ប៉ូលិស​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​ទៀត​នៅ​ខេត្ត​ព្រៃវែង​ពាក់ព័ន្ធ​និយាយ​ទូរស័ព្ទ​​ព្រួយ​បារម្ភ​ជំងឺ​កូវិត​១៩

ដោយ ជុន ច័ន្ទបុត្រ
2020-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង លោក ឡុង ផារី ពេល​នៅ​ក្នុង​​សាលា​ដំបូង​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី១៨ មីនា ឆ្នាំ២០២០។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង លោក ឡុង ផារី ពេល​នៅ​ក្នុង​​សាលា​ដំបូង​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃ​ទី១៨ មីនា ឆ្នាំ២០២០។
រូប៖ ដោយ​កូន​ស្រី​លោក ឡុង ផារី

ប៉ូលិស​ក្រុង​ភ្នំពេញ​បាន​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រៃវែង គឺ​លោក ឡុង ផារី​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី១៨ មីនា។ កូនស្រី​លោក ឡុង ផារី ថ្លែង​ថា សមត្ថកិច្ច​ចាប់​ខ្លួន​ឪពុក​របស់​លោក​ស្រី​ពាក់ព័ន្ធ​រឿង​នយោបាយ​និង​ដោយ​អយុត្តិធម៌។

តុលាការ​សម្រេច​បញ្ជូន​លោក ឡុង ផារី ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ​ក្រោយ​ពី​សាកសួរ​ចប់​នៅ​រសៀល​ថ្ងៃ​ទី​១៨​មីនា​ ពាក់ព័ន្ធ​រឿង​និយាយ​ទូរស័ព្ទ​រឿង​មេរោគ​កូវិដ​១៩។

កូន​ស្រី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវៃង​ កញ្ញា​ ផល់ ជឿន​ ប្រាប់​អាស៊ី​សេរី ក្រោយ​ពេល​​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ​​​ការ​ចាប់​ខ្លួន​នេះ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ ដោយសារ​តែ​ឪពុក​របស់​​កញ្ញា​​នៅ​តែ​បន្ត​គាំទ្រ​​​​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ និង​​មាន​ដីកា​តាម​ចាប់​ខ្លួន​​ពី​​តុលាការ​​អំឡុង​​យុទ្ធនាការ​បង្ក្រាប​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​២០១៩​។ ​កញ្ញា​ ចាត់​ទុក​ការ​ចាប់​ខ្លួន​របស់​តុលាការ​នេះ​ ថា​ជា​រឿង អយុត្តិធម៌ ​មិន​អាច​ទទួល​យក​បាន​ឡើយ​ ពីព្រោះ​ឪពុក​របស់​ខ្លួន​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​នោះ​ទេ៖ «ខ្ញុំ​សួរ​គាត់​និយាយ​ថា​ ដោយសារ​តែ​គាត់​និយាយ​រឿង​ជំងឺ​កូវិដ១៩ គេ​លួច​ចាប់​តាម​បណ្ដាញ​ទូរស័ព្ទ​ ហើយ​តុលាការ​សួរ​បូក​បញ្ចូល​ទាំង​សំណុំ​រឿង​ពី​មុនៗ មក​ផង។ ខ្ញុំ​ឆ្ងល់​តែ​គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​ហេតុ​បាន​ទៅ​ចាប់​គាត់​ដាក់​គុក​ ខ្ញុំ​មើល​ទៅ​ប្រទេស​គេ​ផ្សេង​គេ​បើ​ចំហ​ឱ្យ​ប្រជា​ពលរដ្ឋ​គេ​និយាយ​ តែ​ចំពោះ​នៅ​ស្រុក​ខ្មែរ​គឺ និយាយ​អត់​បាន»

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​ព្រៃវែង​លោក ឡុង ផារី ត្រូវ​បាន​ប៉ូលិស​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី នៅ​ព្រឹក​ថ្ងៃ​ទី១៨ មីនា។ សកម្មជន​រូប​នេះ​បាន​រត់​គេច​ខ្លួន​​​នៅ​រាជធានី​ភ្នំពេញ​ អស់​ជា​ច្រើន​ខែ​មិន​ទាន់​ហ៊ាន​ចូល​ផ្ទះ​នៅ​ឡើយ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត និង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ុំ រិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៨​មីនា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

កូន​ស្រី​ជន​ជាប់​ឃុំ កញ្ញា ជល់ ជឿន អះអាង​ថា ប៉ូលិស​ពុំ​បាន​ជូន​ដំណឹង​ពី​ការ​ចាប់​​ឪពុក​របស់​កញ្ញា​​ដល់​​ក្រុម​គ្រួសារ​​បាន​ដឹង​ពី​ទោស​កំហុស​នោះ​ទេ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​លីកាដូ​លោក អំ សំអាត ​មាន​ប្រសាសន៍​ថា ​ប៉ូលិស​​ពុំ​មាន​សិទ្ធិ​​ចាប់​ប្រជាពលរដ្ឋ​ដែល​ពុំ​បាន​ប្រព្រឹត្ត​សុខ​ច្បាប់​នោះ​ទេ ហើយ​ការ​សមត្ថកិច្ច​​ត្រូវ​តែ​ប្រាប់​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ​ជូន​ដំណឹង​ដល់​សាច់ញាតិ​ឱ្យ​បាន​ដឹង​ពី​ទោស​កំហុស​របស់​ជន​ជាប់​ឃុំ​។លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​​​​ដោយ​ពុំ​បាន​​​បង្ហាញ​ដីកា​របស់​តុលាការ​ និង​ជូន​ដំណឹង​ដល់​សាច់ញាតិ គឺ​ជា​ការ​រំលោភ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​និង​រំលោភ​ច្បាប់​ជា​ធរមាន៖ «ព្រោះ​ម្នាក់ៗ បារម្ភ​អីចឹង​ការ​បញ្ចេញ​មតិ​របស់​អាច​នឹង​ខុស​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ហ្នឹង​ អីចឹង​គាត់​អាច​បញ្ចេញ​តាម​អារម្មណ៍​របស់​គាត់។បើ​យើង​យក​រឿង​នេះ​ចាត់​ទុក​ថា​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ហើយ​ អនុវត្ត​ផ្លូវ​ច្បាប់​វា​អាច​ប៉ះពាល់​ទៅ​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ រឿង​ខ្លះ​ ហើយ​​ខ្លះ​ទៀត​គាត់​អត់​មាន​ចេតនា​ទេ​ក្នុង​ការ​ដែល​ផ្សព្វផ្សាយ​អី​ហ្នឹង​ ប៉ុន្តែ​ដោយសារ​​ការ​ភ័យ​ខ្លាច​នឹង​ការ​គិត​របស់​គាត់​ទៅ​ក៏​គាត់​ធ្វើ​អីចឹង​ទៅ»

លោក អំ សំអាត កត់សំគាល់​ទៀត​ថា មួយ​រយៈ​នេះ​សកម្មជន​គណបក្ស​ប្រឆាំង​​​​នៅ​ក្នុង​ស្រុក​ហាក់​រង​ការ​ធ្វើ​ទុក​ទុក្ខបុកម្នេញ​ដោយ​ការ​វាយ​ដំ​បង្ក​ស្នាមរបួស​ពី​ជន​មិន​ស្គាល់​មុខ ​និង​ត្រូវ​​បាន​ចាប់​ខ្លួន​​​ដាក់​ពន្ធនាគារ​​ជា​ថ្មី​ឡើង​វិញ និង​ដោយ​មិន​ផ្តល់​ដំណឹង​អំពី​ការ​ចាប់ខ្លួន​ដល់​គ្រួសារ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង លោក ឃុត ច្រឹក ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១០ មីនា ​ដោយ​ចោទ​ប្រកាន់​ថា​ បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​បំផុស​ព័ត៌មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មាន​ការ​ជ្រួលច្របល់​ក្នុង​សង្គម។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ថា ការ​ចោទ​ប្រកាន់​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ បាន​មាន​កំណត់​​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល