លោក សម រង្ស៊ី ថា ទាល់តែ​ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ​ចេញ ទើប​អាច​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2020-05-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក សម រង្ស៊ី លើក​ឡើង​ថា ទាល់​តែ​ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​បែប​លួច​ជាតិ ឬ​ដែល​លោក​ហៅ​ថា «ចោរាធិបតេយ្យ» ចេញ ទើប​កម្ពុជា​អាច​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់​បាន។ រីឯ​មន្ត្រី​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ដទៃ ផ្ដល់​ដំណោះ​ស្រាយ​ផ្សេងៗ គ្នា ដើម្បី​ឲ្យ​កម្ពុជា​អាច​ទប់​ស្កាត់​អំពើ​លាង​លុយ​កខ្វក់​នេះ​បាន។ ការ​ផ្ដល់​ជា​ដំណោះ​ស្រាយ​ទាំង​នេះ កើត​មាន​ឡើង​ក្រោយ​គណៈកម្មការ​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី៧ ឧសភា បាន​សម្រេច​ដាក់​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ បង្ក​ការ​គំរាមកំហែង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប។

លោក សម រង្ស៊ី លើក​ឡើង​ថា សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប មិន​ទាន់​គ្រប់គ្រាន់ នៅ​ឡើយ​ទេ។ លោក​ផ្ដល់​ដំណោះ​ស្រាយ​ថា ដើម្បី​បំបាត់​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ទៅ​បាន ចាំបាច់​ត្រូវ​ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ចោល​តែ​ម្ដង៖ «អ្វី​ដែល​ទាក់ទង​ស្រុក​ខ្មែរ គឺ​ប្រព័ន្ធ​ចោរ។ យើង​កុំ​ហៅ​ថា ប្រជាធិបតេយ្យ ស្រុកខ្មែរ​យើង​ហៅ​ថា ចោរាធិបតេយ្យ។ ជា​ប្រទេស​មួយ​ដឹក​នាំ​ដោយ​ចោរ។ យើង​គ្រាន់​តែ​ចាំ​មើល​ចោរ​យក​លុយ ទៅ​លាក់​ទុក​នៅ​កន្លែង​ណា អត់​គ្រាន់​ទេ។ ទាល់​តែ​ចាប់​ចោរ​តែ​ម្ដង។ និយាយ​ឲ្យ​ខ្លី គឺ​ប្ដូរ​ប្រព័ន្ធ​ពី​ចោរាធិបតេយ្យ មក​ជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ។»

រីឯ​នាយក​កម្មវិធី​ជាន់​ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ផ្ដល់​ដំណោះ​ស្រាយ​ផ្សេង​ពី​នេះ។ លោក​ថា ការណ៍​ដែល​កម្ពុជា​កំពុង​ត្រៀម​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ប្រឆាំង​ការ​រីក​សាយភាយ​ហិរញ្ញប្បទាន អាវុធ​មហា​ប្រល័យ គឺ​ជា​ជំហាន​វិជ្ជមាន។ លោក​ថា ក្រៅ​តែ​ពី​ការ​បង្កើត​ឲ្យ​មាន​យន្តការ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ស្តង់ដារ​ច្បាស់លាស់ ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​សមត្ថភាព​ធនធាន​មនុស្ស ឲ្យ​មាន​ជំនាញ​គ្រប់គ្រាន់ ក្នុង​ការ​ស៊ើប​អង្កេត តាមដាន និង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់។ យ៉ាង​ណា​ក៏​ដោយ លោក​សង្កត់​ធ្ងន់​ថា ការ​កែ​លម្អ​ប្រព័ន្ធ​តុលាការ និង​សេរីភាព​សារ​ព័ត៌មាន និង​ការ​បញ្ចេញ​មតិ ក៏​ជា​ការ​ចាំបាច់ ដើម្បី​ដោះ​ស្រាយ​អំពើ​លាង​លុយ​កខ្វក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ៖ «ការ​ទប់​ស្កាត់​ការ​លាង​លុយ​នេះ គឺ​យើង​ត្រូវ​ពិនិត្យ​ទៅ​លើ​យន្តការ​ផ្សេង​ទៀត ដូច​ជា ត្រូវ​ការ​ឲ្យ​តុលាការ​ឯករាជ្យ ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជា​រឿង​ចាំបាច់។ ទីពីរ​សំខាន់​ដែរ ទាក់ទង​នឹង​សារ​ព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ឯករាជ្យ ដែល​ជា​ទូទៅ​ខាង​សារ​ព័ត៌មាន​ជា​ភ្នែក​ជា​ច្រមុះ​នៅ​ក្នុង​ការ​រាយការណ៍ ក្នុង​ការ​ផ្តល់ ព័ត៌មាន​ទាក់ទង​នឹង​លុយ​កខ្វក់។ បើ​ប្រទេស​យើង​មាន​សេរីភាព​សារ​ព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​មាន​កម្រិត វា​ក៏​ជា​បញ្ហា​មួយ ដែល​ធ្វើ​ឲ្យ​ពិន្ទុ​យើង​ធ្លាក់»

ដោយឡែក ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ និង​ជា​អ្នក​សកម្ម​ក្នុង​ការ​ស៊ើប​អង្កេត​ករណី ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចូល​មាស​សុទ្ធ​ជិត ៧០០តោន​មក​កម្ពុជា លោក អាឡិច ហេនដ្រូ ហា្កន់សាឡេស ដេវិធសុន (Alejandro Gonzalez-Davidson) ផ្ដល់​ដំណោះ​ស្រាយ​បី ទប់ទល់​នឹង​បញ្ហា​លាង​លុយ​កខ្វក់​នេះ។ ដំណោះ​ស្រាយ​សំខាន់​មួយ ដែល​លោក​ចង់​ឃើញ គឺ​ការ​រំលាយ​ចោល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទើប​អាច​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង អំពើ​លាង​លុយ​កខ្វក់​បាន​ដោយ​មាន​ប្រសិទ្ធភាព៖ «ត្រូវ​តែ​រំលាយ​ចោល ហើយ​ត្រូវ​តែ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្មី ដែល​ដឹក​នាំ​ដោយ​មនុស្ស​ថ្មី ដែល​មាន​ឯករាជ្យ​ពី​នីតិប្រតិបត្តិ និង​និតិបញ្ញត្តិ ពិត​ប្រាកដ។ នេះ​ជា​ជំហាន​ដែល​ចាំបាច់​បំផុត ដូច​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើ​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដូច​ប្រទេស​ផ្សេង​ដែរ ឃើញ​ថា មាន​បញ្ហា​ទាក់ទង​នឹង​បញ្ហា​អំពើ​ពុក​រលួយ ពី​ព្រោះ​ថា ACU ក៏​ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់​ដែរ»

ដំណោះ​ស្រាយ​ពីរ​ផ្សេង​ទៀត​ដែល​លោក អាឡិច ចង់​ឃើញ​មាន​នោះ រួមមាន ការ​ពង្រឹង​សមត្ថភាព​ប្រកប​ដោយ​ឯករាជ្យ នៅ​ក្នុង​អង្គភាព​ស៊ើប​ការ​ហិរញ្ញវត្ថុ ក្រោម​ចំណុះ​ធនាគារ​ជាតិ​នៃ​កម្ពុជា។ លោក​ថា អង្គភាព​នេះ​ចាំបាច់​ត្រូវ​ដឹក​នាំ​ដោយ​មនុស្ស មិន​ស្មោះ​នឹង​បក្ស​កាន់​អំណាច ឬ​នាយករដ្ឋមន្ត្រី។ ដំណោះ​ស្រាយ​ចុង​ក្រោយ លោក​ស្នើ​ថា អង្គភាព​នេះ​គួរ​មាន​បេសកកម្ម​បង្កើត​នូវ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ បង្ក្រាប​អំពើ​លាង​លុយ កខ្វក់​ជា​ប្រព័ន្ធ។ ការ​បង្ក្រាប​ជា​ប្រព័ន្ធ​នេះ លោក អាឡិច ថា គួរ​ផ្ដោត​លើ​វិស័យ​អាទិភាព​មួយ​ចំនួន ដែល​សង្ស័យ​ថា មាន​ហានិភ័យ​ខ្ពស់​ខាង​សកម្មភាព​អំពើ​លាង​លុយ​កខ្វក់។ វិស័យ​ទាំង​នោះ រួមមាន កាស៊ីណូ ការ​វិនិយោគ​លើ​អចលនទ្រព្យ និង​ការ​នាំ​ចូល​មាស​សុទ្ធ​ជា​ដើម៖ «កាស៊ីណូ​ពីរ​បី​អត់​អី​ទេ។ ដូច​ប្រទេស​សិង្ហបុរី កាស៊ីណូ មួយ ឬ​ពីរ​អី ដាក់​ពន្ធ​ឲ្យ​ច្បាស់លាស់​ទៅ នោះ​អូខេ អាច​ជួយ​ខ្លះៗ។ ប៉ុន្តែ មិន​ចាំបាច់​ត្រូវ​មាន​កាស៊ីណូ ដល់ ១០០ជាង​នោះ​ទេ។ ទីពីរ អចលនទ្រព្យ យើង​ឃើញ​អាគារ​ប៉ុណ្ណា​ណី គេ​កំពុង​តែ សាងសង់​គ្រប់​ទិសទី អត់​មាន​ខ្មែរ​រស់​នៅ​ផង ហើយ​ទី​បី គឺ​ទាក់ទង​ជាមួយ​ការ​ជួញ​ដូរ បែប​បំប៉ោង ឬ​បន្ទាប ដូច​ជា​រឿង​មាស​ជា​ដើម។ គ្រាន់​តែ​មួយ​ឆ្នាំ មាស​ដែល​បាត់ ពី​ពីរ​ពាន់​ទៅ បី​ពាន់​លាន​ដុល្លារ គឺ​វា​ស្មើ​នឹង ៤០ ទៅ ៥០ភាគ​រយ នៃ​សេដ្ឋកិច្ច នៃ​ថវិកា​របស់​រដ្ឋ​កម្ពុជា ទាំង​មូល ដែល​រឿង​នេះ​មិន​តូច​ទេ»

ក្រៅ​ពី​ដំណោះ​ស្រាយ​ទាំង​នេះ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល រិះគន់​ថា ការណ៍​ដែល​អង្គភាព​ស៊ើប​ការ​ហិរញ្ញវត្ថុ គ្រាន់​តែ​លើក​ទឹក​ចិត្ត​ដល់​បុគ្គល​រាយការណ៍​ទាំង​អស់ ឲ្យ​ធ្វើ​ការ​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ហានិភ័យ​នៃ​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម គឺ​ជា​ការ​សន្យា​ខ្យល់ ហើយ​ពុំ​អាច​ដោះ​ស្រាយ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ប្រកប​ដោយ​អត្ថន័យ​នោះ​ឡើយ។ លោក​ព្រមាន​ថា ដរាប​ណា​គ្មាន​ការ កែ​ទម្រង់​ក្នុង​ទ្រង់ទ្រាយ​ធំ​ជា​រួម​នោះ​ទេ នោះ​ពួក​អ្នក​មាន​ខ្មែរ នឹង​នៅ​តែ​បន្ត​លាក់​បាំង ទង្វើ​លួច​លុយ​ជាតិ​របស់​ពួក​គេ​ប្រកប​ដោយ​ជំនាញ​ខ្ពស់​ត​ទៅ​ទៀត ហើយ​កម្ពុជា​នឹង​នៅ​តែ​បន្ត ស្ថិត​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ស្ថាប័ន​អន្តរជាតិ​ដដែល។

អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អគ្គនាយក​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សេរី ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​ស្នើ​ឲ្យ​មាន​ដំណោះ​ស្រាយ​ទាំង​នេះ​បាន​ទេ ដោយ​អ្នកស្រី​ពុំ​លើក​ទូរស័ព្ទ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៣ ឧសភា។ អាស៊ី​សេរី ក៏​បាន​ព្យាយាម​ទាក់ទង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន​អ្នក​ស្រី សាយ សំអាត ជា​អគ្គលេខាធិការ ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​តាម​សារ​អេឡិចត្រូនិក ជុំវិញ​ចំណាត់​ការ​ចុង​ក្រោយ​របស់​ស្ថាប័ន​នេះ​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់ ក៏​ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។ ទោះ​បី​យ៉ាង​ណា ក្រសួងការបរទេស បាន​បញ្ជាក់​ជំហរ​ថា កម្ពុជា​មិន​តវ៉ា​នឹង​សេចក្ដី​សម្រេច​ចិត្ត របស់​គណៈកម្មការ​អឺរ៉ុប​នោះ​ទេ ព្រោះ​មិន​មែន​ជា​រឿង​នយោបាយ។ ក៏ប៉ុន្តែ កម្ពុជា​ប្តេជ្ញា​កែ​លម្អ​ប្រព័ន្ធ​ច្បាប់​ប្រឆាំង​នឹង​អំពើ​លាង​លុយ​កខ្វក់​នេះ ដោយ​សង្ឃឹម​ថា នឹង​អាច​រួច​ខ្លួន​ពី​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​អន្តរជាតិ។

ក្រៅ​ពី​ជាប់​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​របស់​គណៈកម្មការ​អឺរ៉ុប ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែតុលា​ខាង​មុខ​នេះ កម្ពុជា​ក៏​ជាប់​ចំណាត់ថ្នាក់​ពីរ​ឆ្នាំ​ជាប់​គ្នា ក្នុង​បញ្ជី​ប្រផេះ​របស់​ស្ថាប័ន​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​ដ៏​មាន​ឥទ្ធិពល​របស់​ពិភព​លោក ឈ្មោះ FATF។ ក្រៅ​ពី​នេះ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី១៦ ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត ខាង​អំពើ​លាង​លុយ​កខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅ​ក្នុង​សន្ទស្សន៍​ឆ្នាំ២០១៩ ក្នុង​ចំណោម ១២៥​ប្រទេស​នៅ​លើ​ពិភពលោក របស់​វិទ្យាស្ថាន​បាសែល​ស្ដីពី​អភិបាលកិច្ច (Basel Institute on Governance) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស។ រីឯ វិទ្យាស្ថាន​សុចរិត​ភាព​ហិរញ្ញវត្ថុ​សាកល (Global Financial Integrity) ផ្សាយ​កាល​ពី​ខែ​មីនា​ថា ជា​មធ្យម លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​ពី​ការ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា មាន​ក្នុង​រង្វង់​ទឹក​ប្រាក់ ប្រមាណ​ជិត ១ពាន់​លាន (៩៥០​លាន​ដុល្លារ) ដុល្លារ​អាមេរិក។ មេ​ដឹក​នាំ​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ លោក ស ខេង ធ្លាប់​ទទួល​ស្គាល់​ថា កម្ពុជា​នឹង​ប្រឈម​នូវ​ការ​លំបាក​ខ្លាំង ប្រសិន​បើ​ស្ថាប័ន​អន្តរជាតិ សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល