សកម្មជន​គណបក្ស​សង្គ្រោះជាតិ​បី​រូប​ត្រូវ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃ​តែមួយ

ដោយ ហេង រស្មី
2019-09-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ឈរ​នៅ​មុខ​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo Provided

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​បី​នាក់ ត្រូវ​របប​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់ខ្លួន​ជា​បន្តបន្ទាប់ និង​ដាច់​ដោយ​ឡែកៗ​ ពី​គ្នា​នៅ​ក្នុង​ខេត្តសៀមរាប បន្ទាយ​មានជ័យ និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​គណបក្សប្រឆាំង​និយាយ​ថា ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ មិន​បាន​រារាំង​សកម្មជន ឱ្យ​ភ័យ​ខ្លាច ក្នុង​ការ​ចូលរួម​គាំទ្រ​ដំណើរ​វិល​ចូល​មាតុប្រទេស​វិញ​របស់​លោក សម រង្ស៊ី ទេ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​១៣ កញ្ញា​ថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​តក់ស្លុត​នឹង​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ពី​របប​ក្រុង​ភ្នំពេញ​នោះ​ទេ តែ​ផ្ទុយទៅវិញ​បាន​ធ្វើ​ឱ្យ​កម្លាំង​គាំទ្រ​កាន់តែ​ឈឺចាប់ និង​ពុះពោរ​ខ្លាំង​ឡើង ដើម្បី​ចាំ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី ដែល​លោក​សង្ឃឹមថា នឹង​អាច​រក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ៖ «ទោះបីជា​មានការ​បំភិតបំភ័យ​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​តស៊ូ​ជានិច្ច​នៅ​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ចូលរួម​ដំណើរ​និវត្តន៍​របស់​លោក​ប្រធាន សម រង្សី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​នា​ពេល​ខាងមុខ​នេះ​បាទ»

លោក ម៉ន ផល្លា បញ្ជាក់​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​បី​នោះ រួមមាន​លោក យ៉ាត ភារម្យ ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ស្វាយចេក ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ទុំ ប៊ុនថន សមាជិក​ទ្រទ្រង់​គណបក្ស​សង្គ្រោះជាតិ នៅ​រាជធានី​ភ្នំពេញ ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ក្នុង​ខេត្ត​សៀមរាប និង​កញ្ញា យូ ចាន់ធានី អតីត​អ្នកអាន​ព័ត៌មាន ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

លោក​បញ្ជាក់​ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​នាក់​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មិន​បាន​បង្ហាញ​ដីកា​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​អ្វីមួយ​ច្បាស់លាស់​ទេ គ្រាន់តែ​លោក​បញ្ជាក់​ថា ពួកគេ​បាន​ចូលរួម​ជាមួយ​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី កាលពី​ពាក់​កណ្ដាល​ខែ​សីហា​កន្លង​ទៅ​នេះ។

ភរិយា​លោក យ៉ាត ភារម្យ លោកស្រី មិន មុំ ប្រាប់​អាស៊ីសេរី​ក្រោយ​ហេតុការណ៍​ចាប់ខ្លួន​នេះ​ថា ស្វាមី​លោកស្រី ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ចេក ខេត្ត​បន្ទាយមានជ័យ ចាប់ខ្លួន​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍៖ «អ៊ីចឹង​ខ្ញុំ​ក៏​ទាក់ទង​ប៉ូលិស​ឃុំ និង​ស្រុក​ហើយ​លោក​អធិការ​ស្រុក​និយាយ​ថា បញ្ជូន​មក​ខេត្ត​ហើយ គេ​អត់​បាន​ចូល​ទីនោះ​ទេ។ ខ្ញុំ​យល់ថា​វា​ដូចជា​អយុត្តិធម៌​ណាស់ ព្រោះ​ហេតុផល​គ្មាន​ភស្តុតាង​អី​មក​ចាប់​ប្ដី​ខ្ញុំ​ទៅ ហើយ​បើ​គ្រោះថ្នាក់​ចរាចរណ៍​ហេតុ​អី​មិន​មក​ពិនិត្យ​ឡាន​ខ្ញុំ​ទៅ ហើយ​ចាប់​ប្ដី​ខ្ញុំ​អត់​ឱ្យ​ដំណឹង​ខ្ញុំ​អីចឹង។ ខ្ញុំ​យល់ថា ប្រហែល​មិនមែន​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទេ ព្រោះ​ឡាន​ខ្ញុំ​ទើប​ទិញ​ប្រហែល​មួយ​ខែ ព្រោះ​ពន្ធ​ឡាន​ទើបតែ​យក​មក​ត្រៀម​ទៅ​ផ្លាក​លេខ ឥឡូវ​មិនទាន់​បាន​ធ្វើ​ផង​មក​មានរឿង​អីចឹង»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ផ្នែក​សន្តិសុខ លោក វង្ស ប្រាថ្នា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ កាលពី​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ដោយ​លោក​ទទួល​ទូរស័ព្ទ​ចំនួន​៣​លើក ហើយ​ប្រាប់​ថា​ស្ដាប់​មិន​ច្បាស់៖ «អត់​ឮ ឮ​តែ​ខ្យល់​មិន​ដឹង​ថា​ម៉េច​ផង»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​ដោយ​ខុសច្បាប់ ពីព្រោះ​រាល់​ការ​ចាប់ខ្លួន​ពលរដ្ឋ​ណា​ម្នាក់ គឺ​សមត្ថកិច្ច​ត្រូវ​បង្ហាញ​ដីកា​ចាប់ខ្លួន​ពី​តុលាការ ទៅ​សាច់ញាតិ ឬ​សាមីខ្លួន​ឱ្យ​បាន​ដឹង​ជា​មុន គឺ​មិនមែន​ទៅ​ចាប់​មនុស្ស​ដោយ​គ្មាន​ដីកា​បែបនេះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា ករណី​នេះ​គឺជា​រឿង​នយោបាយ​ច្រើន​ជាង ដោយ​សារ​​កន្លងមក លោក យ៉ាត ភារ​ម្យ តែងតែ​ជួបជុំគ្នា​ថ្លែង​សារ​នយោបាយ​ចាំ​ទទួល លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាងមុខ៖ «ក្នុង​ច្បាប់​កតិកា​សន្ធិសញ្ញា​អន្តរជាតិ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា គេ​ផ្ដល់​សិទ្ធិ​ទៅ​ឱ្យ​អ្នកនយោបាយ និង​សកម្មជន​នយោបាយ ធ្វើការ​ចូលរួម​ជីវភាព​នយោបាយ​យ៉ាងសកម្ម។ អីចឹង​ការសម្ដែង​មតិ​បែបនេះ​វា​មិនមែន​ជា​អំពើ​ខុសច្បាប់​ទេ ការ​ចាប់ខ្លួន​ណា​ដែល​មិន​អនុវត្ត​ត្រឹមត្រូវ​ទៅវិញ​ទេ ដែល​ជា​ការ​ខុសច្បាប់។ អីចឹង​សិទ្ធិ​បែបនេះ​គួរតែ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ពិនិត្យ​ឡើងវិញ​ទៅលើ​ការអនុវត្ត​ទាំងអស់​នេះ កុំ​ឱ្យ​គេ​មើល​មក​ឃើញ​ថា ប្រពន្ធ​ការអនុវត្ត​ច្បាប់​កម្ពុជា​មាន​ភាព​លំអៀង​ទៅលើ​អ្នកនយោបាយ​ដែល​រិះគន់​គណបក្ស​កាន់អំណាច»

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ ស្រុក​ស្វាយចេក​លោក យ៉ាត ភារ​ម្យ កន្លងមក លោក​តែង​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ជា​ញឹកញាប់ ហើយ​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី១៤ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២៤​នាក់​ហើយ ត្រូវ​របប​លោក​ ហ៊ុន សែន ចាប់ខ្លួន ហើយ​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល