សកម្មជន​បក្ស​ប្រឆាំង លោក ខៀវ ឌីន ដែល​រង​ការ​វាយ​ធ្វើ​បាប​ជួប​បញ្ហា​ខ្វះខាត​លុយ​ព្យាបាល

ដោយ សុ ជីវី
2020-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខៀវ ឌីន (ស្ដាំ) សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ ២នាក់ (ឆ្វេង) ជិះ​ម៉ូតូ​ពី​ក្រោយ​លួច​វាយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល ​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ ឆ្នាំ២០២០។
លោក ខៀវ ឌីន (ស្ដាំ) សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​សង្កាត់​កាកាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ ២នាក់ (ឆ្វេង) ជិះ​ម៉ូតូ​ពី​ក្រោយ​លួច​វាយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល ​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ ឆ្នាំ២០២០។
រូប៖ សកម្មជន​បក្សសង្គោះជាតិ

សកម្មជន​បក្ស​ប្រឆាំង​លោក ខៀវ ឌីន ជួប​បញ្ហា​ខ្វះខាត​លុយ​ព្យាបាល​របួស​ក្រោយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប​។ ការ​ត្អូញត្អែរ​នេះ​នៅ​ពេល​លោក ខៀវ ឌីន ត្រូវ​ទៅ​ព្យាបាល​របួស​បន្ត​នៅ​មន្ទីរពេទ្យ​ជា​ញឹកញាប់ ខណៈ​លោក និង​ភរិយា​គ្មាន​មុខរបរ​អ្វី​ក្រៅពី​នៅផ្ទះ​ជួយ​មើល​ចៅ។

សកម្មជន​បក្ស​ប្រឆាំង លោក ខៀវ ឌីន និង​ភរិយា​ប្រាប់​ថា ពួកគាត់​ត្រូវការ​ប្រាក់​ច្រើន ក្នុង​ការ​ព្យាបាល​របួស និង​ទៅ​ពិនិត្យ​នៅ​ពេទ្យ​ម្ដងៗ។

ភរិយា​លោក ខៀវ ឌីន លោកស្រី ពេជ្រ សុខណា ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រោយ​ថត​ពិនិត្យ​គ្រូពេទ្យ​ប្រាប់​ថា ឃើញ​ថា​ មាន​កម្ទេច​តូច​នៅ​ក្នុង​ស្រោមខួរ​ក្បាល​លោក ខៀវ ឌីន។ លោកស្រី​បន្ត​ថា បញ្ហា​​នេះ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ស្វាមី​លោកស្រី​ហើយ​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ព្យាបាល៖ «គេ​ថា​កម្ទេច​តូច​មួយ​នៅ​ជាប់​ស្រោមខួរ​ហ្នឹង ហើយ​ជា​ប្រឈម​ចំពោះ​គាត់ ខ្ញុំ​អត់​ដឹង​ទេ ​គ្រាន់​​តែ​ខ្ញុំ​សួរ​គេ​ថា​ ត្រូវ​ចំណាយ​លុយ​ជាង ​៤០០ ឬ ៥០០​ដុល្លារ​​ទៀត ហើយ​បើ​ត្រូវ​ការ​វះកាត់​ទៀត​អស់​ច្រើន»

លោកស្រី ពេជ្រ សុខណា ឱ្យ​អាស៊ីសេរី​ដឹង​ថា មក​ដល់​ពេល​នេះ​ស្វាមី​លោកស្រី​នៅតែ​ឈឺ​ចុកចាប់​កន្លែង​របួស និង​មានការ​ភ្លេចភ្លាំង​ច្រើន។

សកម្មជន​បក្ស​ប្រឆាំង លោក ខៀវ ឌីន ត្អូញត្អែរ​ដែរ​ថា ពេលខ្លះ​លោក​ស្ទើរតែ​គ្មាន​លុយ​ទៅ​ពិនិត្យ​របួស​នៅ​មន្ទីរពេទ្យ៖ «អត់​មាន​លុយ​ទេ​ខ្ញុំ ខ្ញុំ​សុំ​អំពាវនាវ​ឱ្យ​គេ​ជួយ​ខ្ញុំ​ដែរ ប៉ុន្តែ​មិន​ដឹង​អំពាវនាវ​ទៅ​ខាង​ណា»

លោក ខៀវ ឌីន ជា​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​រស់នៅ​សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់ ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ​លួច​វាយ​ពី​ក្រោយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា។

អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក ម៉ន វុធី ធ្លាប់​អះអាង​ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី​២៦ ខែ​មករា​ថា សមត្ថកិច្ច​ទទួល​បាន​តម្រុយ​បន្ថែម​នៃ​ករណី​ជន​ដៃដល់​វាយ​លោក ខៀវ ឌីន ហើយ និង​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ប្រព្រឹត្ត។

ប៉ុន្តែ​មកដល់ពេលនេះ​សមត្ថកិច្ច​មិនទាន់​ចាប់​ជន​ដៃដល់​បាន​នៅឡើយ​ទេ​។ អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក ម៉ន វុ​ធី នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ជំរុញ​ទៅ​សមត្ថកិច្ច​ពន្លឿន​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ស្វែងរក​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស។ លោក​បន្ត​ថា ក្នុង​ករណី​សមត្ថកិច្ច​នៅតែ​មិន​អាច​រក​ជន​ដៃដល់​ឃើញ​នាំ​ឱ្យ​មានការ​ចោទ​ប្រកាន់​ថា ករណី​វាយ​ធ្វើបាប​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ជាប់​ពាក់ព័ន្ធ​នឹង​ការរើសអើង​និន្នាការ​នយោបាយ៖ «និទ្ទណ្ឌភាព ​ឬ​ក៏​ភាព​អយុត្តិធម៌​សម្រាប់​គាត់​(​លោក ខៀវ ឌីន) ដែល​ការ​វាយដំ​ហើយ​រក​ជន​ដៃដល់​មិន​ឃើញ​ហ្នឹង​គឺ​បង្ក​ភាព​ភ័យខ្លាច​សម្រាប់​គាត់»

លោក ខៀវ ឌីន ជា​មនុស្ស​ទី​១៤ នៃ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប ហើយ​ការ​វាយ​ធ្វើបាប​ទាំង ​១៤​ករណី​មិន​ទាន់​មាន​សំណុំរឿង​មួយ​ណា​ត្រូវ​សមត្ថកិច្ច​បំបែក​បាន​នៅឡើយ​ទេ។ អ្នកឃ្លាំមើល​សង្គម​មាន​ព្រួយ​បារម្ភ​ថា អាច​នឹង​មាន​ជនរងគ្រោះ​ផ្សេងទៀត ត្រូវ​ជន​ដៃដល់​លួច​ធ្វើ​បាប​បើ​សមត្ថកិច្ច​នៅតែ​មិន​អាច​រក​ឃើញ​ជន​ប្រព្រឹត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល