អ្នក​ឃ្លាំមើល​ព្រំដែន​រក​ឃើញ​ថា វៀតណាម​មិន​បាន​រើ​តង់​ចេញ​ពី​តំបន់​មិន​ទាន់​ឯក​ភាព​គ្នា​ទេ

ដោយ ខែ សុណង
2020-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ខ្មែរ​ចុះ​ទៅ​មើល​បង្គោល​នៅ​តំបន់​ស ២៤១ នៅ​ភូមិ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២០។
ក្រុម​យុវជន​ខ្មែរ​ចុះ​ទៅ​មើល​បង្គោល​នៅ​តំបន់​ស ២៤១ នៅ​ភូមិ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២០។
រូប៖ យុវជន

ក្រុម​យុវជន​ឃ្លាំមើល​ព្រំដែន រក​ឃើញ​ថា តង់​យោធា​វៀតណាម ដែល​បោះ​នៅ​ក្នុង​តំបន់​មិន​ទាន់​ឯកភាព​គ្នា​ នៅ​ព្រំដែន​ខេត្ត​កណ្ដាល​ មិន​ទាន់​បាន​រើ​ចេញ​ទេ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ដដែល​។ ការ​រក​ឃើញ​នេះ ផ្ទុយ​ពី​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត​កណ្តាល ដែល​អះអាង​ថា វៀតណាម​បាន រុះរើ​តង់​ចេញ​ពី​ដី​ខ្មែរ​អស់​ហើយ​។ មន្ត្រី​គណបក្ស​ប្រឆាំង​ ព្រួយ​បារម្ភ​ថា ការណ៍​ដែល វៀតណាម​​​​មិន​ព្រម​រើ​តង់​ចេញ​នេះ អាច​ជា​យុទ្ធសាស្ត្រ​របស់​វៀតណាម​ចង់​រំកិល​ចូល​ដី​ខ្មែរ​មុន​សិន រួច​ចាំ​ចរចា​កំណត់​ព្រំដែន​ជា​ក្រោយ។

ក្រុម​ការងារ​យុវជន ១០០រាត្រី បាន​នាំ​ក្រុម​យុវជន ​ចុះ​ទៅ​មើល​តង់​យោធា​វៀតណាម នៅ​តំបន់​ព្រំដែន​​ស្រុក​លើក​ដែក​ នៅ​ថ្ងៃ​ទី២៩ ឧសភា ឲ្យ​ដឹង​ថា តង់​យោធា​វៀតណាម ​នៅ​តែ​ស្ថិត​នៅ​កៀក​ព្រំដែន ក្នុង​តំបន់​មិន​ទាន់​ឯកភាព​ដដែល គឺ​អត់​ទាន់​បាន​រើ​ថយ​ក្រោយ​ទេ។

អនុ​ប្រធាន​ក្រុម​ការងារ​យុវជន ១០០​រាត្រី លោក មាន ព្រហ្ម​មុនី ប្រាប់​អាស៊ី​សេរី​ថា អ្នក​ភូមិ​ក្អម​សំណ នៃ​ស្រុក​លើក​ដែក បាន​នាំ​ក្រុម​យុវជន​ដើរ​កាត់​តាម​វាលស្រែ ទៅ​មើល​ព្រំដែន​ពី​ចម្ងាយ ដោយសារ​មិន​ចង់​ប្រឈម​ជាមួយ​អាជ្ញាធរ​ខ្មែរ និង​អាជ្ញាធរ​វៀតណាម។ ក្រុម​យុវជន រក​ឃើញ​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ភូមិ​ក្អម​សំណ ​មាន​តង់​យោធា​វៀតណាម ចំនួន ៤តង់៖ «ចំពោះ​តង់ គឺ​នៅ​ដដែល។ តង់​ដែល​បោះ​នៅ គ្រាន់​តែ​វា​ឆ្ងាយ​ពី​ព្រែក​ជីក​មក ៨០០ម៉ែត្រ កន្លះ​គីឡូ​ ហើយ​មាន​បង្គោល​បោះ​មក សូម្បី​តែ​បោះ​ហ្នឹង ​វា​ឆ្ងាយ​ពី​ព្រែក​ជីក ៨០០ម៉ែត្រ។ តង់​ហ្នឹង គឺ​អត់​ទាន់​រើ​មែន ហើយ​យើង​ឃើញ​តង់​មួយ​ជួរ​ហ្នឹង ដែល​ដោត​ទង់ជាតិ (វៀតណាម) ហ្នឹង ដែល​យើង​មើល​ឃើញ​ហ្នឹង​ គឺ​ប្រហែល​ជា​ប្រាំ ប្រាំ​មួយ​តង់ តែ​​យើង​មិន​អាច​ថត​បាន ព្រោះ​បាំង​ដើម​ពោត ហើយ​មាន​ការ​កប់​ផ្នូរ​របស់​ជនជាតិ​យួន នៅ​តំបន់​ហ្នឹង ជាប់​ស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ»

ការ​រក​ឃើញ​នេះ ផ្ទុយ​ពី​ការ​អះអាង​របស់​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែង​កាល​ពី​ថ្ងៃ​ទី២៨ ឧសភា អះអាង​ថា តង់​យោធា​វៀតណាម មាន​តែ ៩ ប៉ុណ្ណោះ បោះ​កៀក​ផ្លូវ​ដើរ​កម្ពុជា ហើយ​បាន​រើ​ថយ​ក្រោយ ប្រហែល ៤០ ទៅ ៥០ម៉ែត្រ អស់​ហើយ តាំង​ពី​មាន​ការ​ស្នើសុំ​ពី​អាជ្ញាធរ​ខេត្ត។ ឯ​តង់​យោធា ២២ ទៀត បោះ​នៅ​ក្នុង​ទីតាំង​ដី​វៀតណាម ឆ្ងាយ​ពី​ព្រំដែន​ខ្មែរ។

ប៉ុន្តែ​ក្រសួង​ការ​បរទេស​អះអាង​ថា តង់​យោធា​វៀតណាម ដែល​បោះ​ក្នុង​តំបន់​មិន​ទាន់​ឯកភាព​ព្រំដែន​ នៅ​ខេត្ត​កណ្ដាល​មាន​ទាំង​អស់ ៣១តង់ ហើយ​ទើប​រើ​ចេញ​បាន ៣តង់​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ ទៅ​រដ្ឋាភិបាល​វៀតណាម​ ជាង​កន្លះ​ខែ​មក​ហើយ ​តែ​វៀតណាម​ នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​កម្ពុជា​ទេ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត លោក អ៊ំ សំអាន សង្កេត​ឃើញ​ថា អាជ្ញាធរ​ និង​រដ្ឋាភិបាល​​មាន​ចេតនា​លាក់បាំង​ រឿង​តង់​យោធា​វៀតណាម​នៅ​តាម​ព្រំដែន​ ព្រោះ​មិន​ហ៊ាន​​​​​ជាមួយ​វៀតណាម។ លោក ​អះអាង​ថា វៀតណាម ​នៅតែ​រក្សា​មហិច្ឆតា​រុល​ចូល​ដី​ខ្មែរ​តាម​យុទ្ធសាស្ត្រ​រំលោភ​ដី​ខ្មែរ​យក​មក​កាន់កាប់​ ហើយ​ចរចា​កំណត់​ព្រំដែន​តាម​ក្រោយ ដោយ​យក​ដី​ខ្មែរ​បាន​ប៉ុន្មាន កំណត់​ព្រំដែន​​ត្រឹម​នោះ។

លោកជំរុញ​​​ឲ្យ​អាជ្ញាធរ​​មូលដ្ឋាន​​តាម​ព្រំដែន​ ​ការពារ​ពលរដ្ឋ​ ទៅ​មើល​ព្រំដែន និង​តង់​យោធា​វៀតណាម ហើយ​រដ្ឋាភិបាល​ត្រូវ​រំលឹក​កំណត់​ទូត ទៅ​វៀតណាម​ទៀត និង​ត្រូវ​​លើក​ទ័ព​​ទប់​ទល់។ ក្នុង​ករណី​វៀតណាម មិន​ព្រម​ដក​ថយ​ រើ​តង់​ចេញ​ពី​ព្រំដែន​មិន​ទាន់​ឯកភាព​ទៀត​ រដ្ឋាភិបាល​ត្រូវ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ (The Hague ឬ La Haye) ប្រទេស​ហុល្លង់​ និង​ប្ដឹង​ទៅ​​ម្ចាស់​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស៖ «សូម​ឲ្យ​រដ្ឋាភិបាល​ លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ និង​ឆ្នាំ២០១៩ ហ្នឹង លុប​ចោល​ទៅ ហើយ​កុំ​យក​មរតក អ្វី​បាន​មក​ពី​យួន​ ឆ្នាំ១៩៨៥ សម័យ​យួន​គ្រប់គ្រង​ហ្នឹង។ គឺ​យក​តាម​អ្វី​ដែល​ជា​មរតក​របស់​បារាំង​ បាន​អាច​កំណត់​ព្រំដែន​តំបន់​នោះ តាម​ពាក់​កណ្ដាល​ព្រែក​ស្បូវ។ បើ​មិន​អ៊ីចឹង​ទេ គឺ​ព្រំដែន​ត្រូវ​ដើរ​ខាង​ជើង​ព្រែក​ស្បូវ​ ពី ៣០០​ម៉ែត្រ ទៅ ៥០០​ម៉ែត្រ​ហ្នឹង​ហើយ។ សូម​ឲ្យ​រដ្ឋាភិបាល គាត់​ធ្វើ​ចំណុច​ហ្នឹង ផង​ដែរ»

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងកាល​ពី​ថ្ងៃ​ទី២៨ ឧសភា នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​មាន​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិភាព ខណៈ​ក្រសួង​ការ​បរទេស មិន​ទាន់​មាន​បំណង​ធ្វើ​កំណត់​ទូត​តវ៉ា លើក​ទី២ ទៅ​វៀតណាម​នៅ​ឡើយ​ទេ។

ចំពោះ​ករណី​ឈ្លាន​ពាន​ដី​ខ្មែរ​នេះ តំណាង​រាស្ត្រ​ជាប់​ឆ្នោត លោក អ៊ំ សំអាន ស្ដី​បន្ទោស​រដ្ឋាភិបាល​ថា ដោយសារ​តែ​រដ្ឋាភិបាល លោក ហ៊ុន សែន ជំពាក់​គុណ​វៀតណាម ដែល​បាន​លើក​បន្តុប​ឡើង​កាន់​អំណាច ទើប​រដ្ឋាភិបាល​ខ្មែរបណ្ដោយ​ឲ្យ​វៀតណាម រំលោភ​បំពាន​ជា​ហូរហែ ខុស​ពី​ករណី​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ឡាវ ដែល​រដ្ឋាភិបាល​ហ៊ាន​លើក​ទ័ព​ប្រឈម​មុខ​ភ្លាមៗ ក្នុង​ករណី​ប្រហាក់ប្រហែល​គ្នា​បែប​នេះ៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល