អ្នកវិភាគ​ថា មាគ៌ា​នយោបាយ​របស់​ចិន​គឺ​ចង់​គ្រប់គ្រង​កម្ពុជា​ផ្ដាច់មុខ

ដោយ ហេង រស្មី
2020-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កូនប្រុសច្បង គឺ​លោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូប​កណ្ដាល) នា​ទីក្រុង​ប៉េកាំង កាល​ពីថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០២០។
រូប​ពី​ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​នយោបាយ​និង​សង្គម​លើកឡើង​ថា មាគ៌ា​នយោបាយ​ចិន ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង យោធា គឺ ចង់​គ្រប់គ្រង​កម្ពុជា​ផ្ដាច់មុខ និង​ប្រើប្រាស់​ជាទី​តាំង​កណ្ដាល​សម្រាប់​ទប់​ស្កាត់​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ មន្ត្រី​រដ្ឋាភិបាល​លើកឡើង​ថា អ្នកវិភាគ​មាន​និន្នាការ​ស្អប់​ចិន និង​មើល​មិន​គ្រប់​ជ្រុងជ្រោយ ចំពោះ​របត់​នយោបាយ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

អ្នកវិភាគ​ព្រមាន​ថា ការ​រក្សា​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ចិន​និង​កម្ពុជា ជា​របត់​នយោបាយ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ពេល​អនាគត ខណៈ​ដែល​កម្ពុជា​បាន​បែរខ្នង​មិន​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​ខាងលិច​ដូចជា​សហរដ្ឋអាមេរិក​ជាដើម។

កម្ពុជា និង​ប្រទេស​ចិន​បាន​ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៩​ខែក​ក្កដា ឆ្នាំ​១៩៥៨។ ចាប់តាំង​ពី​មាន​ចំណងទាក់ទង​ការទូត​រយៈពេល​ជាង ៦០​ឆ្នាំ​កន្លង​មក​នេះ ចិន​កំពុង​មាន​ឥទ្ធិពល​លើ​កម្ពុជា ទាំង​វិស័យ​ការទូត និង​យោធា ដោយសារតែ​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុងតែ​រស់​ដោយ​ពឹងផ្អែក​ដង្ហើម​សេដ្ឋកិច្ច​របស់​ចិន​ជា​សំខាន់។ អ្នកវិភាគ​នយោបាយ​វិញ​លើកឡើង​ថា មាគ៌ា​នយោបាយ​របស់​ប្រទេស​ចិន​គឺ​ចង់​គ្រប់គ្រង​កម្ពុជា​ផ្តាច់​មុខ និង​ប្រើប្រាស់​ជាទី​តាំង​កណ្ដាល​សម្រាប់​ទប់​ស្កាត់​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ មាន​ប្រសាសន៍​ថា ដំណាក់កាល​បច្ចុប្បន្ន​ទិសដៅ​របស់​ប្រទេស​ចិន ក្នុង​ការ​គ្រប់គ្រង​កម្ពុជា មាន​មែកធាង​ពហុមុខ ចាប់​តាំង​ពី​ធ្វើ​ឱ្យ​រេចរឹល តម្លៃ​វប្បធម៌​ខ្មែរ សម្លាប់​ប្រជាធិបតេយ្យ រហូត​ទៅដល់​ត្រួតត្រា លើ​វិស័យ​ទំនាក់ទំនង​ការទូត​ជាដើម​។​

លោក​ថា ចិន​បាន​ប្រើ​កម្ពុជា​ឱ្យ​ធ្វើតាម​ខ្សែ​ពាក់​របស់​ប្រទេស​ចិន ក្នុង​ក្របខ័ណ្ឌ​អាស៊ាន អង្គការ​សកល​ផ្សេងៗ និង​ការពង្រីក​ឥទ្ធិពល​យោធា​ចិន​នៅ​កម្ពុជា ដែល​ជា​ហេតុ​រុញច្រាន​កម្ពុជា​ឱ្យ​មាន​អរិភាព​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន ហើយ​នេះ​គឺជា​គ្រោះអាសន្ន​ធំ​ណាស់​សម្រាប់​កម្ពុជា។

លោក​បញ្ជាក់​ថា អន្ទាក់​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត​គឺ​ជំហាន​ចង់​អោបក្រសោប​កម្ពុជា​ដោយ​ចំណង​បំណុល​ពុតត្បុត​របស់​ប្រទេស​ចិន។ លោក​និយាយ​ថា រឿង​ទាំងអស់​នេះ​បន្តិច​ម្តងៗ ប្រទេស​ចិន​នឹង​ទាក់​ក​កម្ពុជា​មិន​ឱ្យ​រើ​រួច​ពី​វិបត្តិ​ខ្វះ​ចិន​មិន​បាន ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​អរិភាព​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាងលិច ដែល​ប្រកាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី៖ «ទីបំផុត​ទៅ​កម្ពុជា​មិន​អាច​ងាក​ចេញរួច​ពី​ឥទ្ធិពល​ចិន​ក្នុង​លក្ខខណ្ឌ​ជា​ចៅហ្វាយ​និង​អាយ៉ង​នឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ពឹង​បង្អែក​ចិន​តែមួយគត់។ នេះ​មិនមែន​ជា​ដំណើរ​គ្រោះថ្នាក់​តូចតាច​ទេ​ចំពោះ​ប្រទេស​កម្ពុជា។ កម្ពុជា​អាច​ជា​ផ្នែក​មួយ​ក្រោម​មាគ៌ា​ត្រួតត្រា​នយោបាយ​ផ្ដាច់មុខ​របស់​ចិន ប្រសិនបើ​ចិន​ដណ្តើម​បាន​មុន​យួន»

អង្កការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន៍ បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា បាន​កើន​ឡើង​ដល់​ជាង ៤.០០០​លាន​ដុល្លារ (.២៩៧​លាន​ដុល្លា)។ ជំនួយ​ដែល​ផ្ដល់​នេះ គិត​ចាប់​ពី​ឆ្នាំ​២០០១ ដល់​ខែ​មីនា ឆ្នាំ​២០១៧ មាន​ទាំង​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង ឥណទាន​ឥត​ការ​ប្រាក់ ដើម្បី​យក​មក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​នៅ​កម្ពុជា និង​សម្ភារៈ​យោធា​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ផ្តល់​ជំនួយ​ពី​ប្រទេស​ចិន កម្ពុជា​ក៏​ជំពាក់​បំណុល​វ័ណ្ឌក ពី​ប្រទេស​ចិន​ផង​ដែរ។ គិត​ត្រឹម​ឆ្នាំ​២០១៧ កម្ពុជា​បាន​ជំពាក់​បំណុល​ចិន​សរុប​ជិត ៣​ពាន់​លាន​ដុល្លា​(.៨១៨,៣៧) លាន​ដុល្លារ​អាមេរិក។

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​ប្រទេស​ចិន ច្រើ​នជាង​ប្រទេស​ណាៗ​ទាំងអស់​។ តួលេខ​ដដែល​ឱ្យ​ដឹង​ទៀត​ថា សរុប​ត្រឹម​ឆ្នាំ​២០១៦ រដ្ឋ​ទូទាត់​បំណុល​សង​ទៅ​ប្រទេស​ចិន វិញ បាន​សរុប​ចំនួន​ជិត ២៦០​លាន​ដុល្លារ​អាមេរិក។

ដោយសារ​ជំនួយ និង​បំណុល​ដែល​កម្ពុជា​ជំពាក់​ពី​ចិន​សង​មិន​រួច​នេះ​ហើយ នឹង​តម្រូវ​ឱ្យ​កម្ពុជា​តបស្នង​ប្រទេស​ចិន​វិញ​។ នៅ​ក្នុង​ឆ្នាំ​២០១២ ពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ទាក់ទិន​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​ធ្វើ​ឱ្យ​មានការ​រិះគន់​ពី​អន្តរជាតិ​ចំពោះ​ជំហរ​កម្ពុជា​ដែល​ងាករេ​ទៅកាន់​ប្រទេស​កុម្មុយនិស្ត​ចិន។

មិន​ត្រឹមតែ បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ទាក់ទិន​នឹង​រឿង​សមុទ្រ​ចិន​ខាងត្បូង នឹង​ដើម្បី​បង្ហាញ​ពី​ភក្ដីភាព​របស់​ខ្លួន​ថា ជា​មិត្ត​ដែកថែប​ជាមួយ​ប្រទេស​ចិន​នោះ​។ សារព័ត៌មាន​បរទេស​បាន​ផ្សាយ​ថា កម្ពុជា​បាន​ចុះហត្ថលេខា​ដោយ​សម្ងាត់​ជាមួយ​ប្រទេស​ចិន​ដើម្បី​អនុញ្ញាត​កងទ័ព​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​ក្នុង​ដែនសមុទ្រ​រាម ក្នុង​ខេត្ត​ព្រះសីហនុ។

កាសែត ឌឹ វ៉លស្ទី្រត ជ័រណល​(The Wall Street Journal) កាលពី​ឆ្នាំ​២០១៩ បាន​សរសេរ​ថា ប្រទេស​កម្ពុជា​និង​ចិន​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​នោះ​កាលពី​និទាឃៈ​រដូវ​កន្លង​ទៅ តែ​ភាគី​ទាំងពីរ​មិន​ទាន់​បាន​បញ្ចេញ​ឱ្យ​ដឹង​ជា​សាធារណៈ​នៅឡើយ​ទេ។

កិច្ចព្រមព្រៀង​នោះ​គឺ​កម្ពុជា​ផ្ដល់​ឱ្យ​ភាគី​ចិន​នូវ​សិទ្ធិ​ផ្តាច់មុខ ធ្វើជា​មូលដ្ឋាន​ទាហានជើងទឹក ចិន​មួយ​ផ្នែក​នៅ​ឈូង​សមុទ្រ​ខ្មែរ ហើយ​នៅ​ជិត​អាកាសយានដ្ឋាន​ធំ​មួយ ដែល​កសាង​ដោយ​ចិន។អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាត ធ្លាប់​ចាត់ទុកថា ព័ត៌មាន​ខាងលើ​ហាក់​ដូច​ជា​មាន​ចេតនា​ចង់​បំផ្លាញ​សុខ​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ទំនាក់ទំនង​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​ផង​ដែរ។

ជុំវិញ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក បណ្ឌិត ឯម សុវណ្ណារ៉ា បាន​ផ្តល់​យោបល់​ថា កម្ពុជា​គួរតែ​រក្សា​អត្ថប្រយោជន៍​ជាតិ ជាធំ​បើ​ទោះ​បីជា​បាន​ក្លាយ​ជា​មិត្ត​ដែក​ថែប​របស់​ប្រទេស​ចិន​ក៏ដោយ។

លោក​បញ្ជាក់​ថា កម្ពុជា​គួរតែ​រក្សា​គោលនយោបាយ​រវាង​លោក​ខាងលិច និង​លោក​ខាងកើត​ឱ្យ​ស្មើគ្នា នោះ​ទើប​កម្ពុជា​អាច​មាន​សុវត្ថិភាព​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ព្រមទាំង​រក្សា​នូវ​អត្ថប្រយោជន៍​ជាតិ​បាន៖ «កាលណា​កម្ពុជា​ងាក​លម្អៀង​ទៅ​រក​ចិន​ពេក។ កម្ពុជា​អាច​បាត់បង់​អត្ថប្រយោជន៍​ទំនាក់ទំនង​ជាមួយ​លោក​ខាងលិច​ដែល​មាន​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក»

ក្រៅពី​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ប្រទេស​ចិន បាន​ជួយ​ប្រទេស​កម្ពុជា​ផ្នែក​ការ​ការពារ​សន្តិសុខ​ផង​ដែរ​។​កាលពី​ឆ្នាំ​២០១៣ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ផ្តល់​កាំភ្លើង​ធំ​ជាង ១.០០០​ដើម និង​គ្រាប់​ចំនួន ៥​ម៉ឺន​គ្រាប់។

ប្រទេស​ចិន​ក៏​បាន​ផ្តល់​រថយន្ត​យោធា​ចំនួន​២៦​គ្រឿង និង​ឯកសណ្ឋាន​យោធា​ចំនួន​៣.០០០ កំប្លេ​ដល់​ប្រទេស​កម្ពុជា។ កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​ទៅ​នេះ កម្ពុជា​បាន​ទិញ​រថយន្ត​យោធា​ចំនួន ២៩០​គ្រឿង ពី​ប្រទេស​ចិន។

រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​ប្រកាស​ទំហំ​ថវិកា​ប្រើប្រាស់​សម្រាប់​ទិញ​រថយន្ត​យោធា​នោះ​ទេ ប៉ុន្តែ​ថា លុយ​បាន​ទៅ​ទិញ​រថយន្ត​បាន​មក​ពី​សប្បុរសជន​ទៅវិញ។

បើ​ទោះ​បីជា​មានការ​រិះគន់​ពី​ជំនួយ​របស់​ប្រទេស​ចិន​ផ្តល់​ជូន​ប្រទេស​កម្ពុជា​កន្លងមក​សុទ្ធ សឹង​ជា​អន្ទាក់​យ៉ាងណាក៏ដោយ ក៏​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន នៅតែ​ថ្លែង​ការពារ​ថា កម្ពុជា​សព្វ​ថ្ងៃ បាន​រក្សា​ទំនាក់ទំនង​ស្មើភាព​គ្នា ទាំង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​។​

លោក​និយាយ​ថា សម្រាប់​អ្នកវិភាគ​នៅតែ​មើល​មិន​ឃើញ​ពី​បំណង​ល្អ​របស់​រដ្ឋាភិបាល ដោយសារតែ​ពួកគេ​មិន​ចូលចិត្ត និង​មាន​ចរិត​មិន​គាំទ្រ​ប្រទេស​ចិន។

លោក​និយាយ​ថា អ្នកវិភាគ​កំពុង​យក​ខ្មែរ​ជា​សត្រូវ​ជាមួយ​សហរដ្ឋ​អាមេរិក តែ​ប្រហែលជា​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បញ្ជាក់​ថា ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា​ប្រកាន់​និន្នាការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​នានា​ទាំងអស់​នៅ​លើ​ពិភពលោក ហើយ​កម្ពុជា​មិន​លូកលាន់​បញ្ហា​ផ្ទៃក្នុង​នៅ​ក្នុង​បណ្ដា​ប្រទេស​ទាំង​នោះ​ទេ៖ «ដូចជា​រឿង​ជំហរ​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ហ្នឹង​យើង​បាន​ជម្រាប​ជូន​ដល់​អាស៊ាន​ទាំងមូល ឱ្យ​យកចិត្តទុកដាក់ និង​គាំទ្រ​នូវ​គំនិត​ហ្នឹង​ថា​យើង​មិន​ប្រកាន់​ខាង​ណា​ទេ។ យើង​ចង់​ឱ្យ​មាន​ការ​ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ»

ក្នុង​រយៈពេល​ជាង ៦០​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារតែ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​បន្ត​ចាក់ស្រេះ បាន​ធ្វើ​ឱ្យ​លំហូរ​ប្រជាជន​ចិន​មកកាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ជាពិសេស​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​ទៀត។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​លោក សុខ ផល ធ្លាប់​អះអាង​ថា ជនជាតិ​ចិន​មក​ស្នាក់នៅ​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​រហូតដល់​ជាង ២១ ម៉ឺន​នាក់ ដោយ​ចំនួន​នេះ​បាន​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ ២០១៧ ដែល​ជនជាតិ​ចិន​មានតែ​ជាង ១០ ម៉ឺន​នាក់​ក្នុង​នោះ​មាន​ជាង ៧៨.០០០ នាក់​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ហើយ​មាន​ប័ណ្ណ​ការងារ​ត្រឹម​ត្រូវតែ​ជាង ២ ម៉ឺន​នាក់​ប៉ុណ្ណោះ។

វត្តមាន​ជនជាតិ​ចិន​នេះ ភាគច្រើន​បាន​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម ជាច្រើន​ដូចជា​ការប្រើប្រាស់​អំពើ​ហិង្សា​ចោរកម្ម ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន និង​ចាប់ជំរិត​ទារ​ប្រាក់​ជាដើម។

អ្នកវិភាគ​ថា បន្តិច​ម្តងៗ​កម្ពុជា​នឹង​ត្រូវ​ប្រទេស​ចិន​កាន់កាប់​ផ្ដាច់​មុខ បើ​នៅ​បន្ត​គោលនយោបាយ​គាំទ្រ​ចិន​តែមួយ​ហើយ​ទាត់​ចោល​ទំនាក់ទំនង​ប្រទេស​លោក​ខាង​លិច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល