លោក សម រង្ស៊ី អះអាង​ថា បាន​ទិញ​សំបុត្រ​យន្តហោះ​ថ្មី​រួចហើយ​ដើម្បី​ទៅ​កម្ពុជា​ឆាប់ៗ​ នេះ

ដោយ មួង ណារ៉េត
2019-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
Photo courtesy of Sam Rainsy's Facebook Page

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ អះអាង​ប្រាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី៧ ខែ វិច្ឆិកា ថា លោក​បាន​ទិញ​សំបុត្រ​យន្តហោះ​ថ្មី​រួចហើយ ក្នុង​គម្រោង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ឆាប់ៗ​នេះ ឱ្យ​ស្រប​ទៅ​នឹង​គម្រោង​ដែល​លោក​បាន​ប្រកាស​​ថា នឹង​វិល​ទៅ ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា​នោះ។

សំបុត្រ​យន្តហោះ ដែល​លោក សម រង្ស៊ី អះអាង​ថា បាន​ទិញ​ថ្មី​នោះ គឺ​លោក​ថា ទិញ​រហូតដល់​ទៅ​ពីរ​សន្លឹក ដើម្បី​ខ្លាច​ខកខាន​មិនបាន​ធ្វើ​ដំណើរ​ទៅ​កម្ពុជា ដូច​ការ​គ្រោងទុក៖ «សំបុត្រ​ដែល​ខ្ញុំ​ទិញ ខ្ញុំ​ទិញ​រហូតដល់​ពីរ បើ​ថា​វា​លួច​កែ​សំបុត្រ​ខ្ញុំ​មួយ ខ្ញុំ​មាន​សំបុត្រ​មួយទៀត ដែល​ខ្ញុំ​លាក់ មិន​ឱ្យ​ដឹង​លេខ​ប៉ុន្មាន​ទេ»

ការណ៍​ដែល​សុំ​លាក់​មិន​ឱ្យ​ដឹង​លេខ​សំបុត្រ​ម្តង​​នេះ គឺ​មកពី​លោក សម រង្ស៊ី ថា​លោក​មិន​ចង់​បង្ហាញ​នាំ​ឱ្យ​ខូច​ការណ៍ ដូច​កាល​សំបុត្រ​លើក​មុន ដែល​លោក​ទិញ​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ ដែល​ធ្វើ​ឱ្យ​គេ​អាច​ចូល​លួច​កែ​បាន។

លោក សម រង្ស៊ី ត្រូវ​ខក​ជើង​យន្តហោះ កាល​ពី​ថ្ងៃទី៧ ខែ វិច្ឆិកា​ម្សិលមិញ ដោយសារតែ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​ថៃ (Thai Airways) មិន​អនុញ្ញាត​ឱ្យ​លោក​ឡើង​ជិះ​យន្តហោះ ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ។ សារព័ត៌មាន AP ថា​មូលហេតុ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ មិន​ព្រម​ដឹក​លោក សម រង្ស៊ី ពី​ទីក្រុង​ប៉ារីស ទៅកាន់​ទីក្រុង​បាងកក​នោះ គឺ​ដោយសារតែ​ការ​កក់​សំបុត្រ​យន្តហោះ ធ្វើ​មិន​បាន​ត្រឹមត្រូវ​។ ទោះជា​យ៉ាង​ក្តី ប្រភព​ដដែល ដកស្រង់​សម្ដី​បុគ្គលិក​ក្រុមហ៊ុន​នេះ ថា​សំបុត្រ​ថ្មី​ដែល​មាន​ឈ្មោះ​លោក សម រង្ស៊ី ត្រូវ​បាន​កក់​រួចហើយ សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ ដែល​ចេញ​ដំណើរ​នៅ​ថ្ងៃ​សោរ៍ ទី៩ ខែ​វិច្ឆិកា។

ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​ថៃ (Thai Airways) កាលពី​ថ្ងៃ​ទី៧ ខែ វិច្ឆិកា មិន​ទាន់​ឆ្លើយតប​នឹង​សំណួរ​អាស៊ីសេរី​នៅឡើយ​ទេ ជុំវិញ​ករណី​របស់​លោក សម រង្ស៊ី​។ ប៉ុន្តែ លោក សម រង្ស៊ី អះអាង​ថា ការ​មិន​អនុញ្ញាត​ឱ្យ​លោក​ជិះ​យន្ត​របស់​ក្រុមហ៊ុន​ថៃ​នេះ គឺ​ដោយសារ​តែ​មាន​អន្តរាគមន៍​ពី​ថ្នាក់​កំពូល​របស់​ថៃ៖ «ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ស្ទើរតែ​អង្វរ​ខ្ញុំ​វិញ ថា សូម​យល់​ពួកគាត់​ផង ពួកគាត់​អត់​ចង់​រារាំង​លោក​ទេ តែ​មាន​បញ្ជា​ពី​ខាងលើ​។ គេ​ថា​អ៊ីចឹង!»

នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា កាលពី​ថ្ងៃទី៦ ខែ វិច្ឆិកា បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​ថៃ​នោះ​ឡើយ ដោយ​លោក​សម្អាង​ថា ធ្វើ​ដូច្នេះ​ដើម្បី​គោរព​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ប្រទេស​ដទៃ​របស់​ប្រទេស​សមាជិក​អាស៊ាន។

លោក សម រង្ស៊ី ធ្លាប់​បង្ហាញ​សុទិដ្ឋិនិយម​ថា រដ្ឋាភិបាល​ថៃ អាច​កែប្រែ​ចិត្ត​រឿង​ហាមឃាត់​លោក​មិន​ឱ្យ​ចូល​ទឹកដី​ថៃ​នេះ។ ទោះជា​យ៉ាង​នេះ​ក្តី ភ្លាមៗ​ក្រោយ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ មិន​អនុញ្ញាត​ឱ្យ​លោក​ធ្វើដំណើរ​តាម​យន្តហោះ​ថៃ លោក​បានសម្រេច​ទិញ​សំបុត្រ​យន្តហោះ ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង និង​ទៅ​ប្រទេស​ផ្សេង​វិញ ដើម្បី​ធ្វើដំណើរ​ឱ្យ​បាន​ឆាប់ កុំ​ឱ្យ​បង្អង់​យូរ។ លោក​ស្នើ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់​រក្សា​ការ​អត់ធ្មត់ ព្រោះ​ការរៀបចំ​ការ​ធ្វើ​ដំណើរ​ជាថ្មី​នេះ នឹង​ប្រព្រឹត្តទៅ​ឆាប់ៗ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «អត់​យូរ​ប៉ុន្មាន​ទេ ព្រោះ​ឥឡូវនេះ ខ្ញុំ​ទាក់ទង​ជាប់​លាប់​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។ ទោះជា​យើង​មាន​វត្ត​មាននៅ​ឆ្ងាយ​ពី​គ្នា ប៉ុន្តែ​តាម​មធ្យោបាយ​ទំនើប យើង​ទាក់ទង​គ្នា​ប្រចាំ​ម៉ោង ប្រចាំ​នាទី ហើយ​យើង​ធ្វើ​សេចក្ដី​សម្រេច​ជាមួយ​គ្នា។ ឥឡូវនេះ​យើង​គិតគូរ​អំពី​ការទិញ​សំបុត្រ​យន្តហោះ​ថ្មី ទិញ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី យើង​នឹង​ហោះ​ទៅ​ប្រទេសជិតខាង​មួយទៀត ក្រៅពី​ប្រទេស​ថៃ យើង​រក​ប្រទេស​មួយទៀត ហើយ​យើង​នឹង​រក​ផ្លូវ​ថ្មី ដើម្បី​ចូល​ទឹកដី​កម្ពុជា»

បើ​ទោះ​ជា​លោក សម រង្ស៊ី បញ្ជាក់​អំពី​ការ​តាំង​ចិត្ត និង​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ឆាប់ៗ ឱ្យ​ខាងតែ​បាន​យ៉ាង​នេះ​ក្តី ក៏​លោក ហ៊ុន សែន ឯណោះ​បាន​ចំអក​ឱ្យ​លោក សម រង្ស៊ី ថា ជា​មនុស្ស​កំសាក មិន​ហ៊ាន​វិល​មក​ស្រុក​ខ្មែរ​វិញ​ទេ ព្រោះ​បើ​លោក សម រង្ស៊ី ចិត្តសឿង​មែន ម្ល៉េះ​លោក សម រង្ស៊ី ទិញ​សំបុត្រ​យន្តហោះ ទៅ​ចុះ​នៅ​ព្រលាន​យន្តហោះ​ស្រុក​ខ្មែរ មិនមែន​ទិញ​សំបុត្រ​ទៅ​ចុះ​នៅ​ស្រុក​ថៃ ឬ​ប្រទេស​ដទៃ​នោះ​ទេ៖ «បន្តិចទៀត​នឹង​ប្រកាស​ថា នឹង​មិន​មក​ទេ ដោយសារតែ​ថៃ​មិន​ឱ្យ​ចូល​។ ចុះបើ​ថៃ​មិន​ឱ្យ​ចូល ម្ដេច​មិន​ជិះ​យន្តហោះ​មក​ចុះ​នៅ​សៀមរាប ចុះ​នៅ​ភ្នំពេញ ចុះ​នៅ​នេះ​តែម្តង​ទៅ ម៉េច​ក៏​ចាំបាច់​មក​តាម​ហ្នឹង?»

ទោះជា​លោក ហ៊ុន សែន ឌឺ​ឱ្យ​លោក សម រង្ស៊ី ជិះ​យន្តហោះ​ពី​បារាំង ហោះ​ត្រង់​មក​កម្ពុជា​យ៉ាងណាក្តី កម្ពុជា​គ្មាន​ជើង​យន្តហោះ ដែល​ហោះហើរ​ត្រង់ ពី​ប្រទេស​អឺរ៉ុប​ឆ្ពោះ​ទៅ​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ​។ អ្នកដំណើរ​ពី​ប្រទេស​អឺរ៉ុប ឬ​សហរដ្ឋ​សហរដ្ឋអាមេរិក ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា ត្រូវតែ​ឈប់​សំចត​នៅ​ប្រទេស​ណាមួយ ក្នុង​តំបន់​អាស៊ី​ជាមុន​សិន មុននឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​បាន។

ជាង​នេះ​ទៅ​ទៀត​លោក ហ៊ុន សែន ថ្មីៗ​នេះ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល ៤៧ ក្រុមហ៊ុន កុំ​ដឹក​លោក សម រង្ស៊ី និង មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ៨​រូប​ផ្សេងទៀត ចូល​ដី​ខ្មែរ និង ព្រមាន​ដាក់ទោស​ក្រុមហ៊ុន​ទាំងអស់​នោះ បើ​ហ៊ាន​ល្មើស​នឹង​បទបញ្ជា​នេះ​។ មិនតែប៉ុណ្ណោះ​លោក ហ៊ុន សែន បាន​គម្រាម​បាញ់សម្លាប់​លោក សម រង្ស៊ី នៅ​ព្រំដែន និង​បាន​ពង្រាយ​កងទ័ព​យ៉ាង​ច្រើន​ទៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ត្រង់​ចក្រ​ទ្វារ​ព្រំដែន​ប៉ោយប៉ែត ដែល​ជា​ច្រក​លោក សម រង្ស៊ី ប្រកាស​ថា ដើរចូល​ដី​ខ្មែរ​តាម​នោះ​។ ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ របប​នេះ បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ក្នុង​ការ​ចែក​រម្លែក​សារ ឬ​បញ្ចេញមតិ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​នេះ ដោយ​អាជ្ញាធរ​បាន​ចេញ​ដីកា​ចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​ទ្រង់ទ្រាយ​ធំ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ មិនតែប៉ុណ្ណោះ មន្ត្រីរាជការ​ទាំង​ស៊ីវិល និង​យោធា រង​ការ​រឹតត្បិត មិន​ឱ្យ​សុំច្បាប់​ឈប់សម្រាក ឬ ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ក្នុងអំឡុងពេល នៃ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ។

លោក សម រង្ស៊ី ចាត់​ទុក​ការ​ផ្ចាញ់ផ្ចាល​លោក ថា​មិន​ហ៊ាន​ទិញ​សំបុត្រ​យន្តហោះ ហោះ​ត្រង់​ទៅកាន់​ប្រទេស​កម្ពុជា​នេះ គឺជា​សារ​គួរ​ឱ្យ​អស់សំណើច និង​សម្ដី​កូនក្មេង​ដែល​បង្ហាញ​អំពី​ភាព​កំសោយ​របស់​លោក ហ៊ុន សែន ទៅវិញ​ទេ៖ «មានន័យថា ហ៊ុន សែន អន់​ណាស់​! ហ៊ុន សែន ខ្លាច សម រង្ស៊ី ខ្លាច​ហួសហេតុ​មែនទែន​! ថា​ចង់​ចាប់​ខ្ញុំ​។ ខ្ញុំ​ចូល​ឱ្យ​ចាប់ មិន​មិន​ព្រម​ឱ្យ​ខ្ញុំ​ចូល បែរជា​ទៅ​អង្វរ​ប្រទេស​ជិតខាង មិន​ឱ្យ​ខ្ញុំ​ចូល​ទៅ​វិញ​។ គាត់​ភ័យ ខ្លាច​ខ្ញុំ​ចូល​ទៅ​ចាប់​គាត់​មែន»

លោក ហ៊ុន សែន អះអាង​ថា លទ្ធផល​នៃ​ការរារាំង មិន​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​នេះ គឺជា​លទ្ធផល ដែល​បាន​មក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក ដែល​សុំ​ប្រទេស​អាស៊ាន​ទាំងអស់ ឱ្យ​ជួយ​សហការ​ជាមួយ​របប​លោក តាម​ដីកា​តាម​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង ដែល​របប​នេះ​បាន​បញ្ជូន ទៅ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​នោះ​។ លោក​ថ្លែង អួតអាង​បន្ថែម កាលពី​ថ្ងៃ​ទី៧ ខែ វិច្ឆិកា នៅ​សណ្ឋាគារ​សុខា នៅ​ទីក្រុង​ភ្នំពេញ ថា​ប្រទេស​អាស៊ាន​ទាំងអស់ ព្រម​ស្តាប់​តាម​សំណើ​របស់​លោក ព្រោះ​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ទាំងនោះ​ដោយ​ផ្ទាល់ កាលពី​ក្នុង​កិច្ចប្រជុំ​អាស៊ាន នៅ​ទីក្រុង​បាងកក នា​ពេល​ថ្មីៗ​នេះ៖ «ហើយ​ក្នុង​រយៈពេល​ដែល​ខ្ញុំ​ទៅ​ប្រជុំ​អាស៊ាន ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​ដៃគូ​ទាំងអស់ នៅ​ក្នុង​អាស៊ាន​របស់​យើង ដែល​នេះ​ចូលរួម​ចំណែក​សំខាន់ ដែល​ចូលរួម​ចំណែក​ដល់​ស្ថិរភាព​របស់​ប្រទេស»

ទោះជា​យ៉ាង​នេះ​ក្តី ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំងនេះ មាន​ប្រទេស​ជាច្រើន រួម​ទាំង​ប្រទេស​ឥណ្ឌូណេស៊ី និង ប្រទេស​ម៉ាឡេស៊ី​ផង មិន​ធ្វើតាម​សំណើ​របស់​លោក ហ៊ុន សែន នោះ​ទេ​។ ថ្មីៗ​នេះ ប្រទេស​ឥណ្ឌូណេស៊ី អនុញ្ញាត​ឱ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខ​ហួរ ចូល​ទៅ​ប្រទេស​នេះ នឹងធ្វើ​សន្និសីទកាសែត​មួយ​ទៀតផង​។ ដោយ​មិន​ពេញចិត្ត នឹង​ការអនុញ្ញាត​ឱ្យ​អ្នកស្រី មូរ សុខហួរ មាន​វត្ត​មាននៅ​ទីនោះ និង​អាច​ធ្វើ​សន្និសីទកាសែត​ផង​នោះ របប​លោក ហ៊ុន សែន តាមរយៈ​តំណាង​ទូត​ខ្មែរ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី តាម​អុក​ឡុក​រំខាន​អ្នកស្រី មូរ សុខហួរ ដល់​កន្លែង​ធ្វើ​សន្និសីទ​នោះ។

ចំណែក​ឯ​ប្រទេស​ម៉ាឡេស៊ី​ឯណោះ​វិញ បាន​អនុញ្ញាត​ឱ្យ​អ្នកស្រី មូរ សុខហួរ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​សេរីភាព​ក្នុង​ការ​បន្ត​ស្នាក់នៅ​ប្រទេស​នេះ និង​បាន​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ទៀត​គឺ កញ្ញា ងឹម គាថា និង លោក ហេង ស៊ាងលាង ពី​ការ​ឃាត់ខ្លួន​បណ្ដោះអាសន្ន។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ពី​ប្រទេស​ម៉ាឡេស៊ី ថា​អ្នកស្រី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ឯទៀត កំពុង​រង់ចាំ​ផ្លូវលោក សម រង្ស៊ី ដែល​រួម​ដំណើរ​ជាមួយគ្នា ទៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខែ វិច្ឆិកា​ខាងមុខ​នោះ​។ អ្នកស្រី នៅតែ​ប្រកាន់​ជំហរ​ថា ថ្ងៃទី៩ ខែ​វិច្ឆិកា​នោះ គឺជា​ថ្ងៃ​សំខាន់ សម្រាប់​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា៖ «ដូច្នេះ​យើង​ត្រូវ​ចាំ​លោក​ប្រធាន​។ យើង​ត្រូវ​បង្ហាញខ្លួន​ជាមួយគ្នា​។ ថ្ងៃ៩ ខែ​វិច្ឆិកា យើង​ឈរ​ជាមួយគ្នា»

កញ្ញា ងឹម គាថា ក៏​ប្ដេជ្ញា ថា​នឹង​នៅ​រួម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី ដើម្បី​វិល​ទៅ​ស្រុក​ខ្មែរ​វិញ ទោះ​តាម​មធ្យោបាយ​ណា​ក៏ដោយ៖ «នាង​ខ្ញុំ​នឹង​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ ព្រោះ​ជា​ទឹកដី​កំណើត​របស់ខ្ញុំ​។ ដរាប​នាង​ខ្ញុំ​នៅ​មាន​ជីវិត នាង​ខ្ញុំ​នឹង​នៅ​តស៊ូ»

ការ​ធ្វើ​ទុក្ខបុកម្នេញ​​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​រារាំង​គ្រប់​មធ្យោបាយ មិន​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​វិញ​នេះ រង់​ការរិះគន់ និង ថ្កោលទោស​។ សហរដ្ឋ​អាមេរិក ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​នេះ និង ងាក​មក​រក​ការចរចា​ជាបន្ទាន់ ដើម្បី​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ​។ ចំណែក​ឯង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ រួមមាន​អង្គការ Human Rights Watch និង អង្គការ​លើកលែងទោស​អន្តរជាតិ ក៏បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​គ្មាន​ការរារាំង​។ ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ទាំងអស់ បើកផ្លូវ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​នេះ ដើម្បី​វិល​ទៅ​កម្ពុជា​វិញ ដោយ​មិន​ត្រូវ​ហាមឃាត់​ពួកគេ​នោះ​ឡើយ។

លោក សម រង្ស៊ី ថា​បុព្វហេតុ​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុង​ការ​ប្រឹងប្រែង​រក​ច្រក​ចូល​កម្ពុជា ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ ទទួល​បានការ​ស្វាគមន៍​ពី​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន ដែល​ជា​ការ​លើកទឹកចិត្ត​មួយ​។ លោក​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ បន្ត​ចូលរួម​ជាមួយ​លោក ក្នុង​បុព្វហេតុ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នេះ៖ «គ្រាន់តែ​ពន្យារពេល​បន្តិច​ទេ ប៉ុន្តែ​គម្រោង​យើង​នៅ​រក្សា​ដដែល​។ ការ​ប្រមូល​ផ្តុំ​នឹង​កើតមាន​នៅ​លើ​ទឹកដី​កម្ពុជា​ជាក់​ជា​មិន​ខាន។ គោលដៅ​នៅ​ដដែល យើង​នឹង​សម្រេច​ឱ្យ​បាន​នៅ​ពេល​ឆាប់ៗ​នេះ»

លោក សម រង្ស៊ី ថា កាលណា​គេ​ធ្វើបាប​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខ្លាំង លោក​កាន់តែ​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​ស្នើ​ឱ្យ​អ្នកគាំទ្រ​ទាំងអស់​តាំងចិត្ត​ដូចគ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល