លោក កឹម សុខា បន្ត​ជួប​ជាមួយ​ឯកអគ្គរាជទូត​អង់គ្លេស

ដោយ អាស៊ីសេរី
2019-11-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជំនួប​រវាង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ឯកអគ្គរាជទូត​អង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) នា​គេហដ្ឋាន​លោក កឹម សុខា នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
ជំនួប​រវាង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ឯកអគ្គរាជទូត​អង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) នា​គេហដ្ឋាន​លោក កឹម សុខា នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
Photo RFA

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​បន្ត​ជួប​តំណាង​ទូត​បរទេស​ក្រោយពី​តុលាការ​របប​ក្រុងភ្នំពេញ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះៗ ដល់​លោក​។ នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​នេះ លោក កឹម សុខា ទទួល​ជួប​ឯកអគ្គរាជទូត​អង់គ្លេស​។ អ្នកវិភាគ​យល់ថា កាយវិការ​របស់​តំណាង​រដ្ឋាភិបាល​ប្រទេស​ធំៗ ទាំងនេះ អាច​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។

នេះ​គឺជា​ថ្ងៃ​ទី​៤​ហើយ ដែល​ស្ថានទូត​ប្រទេស​សេរី​ធំៗ បណ្ដាក់​គ្នា​ចូល​សួរសុខទុក្ខ និង​ពិភាក្សា​ការ ងារ​ជាមួយ​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ​របស់លោក ស្ថិតនៅ​ខណ្ឌទួលគោក ក្រុងភ្នំពេញ​។ ជំនួប​រវាង លោក កឹម សុខា និង​ឯកអគ្គរាជទូត​អង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ (Tina Redshaw) នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឱ្យ​ដឹង​អំពី​ខ្លឹមសារ​ស៊ីជម្រៅ​ដូច​ជំនួប​លើក​មុនៗ​ដែរ។

នាយក​ខុទ្ទកាល័យ លោក កឹម សុខា គឺ​លោក មុត ចន្ថា គ្រាន់តែ​ប្រាប់​អ្នកសារព័ត៌មាន​ថា ជំនួប​នេះ គឺជា​ការ​សម្តែង​ការគួរសម ការ​សួរសុខទុក្ខ និង​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​បញ្ហា​ទូទៅ​។ លោក​បន្ត​ថា អ្នកការទូត​បរទេស​ទាំងនេះ មានបំណង​ជួប​លោក កឹម សុខា ជា​យូរ​មក​ហើយ ដោយ​ពួកគេ​ចាត់​ទុក​ប្រធាន​បក្ស​ប្រឆាំង​រូបនេះ ជា​ភាគី​មួយ​សំខាន់ ក្នុង​ការ​ចូលរួម​កសាង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប៉ុន្តែ​ជា​អកុសល ដោយសារ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ឃុំខ្លួន ទើប​លោក​ខាន​ជួប​អ្នកការទូត​នានា។ «»

ឯកអគ្គរាជទូត​អង់គ្លេស អ្នកស្រី ធីណា រែតហ្ស៊ូវ ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​នោះ​ទេ ក្រោយ​ជំនួប​នេះ។

លោក មុត ចន្ថា ឱ្យ​ដឹង​ដែរ​ថា រហូតមកដល់​ពេលនេះ លោក កឹម សុខា មិន​ទាន់​បាន​ទាក់ទង​លោក សម រង្ស៊ី នោះ​ទេ ដោយ​លោក​ពន្យល់​ថា លោក កឹម សុខា គឺជា​អ្នកប្រតិបត្តិ​ច្បាប់ មាន​គោលការណ៍​អហិង្សា និង​សន្តិវិធី។

ជំនួប​ជាមួយ​អ្នកការទូត​បរទេស​រយៈ​ពេល ៤​ថ្ងៃ​ជាប់ៗ គ្នា​នេះ គឺ​បន្ទាប់ពី​តុលាការ​របប​ក្រុងភ្នំពេញ កាលពី ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ឡើយ ហើយក៏​មិន​ឱ្យ​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយតប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច​។ ក្រោយ​ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ខ្លះៗ នេះ លោក កឹម សុខា សម្ដែង​ការ​សោកស្ដាយ ដែល​តុលាការ​ហាម​មិន​ឱ្យ​លោក​ធ្វើ​នយោបាយ​។ ដូច្នេះ​ហើយ ទើប​លោក​មិនទាន់​ហ៊ាន​និយាយ​អ្វី​នោះ​ទេ ព្រោះ​លោក​មិន​ដឹង​ថា ភាសា​បែប​ណា​មិនមែន​ជា​ភាសា​នយោបាយ​ឡើយ។

អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការដែល​ឯកអគ្គរាជទូត​បរទេស​ធំៗ ចូល​ជួប​លោក កឹម សុខា ជា​បន្តបន្ទាប់​នេះ គឺជា​ការ​អបអរសាទរ ចំពោះ​លទ្ធផល​បណ្ដើរៗ ដែល​រដ្ឋាភិបាល​ស្ថានទូត​ទាំងនោះ បាន​ទាមទារ​រហូត​មក ឱ្យ​ដោះលែង​លោក កឹម សុខា ស្ដារ​លទ្ធិ ប្រជាធិបតេយ្យ និង​ការ​គោរព​សិទិ្ធ​មនុស្ស​ឡើងវិញ ហើយក៏​ជា​សារ​បង្ហាញ​ថា ពួកគេ​មិន​បោះបង់​ការ ទាមទារ​ត្រឹមនេះ​ទេ​។ លោក​វិភាគ​ថា វិធានការ​ការទូត​ព្រម​គ្នា និង​ស៊ី​សង្វាក់​គ្នា​នេះ អាច​ធ្វើ​ឱ្យ​មាន ដំណោះស្រាយ​នយោបាយ​ឆាប់ៗ ខាងមុខ ព្រោះ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មានៈ នឹង ប្រឈម​បាត់បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​EBA ដែល​នាំ​ឱ្យ​ខាត​ប្រយោជន៍​ធំធេង​សម្រាប់​កម្ពុជា។ «»

រហូតមកដល់​ពេលនេះ មាន​ឯកអគ្គរដ្ឋទូត​បរទេស​ចំនួន​៧ ហើយ ដែល​បាន​ចូល​ជួប​លោក កឹម សុខា រួម​មាន ឯកអគ្គរដ្ឋទូត​បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី សហភាព​អឺរ៉ុប ជប៉ុន និង​ឯកអគ្គរាជទូត​អង់គ្លេស​។ តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​សេរី​ធំៗ ទាំងនេះ នៅតែ​ជំរុញ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ តាមរយៈ​ការ​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ដោះលែង​ជន​ទាំងឡាយ​ណា ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​ទំនើងចិត្ត ក្នុង​នោះ​រួមមាន​អ្នកសារព័ត៌មាន សកម្មជន​សង្គម​ស៊ីវិល ព្រមទាំង​អ្នកគាំទ្រ និង​សមាជិក​គណបក្សប្រឆាំង​ផង​ដែរ​។ ប្រទេស​ទាំងនោះ​សង្កត់ធ្ងន់​ថា មានតែ​ធ្វើតាម​អនុសាសន៍​របស់​ពួកគេ​នេះ​ទេ ទើប​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា​ទាំង​វិស័យ​អភិបាលកិច្ច និង​សេដ្ឋកិច្ច។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​បន្ត​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​ស្វីស អ្នកស្រី ហេឡេនេ ប៉ាដលីហ្គឺរ អាដធីដា (Helene Budliger Artieda ) នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល