស្លោក សម រង្ស៊ី និង កឹម សុខា មនុស្ស​តែមួយ។ លោក​បន្ត​ថា បើ​អាច​ធ្វើ​ទៅ​បាន​លោក​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សាធារណៈ ឬ​ឯកជន​ក្នុង​ទ្រង់ ទ្រាយ​តូច ឬ​ធំ​ដែល​រៀបចំ​ដោយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ម្នាក់​ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក ម៉ន ផល្លា ឱ្យ​អាស៊ីសេរី​ដឹង​ថា ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា លុះ​ត្រា​អ្នកស្នេហាជាតិ ជាពិសេស​គឺ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​គោរព​តាម​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី។ លោក​យល់​ថា ការ​រួម​គ្នា​ជ្រក​ក្រោម​ដំបូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ និង​ការ​ឯកភាព​ផ្ទៃក្នុង​បក្ស​គឺជា​ការ​ផ្តល់​ក្តី​សង្ឃឹម​ថា នឹង​អាច​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​គេច​ផុត​ពី​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «ការ​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​នៅ​ពេល​ខាងមុខនេះ ទាល់តែ​យើង​អនុវត្ត​តាម​សេចក្តី​សម្រេច និង​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ ហើយ​យើង​ផ្តោត​លើ​គោលដៅ​របស់​យើង​តែមួយ គឺ​ផ្លាស់ប្ដូរ​របប​កុម្មុយនិស្ត»

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េខាងត្បូង លោក ស សុខេម យល់ថា ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​នៅតែ​ផ្ដល់​ទំនុក​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា។ លោក​ស្នើ​ទៅ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​វាយប្រហារ​គ្នាឯង ប្រសិនបើ​មន្ត្រី ឬ​សកម្មជន​គណបក្ស​រូប​ណា​បាន​និយាយ ឬ​ធ្វើ​សកម្មភាព​ខុសឆ្គង​ដោយ​អចេតនា​។ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៏​អំពាវនាវ​ដល់​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​ធ្វើការ​រួមគ្នា​ក្នុង​ស្មារតី សម រង្ស៊ី កឹម សុខា មនុស្ស​តែមួយ៖ «សូម​ឱ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅតែ​ពួតដៃគ្នា​យ៉ាង​រឹងមាំ​កុំ​ឱ្យ​បែកបាក់ ហើយ​សូម​ឱ្យ​បងប្អូន​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​កុំ​មានចិត្ត​រ​វៀត​ចិត្ត​ល្វើយ​ឱ្យ​សោះ»

សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី ស្នើ​ដល់​អ្នកស្នេហាជាតិ និង​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​បង្រួបបង្រួម​កម្លាំង​គ្នា​នៅ​ពេល​នេះ ខណៈ​គេ​សង្កេត​ឃើញ​ថា មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី។

អ្នកវិភាគ​នយោបាយ លោក កឹម សុខ សង្កេត​ឃើញ​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រឹងមាំ​ដដែល បើ​ទោះ​ជា​កំពុង​ស្ថិត​ជា​ចំណាប់ខ្មាំង​របស់​លោក ហ៊ុន សែន ក្តី​។ លោក​យល់​ថា សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី គឺ​មាន​សារសំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​រឹងមាំ​។ លោក​យល់ថា ការ​បង្ហាញ​កម្លាំង​រឹងមាំ​របស់​គណបក្សប្រឆាំង​នៅ​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មាន​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន វិល​មក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «ការ​អំពាវនាវ​គឺជា​រឿង​ត្រឹមត្រូវ​ពីព្រោះ​នៅ​ក្នុង​នយោបាយ​ខ្សែទឹក​ចិត្ត​រាស្ត្រ​ក៏​ត្រូវ​ការ​បែប​ហ្នឹង នយោបាយ​ជា​អន្តរជាតិ​ក៏​គេ​ត្រូវការ​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​ធំ និង​ខ្លាំង»

លោក សម រង្ស៊ី នៅតែ​អំពាវនាវ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ឱ្យ​ធ្វើ​សកម្មភាព​រួមគ្នា​ដើម្បី​ពង្រឹង​ឯកភាព​គណបក្ស​ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​ដើម្បី​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឈាន​ទៅ​ដឹកនាំ​ប្រទេស​នា​ពេល​ខាង​មុខ​ដ៏​ខ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល