ចិន​ផ្ដល់​ជំនួយ ៨៤​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​វិស័យ​កងទ័ព​នៅ​កម្ពុជា

ដោយ អូន ភាព
2019-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា
រូប៖ ហ្វេសប៊ុក General Tea Banh

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ចិន នឹង​បន្ត​ផ្ដល់​ជំនួយ​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​ចំនួន ៦០០​លាន​យ័ន ស្មើនឹង​ប្រមាណ ៨៤​លាន​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​យោធា។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បាន​លើក​ឡើង​អំពី​ប្រាក់​ជំនួយ​នេះ ទៅកាន់​អ្នកសារព័ត៌មាន​ក្នុងស្រុក​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​ខណៈ​វិលត្រឡប់​ពី​ការ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នៅ​រសៀល​ថ្ងៃ​ពុធ​ទី ២៣ ខែ​តុលា នេះ។

លោក ទៀ បាញ់ បាន​អះអាង​ថា ប្រាក់​ជំនួយ​ឥត​សំណង​របស់​មហាមិត្ត​ចិន​នេះ គឺជា​ការ​បញ្ជាក់​អំពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​កម្ពុជា​-​ចិន​។ លោក​បន្ត​ថា ចិន​បាន​សន្យា​បន្ត​ផ្ដល់​ជំនួយ​ឥតសំណង​ដល់​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​យោធា ហើយ​ទឹកប្រាក់​ដែល​មាន​ចំនួន ៦០០​លាន​យ័ន នេះ​នឹង​ប្រើប្រាស់​សម្រាប់​យក​មក​ពិភាក្សា និង​ចាត់ចែង​ដើម្បី​បង្កើន​នូវ​សមត្ថភាព​វិស័យ​យោធា​កម្ពុជា ដែល​កិច្ច​សហប្រតិបត្តិការ​នេះ​ធ្លាប់​មាន​ជាស្រេច​រួច​មក​ហើយ។

ក្នុង​ខណៈ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន លោក ទៀ បាញ់ បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​យោធា​ពិភពលោក​លើក​ទី​៧ នៅ​ទីក្រុង​អ៊ូហាន ហើយ​លោក​ក៏បាន​ចូល​ជួប​សម្ដែង​ការ​គួ​សម ជាមួយ លោក វ៉េ ហ៊្វុងហឺ (WEI FENG HE) រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ផង​ដែរ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា។ ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​កម្ពុជា និង​ចិន​ផង​ដែរ។

លោក​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន បាន​សន្យា​ថា ប្រទេស​ចិន​នៅតែ​បន្ត​ផ្តល់​ជំនួយ និង​គាំទ្រ​ដល់​ការ​កសាង​ទ័ព និង​ការ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ របស់​កម្ពុជា។

កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា កន្លង​ទៅ​នេះ កាសែត The Wall Street Journal បាន​ដកស្រង់​សម្ដី​មន្ត្រី​អាមេរិក​ដែល​បាន​និយាយ​ថា ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ប៉េកាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​បាន​អនុញ្ញាត​ឱ្យ​ចិន​ចូល​ទៅ​បង្កើត​មូលដ្ឋានទ័ព​នៅ​កំពង់ផែ​រាម នៅ​ជាយក្រុង​ព្រះសីហនុ នៅ​ជិត​អាកាសយានដ្ឋាន​ដ៏​ធំ​មួយ​ដែល​ក្រុមហ៊ុន​ចិន​កំពុង​សាងសង់ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល