អ្នក​ជំនាញ​ថា កម្ពុជា​គួរ​រៀន​សូត្រ​ពី​ម៉ាឡេស៊ី​រឿង​​បំណុល​វ័ណ្ឌក​របស់​ចិន និង​​ប្រជាធិបតេយ្យ

ដោយ មាន ឫទ្ធិ
2019-09-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហាធា មហាម៉ាត់ (Mahathir Mohamad) (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុង​ជំនួប​នា​វិមានសន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៩។
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហាធា មហាម៉ាត់ (Mahathir Mohamad) (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ក្នុង​ជំនួប​នា​វិមានសន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៩។
រូប​ហ្វេសប៊ុក លោក ហ៊ុន សែន

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហាធា មហាម៉ាត់ (Mahathir Mohamad) បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក រយៈពេល​៣​ថ្ងៃ នៅ​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី៤ កញ្ញា​។ សម្រាប់​ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ និង​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន​បន្សល់ទុក​នូវ​ចំណាប់អារម្មណ៍ និង​អនុសាសន៍​មួយ​ចំនួន​ដែល​កម្ពុជា​គួរ​រៀន​សូត្រ​តាម ជាពិសេស​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​ចំពោះ​បញ្ហា​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន និង​បញ្ហា​ប្រជាធិបតេយ្យ។

ក្រៅពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់ៗ​ពីរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​ការ​ចៀសវាង​យកពន្ធ​ត្រួត​គ្នា ព្រមទាំង​មានការ​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ដែល​លោក មហាធា មហាម៉ាត់ សម្រេច​បាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ សារ និង​អនុសាសន៍​មួយ​ចំនួន​នៅ​ពេល​ដែល​លោក​បាន​ជួប​និស្សិត​កម្ពុជា ក៏​កំពុងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា ដំណោះស្រាយ​ចំពោះ​បញ្ហា​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន និង​បញ្ហា​ប្រជាធិបតេយ្យ។

បណ្ឌិត អៀ សុផល អ្នកជំនាញ​កិច្ចការ​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី៣ កញ្ញា ថា លោក​គិត​ថា មាន​ឧទាហរណ៍​ល្អ​មួយ​ដែល​កម្ពុជា​គួរ​យក​គំរូ​បាន​ពី​ប្រទេស​ម៉ាឡេស៊ី ហើយ​នោះ​គឺ​របៀប​ដែល​លោក មហាធា ដោះស្រាយ​ពាក់ព័ន្ធ​នឹង​គម្រោង​ខ្សែ​ក្រវាត់ និង​ផ្លូវ​របស់​មហា​យក្ស​ចិន ដែល​ប្រទេស​ម៉ាឡេស៊ី​របស់​លោក មហាធា បាន​បើក​ការ​ចរចា​ថ្មី​ឡើងវិញ​ជាមួយ​ប្រទេស​ចិន ដើម្បី​បាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​មុន​នោះ។

ដូចគ្នា​នេះ​ដែរ លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ក៏​យល់ស្រប​ទៅ​នឹង​ការ​លើកឡើង​នេះ​ដែរ​។ លោក​ថា លោក​ចាប់អារម្មណ៍​ទៅ​នឹង​របៀប​ដែល​លោក មហាធា ធ្វើ ឆ្លើយ​តប​ទៅ​នឹង​ការកាត់បន្ថយ​ដើម្បី​កុំ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី ជាប់ជំពាក់​បំណុល​ប្រទេស​ចិន ច្រើន​ពេក ដែល​អាច​បណ្ដាល​ឱ្យ​ប្រទេស​នេះ​ប្រឈម​នឹង​ហានិភ័យ​នៃ​បញ្ហា​អន្ទាក់​បំណុល​វ័ណ្ឌក​ជាមួយ​ប្រទេស​ចិន៖ «នៅ​ពេល​ដែល​គាត់​ឡើង​កាន់​កាប់​ជា​នាយករដ្ឋមន្ត្រី លោក មហាធា មហាម៉ាត់ បាន​លុបចោល​នូវ projects [​គម្រោង​]​ធំៗ​របស់​ចិន​មួយ​ចំនួន ហើយ​លោក​ចុះ​កុងត្រា​ឡើងវិញ ដោយ​កសាង​នូវ​លក្ខខណ្ឌ​ថ្មី ដែល​អំណោយផល ឬក៏​អាច​ទាញ​អត្ថប្រយោជន៍​បាន​ច្រើន​ទៅដល់​ពលរដ្ឋ​ម៉ាឡេស៊ី​។ នេះ​ជា​បទពិសោធន៍​មួយ​ល្អ ដែល​កម្ពុជា​គួរតែ​សិក្សា ឬក៏​យក​គំរូ​តាម​គាត់​ដែរ ព្រោះ​គាត់​ធ្វើ​បាន​​ល្អ ជោគជ័យ​នូវ​កិច្ចការ​ណា​ដែល​មិនទាន់​ទៅ​ជា​ធរមាន យើង​អាច​ធ្វើ​បាន​។ តែ​បើ​កិច្ចការ​ណា​ដែល​ចុះ​ហត្ថលេខា​ហើយ​ចូល​ជា​ធរមាន​ហើយ យើង​មិន​អាច​ធ្វើ​បាន​ទេ»

ឆ្លើយតប​នឹង​សំណួរ​របស់​និស្សិត​មួយរូប​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជុំវិញ​ការ​ដោះស្រាយ​រឿង​បញ្ហា​អន្ទាក់​បំណុល​ចិន​នេះ ក្នុង​កិច្ច​សន្ទនា​ចំហ​ស្ដីពី​ការធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច ក្នុង​បរិបទ​អាស៊ាន លោក មហាធា មានប្រសាសន៍ថា គណបក្ស​របស់​លោក​អាច​ដណ្ដើម​យក​ជ័យជម្នះ​ទៅ​គ្រប់គ្រង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​បាន គឺ​ដោយសារតែ​រដ្ឋាភិបាល​ដែល​បាន​កាន់កាប់​អំណាច​នា​ពេល​មុន​នោះ បាន​ធ្វើ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​លំបិន ដែល​ធ្វើ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ជាប់ជំពាក់​បំណុល​ខ្លាំង ដែល​ហេតុការណ៍​នេះ អាច​ធ្វើ​ឱ្យ​ប្រទេស​នេះ ត្រូវ​ក្ស័យ​ធុន លុះត្រាតែ​មានការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ប្រសើរ​ជាង​មុន៖ «ដូច្នេះ ពលរដ្ឋ​ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ចេញ ដោយសារតែ​ពួកគេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ចាស់​នោះ​បាន​ដើរ​ខុសផ្លូវ។ នៅ​ពេល​ដែល​យើង​ឡើង​មក​កាន់កាប់ រឿង​ដំបូង​គេ​បង្អស់​ដែល​យើង​បាន​ធ្វើ ច្បាស់​ណាស់​ថា គឺ​កែប្រែ​កំហុស ដែល​បាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​មុន។ ក្នុងចំណោម​កំហុស​នានា​ដែល​រដ្ឋាភិបាល​មុន​បាន​ធ្វើ​នោះ គឺ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ដែល​មាន​លក្ខខណ្ឌ​ទន់ខ្សោយ ហើយ​បាន​ខ្ចី​ប្រាក់​យ៉ាង​សម្បើម​ពី​បរទេស ដែល​យើង​មិន​អាច​រ៉ាប់រង​បាន»

លោក មហាធា ពន្យល់​បន្ត​ថា ប្រទេស​ម៉ាឡេស៊ី​មិន​អាច​គាំទ្រ​ដល់​គម្រោង​ទាំងនោះ​បាន​ទេ ដោយសារ​ត្រូវ​ចំណាយ​អស់​ប្រាក់​ខ្លាំង​។ ដូច្នេះ​ហើយ លោក​ត្រូវ​សម្រេចចិត្ត​លុបចោល​គម្រោង​ទាំងនោះ តាមរយៈ​ការ​ចរចា​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ៖ «យើង​មិន​អាច​មាន​លទ្ធភាព​គាំទ្រ​ដល់​គម្រោង​ទាំងនោះ​បានទេ ដោយសារតែ​វា​ត្រូវ​ចំណាយ​ប្រាក់​អស់​ខ្លាំង។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​យើង​ឡើង​កាន់​អំណាច យើង​បាន​លុបចោល​គម្រោង​ទាំងនោះ​។ ក៏ប៉ុន្តែ គម្រោង​ទាំងនោះ​កំពុង​ជាប់​កិច្ច​សន្យា​។ បើ​យើង​លុបចោល យើង​នឹង​ត្រូវ​ចេញ​សង​ដល់​ក្រុមហ៊ុន​ម៉ៅការ​ដោយសារតែ​យើង​លុបចោល​កិច្ចសន្យា​។ សំណង​គឺ​ថ្លៃ​ខ្លាំង​ណាស់ ដល់​ទៅ​រាប់​ប៊ីលាន​រីងហ្គីត​។ ដូច្នេះ​ហើយ​យើង​បាន​ចុះ​កិច្ច​សន្យា​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​។ ហើយ​ជា​សំណាងល្អ​សម្រាប់​យើង យើង​អាច​កាត់បន្ថយ​ថ្លៃ​ដើម​រហូត​ដល់​ទៅ ២០​ប៊ី​លាន​លុយ​រីងហ្គីត​របស់​ម៉ាឡេស៊ី»

ក្រៅពី​អនុសាសន៍​របស់​លោក​ជុំវិញ​វិធីសាស្ត្រ​ដោះស្រាយ​បំណុល​ចិន ដើម្បី​កុំ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​ជាប់​ផុង​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក​របស់​បរទេស​នោះ លោក មហាធា ក៏​បាន​ផ្តល់​អនុសាសន៍​ជុំវិញ​បញ្ហា​របៀបរបប​គ្រប់គ្រង​រដ្ឋាភិបាល ដែល​លោក​ថា រដ្ឋាភិបាល​ត្រូវតែ​បម្រើ​សេវា​យ៉ាង​ដិតដល់​ជូន​ពលរដ្ឋ។ លោក​មហាធា មាន​ប្រសាសន៍​ថា ប្រទេស​នៅ​តំបន់​អាស៊ាន​គួរតែ​យក​គំរូ​តាមរបៀប​របប​គ្រប់គ្រង​រដ្ឋាភិបាល និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​លោក​ខាង​លិច៖ «ប៉ុន្តែ​សព្វថ្ងៃ​នេះ ដោយសារ​មានការ​ងាយស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង យើង​អាច​មើល​ឃើញ​នូវ​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ប្រទេស​ដទៃ ពេលខ្លះ អ្នក​អាច​ចម្លង​តាម​ប្រទេស​ទាំងនោះ ដែល​វា​រឿង​ល្អ ប្រសិនបើ​រឿង​ដែល​ត្រូវ​ចម្លង​តាម​នោះ​ជា​ការ​ល្អ​។ ខ្ញុំ​គិត​ថា​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋាភិបាល និង​ប្រជាធិបតេយ្យ​របស់​ពួកគេ គឺ​មាន​លក្ខណៈ​ល្អ​ណាស់ ដែល​យើង​គួរតែ​ចម្លង​តាម។ ប៉ុន្តែ នៅ​ពេល​ដែល​ប្រទេស​ទាំងនោះ​សម្រេច​ថា មនុស្ស​ប្រុស​អាច​រៀបការ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​បាន តើ​អ្នក​គួរ​ចម្លង​តាម​គេ​ដែរ​ឬទេ​?»

ប្រសាសន៍​របស់​លោក មហា​ធារ​បែបនេះ បែរជា​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​មួយ យក​ទៅ​បកស្រាយ​ខុស ដោយ​ថា លោក​មហាធា​ប្រាប់​ថា រឿង​ប្រជាធិបតេយ្យ​មិន​ត្រូវ​ដើរ​តាម​ការកំណត់​របស់​អាមេរិក​ទៅវិញ​នោះ​ទេ។

ជុំវិញ​បញ្ហា​ប្រជាធិបតេយ្យ​របស់​ប្រទេស​លោក​ខាង​លិច​នេះ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដោយ​បាន​អនុម័ត​តាម​អនុសញ្ញា​មួយ​ចំនួន​របស់​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ស្របតាម​ច្បាប់​របស់​អន្តរជាតិ​។ ដូច្នេះ​ហើយ លោក​ថា កម្ពុជា​មាន​កាតព្វកិច្ច​ត្រូវតែ​អនុវត្ត​តាម៖ «កន្លែង​ហ្នឹង​ក៏​ខ្ញុំ​ចង់​សូម​សំណូមពរ​ឱ្យ​អ្នកនយោបាយ មិន​គួរ​បែងចែក​ស្តង់​ដារ​ប្រជាធិបតេយ្យ​ពីរ​បី​ទេ ពីព្រោះ​យើង​យក​ច្បាប់​តាម​គោលការណ៍​របស់​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ មក​ដាក់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​យើង។ យើង​គួរតែ​ពង្រឹង​ធ្វើ​ម៉េច​ឱ្យ​បាន​ទៅ ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​លក្ខខណ្ឌ​ច្បាប់​ហ្នឹង​ទៅ ខ្ញុំ​គិត​ថា កម្ពុជា​អាច​រក្សា​ផលប្រយោជន៍​ទំនាក់ទំនង រវាង​កម្ពុជា​ជាមួយ​អឺរ៉ុប ជាមួយ​អាមេរិក បាន​ល្អ​ហើយ​។ នោះ​វា​មិន​ឈាន​ទៅ​ដល់​ការបាត់បង់ EBA GSP ឬក៏​ទណ្ឌកម្ម​ផ្សេងៗ​កើតឡើង​នោះ​ទេ»

សម្រាប់​បណ្ឌិត អៀ សុផល វិញ លោក​មានប្រសាសន៍ថា លោក​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ ដែល​ថា ប្រទេស​ម៉ាឡេស៊ី​អាច​ដើរ​តួនាទី​ជួយ​កម្ពុជា​ឱ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​នោះ​។ លោក​ថា ខណៈ​ដែល​ប្រទេស​ម៉ាឡេស៊ី​ផ្ដល់​នូវ​ឧទាហរណ៍​ល្អ​ដល់​កម្ពុជា ដោយសារ​ប្រទេស​នេះ បាន​រៀបចំ​ការបោះឆ្នោត​មួយ ដែល​បណ្ដាល​ឱ្យ​មាន​លទ្ធផល​ប្រកប​ដោយ​ប្រជាធិបតេយ្យ​ជា​វិជ្ជមាន​នោះ ក៏ប៉ុន្តែ​លោក​ថា ប្រទេស​ម៉ាឡេស៊ី​ខ្លួនឯង ក៏​មាន​បញ្ហា​ក្នុងស្រុក​របស់​ខ្លួន​នោះ​ដែរ។

បណ្ឌិត អៀ សុផល រិះគន់​ថា លោក មហាធា ជា​ជាង​លើកឡើង​អំពី​កង្វល់​រឿង​ចិន​អាច​ដាក់​មូលដ្ឋានទ័ព​នៅ​លើ​ទឹកដី​កម្ពុជា លោក មហាធា បែរ​និយាយ​រិះគន់​រឿង​មនុស្ស​ស្រលាញ់​ភេទ ដូចគ្នា​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

action rather better than inaction bro

It's hilarious to denial itself to learn more from other leaders...learn this or that,but everything didn't work out there.Stop say this word to tell anybody to learn this or that anymore...the smart thing u all have to sacrifice to make a change.If, u don't make a change...who's the hell gonna change it for u man...think about it,if u all still say thing one thousand times,but it is not equal to one time that u must make a change"do do do it it it now".

Sep 06, 2019 10:52 AM

គេហទំព័រ​ទាំងមូល