អ្នក​វិភាគថា​ របប​ក្រុង​ភ្នំពេញ​កំពុង​គំរាមកំហែង​​អង្គការ​សង្គម​ស៊ីវិល​​រឿង​របាយការណ៍​ស្តីពី​វិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ

ដោយ ហេង រស្មី
2019-09-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​វិភាគ​ហ៊ាន​និយាយ​រិះគន់​ឥត​សំចែ​លើ​របប​ក្រុង​ភ្នំពេញ​ ដែល​កំពុង​និទ្ទេស​​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក​ គឹម សុខ​
អ្នក​វិភាគ​ហ៊ាន​និយាយ​រិះគន់​ឥត​សំចែ​លើ​របប​ក្រុង​ភ្នំពេញ​ ដែល​កំពុង​និទ្ទេស​​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក​ គឹម សុខ​
RFA

អ្នក​វិភាគ​និយាយ​ថា​ របប​ក្រុង​ភ្នំពេញ​កំពុង​ប្រើ​យុទ្ធសាស្ត្រ​គំរាម​កំហែង​ និង​បំភិត​បំភ័យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រឿង​ស្ថានភាព​មីក្រូ​ហិរញ្ញវត្ថុ​ បន្ទាប់​ពី​សមាគម​​ធាង​ត្នោត​ និង​​អង្គការ លីកាដូ បាន​រក​ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ពីរ​លាន​នាក់​កំពុង​ជំពាក់​បំណុល​វ័ណ្ឌ​ក​ចំពោះ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​។​ មន្ត្រី​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ។​

អ្នក​វិភាគ​ហ៊ាន​និយាយ​រិះគន់​ឥត​សំចែ​លើ​របប​ក្រុង​ភ្នំពេញ​ ដែល​កំពុង​និទ្ទេស​​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក​ គឹម សុខ​ បញ្ជាក់​ថា​ ការ​កោះហៅ​ម្តង​ហើយ​ម្តងទៀត​របស់​មន្ត្រី​រដ្ឋាភិបាល ​គឺជា​ការ​គំរាម​កំហែង​ដល់​អង្គការ​សង្គម​ស៊ីវិល​មិន​ឲ្យ​បំពេញ​ការ​ងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ​ដែល​ទង្វើ​នេះ​ជា​ការ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ គឹម សុខ​ មាន​ប្រសាសន៍​ថា​ ការ​កោះ​ហៅ​ដដែលៗ ដោយ​មិន​ពិចារណា​ទទួល​យក​ហេតុ​ផល​នៃ​ការ​បកស្រាយ​រវាង​អង្គការ​ សមាគម​ទាំងពីរ ​គឺ​ជា​យុទ្ធសាស្ត្រ​នៃ​ការ​គំរាម​ និង​បន្លាច​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​ការ​ដោយ​ឯករាជ្យ​របស់​ខ្លួន​ជាមួយ​ពលរដ្ឋ​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា​ អ្វី​ដែល​របប​ក្រុង​ភ្នំពេញ​ខ្លាច​បំផុត​នោះ គឺ​ខ្លាច​ការ​ពិត​ដែល​កើត​មាន​ក្នុង​សង្គម​ត្រូវ​អង្គការ​ទាំង​ពីរ​ហើយ​ត្រូវ​អង្គការ​ទាំង​ពីរ​ទម្លាយ​ចេញ​មក​ក្រៅ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​របស់​ខ្លួន៖ «ជា​ផល​នយោបាយ​ដែល​គេ​ចង់​បាន គឺ​បន្លាច​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​នោះ ដែល​ធ្វើ​ការ​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ និង​ស្រប​ច្បាប់​គឺ​គេ​ចង់​បន្ទច់​បង្អាក់ ឬ​បង្ក្រាប​សង្គម​ស៊ីវិល​មិន​អាច​ឲ្យ​លាត​ត្រដាង​នូវ​អសមត្ថភាព​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​រង​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​ហើយ​សំខាន់​បំផុត គឺ​ផល​ប៉ះពាល់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយ​ពី​ការ​ព្រមាន​ដកEBAពី​សហភាព​អឺរ៉ុប និង GSP​របស់​សហរដ្ឋ​អាមេរិក»

ការ​លើក​ឡើង​របស់​លោក​គឹម សុខ​ បាន​កើត​មាន​ឡើង​ក្រោយពី​របប​ក្រុង​ភ្នំពេញ​បាន​ចេញ​លិខិត​កោះ​ហៅ​អ្នក​ទទួល​ខុសត្រូវ​អង្គការ លីកាដូ និង​​សមាគម​ធាង​​ត្នោត​ មក​ពិភាក្សា​គ្នា​ម្តង​ទៀត នៅ​ថ្ងៃ​ទី​១១​ កញ្ញា​ខាង​មុខ​នេះ​​ក្រោយ​ពី​មាន​ការ​ជជែក​គ្នា​មិន​ដាច់ស្រេច​ករណី​របាយការណ៍​ពី​ស្ថាន​ភាព​មីក្រូហិរញ្ញវត្ថុ​របស់​អង្គការ​ទាំង​ពីរ​កាល​ពី​សប្ដាហ៍​មុន។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក​ ផៃ ស៊ីផាន បញ្ជាក់​ប្រាប់​ថា មូល​ហេតុ​ដែល​លោក​កោះ​អញ្ជើញ​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​ សមាគម​ទាំង​ពីរ​មក​ពិភាក្សា​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត គឺ​ដោយ​សារ​តែ​របាយការណ៍​រវាង​រាជ្យ​បណ្ឌិត​សភា​កម្ពុជា​ និង​ សមាគម​ធាង​ត្នោត​ និង​ អង្គការ លីកាដូ មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទាក់​ទិន​នឹង​ស្ថានភាព​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ​លោក​មាន​ប្រសាសន៍​ថា​ របាយការណ៍​របស់​អង្គការ​ទាំងពីរ​មាន​និន្នាការ​នយោបាយ​ច្រើន​ជា​បច្ចេកទេស​ ។​​

ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល​ថា​ កំពុង​យុទ្ធសាស្ត្រ​គំរាម​កំហែង​នោះ លោក​ថា ​គឺ​មិន​ត្រឹមត្រូវ​ទេ ហើយ​ថា ​រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ដោះ​ស្រាយ​គ្នា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដោយ​មិន​ចង់​ប្រើប្រាស់​ផ្លូវ​តុលាការ​ឡើយ៖ «យើង​អត់​ប្រើប្រាស់​ឥទ្ធិពល​អ្វី​ទេ​គ្រាន់តែ​ចង់​ប្រាប់​ថា​ អង្គការ​ដែល​បញ្ចេញ​របាយការណ៍​វា​ប៉ះពាល់​ដល់​ការ​ទទួល​បាន​ព័ត៌មាន​ពី​សាធារណជន​ឲ្យ​បាន​គ្រប់​ជ្រុង​នោះ។ សុចរិត​ភាព​ ព័ត៌មាន​ដែល​គាត់​បញ្ចេញ​នោះ​ គឺ​ជា​សិទ្ធិ​របស់​គាត់​ប៉ុន្តែ​យើង​ចង់​តែ​ចង់​ប្រាប់​ថា​អា​ហ្នឹង​ជា Fake News គេ​បង្កើត​រឿង​អ្វី​ផ្សេងទៀត​ហើយ​។​យើង​គ្រាន់​តែ​ទុក​កិត្តិយស ហើយ​យើង​ចង់​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គាត់។ គាត់​ចង់​បាន​រឿង​អី​តួលេខ ឬ​ក៏​មូលដ្ឋាន​សម្រាប់​គាត់​ក្នុង​ការ​ពិចារណា​ វត្ថុបំណង​របស់​យើង​ចង់បាន​ការ​យោគយល់​ពី​គាត់​តើ​ ហើយ​​បើ​គាត់​ចាត់​ទុក​រដ្ឋាភិបាល​ជា​ខ្មាំង​របស់​គាត់​អា​ហ្នឹង​ជា​រឿង​ដ៏​ទៃ​មួយ​ផ្សេងទៀត»

អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​កាល​ពី​ថ្ងៃ​ទី៤​កញ្ញា​ បាន​ជួប​ប្រជុំ​គ្នា​ម្ដង​រវាង ធនាគារ​ជាតិ​កម្ពុជា​ រាជ​បណ្ឌិត​សភា​កម្ពុជា​ សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ និង​ អង្គការ​លីកាដូ​ និង​ សមាគម​ធាង​ត្នោត​ នៅ​ទីស្ដីការ គណៈរដ្ឋមន្ត្រី។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក​ អំ សំអាត មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី១០ កញ្ញា ថ្នាក់​ដឹកនាំ​នៃ​អង្គការ​ សមាគម​ទាំង​ពីរ នឹង​សម្រេច​ថា​ តើ​ទៅ​ចូល​រួម ឬ​មិន​ចូល​រួម។

លោក​បញ្ជាក់​ថា​ គណៈ​គ្រប់គ្រង​អង្គការ លីកាដូ និង សមាគម​ធាង​ត្នោត ក៏​យល់​ព្រម​ដូច​តំណាង​អង្គការ លីកាដូ និង​សមាគម​ធាង​ត្នោត បាន​ជជែក និង​ពន្យល់​រួច​ហើយ​ក្នុង​ប្រជុំ​លើក​មុន ដូច្នេះ​ខណៈ​គ្រប់គ្រង​រក្សា​ជំហរ​ដូច​តំណាង ដែល​បាន​ចូលរួម​ប្រជុំ មិន​មាន​អ្វី​ជជែក ឬ​ពន្យល់​បន្ថែម​ទៀត​ទេ ។ លោក​មាន​ប្រសាសន៍​ថា​ ម្យ៉ាងទៀត​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ពី​លទ្ធផល​​ក្រោយ​ពី​ប្រជុំ​រួច​ហើយ​ដែរ ដូច្នេះ​លោក​នៅ​ឆ្ងល់​ថា ​តើ​ហេតុ​អ្វី​បាន​ជា​ត្រូវ​អញ្ជើញ​គណៈ​គ្រប់គ្រង​កោះ​ប្រជុំ​ពិភាក្សា​ជា​ថ្មី​ម្ដង​ទៀត?

អង្គភាព​អ្នក​នាំ​ពាក្យ​ព័ត៌មាន​រាជរដ្ឋាភិបាល​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ចោទ​ប្រកាន់​របាយការណ៍​របស់​អង្គការ​ លីកាដូ​ និង​ សមាគម​ធាង​ត្នោត​​ថា ​មាន​ចរិត​អត្តនោម័តិ ដែល​មិន​ស្ថិត​ក្នុង​តម្លៃ​ជា​សាកល​ និង​ មិន​ឆ្លុះ​បញ្ចាំង​ជា​រួម​អំពី​ប្រតិបត្តិការ​ផ្ដល់​ ទទួល​ប្រាក់​កម្ចី​ឥណទាន និង​ ស្ថានភាព​ទូទៅ​នៃ​បំណុល​វ័ណ្ឌ​ក​នោះ​ទេ។

លោក​ ផៃ ស៊ីផាន បញ្ជាក់​ថា​ ​ រាជ​បណ្ឌិត​សភា​កម្ពុជា​មិន​ទាន់​ចេញ​របាយការណ៍​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​​ពាក់ព័ន្ធ​នឹង​ស្ថានភាព​មីក្រូ​ហិរញ្ញវត្ថុ។​ ប៉ុន្តែ​លោក​អះអាង​ថា ថា​ប្រជាពលរដ្ឋ​ចំនួន​មួយ​ភាគ​រយ​ប៉ុណ្ណោះ ដែល​ទទួល​រង​ផល​ប៉ះពាល់​ មិន​ដូច​មាន​ការ​ចោទ​ប្រកាន់​ពី​អង្គការ​ទាំងពីរ​ទេ។

នៅ​ក្នុង​របាយការណ៍​អង្គការ លីកាដូ និង​ សមាគម​ធាង​ត្នោត​កាលពី​ចុង​ខែ​សីហា បាន ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ជាង ២លាន​នាក់ បាន​ខ្ចី​បំណុល​វ័ណ្ឌក​​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែល​ធ្វើ​អោយ​កម្រិត​បំណុល​កើន​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ បណ្ដាល​ឲ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួមមាន​ការ​បង្ខំ​ឲ្យ​លក់​ដី​ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​ ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​បំណុល និង​ការ​បញ្ចាំ​ខ្លួន ដើម្បី​ដោះ​បំណុល​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល