ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ថា ការ​ហាម​​ពលរដ្ឋ​ទៅ​មើល​ព្រំដែន ដោយ​ខ្លាច​ដឹង​ពី​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ទឹកដី​ខ្មែរ

ដោយ ទីន ហ្សាការីយ៉ា
2020-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
លោក​ រ៉ុង ឈុន​ ប្រធាន​សហភាពសហជីពកម្ពុជា
រូប៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ព្រំដែន​កម្ពុជា និង​ក្រុម​យុវជន​បញ្ចេញ​ប្រតិកម្ម​ចំពោះ លោក បណ្ឌិត សុខ ទូច ប្រធាន​គណៈកម្មការ​ស្រាវ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា វៀតណាម ដែល​លើកឡើង​ថា បើសិនជា​អាជ្ញាធរ​ខ្មែរ​អនុញ្ញាត​ឱ្យ​ពួកគេ​ទៅ​មើល​ខ្សែ​បន្ទាត់​ព្រំដែន ខ្លាច​វៀតណាម​ចាប់​នោះ គឺជា​ការ​អះអាង​មិន​ត្រឹមត្រូវ​ឡើយ​។ ផ្ទុយទៅវិញ​ពួកគេ​អះអាង​ថា រដ្ឋាភិបាល​រឹតត្បិត ឬ​មិន​អនុញ្ញាត​ពលរដ្ឋ​របស់​ខ្លួន​ទៅ​មើល​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​នេះ ព្រោះ​មានរឿង​អាថ៌កំបាំង​ទាក់ទង​នឹង​ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា វៀតណាម​។​

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន អះអាង​ថា អាជ្ញាធរ​ខ្មែរ​ហាម​ឃាត់ ពលរដ្ឋ​មិន​ឱ្យ​ទៅ​មើល​តំបន់​ព្រំដែន កម្ពុជា វៀតណាម​កន្លង​មក​នោះ គ្រាន់តែ​ជា​លេស ដែល​រដ្ឋាភិបាល​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ទីតាំង​ព្រំដែន​ជាក់ស្ដែង​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​ប្រទេស​ទាំងពីរ​តែប៉ុណ្ណោះ​។​

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា អាជ្ញាធរ​វៀតណាម​បណ្ដុះ​ឆន្ទៈ​យុវជន​ឱ្យ​ឈឺឆ្អាល​រឿង​ប្រទេសជាតិ រឿង​ព្រំដែន ដូចជា​កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម​នាំ​សិស្សានុសិស្ស​ទៅ​មើល​ព្រំដែន​តែ​អាជ្ញាធរ​កម្ពុជា​វិញ ពលរដ្ឋ​មាន​ឆន្ទៈ​ដោយ​ខ្លួនឯង​ចង់​ទៅ​មើល​ព្រំដែន​បែរ​ជា​អាជ្ញាធរ​ហាម​ឃាត់​ទៅវិញ​។ លោក​បញ្ជាក់​ថា ការ​ហាមឃាត់​នេះ ប្រហែល​ជា​មាន​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​៖ «រារាំង​មិន​ឱ្យ​ពលរដ្ឋ​ទៅ​មើល​ព្រំដែន មានន័យថា ការ​បោះ​បង្គោល​ព្រំដែន​នេះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន បាន​ជា​មិន​ឱ្យ​ពលរដ្ឋ​ទៅ​មើល​ម្ដង​ហើយ​ម្ដងទៀត»

ការ​លើកឡើង​របស់​លោក រ៉ុង ឈុន នេះ នៅ​បន្ទាប់​ពី​លោក បណ្ឌិត សុខ ទូច បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​ទី​២៧ ឧសភា ថា អាជ្ញាធរ​កម្ពុជា​បាន​ហាមឃាត់​ពលរដ្ឋ និង​ក្រុម​យុវជន​មិន​ឱ្យ​ទៅ​មើល​តំបន់​ព្រំដែន​កម្ពុជា​វៀតណាម ដោយសារតែ​គិត​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​៖ «យុវជន​ពេលណា​ចង់​ទៅ​មើល​ព្រំដែន ពេល​ទៅ​មើល​គាត់​កាន់​ផែនទី ឬ​កាន់​អី​? ទៅ​មើល​នឹង​ថ្ងាស​ឬ​អី​? ព្រោះថា​ឥលូវ​យួន​បិទ​ព្រំដែន​គេ​បិទ​ដោយ​ឯកតោភាគី»

កាល​ពី​ពេល​ថ្មីៗ​នេះ សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុមការងារ​១០០​រាត្រី​ដែល​ចុះ​ស្រាវជ្រាវ​រឿង​ព្រំដែន​បន្ត​ពី​លោក​បណ្ឌិត កែម ឡី រួម​ទាំង​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ និង​ជា​មន្ត្រី​ប្រឹក្សា​ពិគ្រោះ​យោបល់ ដែល​មាន​លិខិត​បេសកកម្ម​រដ្ឋបាល​ត្រឹមត្រូវ​ផង បាន​ចុះទៅ​មើល​តំបន់​ព្រំដែន​នៅ​តំបន់​ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ជាទី​តាំង​ដែល​អាជ្ញាធរ​វៀតណាម​បាន​បោះតង់​ចូល​លើ​ទឹកដី​ខ្មែរ ប៉ុន្តែ​អាជ្ញាធរ​ហាមឃាត់​។​

លោក រ៉ុង ឈុន លើកឡើង​ថា បើសិនជា​អាជ្ញាធរ​ខ្លាច ពួក​លោក ឬ​ពលរដ្ឋ​ដើរ​ឆ្លង​ចូល​ទឹកដី​វៀតណាម​នោះ អាជ្ញាធរ​ព្រំដែន​គួរតែ​នាំ​ពលរដ្ឋ​ទៅ​មើល​តំបន់​ដែល​វៀតណាម​បោះបង់ ឬ​បង្គោល​ព្រំដែន ដូចដែល​វៀតណាម​ធ្លាប់​បាន​ធ្វើ​លើ​ពលរដ្ឋ​គេ​ដែរ ដើម្បី​បង្ហាញ​ពី​តម្លាភាព​៖ «យើង​នៅតែ​មាន​មន្ទិល​សង្ស័យ ហើយ​អាជ្ញាធរ​ត្រូវ​សហការ​ជាមួយ​ក្រុមប្រឹក្សា​កម្ពុជា ដើម្បី​ទៅ​មើល​ព្រំដែន និង​បង្ហាញ​ពី​តម្លាភាព ហើយ​រដ្ឋាភិបាល​គួរតែ​សប្បាយចិត្ត​នៅ​ពេល​ពលរដ្ឋ​ឈឺឆ្អាល​រឿង​ព្រំដែន»

អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី២៥ ឧសភា​ថា យោធា​វៀតណាម​បាន​រុះរើ​តង់ ថយ​ពី​តំបន់​កៀក​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក អស់ហើយ​។ លោក​អះអាង​ថា កងទ័ព​វៀតណាម បាន​រុះរើ​នៅ​ចំណុច​កៀក​ព្រំដែន​កម្ពុជា តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ខេត្ត​កណ្ដាល​៖ «វរៈ ៦០១ ហ្នឹង គឺ​គាត់​ថត​តាំងពី​វៀតណាម គាត់​រើ គាត់​អ្វីៗ​ហ្នឹង តង់​គាត់​ហ្នឹង ថត​យក​មក​ឱ្យ​យើង​ឃើញ ជាក់ស្ដែង​។ អ៊ីចឹង មកដល់​ម៉ោង​នេះ ចំណុច​ដែល​កៀកៗ ហ្នឹង គឺ​គាត់​បាន​រើ​ហើយ ហើយ​វា​នៅ​ដែល​ឆ្ងាយ​ពី​កន្លែង​យើង​ទៅ នៅ​ក្នុង​តំបន់​របស់​គាត់​នោះ​ទេ»

ទោះជា​មានការ​អះអាង​របស់​អភិបាលខែត្រ​កណ្ដាល​បែបនេះ​ក្ដី ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ប្រាប់​ថា វៀតណាម​មិនទាន់​រើ​តង់​ចំនួន​២៨​កន្លែង ចេញពី​តំបន់​ព្រំដែន នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក ក្នុង​ខេត្ត​កណ្ដាល តាម​កំណត់​ទូត​របស់​ភាគី​កម្ពុជា​នៅឡើយ​ទេ​។ មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស លោក កុយ គួង ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២២ ឧសភា ថា កម្ពុជា មិន​ទាន់​មាន​វិធានការ​ផ្សេង​នៅឡើយ​ទេ ដោយ​នៅ​រង់ចាំ​ការ​ឆ្លើយតប កំណត់​ទូត​របស់​វៀតណាម​សិន​។ លោក​បញ្ជាក់​ថា ក្រសួង​បាន​ផ្ញើ​កំណត់​ទូត ទៅ​វៀតណាម កាលពី​ថ្ងៃ​ទី​១៣ ឧសភា គឺ​តំណាល​គ្នា​នឹង​ខេត្ត​អានយ៉ាង (An Giang) របស់​វៀតណាម បាន​ផ្ញើ​លិខិត​មក​អាជ្ញាធរ​ខេត្ត​កណ្ដាល ពន្យល់​ថា ការ​បោះ​តង់ ដើម្បី​ទប់ស្កាត់​កូវីដ១៩ (Covid-19) ខ្លាច​ពលរដ្ឋ​ទាំង​២​ប្រទេស​ឆ្លងកាត់​ច្រក​របៀង ខណៈ​ច្រក​អន្តរជាតិ​បិទ​ជា​ផ្លូវការ។

 

លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ដោយ​សារតែ​ការ​អះអាង​របស់​អាជ្ញាធរ​ខែត្រ​កណ្ដាល និង ក្រសួង​ការបរទេស​បញ្ច្រាស​គ្នា​នេះ​ហើយ ទើប​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ក្រុម​យុវជន​ចង់​ទោ​មើល​តំបន់​ទាំងនោះ​ជាក់ស្ដែង។

ក្រៅពី​ករណី​វៀតណាម​បោះតង់​ចូល​ទឹកដី​ខ្មែរ​នេះ ពលរដ្ឋ​ខ្មែរ​ក៏​សំដែង​ការ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹកដី ដោយសារតែ​រដ្ឋាភិបាល​បាន​ជួល​ដី​ឱ្យ​ក្រុមហ៊ុន​វៀតណាម​នៅ​តំបន់​ព្រំដែន​ក្នុង​រយៈពេល​៩០​ឆ្នាំ​ដែរ​។ លោក សុខ ទូច អះអាង​ថា សព្វថ្ងៃ​នេះ ឈប់​មាន​ករណី​ជួល​ដី​នៅ​តំបន់​ព្រំដែន​ទៀត​ហើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ នៅតែ​មាន​ករណី​ជួល​ដី​នៅ​តំបន់​ព្រំដែន​ឱ្យ​វៀតណាម​ដដែល ក៏ប៉ុន្តែ​ការជួល​នេះ គេ​ផ្លាស់ប្ដូរ​ទម្រង់ ដោយ​ប្ដូរ​ឈ្មោះ​ពី​ការជួល មក​ការ​បង្វាស់​ដី​ឱ្យ​ជនជាតិ​វៀតណាម​វិញ​៖ «ខ្មែរ​យើង​អត់​សូវ​ធ្វើ​ចម្ការ​ទេ អត់​ចំណេញ ដោយសារ​គ្មាន​ទឹក​ហើយ​តាម​ព្រំដែន​មាន​ព្រែក​ហ្នឹង​គេ​អាច​ប្រើប្រាស់​បាន ជី​ថ្លៃ ទី​២ ស្រូវ​គេ​លក់​បាន​ថ្លៃ ហើយ​ជី​ថោក ខ្មែរ​យើង​ស្រូវ​លក់​ថោក ទឹក​ទិញ​ពី​វៀតណាម ជី​ទិញ​ពី​វៀតណាម​ក្នុង​តម្លៃ​ថ្លៃ»

របាយការណ៍​របស់​អង្គការ​លីកាដូ​ចេញផ្សាយ​កាលពី​ខែ​មីនា ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ជួល​ដី​ឬ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​វៀតណាម​សរុប​ផ្ទៃដី​ទាំងអស់​មាន​ចំនួន​ជាង ៣​សែន ៦​ម៉ឺន​ហិកតារ ដែល​មាន​នៅ​ក្នុង​ខែត្រ​មួយ​ចំនួន​ដូចជា ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​ខែត្រ​រតនគិរី​ជាដើម៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល