មន្ត្រី​ប៉ូលិស​ខេត្ត​កំពង់ធំ​ឃាត់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​បារាយណ៍​២​នាក់

ដោយ សេក បណ្ឌិត
2019-09-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ុន ប៊ុនថុន (ឆ្វេង) និង​លោក នូ ភឿន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។
លោក ស៊ុន ប៊ុនថុន (ឆ្វេង) និង​លោក នូ ភឿន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។
រូប៖ ពលរដ្ឋ

មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​បារាយណ៍​២​នាក់​យក​ទៅ​សាកសួរ នៅ​ថ្ងៃ​ទី១ កញ្ញា ពាក់ព័ន្ធ​​នឹង​​បង្ហោះ​សារ​រិះគន់​ថ្នាក់​ដឹក​របប​ក្រុងភ្នំពេញ។ ភរិយា​សកម្មជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ លើកឡើង​ថា សមត្ថកិច្ច​ចាប់ខ្លួន​ស្វាមី​ដោយ​ពុំ​មាន​ដីកា​ពី​តុលាការ​ឡើយ។

សមត្ថកិច្ច​បាន​ចុះ​ចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ឃុំ​បារាយណ៍​គណបក្ស​សង្គ្រោះជាតិ លោក ស៊ុន ប៊ុនថុន និង​សកម្មជន​មូលដ្ឋាន​ម្នាក់ទៀត គឺ​លោក នូ ភឿន នៅផ្ទះ​របស់​ពួកគាត់​ទាំងពីរ​ក្នុង​ឃុំ​បារាយណ៍ នៅ​ម៉ោង​ប្រមាណ ​៨​ព្រឹក ថ្ងៃ​ទី​១ កញ្ញា។

ភរិយា​របស់​លោក នូ ភឿន លោកស្រី សុខ ថៃ ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​ប៉ូលិស​ខេត្ត​កំពង់ធំ​ចំនួន​ ៤​នាក់ ស្លៀកពាក់​ស៊ីវិល​ចូល​ទៅ​ចាប់​ស្វាមី​របស់​លោកស្រី​ដល់​ក្នុង​ផ្ទះ ដោយ​ពុំ​មាន​ដីកា​ពី​តុលាការ​នោះ​ទេ​។​ លោកស្រី​បន្ថែម​ថា ប៉ូលិស​បាន​បញ្ជូន​ស្វាមី​លោកស្រី និង​លោក ស៊ុន ប៊ុនថុន ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ភ្លាមៗ ក្រោយ​ពី​ឃាត់ខ្លួន​ពួកគាត់៖ «គេ​ចាប់​ប្ដី​ខ្ញុំ​ទៅ​មុន​រួចហើយ​បាន​គេ​ចាប់​លោក ស៊ុន ប៊ុនថុន ដឹក​តាម​ម៉ូតូ​ទៅតាម​ក្រោយ។ ចំណែក​ប្ដី​ខ្ញុំគេ​វាយ​ខ្នោះ ដោយ​សារ​​ថា គេ​ថា​ប្ដី​ខ្ញុំ​ប្រឆាំង​បទបញ្ជា​មិន​ព្រម​ឡើង​ឡាន​ទៅតាម​សម្រួល។ ប្ដី​ខ្ញុំ​ថា​មូលហេតុ​អី បើ​ខ្ញុំ​អត់​ដឹង​រឿង​អី​ផង បាន​មក​ចាប់​ខ្ញុំ​គ្រៀក​ដាក់​ឡាន​? រួច​ទៅ​មាន​ការ​ប្រតាយប្រតប់​គ្នា​រួចហើយ ក៏​គេ​វាយ​ខ្នោះ​រុញ​ឡើង​ឡាន​ទៅ»

លោកស្រី សុខ ថៃ បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ប្រាប់​លោកស្រី​ថា ការ​ចាប់ខ្លួន​នេះ ដោយសារ​អ្នក​ទាំង​២ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។ លោកស្រី​បន្ថែម​ថា លោកស្រី​មិន​ដឹង​ថា តើ​សមត្ថកិច្ច​បញ្ជូន​ស្វាមី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​នោះ ទៅ​ទីណា​ឡើយ នៅ​ត្រឹម​ម៉ោង​ ៤ រសៀល​ថ្ងៃ​ដដែល​នេះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​លោក អ៊ុក កុសល ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​១ កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើនដង ពុំ​មាន​អ្នកទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​កំពង់ធំ លោក សុខ រដ្ឋា ថ្លែង​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​ដោយ​ពុំ​មាន​ដីកា​នេះ គឺជា​ការ​រំលោភ​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ លោក​ថា ដើមហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ គឺ​ដោយសារ​សមត្ថកិច្ច​បាន​ចោទប្រកាន់​អ្នក​ទាំង​២ ពី​បទ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក (Facebook) រិះគន់​ថ្នាក់ដឹកនាំ​ប្រទេស ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​នោះ​ឈ្មោះ​អ្វី​នោះ​ទេ៖ «ហើយ​ណាមួយ​យើង​ដឹង​ស្រាប់​ហើយ​ថា ជន​ស៊ីវិល​យើង​មិន​ដឹង​ថា​មក​ពី​ណា​ខ្លះ ឧបមា​ថា​ ស្លៀកពាក់​ស៊ីវិល​អីចឹង អត់​បាន​បង្ហាញ​កាត អត់​បាន​បង្ហាញ​ស្អី​ដែល​ខ្លួន​ចូល​មក​ដល់​ផ្ទះ​គេ​នឹង ហើយ​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់ ហើយ​និយាយ​ថា ខ្លួន​ជា​សមត្ថកិច្ច។ ធម្មតា​ពលរដ្ឋ​គាត់​ភ័យ​ដែរ​គាត់​ខ្លាច មិន​ដឹង​ថា​ក្រុម​នឹង​មក​ពី​ណា មិន​ដឹង​ថា ជា​សមត្ថកិច្ច​ឬ​ក្រុម​ខិល​ខូច​​ជា​ចោរ​។​យើង​មិន​លើកស្ទួយ​ឱ្យ​មាន​ករណី​អីចឹង​ទេ គឺជា​ការ​កម្លាច​ដល់​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ធ្វើ​ឱ្យ​ពួកគាត់​មានការ​ភ័យ​ខ្លាច»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា មក​ដល់​ពេល​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ ស្រុក​បារាយណ៍​ចំនួន ៣​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​នោះ​នៅ​ឃុំ​បារាយណ៍​ ២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១ កញ្ញា និង​ម្នាក់ទៀត​គឺ​លោក មៀច មឿន ជា​សកម្មជន​បក្ស​ប្រឆាំង​នៅ​ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ចាប់ខ្លួន​កាល​ពី​ថ្ងៃទី៣១ សីហា។

គិត​ត្រឹម​ដើមខែ​កញ្ញា​នេះ មាន​មន្ត្រី​គណបក្សប្រឆាំង​ប្រមាណ​ ២០នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន ហើយ​ក៏​មាន​មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ទៀត​ដែរ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយដំ និង​គំរាម​ប្រើ​អំពើ​ហិង្សា​។ ករណី​ទាំងនេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់ ក្រោយពេល​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ដាក់​បញ្ជា​ឱ្យ​តាម​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​ដល់​មូលដ្ឋាន ដែល​ជា​ការ​ឆ្លើយ​តប​របស់​មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ​ចំពោះ​វិធាន​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល