តុលាការ​ក្រុង​ភ្នំពេញ​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ពី​បទ​ក្បត់ជាតិ

ដោយ ជាតិ ចំណាន
2020-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ឈឹម ភាណា ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ដែល​ប៉ូលិស​ចាប់​នៅ​ឃុំ​រកា​កោង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។
លោក ឈឹម ភាណា ចៅសង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ ដែល​ប៉ូលិស​ចាប់​នៅ​ឃុំ​រកា​កោង ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ប្រពន្ធ​លោក លោក ឈឹម ភាណា ផ្ដល់​ឱ្យ

តុលាការ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាការ​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ជាតិ។​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ​ ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

ចៅសង្កាត់​ផ្សារ​ដេប៉ួ​ទី៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ខណ្ឌ​ទូល​គោក​លោក ឈឹម ភាណា ត្រូវ​បាន​ប៉ូលិស​ខេត្ត​កណ្ដាល​ចាប់​ខ្លួន ខណៈ​ដែល​លោក​កំពុង​បេះ​ផ្លែ​ស្វាយ​នៅ​ផ្ទះ​សាច់​ញាតិ​នៅ​ឃុំ​រកា​កោង ស្រុក​មុខ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ទី២ មេសា។

ប្រពន្ធ​ជន​ជាប់​ឃុំ​ អ្នក​ស្រី សុខ បូលីម៉ា ថ្លែង​នៅ​ថ្ងៃ​ទី​៣ មេសា​ថា ប៉ូលិស​ខេត្ត​កណ្ដាល​ជាង ១០នាក់​ បាន​ឡោមព័ទ្ធ​ចាប់​ប្ដី​លោក​ស្រី​កាល​ពី ​ម៉ោង ១០ព្រឹក​ថ្ងៃ​ទី២ មេសា។ លោក​​ស្រី​បន្ថែម​ថា នៅ​ពេល​ចាប់​ខ្លួន ប៉ូលិស​បាន​អាន​ដីកា​របស់​តុលាការ​​ ដោយ​ចោទ​ប្រកាន់​​ប្ដី​របស់​ខ្លួន​ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ។ លោក​ស្រី​អះអាង​ថា ប្ដី​ជា​មនុស្ស​ស្លូត​ត្រង់​​ហើយ​តែង​ជួយ​យក​អាសា​អ្នក​ជិត​ខាង​​ជា​ប្រចាំ​ និង​ពុំ​បាន​ប្រព្រឹត្ត​សុខ​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ៖ «ការ​ចាប់​ខ្លួន​នេះ​គាត់​អត់​ដឹង​អី​ហ្មង​ ប្ដី​ខ្ញុំ​ស្រឡាំងកាំង​ហ្មង​ គាត់​ឡើង​បេះ​ស្វាយ ដល់​អីចឹង​ខ្ញុំ​មិន​ដឹង​ថា​គោលបំណង​គេ​ចង់​ធ្វើ​អី​យើង​ ដូច​ថា​ភ្ញាក់​ផ្អើល​តែ​ម្ដង​។ខ្ញុំ​យល់​ថា ជា​រឿង​នយោបាយ​​ធំជាង​ហ្មង​ និយាយ​រួម​ទៅ​​វា​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​​រាប់​​លាន​នាក់​​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក​ណាស់​ ។ព្រោះ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ គឺ​​គណបក្ស​ប្រឆាំង​អត់​មាន​ខុស​អី​ទាំង​អស់​ ដល់​អីចឹង​ទៅ​ខ្ញុំ​ជា​ប្រពន្ធ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ»

លោក​ស្រី​បន្ត​ថា ភ្លាមៗ ក្រោយ​ពី​ប៉ូលិស​ចាប់​ខ្លួន​ប្ដី គឺ​លោក​ស្រី​បាន​តាម​រក​ប្ដី​ដល់​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មន្ត្រី​តុលាការ​ម្នាក់​បាន​ប្រាប់​លោក​ស្រី​ថា ប្ដី​របស់​ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក សឹង សែន​ករុណា​ យល់​ថា​ ការ​ចាប់​ខ្លួន​​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ច្រើន​ជាង​ការ​អនុវត្តន៍​ច្បាប់​ ពីព្រោះ​​​បទ​ចោទ​ប្រកាន់​​​​​ធ្ងន់ធ្ងរ​ហាក់​ខុស​ពី​​ការ​ពិត​។ ទោះ​ជា​យ៉ាង​ណា​លោក​​យល់​ថា​ ការ​ចាប់​ខ្លួន​​នេះ​នឹង​​​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ​​កាន់​តែ​ធ្វើ​ឱ្យ​​អង្គការ​ជាតិ​ និង​អន្តរជាតិ​​ថ្កោល​ទោស​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា ជា​ប្រទេស​មិន​គោរព​សិទ្ធិ​មនុស្ស​ទៅ​វិញ​ទេ៖ «ដែល​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​​ថា ​កម្ពុជា​យើង​ហ្នឹង​ជា​ប្រទេស​មួយ​កាន់​តែ​ ចាក​ឆ្ងាយ​ពី​សង្គម​ប្រជាធិបតេយ្យ​ហើយ​នឹង​សិទ្ធិមនុស្ស​នេះ​។ អីចឹង​យើង​គួរ​តែ​​បញ្ចប់​នូវ​អំពើ​ទាំង​អស់​ហ្នឹង​ហើយ​យើង​ងាក​មក​រួប​រួម​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ​ការ​រាតត្បាត​ពី​ជំងឺ​កូវិដ​១៩​ ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​វា​ជា​រឿង​មួ​ដែល​គេ​អបអរសាទរ​ជា​ជាង​ទៅ​ចាត់​វិធានការ​សកម្មជន​នយោបាយ​ក្នុង​ន័យ​រូប​ភាព​ ធ្វើ​ទុក្ខ​បុក​ម្នេញ គំរាម​កំហែង បំបាក់​ស្មារតី​បន្ត​ទៀត»

ចាប់តាំង​ពី​ជំងឺ​កូវិដ១៩ រាតត្បាត​ខ្លាំង​នៅ​លើ​ពិភពលោក​មក រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨នាក់ ហើយ​ដាក់​ពន្ធនាគារ​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ​ គឺ​រួម​គំនិត​ក្បត់​ជាតិ និង​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​បទ​ល្មើស។ អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​ រួម​មាន​នៅ​ខេត្ត​ព្រៃវែង ៣នាក់ ​ស្វាយរៀង ២នាក់ ​ខេត្ត​កំពង់ឆ្នាំង ២នាក់​ ក្នុង​នោះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​នេះ​ម្នាក់​ផង គឺ​លោក កែវ ថៃ​ និង​ម្នាក់​ទៀត ជា​សកម្មជន​បក្ស​ប្រឆាំង​​នៅ​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល