សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត​​នៅ​​ឧត្តរ​មាន​ជ័យ​​ ត្រូវ​​របប​​ក្រុង​ភ្នំពេញ​​ចាប់​​ខ្លួន

ដោយ ហេង រស្មី
2019-11-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ធួក ធឿយ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ភូមិ​ភ្នៅ ឃុំ​តាសោម ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ស្រុក​សំរោង​ខេត្ត​ឧត្តរមានជ័យ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅថ្ងៃ​ទី៩ វិច្ឆិកា ២០១៩។
លោក ធួក ធឿយ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ភូមិ​ភ្នៅ ឃុំ​តាសោម ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ស្រុក​សំរោង​ខេត្ត​ឧត្តរមានជ័យ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅថ្ងៃ​ទី៩ វិច្ឆិកា ២០១៩។
Photo courtesy

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​ប្រឆាំង​ម្នាក់ទៀត​ដោយ​គ្មាន​បង្ហាញ​ដីកា។មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី​គណបក្សប្រឆាំង​រិះគន់​ថា សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​គណបក្សប្រឆាំង​ទាំង​បំពាន​ច្បាប់។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​នេះ បាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​នេះ ស្រប​ពេល លោក សម រង្ស៊ី បាន​មក​ប្រទេស​ម៉ាឡេស៊ី។

តុលាការ​បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​តុលាការ​ខេត្ត​ឧត្តរមានជ័យ​បាន​បង្គាប់​ឱ្យ​ចាប់ខ្លួន​លោក លោក ធួក ធឿយ អាយុ​៤៨ ឆ្នាំ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ភូមិ​ភ្នៅ ឃុំ​តាសោម ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ស្រុក​សំរោង​ខេត្ត​ឧត្តរមានជ័យ ត្រូវ​តុលាការ​ចោទប្រកាន់​មន្ត្រី​គណបក្សប្រឆាំង ពី​បទ​រួមគំនិត​ក្បត់​ដូច​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លើក​មុនៗ​ដែរ គឺ​បាន​ប្រមូល​ប្រជាពលរដ្ឋ​មក​ចាំ​ទទួល​លោក សម រង្ស៊ី។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត​មាន​ប្រសាសន៍ថា ការ​ចាប់ខ្លួន​មនុស្ស​ជា​បន្តបន្ទាប់​នេះ​ដោយសារតែ​ស្ថានភាព​នយោបាយ​ឡើង​កម្ដៅ រវាង​បក្ស​កាន់អំណាច និង​គណបក្សប្រឆាំង។ លោក​បញ្ជាក់​ថា អ្នកនយោបាយ​គួរតែ​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​កុំ​យក​ប្រជាពលរដ្ឋ​ជា​ចំណាប់ខ្មាំង​នយោបាយ៖ «ការ​ឡើង​កម្ដៅ​នយោបាយ​ចុងក្រោយ​នេះ យើង​ជា​សង្គម​ស៊ីវិល​មួយ​ដែរ យើង​មានការ​បារម្ភ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការបាត់បង់​EBAឬក៏​GSP នៅ​ខាងមុខ​ទៀត។ អ៊ីចឹង​រយៈ​ពេលនេះ​តទៅ​គួរតែ​គិតគូរ​ហើយ​គួរតែ​ធ្វើ​យ៉ាងណា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​រក្សា​បាន​នូវ​ប្រទេស​យើង​ដែល​ជា​ប្រទេស​ដែល​ប្រកាន់​គោល​ការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​នឹង​ការ​គោរព​សិទ្ធិមនុស្ស»

ការ​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង​ម្នាក់ទៀត​នៅ​ក្នុង​ឧត្តរមានជ័យ​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​លោក ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បន្ថែម​ទៀត ប្រសិនបើ​ពួកគេ​មិន​ចូល​សារភាព។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បញ្ជាក់​ថា ការ​ចាប់ខ្លួន​នេះ​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​មាន​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «រដ្ឋាភិបាល​មិន​មាន​វិធានការ​ចាប់ខ្លួន​អ្នកគាំទ្រ​បក្ស​ប្រឆាំង​អ្វី​ទេ។ ក៏ប៉ុន្តែ​វិធានការ​នេះ​ធ្វើឡើង​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​គឺ​ដែល​បាន​ធ្វើ​សកម្មភាព​ក្នុង​ការ​គាំទ្រ​ផែនការ​ទុច្ចរិត​ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ អ៊ីចឹង​បើ​កាលណា​មាន​បទល្មើស​កើតឡើង​សមត្ថកិច្ច​ត្រូវ​មាន​វិធានការ​ច្បាប់​ជា​រឿង​ធម្មតា»

គិត​ត្រឹម​ថ្ងៃ​ទី៨ វិច្ឆិកា​នេះ សកម្មជន​បក្ស​សង្គ្រោះជាតិ​ចំនួន ៨៣នាក់​​ហើយ ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន និង​ចំនួន ​២០០​នាក់​ផ្សេងទៀត មាន​ឈ្មោះ​ក្នុង​​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី​បទ​សង្ស័យ ថា បាន​ចូលរួម​អម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី ចំនួន ១០៤​នាក់​បង្ខំ​ឱ្យ​ចូល​សារភាព ៥៨​នាក់​មាន​ដីកា​ចាប់ខ្លួន​ក្រោម​បទ​រួមគំនិត​ក្បត់ និង ១២​នាក់​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ដោយ​អំពើ​ហិង្សា​ពី​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល