អាមេរិក​បន្ត​ស្នើ​កម្ពុជា​ឲ្យ​ទទួល​យក​ជនជាតិ​ខ្មែរ​ដែល​មាន​ទោស​និង​ស្នាក់​នៅ​ខុស​ច្បាប់

ដោយ យន់ សាមៀន
2018-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

សហរដ្ឋអាមេរិក បន្ត​ស្នើ​ឲ្យ​កម្ពុជា ទទួល​យក​ជនជាតិ​ខ្មែរ​ដែល​មាន​ទោស និង​អ្នក​ស្នាក់​នៅ​លើស​ទិដ្ឋាការ​កំណត់ ​ដែល​អាមេរិក គ្រោង​នឹង​បញ្ជូន​មក​កម្ពុជា វិញ។

ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​សម្រាប់​កិច្ចការ​កុងស៊ុល លោក ខាល រីស (Carl Risch) ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ ក្នុង​សន្និសីទ​កាសែត​មួយ​ថា អាមេរិក​បន្ត​ទទូច​ឲ្យ​កម្ពុជា បន្ត​សហការ​ដើម្បី​ទទួល​យក​ជនជាតិ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧ អាមេរិក​ដាក់​ទណ្ឌកម្ម​កម្ពុជា ដោយសារ​តែ​កម្ពុជា មិន​ព្រម​ទទួល​យក​ជនជាតិ​ខ្មែរ​ដែល​មាន​ទោស​ពី​អាមេរិក ដោយ​ចង់​ចរចា​ដើម្បី​ផ្លាស់ប្ដូរ​កិច្ច​ព្រមព្រៀង​ដោយ​យោង​ហេតុផល​មនុស្សធម៌ ប៉ុន្តែ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា បាន​បន្ទន់​ឥរិយាបថ ហើយ​ប្រកាស​ទទួល​យក​ជនជាតិ​ខ្មែរ​ឡើង​វិញ។

លោក ខាល រីស សង្ឃឹម​ថា អាមេរិក នឹង​អាច​ដក​ទណ្ឌកម្ម​មិន​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា ធ្វើ​ដំណើរ​ទៅ​អាមេរិក នៅ​ពេល​ឆាប់ៗ​នេះ ប្រសិនបើ​មាន​កិច្ច​សហការ​ពី​កម្ពុជា ទទួល​យក​ជនភៀសខ្លួន​កម្ពុជា​វិញ។

មក​ទល់​ពេល​នេះ សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ចំនួន​ពីរ​ប្រឆាំង​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា។ ចំពោះ​ទណ្ឌកម្ម​ដែល​អាច​លើកលែង​គឺ​ទណ្ឌកម្ម​លើ​មន្ត្រី​ក្រសួង​ការបរទេស ប៉ុន្តែ​ទណ្ឌកម្ម​មិន​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា មក​អាមេរិក ជា​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រំលាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អាមេរិក ក៏​ផ្ដាច់​ជំនួយ​ការ​បោះឆ្នោត​ទាំង​ស្រុង​ទៅ​កម្ពុជា។

ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​អាមេរិក ដែល​ចង់​បញ្ជូន​ជនជាតិ​ខ្មែរ​មាន​ទោស​ទៅ​កម្ពុជា វិញ​នោះ មិន​ទាន់​អាច​ធ្វើ​ទៅ​រួច​នៅ​ឡើយ​ទេ។ កាល​ពី​ខែ​មករា តុលាការ​សហព័ន្ធ​អាមេរិក បាន​ផ្អាក​រដ្ឋាភិបាល​អាមេរិក មិន​ឲ្យ​បញ្ជូន​ជនជាតិ​ខ្មែរ​ដែល​កំពុង​ជាប់​ឃុំ​ទៅ​កម្ពុជា វិញ ដោយ​រង់ចាំ​តុលាការ​ជំនុំជម្រះ​ក្តី​អ្នក​ទាំង​នោះ​ជា​មុន​សិន។ មន្ត្រី​សិទ្ធិមនុស្ស​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​អន្តោប្រវេសន៍​អាមេរិក ចាប់​ខ្លួន​ដោយសារ​តែ​អាមេរិក កំពុង​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល