ចៅសង្កាត់​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ទៀត​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​បាក់​ដៃ

ដោយ ហេង រស្មី
2019-09-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ិន បូណា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​១២​ហើយ ដែល​ត្រូវ​ជន​មិន​ស្គាល់​តាម​វាយ​ធ្វើបាប​តាម​ដង​ផ្លូវ​ នៅ​ថ្ងៃ​ទី២៥ កញ្ញា ២០១៩។
លោក ស៊ិន បូណា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​១២​ហើយ ដែល​ត្រូវ​ជន​មិន​ស្គាល់​តាម​វាយ​ធ្វើបាប​តាម​ដង​ផ្លូវ​ នៅ​ថ្ងៃ​ទី២៥ កញ្ញា ២០១៩។
Photo courtesy of Um SamAn Facebook

ចៅសង្កាត់​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ទៀត​ហើយ នៅ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ធាក់​ផ្ដួល​ម៉ូតូ និង​វាយ​រហូត​បាក់​ដៃ​ម្ខាង​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា នេះ​ជា​ការ​រៀប​ផែនការ​របស់​របប​ក្រុងភ្នំពេញ​ដោយ​យក​លំនាំ​តាម​របប​ខ្មែរក្រហម។

ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​បាន​វាយដំ​ចៅសង្កាត់​កោះដាច់ នៃ​គណបក្ស​សង្គ្រោះជាតិ លោក ស៊ិន បូណា បណ្ដាល​ឱ្យ​រង​របួស​បាក់​ដៃ​ម្ខាង។

កូនស្រី​លោក ស៊ិន បូណា គឺ​លោកស្រី បូណា សុភា ឲ្យ​អាស៊ីសេរី​ដឹង​ថា ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មក​ធាក់​ម៉ូតូ​របស់​ឪពុក​លោកស្រី​ពីក្រោយ​បណ្ដាល​​ឲ្យ​ដួល រួចហើយ​ពួកគេ​បាន​យក​ដែក​បំពង់​ទីប​ព្រួត​គ្នា​វាយ​ឪពុក​លោកស្រី​រហូត​បាក់​ឆ្អឹង​ដៃ​ឆ្វេង និង​ត្រូវរបួស​ក្បាល។ លោកស្រី​បញ្ជាក់​ថា ហេតុការណ៍​​ហិង្សា​នេះ បាន​កើតឡើង​ក្នុង​ពេល​ឪពុក​របស់​លោកស្រី​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាតិ​៦A ម្តុំ​វត្ត​គៀនឃ្លាំង ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ជន​ដៃដល់​ពាក់មួក​បិទ​មុខ​ជិត និង​មាន​កាំភ្លើង​នៅ​ចង្កេះ​ទៀត​ផង៖ «ចា! អ្វី​ដែល​ធ្ងន់ គឺ​ដៃ ព្រោះ​ដៃ​ត្រូវ​បាន​បាក់​បាត់ហើយ។ ឥឡូវ​​នេះ​គាត់​ដឹង​ខ្លួន​គ្រាន់​តែ​ពេទ្យ​​គេ​ចាក់​ថ្នាំ ដើម្បី​បំបាត់​ការ​ឈឺ​ចុក​ចាប់​ពេល​នេះ​គាត់​សម្ងំ​សម្រាក​បន្តិច​ចឹង​ណា។ គេ (គ្រូពេទ្យ) ត្រូវ​យក​គាត់​វះ ប៉ុន្តែសម្ពាធ​ឈាម​គាត់​លើស​ខ្លាំង​ពេក​ចឹង​ពេទ្យ​គេ​ត្រូវ​តាម​ដាន​អាការៈ​របស់​គាត់»។

លោកស្រី បូណា សុភា ឲ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ ឪពុក​លោកស្រី មិន​ដែល​មាន​ជម្លោះ​ជាមួយ​អ្នកណា​ទេ ហើយ​សព្វថ្ងៃ គាត់​ក៏​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទាក់ទង​នឹង​រឿង​នយោបាយ​ដែរ ។ លោកស្រី​មិន​នឹកស្មាន​ថា ឪពុក​លោកស្រី ជួប​បញ្ហា​បែបនេះ​ទេ ហើយ​លោកស្រី​ក៏​មិន​សង្ឃឹមថា អាជ្ញាធរ​នឹង​អាច​ស្វែងរក​ជន​ប្រព្រឹត្តិ​ឃើញ​នោះ​ដែរ៖ «ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​នឹង​មិន​នឹក​ស្មាន​ថា នឹង​មាន​រឿង​កើត​ឡើង​អ៊ីចឹង​ចំពោះ​គាត់ ​ព្រោះ​​គាត់​​អត់​​ដែល​​មាន​​បញ្ហា​ជា​មួយ​អ្នក​​ដទៃ​ទេ»។

លោកស្រី បូណា សុភា ឲ្យ​ដឹង​ទៀត​ថា ពេលនេះ​លោកស្រី និង​ឪពុក​លោកស្រី​មិនទាន់​បាន​ដាក់​ប្តឹង​ទៅ​សមត្ថកិច្ច​នៅឡើយ​ទេ ព្រោះ​ត្រូវ​ព្យាបាល​របួស​ឪពុក​លោកស្រី​សិន។

លោក ស៊ិន បូណា ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​១២​ហើយ ដែល​ត្រូវ​ជន​មិន​ស្គាល់​តាម​វាយ​ធ្វើបាប​តាម​ដង​ផ្លូវ​។ ជន​ដៃដល់​ច្រើន​តែ​វាយ​សំដៅចំ​ក្បាល​របស់​សកម្ម​ជន​គណបក្សប្រឆាំង ប៉ុន្តែ​លោក ស៊ិន បូណា បាន​ពាក់មួក​សុវត្ថិភាព ទើប​ក្បាល​របស់​លោក​មិន​រង​របួស​ធ្ងន់ធ្ងរ​ដូច​ករណី​មុនៗ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ចោទ​ប្រកាន់​ថា ករណី​ហិង្សា​ដដែលៗ​ លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​ការរៀបចំ​របស់​របប​ក្រុងភ្នំពេញ​ដើម្បី​បំបាក់​ស្មារតី​ពួកគាត់​។ លោក​ថា ទោះ​របប​ក្រុងភ្នំពេញ​ប្រើការ​គំរាមកំហែង​គ្រប់​រូបភាព​យ៉ាង​ក្ដី ក៏​លោក​ជឿ​ថា នឹង​មិន​ទទួល​បាន​លទ្ធផល​ដែរ ផ្ទុយទៅវិញ​លោក​ថា ទង្វើ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​មាន​ពលរដ្ឋ​កាន់តែ​ស្អប់ខ្ពើម និង​កាន់តែ​ហ៊ាន​ចេញមុខ​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ៖ «របប​ក្រុង​ភ្នំពេញ គឺ​ប្រើ​យុទ្ធសាស្រ្ត ប៉ុល ពត ដែល​ប្រើ​កង​ឈ្លប​ឲ្យ​ដើរ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទន់​ខ្សោយ​ក៏​ដូច​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ អ៊ីចឹង​ហើយ​មិន​ដែល​រក​មុខ​ឃើញ​ជន​ប្រព្រឹត្ត​បទ​ល្មើស​មក​ផ្តន្ទាទោស​ម្តង​ណា​ទេ នេះ​ជា​ការ​រើសអើង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​របប​ក្រុង​ភ្នំពេញ»

ទាក់ទង​ការ​បង្ក​ហិង្សា​លើ​សកម្មជន​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។ ប៉ុន្តែ​នៅ​ពេល​មាន​ករណី​លួច​វាយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្តងៗ លោក​តែង​អះអាង​ដដែលៗ ​ថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ជំរុញ​ទៅ​សមត្ថកិច្ច​ឲ្យ​ព្យាយាម​ស្រាវជ្រាវ​រក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​ថា បើ​មិន​ដូច្នេះ​ទេ សាធារណជន​នឹង​រិះគន់​ថា ករណី​ហិង្សា​នេះ​ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ និង​ជា​ការ​គំរាមកំហែង​លើ​សកម្មជន​​គណបក្ស​ប្រឆាំង៖ «ទាក់ទង​នឹង​រឿង​វាយ​ដៃ បើ​សិន​ជា​កើត​ឡើង​ជា​បន្ត​បន្ទាប់​អ៊ីចឹង ប៉ុន្តែ​អាជ្ញាធរ​រក​អត់​ឃើញ​ជន​ប្រព្រឹត្តិ​បទ​ល្មើស​បាន​ទេ គេច​មិន​ផុត​ទេ​ពី​រឿង​ដែល​គេ​រិះគន់​ថា ជា​ការ​បង្កក​ភាព​ភ័យ​ខ្លាច ការ​គំរាមកំហែង​បំភិតបំភ័យ ជួន​កាល​ធ្វើ​ឲ្យ​មាន​ការ​គិត​ថា ជា​ការ​រើសអើង​ផ្នែក​នយោបាយ»។

គិត​ត្រឹម​ថ្ងៃ​ទី​២៥ កញ្ញា ក្រៅ​តែ​ពី​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​រាជធានី ភ្នំពេញ​ចំនួន​១២​នាក់​ដែល​រង​ការ​លួច​វាយ​ធ្វើបាប ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ២៩​នាក់ ផ្សេងទៀត ត្រូវ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង ១៥៨​នាក់ ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល