អ្នក​វិភាគ​​ថា របប​ក្រុង​ភ្នំពេញ​ដាក់​សម្ពាធ​​ព្រះមហាក្សត្រ តាំង​ពី​​ទ្រង់​​ឡើង​សោយ​រាជ្យ

ដោយ វ៉ែន សុមេធ
2019-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី
ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី
រូប៖ ហ្វេសប៊ុក​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ការ​សោយ​រាជ្យ​របស់​ព្រះ​មហាក្សត្រ​ ១៥​ឆ្នាំ​មក​នេះ គឺ​ស្ថិត​​ក្រោម​សម្ពាធ​​លោក ហ៊ុន សែន គ្រប់​ជំហាន ព្រោះ​របប​ក្រុង​ភ្នំពេញ​​​​មិន​ចង់​ឲ្យ​ព្រះ​អង្គ​​ធ្វើ​ព្រះ​រាជ​សកម្មភាព​​ចុះ​ជួប​ប្រជារាស្ត្រ និង​សម្រប​សម្រួល​នយោបាយ​ឡើយ។

អ្នក​វិភាគ​នយោបាយ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅប្រទេស​ហ្វាំងឡង់ លោក គឹម សុខ អះអាង​ថា រយៈ​ពេល​ ១៥​ឆ្នាំ​មក​នេះ ព្រះ​មហាក្សត្រ​​មាន​ព្រះ​រាជ​បំណង​ដាក់​រាជ្យ​ច្រើន​ដង​ហើយ ដោយសារ​​របប​ក្រុង​ភ្នំពេញ​ខ្ទាស់​​ទ្រង់​គ្រប់​ជំហាន។ លោក​​ថា របប​​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​ព្រះ​មហាក្សត្រ​ចុះ​ជួប​ប្រជារាស្ត្រ​ ឬ​​ចេញ​​​ព្រះ​ភក្ត្រ​សម្រប​សម្រួល​នយោបាយ​ឡើយ ព្រោះ​ខ្លាច​​​​​​ទ្រង់​កើន​ប្រជាប្រិយភាព ស្រប​ពេល​ពលរដ្ឋ​មិន​ពេញ​ចិត្ត​របប​ក្រុង​ភ្នំពេញ។

អ្នក​វិភាគ​នយោបាយ ​ដែល​រិះគន់​របប​ក្រុង​ភ្នំពេញ​ឥត​សំចៃ​មាត់​រូប​នេះ​ បន្តថា របៀប​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ របស់​ព្រះ​មហាក្សត្រ​ ខុស​ពី​អ្នក​នយោបាយ ព្រោះ​អ្នក​នយោបាយ​ចូលចិត្ត​និយាយ​ច្រើន​ជាង​ធ្វើ ចំណែក​ព្រះ​អង្គ តែង​ធ្វើ​លិខិត និង​សម្រប​សម្រួល​ ជាមួយ​របប​ក្រុង​ភ្នំពេញ​ជា​និច្ច​ ដើម្បី​​ដោះស្រាយ​វិបត្តិ​នយោបាយ ក្នុង​រាជ្យ​ព្រះ​អង្គ ១៥​ឆ្នាំ​​កន្លង​មក​នេះ។ លោក ថា ព្រះ​រាជកិច្ច​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ គឺ​ព្រះ​អង្គ បាន​បំពេញ​គ្មាន​ចន្លោះ​ទេ តែ​របប​លោក ហ៊ុន សែន​ ទេ ដែល​បដិសេធ លើ​ព្រះ​រាជ្យ​សកម្មភាព​របស់​ព្រះអង្គ​ និង​ដាក់​សម្ពាធ​លើ​ព្រះអង្គ​ជា​រឿយៗ ធ្វើ​ឲ្យ​ព្រះ​អង្គ ឈឺ​ព្រះ​ទ័យ​ រហូត​មក។ លោក​ គឹម សុខ អះអាង​ថា ព្រះ​បាទ​នរោត្តម សីហនុ ជា​អ្នក​ទម្លាយ​ថា ព្រះ​អង្គ សីហមុនី ចង់​ដាក់​រាជ្យ​តាំង​ពី​​ទ្រង់​ឡើង​សោយ​រាជ្យ​ដំបូង​មក​ម្ល៉េះ តែ​ដោយសារ​ព្រះ​បាទ​នរោត្ដម​សីហនុ អង្វរ និង​​ស្នើសុំ​ទ្រង់​ ឲ្យ​គិត​គូរ​ពី​ប្រទេស​ជាតិ ទើប​ព្រះ​អង្គ បន្ត​សោយ​រាជ្យ​ ១៥​ឆ្នាំ​មក​នេះ ។ ឯ​​ការ​សម្រប​សម្រួល​នយោបាយ​ផ្ទៃ​ក្នុង​វិញ ​​ទ្រង់​មិន​បាន​ទម្លាយ​ជា​សាធារណៈ​ទេ គឺ​មាន​តែ​មនុស្ស​ស្និទ្ធ​នឹង​រាជា​និយម​ទើប​ដឹង​រឿង​នេះ៖ «ព្រះ​អង្គ​ជា​ស្ដេច​ស្មោះត្រង់ ហើយ​ប្រឹងប្រែង​ខ្លាំង​ណាស់​។ ក៏​ប៉ុន្តែ​ស្ថិត​ក្រោម​សម្ពាធ​នៃ​អ្នក​នយោបាយ​ ដែល​គេ​គិត​តែ​ពី​អំណាច​របស់​ខ្លួន។ ព្រះ​ករុណា​បច្ចុប្បន្ន​ធ្លាប់​ព្យាយាម​​លាលែង​ពី​រាជ្យ​បល្ល័ង្ក​ច្រើន​ដង​ហើយ។ តាម​ដែល​ខ្ញុំ​ដឹង នៅ​ពេល​ដែល​ព្រះ​ករុណា​ព្រះ​បិតា នរោត្តម សីហនុ ពេល​ដែល​ព្រះ​អង្គ​មាន​ព្រះជន្ម​ ព្រះ​អង្គ​បាន​ទម្លាយ​ថា ​រឿង​នេះ ព្រះ​អង្គ​ជា​អ្នក​ទប់​កុំ​ឲ្យ​ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​ ព្រះ​អង្គ​លាលែង។ តាម​ពិត​ព្រះ​អង្គ​មិន​សព្វ​ព្រះ​ហរទ័យ ជា​តួនាទី នឹង​​ព្រះ​មហាក្សត្រ​ទេ។ អ្វី ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ហរទ័យ គឺ​បេសកកម្ម​ជួយ​ប្រជា​រាស្ត្រ​ នៅ​ពេល​ដែល​​​ព្រះ​អង្គ​ជួយ​ប្រជារាស្ត្រ​មិន​បាន​ ​តាម​ព្រះ​ទ័យ​របស់​ព្រះ​អង្គ ព្រះ​អង្គ​ធ្លាប់​ព្យាយាម​​លាលែង​ជា​ច្រើន​ដង​ដែរ។ ក៏​ប៉ុន្តែ​បើ​ព្រះ​អង្គ​លាលែង តើ​ស្ថានភាព​ប្រទេស​ជាតិ​នោះ វា​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា​ទៅ»

លោក គឹម សុខ អះអាង​បែប​នេះ ​ក្នុង​ឱកាស​គម្រប់​ខួប​១៥​ឆ្នាំ​ នៃ​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ដែល​ព្រះអង្គ​បាន​ឡើង​គ្រង​រាជ្យ កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០០៤ កន្លង​ទៅ។

ការ​អះអាង​របស់​លោក គឹម សុខ ដែល​ថា ព្រះ​មហាក្សត្រ​ ព្រះករុណា​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​អង្គ​តែង​ចង់​ដាក់​រាជ​នោះ ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខាធិការ​ផ្ទាល់​​ព្រះមហាក្សត្រ នរោត្តម សីហនុ​ បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ថា ព្រះ​មហាក្សត្រ​បច្ចុប្បន្ន​ពិត​ជា​មាន​បំណង​ចង់​ដាក់​រាជ​ប្រាកដ​មែន៖ «ព្រះករុណា​ព្រះ​បរម​រតន​កោដិ​ពេល​នៅ​ពេល​ដែល​ព្រះ​អង្គ​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ​ ​លោក​ឧស្សាហ៍​មាន​ព្រះរាជឱង្ការ​ហើយ​ថា​ កូន​លោក ​ព្រះ​ករុណា​ សីហមុនី លោក​មិន​ចង់​សោយ​រាជ្យ​ប៉ុន្មាន​ទេ​ ហើយ​លោក​ចង់​លាលែង​ប៉ុន្មាន​ដង ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា​ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដិ​លោក​បាន​មាន​ព្រះ​រាជឱង្ការ​ដែរ។ប៉ុន្តែ​ចំពោះ​ខ្ញុំ​ទៅ​វិញ​ ខ្ញុំ​ជា​សាក្សី​ ថា​ មាន​មួយ​ពេលៗ ព្រះករុណា​ព្រះ​បរម​នាថ​ នរោត្តម សីហមុនី​ លោក​ ធុញទ្រាន់​ពេក​ទៅ ​លោក​សព្វ​ព្រះហឫទ័យ​ដាក់​រាជ្យ​នោះ​ដែរ។ មូល​ហេតុ​មកពី​អ្វី​ មក​ពី​មួយ​ពិភព​លោក​ជា​សាក្សី​តាំង​ពី​លោក​គ្រង​រាជ្យ​ថ្ងៃ​ទី២៩ ខែ​តុលា ឆ្នាំ​២០០៤​ ព្រះ​ករុណា​ សីហមុនី​ មិន​ដែល​ចេញ​ព្រះរាជ​សារ​ម្ដង​ទេ»។​​​

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​អំពី​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​២៨ តុលា ដោយ​សារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​លើក។

ទោះ​ជា​យ៉ាង​ណា ក្នុង​រាជ្យ​ព្រះ​បាទ​ នរោត្តម​ សីហមុនី រយៈ​ពេល ​១៥​ឆ្នាំ​មក​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ប្រើ​ភាសា​ដែល​អ្នក​សង្កេត​ការណ៍​យល់​ថា ជា​ការ​គំរាម និង​ប្រមាថ​ព្រះ​មហាក្សត្រ ២លើក​ហើយ។ កាល​ឆ្នាំ​២០០៥ លោក បាន​ព្រមាន​រំលាយ​​របប​រាជា​និយម​​ចោល បើ​ព្រះ​មហាក្សត្រ​មិន​ព្រម​ឡាយ​ព្រះហស្ត​លេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា​វៀតណាម។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ហ៊ុន សែន ប្រមាថ​ព្រះ​មហាក្សត្រ​ម្ដង​ទៀត គឺ​ និយាយ​ក្នុង​ន័យ​ថា ព្រះ​បិតា ព្រះមាតា​ របស់​ព្រះ​មហាក្សត្រ ក៏​លោក​មិន​ព្រឺ​ឆ្អឹង​ខ្នង​ដែរ៖ «ជាមួយ​ខ្ញុំ គឺ​កុំ​និយាយ​ឲ្យ​សោះ ឪ​ស្ដេច​ ម៉ែ​ស្ដេច ក៏​ខ្ញុំ​ដាក់​ដែរ»

ក្នុង​រាជ្យ​ព្រះ​បរមនាថ នរោត្តម សីហមុនី រយៈ​ពេល​ ១៥​ឆ្នាំ​នេះ ​កើត​មាន​វិវាទ​នយោបាយ​ធ្ងន់ធ្ងរ​​ជា​ច្រើន​ដង​។​ វិវាទ​ទាំង​នោះ ដូច​​ជា ជម្លោះ​គណបក្ស​កាន់​អំណាច ជាមួយ​គណបក្ស​ សម រង្ស៊ី នៅ​ឆ្នាំ​ក្រោយ​​បោះ​ឆ្នោត ឆ្នាំ​២០០៨ និង​ជម្លោះ​នយោបាយ​ក្រោយ​បោះឆ្នោត​ឆ្នាំ​២០១៣ រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ កាល​ពី​ឆ្នាំ​២០១៤ ​ព្រះ​មហាក្សត្រ​ធ្លាប់​បាន​កោះ​ហៅ ភាគី​ជម្លោះ​នយោបាយ​ចូល​គាល់ ក្នុង​ព្រះ​បរម​រាជវាំង​ ដើម្បី​ដោះ​ស្រាយ​វិវាទ​កាល​ណោះ​​ ប៉ុន្តែ​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា​ដដែល។ ការ​កោះ​ហៅ​​ចូល​គាល់​​កាល​ណោះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ២០១៤ ដោយ​មាន​តំណាង​ម្ខាង ៣នាក់។

ប្រធាន​​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិញ ក៏​យល់​ថា ព្រះ​មហាក្សត្រ​ស្ថិត​ក្រោម​សម្ពាធ​លោក ហ៊ុន សែន​ ដែរ។ លោក សម រង្ស៊ី ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា ត្រូវ​ការ​ជា​ចាំបាច់​នូវ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ព្រោះ​មិន​អាច​ពឹង​ពាក់​លើ​ការ​សម្រប​សម្រួល​ពី​ព្រះ​មហាក្សត្រ​ទេ ដោយសារ​របប​លោក​ ហ៊ុន សែន បាន​ចាប់​ព្រះ​អង្គ​គំរាម​ រួច​ទៅ​ហើយ៖ «អ្នក​ដែល​រស់​នៅ​លើ​ទឹក​ដី​​ប្រទេស​កម្ពុជា គឺ​ជា​ចំណាប់​ខ្មាំង​របស់​ ហ៊ុន សែន។ សូម្បី​ព្រះ​មហាក្សត្រ​របស់​យើង ក៏​ជា​ចំណាប់​ខ្មាំង​របស់​ ហ៊ុន សែន។ ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អ្វី​ទេ លោក​ខ្លាច​ ហ៊ុន សែន លោក​ចង់​តែ​រក្សា​រាជ្យ​បល្ល័ង្ក​លោក។ ដូច្នេះ​ យើង​ទុក​ព្រះ​អង្គ​មួយ​អន្លើ​ទៅ​ យើង​មិន​អាច​រំពឹង​ព្រះ​មហាក្សត្រ ដែល​ជា​អាយ៉ង​របស់​ ហ៊ុន សែន ដូច​សព្វ​ថ្ងៃ​ទេ»

ក្រោយ​ការ​លើក​ឡើង​នេះ លោក សម​ រង្ស៊ី ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ​បាន​ប្រមាថ​ព្រះ​មហាក្សត្រ។

រដ្ឋធម្មនុញ្ញ បាន​ចែង​អំពី​ព្រះរាជ​តួនាទី​ថ្វាយ​ព្រះ​មហាក្សត្រ ជា​អ្នក​ផ្សះផ្សា​ជាតិ ​ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ បូរាណ​ភាព​ទឹកដី ការ​គោរព​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ​ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ជា​ដើម។ លោក គឹម សុខ ថា របប​ក្រុង​ភ្នំពេញ ចែង​ច្បាប់​ប្រគល់​ព្រះរាជ​តួនាទី​ថ្វាយ​ព្រះ​មហាក្សត្រ​តែ​សម្បក​ទេ ព្រោះ​អំណាច​ពិត​ប្រាកដ ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​មេដឹកនាំ ​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Saddly...for Our Khmer's Nation. To listen to ''អ្នក​វិភាគ​​ថា របប​ក្រុង​ភ្នំពេញ​ដាក់​សម្ពាធ​​ព្រះមហាក្សត្រ តាំង​ពី​​ទ្រង់​​ឡើង​សោយ​រាជ្យ''.
I love Our KING and Queen.

Nov 04, 2019 03:18 PM

អ្នក​អាន​អនាមិក

ពី MULHOUSE France

Je crois en parole sincere de Mchass Sisowath THOMICO, lui-meme a ete ''harcelle'' et mis en parde par Yun Shen, depuis des annees. High Excellence Bang TRUONG Mouly est ets temoin.

Nov 04, 2019 03:10 PM

គេហទំព័រ​ទាំងមូល