ប៉ូលិស​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​យក​ទៅ​ដាក់​ឃុំ​ចោទ​ពី​បទ​ក្បត់ជាតិ

ដោយ សុ ជីវី
2020-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក យឹម សារ៉េត ជំទប់​ទី​១​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​ប៉ូលិស​​រាជធានី​ភ្នំពេញ​ចាប់ ពេល​កំពុង​ធ្វើ​ការ​សំណង់​នៅ​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០២០។
លោក យឹម សារ៉េត ជំទប់​ទី​១​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​ប៉ូលិស​​រាជធានី​ភ្នំពេញ​ចាប់ ពេល​កំពុង​ធ្វើ​ការ​សំណង់​នៅ​ខណ្ឌ​ដង្កោ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​ Vibol Mao

ប៉ូលិស​រាជធានី​ភ្នំពេញ ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ម្នាក់ទៀត គឺ​លោក យឹម សារ៉េត ហើយ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​២៧​មីនា​។ ប្រពន្ធ​ជន​ជាប់ឃុំ អះអាង​ថា ប៉ូលិស​ចាប់​ប្ដី​លោកស្រី ពេល​លោក​កំពុង​ធ្វើ​ការ​សំណង់​ដោយ​ពុំបាន​ប្រាប់​សាច់ញាតិ​ឱ្យ​បាន​ដឹង​ឡើយ។

ជំទប់​ទី​១​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​ចន្ត្រី ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោក យឹម សារ៉េត ត្រូវ​បាន​ប៉ូលិស​រាជធានី​ភ្នំពេញ​ឡោមព័ទ្ធ​ចាប់ខ្លួន នៅ​ពេល​កំពុង​ធ្វើ​ការ​សំណង់​នៅ​ខណ្ឌ​ដង្កោ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា។

ប្រពន្ធ​ជន​ជាប់ឃុំ លោកស្រី អ៊ុក ចន្ធី ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៨ មីនា ថា ប៉ូលិស​បាន​បញ្ជូន​ប្ដី​របស់​ខ្លួន​ទៅ​ដាក់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ​ហើយ។ លោកស្រី​បន្ថែម​ថា ការ​ចាប់​ខ្លួន​នេះ ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួលយក​បាន​ឡើយ ពីព្រោះ​ប្ដី​ពុំ​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​នោះ​ទេ៖ «គាត់​ថា​ទូរស័ព្ទ​ហ្នឹង​គាត់​សុំ​គេ​ទូរស័ព្ទ ហើយ​គាត់​អត់​ឱ្យ​ខ្ញុំ​ទូរស័ព្ទ​ទាក់ទង​ទៅវិញ​ទេ លេខ​ហ្នឹង​។ ថ្ងៃនេះ​ខ្ញុំ​យក​ថ្នាំ​លើសឈាម​ទៅ​គាត់ ព្រោះ​អី​ប្ដី​ខ្ញុំ​មាន​ជំងឺលើសឈាម ប៉ូលិស​គេ​ថា អាច​ផ្ញើ​បាន តែ​បើ​ចូល​ទៅ​ជួប​គឺ​មិន​អាច​ទេ​។ តាម​ខ្ញុំ​រស់នៅ​មួយ​ជាមួយ​គាត់​រាល់ថ្ងៃ គាត់​អត់​ដែល​មាន​ទៅ​ធ្វើ​អ្វី​ទេ គ្រាន់​និយាយ​ទូរស័ព្ទ​លេង​ហ្វេសប៊ុក​អី តែ​ប៉ុណ្ណឹង​ឯង ហើយ​គាត់​ទៅ​ធ្វើ​ការ​ដូច​សព្វដង​មិន​ដែល​មាន​បញ្ហា​អី​ផង ដល់​អីចឹង​ខ្ញុំ​គិត​ថា​ភាព​អយុត្តិធម៌​ចំពោះ​គាត់​តែម្ដង»

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា ប៉ូលិស​ចាប់ខ្លួន លោក យឹម សារ៉េត ខណៈ​កំពុង​ធ្វើ​ការ​សំណង​នៅ​ក្នុង​បូរី​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។ ជំទប់​ទី​១​ឃុំ​ចន្ត្រី លោក យឹម សារ៉េត បាន​រត់គេច​ខ្លួន​ទៅ​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​រាជធានី​ភ្នំពេញ តាំងតែ​អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៩​មក ដោយ​លោក​ពុំ​ទាន់​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២៨​មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង លោកស្រី អ៊ុក ចន្ធី អះអាង​ថា ប្ដី​របស់​លោក​ស្រី​បាន​ទូរស័ព្ទ​មក​ប្រាប់​លោកស្រី​នៅ​រសៀល​ថ្ងៃ​ដែល​ប៉ូលិស​ចាប់ខ្លួន​ថា ប៉ូលិស​បាន​បញ្ជូន​លោក យឹម សារ៉េត ទៅ​ដាក់​ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ជាតិ។ លោកស្រី​ថា ប្ដី​របស់​ខ្លួន​ពុំបាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ​ឡើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត កត់សំគាល់​ថា ចាប់ពី​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ​១៩​មក មាន​ប្រជាពលរដ្ឋ​ប្រមាណ ២២​នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ក្នុង​នោះ​មាន​៧​ករណី កំពុង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ ហើយ​ភាគច្រើន​ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដោយសារតែ​ពួកគេ​បញ្ចេញ​រឿង​ជំងឺ​កូវីដ​១៩។ លោក​បន្ថែម​ថា សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ទើបតែ​ចាប់ខ្លួន​នេះ គឺជា​សំណុំរឿង​ចាស់​កាល​ពី​ឆ្នាំ​កន្លងទៅ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ត្រៀម​ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក៖ «ហើយ​អីចឹង​យើង​ឃើញ​ថា មួយ​ចំនួន​ការ​ចាប់ខ្លួន​ហ្នឹង​តាម​សំណុំរឿង​ចាស់ ឆ្នាំ​២០១៩​ហ្នឹង ហើយ​គេ​មាន​ដីកាចាប់ខ្លួន​អីចឹង​ទៅ។ ប៉ុន្តែ​នៅ​ពេល​ដែល​ចាប់ខ្លួន​ហ្នឹង​មាន​អ្នកខ្លះ​គាត់​មិន​បាន​បង្ហាញ​ពី​ដីកាចាប់ខ្លួន​ពី​រឿង​អី​នោះ​ទេ។ បើសិនជា​ការ​ចាប់ខ្លួន​មិនមែន​ជា​បទល្មើស​ជាក់ស្ដែង​ទេ ហើយ​មិនបាន​បង្ហាញ​ដីកា​ឬក៏​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​ហ្នឹង​ទេវា​ខុស​នីតិវិធី​ហើយ ពីព្រោះ​ការ​ចាប់​ខ្លួន​ភ្លាមៗ​បាន វា​ទាល់តែ​ជា​បទល្មើស​ជាក់ស្ដែង»

នេះ​ជា​សកម្មជន​បក្ស​ប្រឆាំង​ទី​៣​ហើយ ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចាប់ខ្លួន​ជាថ្មី ដោយ​ចោទ​ប្រកាន់​ពី​ទោស​ក្បត់ជាតិ​នោះ។ កាល​ពី​យុទ្ធនាការ​បង្ក្រាប​ក្រុម​បក្ស​ប្រឆាំង​អំឡុង​ឆ្នាំ​២០១៩ អាជ្ញាធរ​ក៏បាន​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ១០០​នាក់​ដាក់គុក ដោយ​ចោទ​ប្រកាន់​រួមគំនិត​ក្បត់ជាតិ​រួច​មក​ហើយ​ដែរ ក៏ប៉ុន្តែ​ក្រោយ​មក​ពួកគេ​ត្រូវ​បាន​ដោះលែង​វិញ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​វិញ។

ទោះជា​យ៉ាងណា​លោក អំ សំអាត យល់​ថា អំឡុង​ពេល​នេះ​រដ្ឋាភិបាល​គួរតែ​រួមគ្នា​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ការពារ​ខ្លួន ដើម្បី​ទប់ស្កាត់​កុំ​ឆ្លង​ជំងឺ​កូវីដ​១៩ ប្រសើរ​ជាង​ការ​ចាប់ចង​មនុស្ស​ដោយសារ​ការ​បញ្ចេញ​មតិ​រឿង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល